ព្រឹក

ការថែទាំ ដោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយArthur Jackson
February 8, 2025
ភីលីព ២:១-១១
ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ។ ភីលីព ២:៥
អ្នកស្រី ឆាលេន(Charlene) ជាម្តាយរបស់មិត្តភក្តិខ្ញុំឈ្មោះ ដ្វេន(Dwayne)។ គាត់មានអាយុ៩៤ឆ្នាំ មានកម្ពស់មិនដល់១ម៉ែត្រកន្លះ និងមានទម្ងន់ក្រោម៤៥គីឡូក្រាម។ តែបញ្ហានេះមិនបានរារាំងគាត់ មិនឲ្យធ្វើអ្វី ដែលគាត់អាចធ្វើបាន សម្រាប់កូនប្រុសគាត់ ដែលបាត់បង់លទ្ធភាពមើលថែខ្លួនឯង ដោយសារបញ្ហាសុខភាព។ នៅពេលដែលយើងទៅសួរសុខទុក្ខពួកគេ នៅក្នុងផ្ទះមានកម្ពស់ពីរជាន់ យើងច្រើនតែឃើញគាត់នៅជាន់ទី២ ជាកន្លែងដែលគាត់កំពុងរស់នៅ។ គាត់បានចុះយឺតៗតាមជណ្តើរមាន១៦កាំ មកជាន់ទី១ ដើម្បីស្វាគមន៍ភ្ញៀវរបស់គាត់។ គាត់តែងតែឡើងចុះកាំជណ្តើរនេះដូចសព្វមួយដង នៅក្នុងការថែទាំកូនប្រុសជាទីស្រឡាញ់របស់គាត់។
ការប្ដេជ្ញាចិត្តរបស់អ្នកស្រីឆាលេន ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើឲ្យប៉ះពាល់ចិត្ត និងបណ្តាលចិត្តខ្ញុំ ខណៈពេលដែលគាត់បានចាត់ទុកសុខុមាលភាពរបស់កូនប្រុសគាត់ សំខាន់ជាងភាពសុខស្រួលរបស់គាត់។ គាត់បានយកគំរូតាមការបង្រៀនរបស់សាវ័កប៉ុល ដែលបានចែងក្នុងកណ្ឌគម្ពីរភីលីព ជំពូក២ ថា “ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ខ.៣-៤)។
ការថែទាំមនុស្សដែលមានបញ្ហាសុខភាព ឬមានបញ្ហាអ្វីផ្សេងទៀត អាចតម្រូវឲ្យមានការលះបង់ខ្លាំង។ បញ្ហាប្រឈមក្នុងជីវិតរបស់យើង ងាយនឹងធ្វើឲ្យយើងអស់កម្លាំង និងគ្មានពេលសម្រាប់អ្នកដទៃ ហើយបើយើងគ្មានចិត្តដែលចង់មើលរំលងផលប្រយោជន៍ផ្ទាល់ខ្លួនទេ សូម្បីតែមនុស្សដែលជិតស្និទ្ធនឹងយើងបំផុត ក៏អាចរងគ្រោះដោយសារការមិនអើពើរបស់យើង។ ប៉ុន្តែ ព្រះយេស៊ូវបានត្រាស់ហៅអ្នកជឿព្រះអង្គ ឲ្យបន្ទាបខ្លួនមើលថែគ្នាទៅវិញទៅមក(ខ.១-៤)។ ពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន គឺមានន័យថា យើងកំពុងយកតម្រាប់តាមព្រះយេស៊ូវ ហើយទន្ទឹមនឹងនោះ យើងអាចជួយអ្នកដទៃផងដែរ។ សាវ័កប៉ុលបានក្រើនរំឭកយើងថា ក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃ យើងត្រូវតែ “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”(ខ.៥)។—Arthur Jackson
តើមាននរណាបានបណ្តាលចិត្តអ្នក ឲ្យយកចិត្តទុកដាក់ចំពោះអ្នកដទៃកាន់តែខ្លាំង ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន?
តើមានឧបសគ្គអ្វីខ្លះ ដែលអ្នកបានជួប ក្នុងការបំពេញតម្រូវការរបស់អ្នកដទៃ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តចង់លះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ៤-៥ និង ម៉ាថាយ ២៥:២៩-៥១
ល្ងាច

មិត្តសម្លាញ់របស់យើងនៅស្ថានសួគ៌(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 8, 2025
«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសម្លាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្ដាលអធ្រាត្រថា សម្លាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសម្លាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ...ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើងយកទៅឲ្យដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យតាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូមនោះតែងនឹងឲ្យមកអ្នក» (លូកា ១១:៥-៩)។
យើងងាយនឹងគិតថា ការជជែកគ្នាអំពីព្រះ គឺជាការបង្ហាញចេញជាចម្បងឲ្យគេដឹងថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនិយាយអំពីព្រះអង្គ ដោយមិនមានការយល់ដឹងឲ្យបានស៊ីជម្រៅថា ព្រះអង្គជានរណា។ ជាញឹកញាប់ ភស្តុតាងដែលបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គច្រើនតែឃើញមាននៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនមិនមែននៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅកាន់អ្នកដទៃ គឺមិនមែននៅក្នុងពាក្យអ្វីដែលយើងនិយាយអំពីព្រះអង្គ តែនៅក្នុងពាក្យអ្វីដែលយើងនិយាយទៅកាន់ព្រះអង្គ។ ជាការពិតណាស់ គឺដូចដែលលោក រ៉ូបឺត មួរេយ អ៊ែមជែអិន បានសង្កេតឃើញថា «មនុស្សបង្ហាញចរិតលក្ខណៈពិតរបស់ខ្លួន នៅពេលដែលពួកគេលុតជង្គង់ចុះអធិស្ឋាននៅចំពោះព្រះ»។
ដូចនេះ ការអធិស្ឋានរបស់យើង ច្រើនតែឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលគ្មានការរីកចម្រើន និងខ្វះភាពស្និទ្ធស្នាល ជាសញ្ញាបង្ហាញថា យើងមិនមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះអង្គនោះទេ។ ប៉ុន្តែ បើសិនជាយើងមានបញ្ហានេះមែន នោះយើងអាចដឹងច្បាស់ថា អ្នកដទៃក៏មានបញ្ហាដូចនេះដែរ។ ពួកសាវ័ករបស់ព្រះយេស៊ូវក៏ចង់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ប៉ុន្តែពួកគេត្រូវការព្រះអង្គបង្រៀនពួកគេ (លូកា ១១:១)។ ព្រះយេស៊ូវក៏បានបង្រៀនពួកគេអំពី «ការអធិស្ឋាននៃព្រះអម្ចាស់» ហើយក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីការទទូចសុំរបស់មិត្តសម្លាញ់។
ក្នុងរឿងនេះ មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នា។ បុរសទីមួយចង់ទទួលភ្ញៀវដែលមកពីឆ្ងាយ ក៏បានទៅផ្ទះមិត្តសម្លាញ់ខ្លួន ដើម្បីខ្ចីនំប៉័ងខ្លះ។ គាត់អាចធ្វើឲ្យអ្នកផ្ទះរបស់មិត្តសម្លាញ់គាត់ភ្ញាក់ពីដំណេក ដោយសារការទទូចសុំរបស់គាត់ ទាំងយប់អាធ្រាត្រ តែគាត់ហ៊ានប្រថុយ។ ដោយសារការទទូចសុំដោយចិត្តក្លាហាន បុរសទីពីរក៏បានក្រោកពីដំណេក ដើម្បីយកនំប៉័ងឲ្យគាត់។
រឿងប្រៀបប្រដូចដែលព្រះយេស៊ូវបានមានបន្ទូលនេះ បានបង្រៀនយើងថា៖ បើសិនជាមិត្តភាពដ៏ស្មោះត្រង់របស់មនុស្សបាននាំមកនូវការឆ្លើយតបដោយសប្បុរសដូចនេះហើយ នោះយើងអាចមានការធានាថា ព្រះទ្រង់ក៏នឹងមិនបដិសេធន៍ការទូលសូម ដើម្បីបំពេញតម្រូវការរបស់យើងនោះឡើយ។ ការទទូចសុំរបស់បុរសនោះមានភាពក្លាហាន ប៉ុន្តែមិត្តសម្លាញ់គាត់បានស្តាប់គាត់ ហើយក៏បានឆ្លើយតបដោយសារគាត់ទទូចឥតឈប់។
ដូចនេះ យើងអាចមានទំនុកចិត្តជាងនេះទៀតថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌បានត្រៀមជាស្រេចដើម្បីឆ្លើយតប ពេលណាយើងចូលទៅជិតព្រះអង្គដោយចិត្តស្មោះត្រង់ និងបន្ទាបខ្លួន។
ការធានានៅចំពោះព្រះ មិនមែនដើម្បីឲ្យយើងបានចិត្តនោះទេ។ ផ្ទុយទៅវិញ យើងអាចមានទំនុកចិត្តនៅចំពោះបល្ល័ង្កទ្រង់ ដោយសារមិត្តភាពដែលព្រះអង្គបានបង្កើតជាមួយយើងតាមរយៈព្រះយេស៊ូវ។ ដោយសារព្រះអង្គ យើងអាចនិយាយទៅកាន់ព្រះអាទិកររបស់យើង ដោយភាពស្និទ្ធស្នាល ជាមិត្តសម្លាញ់។ ការនេះបានលើកទឹកចិត្តយើងណាស់! ព្រះអង្គមិនដែលប្រកាន់ថា យើងទូលសូមព្រះអង្គនៅពេលពាក់កណ្ដាលអាធ្រាត្រ ហើយក៏គ្មានពេលដែលព្រះអង្គមានអារម្មណ៍មិនល្អ ដោយសារយើងចូលទៅជិតព្រះអង្គនោះឡើយ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវគោះទ្វារព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ១:១៥-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៥-៤៦ និងម៉ាកុស ១១:២០-៣៣