ព្រឹក

មិនមែនជាកង់សាគួរក្នុងព្រះនេត្រព្រះ(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយLisa Samra
February 7, 2025
១សាំយ៉ូអែល ១៦:១,៦-១៣
ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ។ ១សាំយ៉ូអែល ១៦:៧
ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ជម្រើសជាតិ ប្រចាំឆ្នាំ ក្រុមបាល់ទាត់អាជីពបានជ្រើសរើសកីឡាករថ្មីៗចូលក្រុម។ គ្រូបង្វឹកបានចំណាយពេលច្រើន ក្នុងការវាយតម្លៃមកលើសមត្ថភាព និងកាយសម្បទារបស់កីឡាករដែលត្រូវជ្រើសរើស។ នៅឆ្នាំ២០២២ លោកប្រក់ ភើឌី(Brock Purdy) ជាជម្រើសចុងក្រោយ ក្នុងចំណោមមនុស្ស២៦២ ហើយគេបានដាក់រហ័សនាមឲ្យគាត់ថា “កង់សាគួរ” ដោយសារគាត់ជាកីឡាករចុងក្រោយដែលគេបានជ្រើសរើស។ គ្មាននរណាម្នាក់រំពឹងថា គាត់នឹងបានចូលរួមប្រកួត ក្នុងរដូវកាលនៃការប្រកួតខាងមុខនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពីរបីខែក្រោយមក លោកភើឌីក៏បានដឹកនាំក្រុមរបស់គាត់ ឲ្យប្រកួតឈ្នះពីរលើក។ តាមពិត ថ្នាក់ដឹកនាំរបស់ក្រុមកីឡាករមិនតែងតែមានប្រសិទ្ធភាពនៅក្នុងការជ្រើសរើសកីឡាករដែលមានសក្ដានុពលនោះឡើយ។ ហើយយើងក៏មិនខុសពីពួកគេឡើយ។
ក្នុងព្រះគម្ពីរសញ្ញាចាស់ មានរឿងស្រដៀងនេះផងដែរ នៅពេលដែលព្រះទ្រង់ចាត់ហោរាសាំយូអែល ឲ្យទៅជ្រើសរើសស្តេចថ្មី សម្រាប់ប្រជាជនអ៊ីស្រាអែល ចេញពីក្នុងចំណោមពួកកូនប្រុសរបស់លោកអ៊ីសាយ។ នៅពេលដែលហោរាសាំយូអែលបានឃើញពួកគេ គាត់មានការចាប់អារម្មណ៍ចំពោះរូបសម្បត្តិខាងក្រៅរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ”(១សាំយ៉ូអែល ១៦:៧)។ ផ្ទុយទៅវិញ ព្រះអង្គបាននាំគាត់ជ្រើសរើសកូនប្រុស ដែលមិនមែនជាកូនច្បង ឬមានកម្ពស់ខ្ពស់ជាងគេនោះទេ តែជាកូនក្មេងជាងគេ គឺដាវីឌ ដែលនឹងក្លាយជាស្តេចល្អបំផុតរបស់ប្រជាជនអ៊ីស្រាអែល នៅលើផែនដី។
ហេតុអ្វីយើងច្រើនតែធ្វើការមិនបានល្អ នៅក្នុងការវាយតម្លៃមនុស្ស? បទគម្ពីរនៅថ្ងៃនេះ បានរំឭកយើងថា “ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(ខ.៧)។ ពេលណាគេសុំឲ្យយើងជ្រើសរើសនរណាម្នាក់ ចូលក្រុមការងារណាមួយ ឬធ្វើការងារស្ម័គ្រចិត្ត យើងអាចទូលសូមព្រះអម្ចាស់ ប្រទានយើងនូវប្រាជ្ញា ដើម្បីធ្វើការសម្រេចចិត្តផ្អែកទៅលើគុណសម្បត្តិ ដែលព្រះអង្គឲ្យតម្លៃបំផុត។—Lisa M. Samra
តើអ្នកមានអារម្មណ៍ថា គេហាក់ដូចជាចាត់ទុកអ្នកជា “កង់សាគួរ”នៅពេលណា? តើអ្នកឲ្យតម្លៃមកលើមនុស្ស ផ្អែកទៅលើការបង្រៀនរបស់ព្រះអម្ចាស់ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញអ្នកដទៃ ដូចដែលព្រះអង្គទតឃើញពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១-៣ និង ម៉ាថាយ ២៤:១-២៨
ល្ងាច

ជ័យជម្នះមកលើការល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 7, 2025
«សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ» (លូកា ១១:៤)។
ព្រះគម្ពីរប៊ីបបានបង្រៀនយ៉ាងច្បាស់ថា ព្រះទ្រង់មិនមែនជាមេបាប និងក៏មិនមែនជាមេល្បួងដែរ ព្រោះព្រះអង្គមិនដែលល្បួងនរណាម្នាក់ឡើយ (យ៉ាកុប ១:១៣)។ បើដូច្នោះមែន ហេតុអ្វីយើងអធិស្ឋានសូមព្រះអង្គ កុំឲ្យនាំយើងទៅក្នុងសេចក្តីល្បួង? តើការទូលសូមដូចនេះ មានន័យដូចម្ដេចឲ្យពិតប្រាកដ?
យើងអាចរកឃើញចម្លើយសម្រាប់សំណួរនេះ នៅក្នុងការបកស្រាយអំពីភាពខុសគ្នារវាងការល្បងល និងការល្បួង។ ពេលណាយើងអធិស្ឋាន «ឱព្រះអម្ចាស់ សូមព្រះអង្គកុំនាំយើងខ្ញុំចូលក្នុងសេចក្តីល្បួង» គឺមានន័យថា យើងកំពុងនិយាយថា «ព្រះអង្គអើយ សូមព្រះអង្គជួយយើងខ្ញុំ កុំឲ្យយើងខ្ញុំកែប្រែការល្បងលមកពីព្រះអង្គឲ្យក្លាយជាការល្បួងមកពីសាតាំង ដែលនាំឲ្យធ្វើការអាក្រក់ឡើយ»។ ហើយក៏មានន័យថា យើងកំពុងសូមព្រះអង្គកុំឲ្យដឹកនាំយើងចូលទៅក្នុងការល្បងលដោយគ្មានព្រះវត្តមាន និងព្រះចេស្ដារបស់ព្រះអង្គ ដែលនឹងជួយយើងឲ្យដើរកាត់ការល្បងល ដោយជំនឿ និងក្តីអំណរ ជាជាងធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម ឬភាពគ្មានជំនឿនោះឡើយ។
ដូចនេះ ក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ឃ្លានេះសំខាន់ណាស់ ព្រោះឃ្លានេះបានរំឭកយើង អំពីធាតុពិត និងវត្តមាននៃការល្បួង។ ក្នុងបទគម្ពីរលោកុប្បត្ដិជំពូក៤ ព្រះអម្ចាស់បានដាស់តឿនលោក កាអ៊ីន ថា «មានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ» (លោកុប្បត្ដិ ៤:៧)។ គួរឲ្យស្តាយណាស់ លោក កាអ៊ីន មិនបានឆ្លើយតប ដោយទូលសូមព្រះអង្គឲ្យប្រទានអ្វីៗដែលគាត់ត្រូវការ ដើម្បីឲ្យគាត់មានអំណាចលើបាបនោះទេ តែផ្ទុយទៅវិញ គាត់បានឲ្យវាគ្រប់គ្រង និងបំផ្លាញគាត់។ ក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ព្រះយេស៊ូវបានបង្រៀនយើង កុំឲ្យធ្វើខុសដូចលោក កាអ៊ីន ឡើយ។
ដោយសារបាបចេះតែតាមបំផ្លាញយើង យើងមិនអាចគ្រាន់តែទូលសូមព្រះអម្ចាស់កុំឲ្យនាំយើងចូលក្នុងសេចក្តីល្បួង ហើយបន្ទាប់មក យើងជឿថា ព្រះអង្គនឹងដោះស្រាយបញ្ហានេះឡើយ។ ទេ! ការប្រព្រឹត្តរបស់យើង ត្រូវតែស្របនឹងការអធិស្ឋានរបស់យើង។ បើយើងពិតជាកំពុងតែទូលសូមព្រះអម្ចាស់ឲ្យជួយយើងកុំឲ្យបំពានក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ព្រះអង្គ នោះយើងត្រូវតែមិនបណ្តោយខ្លួនយើង ឲ្យស្ថិតក្នុងរង្វង់នៃអំពើបាប ដោយមិនបានស្តាប់បង្គាប់ ដោយធ្វើអ្វីដែលមិនចាំបាច់ ឬដោយស្ម័គ្រពីចិត្តនោះឡើយ។
ព្រះទ្រង់សព្វព្រះទ័យនឹងជួយយើងតយុទ្ធនឹងការល្បួង។ ព្រះអង្គបានប្ដេជ្ញាព្រះទ័យទាំងស្រុង ចំពោះសេចក្តីសញ្ញានៃសេចក្តីស្រឡាញ់របស់ព្រះអង្គដោយធានាថា គ្មានកូនព្រះអង្គណាម្នាក់ដែលនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់បាបនោះឡើយ។ ដូចនេះ គ្មានពេលណាមួយក្នុងជីវិតយើង ដែលការល្បួងមានកម្លាំងខ្លាំងពេកដែលព្រះគុណ និងព្រះចេស្ដាព្រះអង្គ មិនអាចជួយយើងឲ្យស៊ូទ្រាំបាននោះឡើយ គឺដូចព្រះគម្ពីរបានរំឭកយើងថា «ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន» (១កូរិនថូស ១០:១៣)។ ហើយក៏គ្មានការបរាជ័យក្នុងការតស៊ូនឹងការល្បួង ដែលព្រះលោហិតរបស់ព្រះគ្រីស្ទមិនអាចគ្របបាំងនោះឡើយ។ ដូចនេះ ទោះយើងស្ថិតក្នុងស្ថានភាពណា ហើយជួបការល្បួងប៉ុណ្ណាក៏ដោយ ចូរយើងចាំថា ក្នុងព្រះគ្រីស្ទ «យើងជាខាងក្រុមដែលឈ្នះ»1។ អ្នកអាចតយុទ្ធបាន ព្រោះអ្នកមានព្រះវិញ្ញាណដឹកនាំ និងការពារអ្នក។ តើមានការល្បួងមិនឲ្យស្តាប់បង្គាប់មួយណា ដែលអ្នកកំពុងជួបប្រទះក្នុងពេលនេះ? តើការល្បងលរបស់អ្នក បានប្រែក្លាយជាការល្បួងនៅពេលណា និងនៅកន្លែងណា? ចូរទូលសូមព្រះអង្គឲ្យជួយអ្នកនៅពេលឥឡូវនេះ ដ្បិតអ្នកត្រូវការជំនួយរបស់ព្រះអង្គ ហើយព្រះអង្គត្រៀមជាស្រេច ដើម្បីប្រទានជំនួយ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ៤:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៣-៤៤ និងម៉ាកុស ១១:១-១៩
1Fanny Crosby, «On the Victory Side» (1894).