ព្រឹក

ព្រះយេស៊ូវជាហេតុផលដែលយើងរួបរួម (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយMike Wittmer
February 9, 2025
អេភេសូរ ២:១១-១៨
កាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង។ អេភេសូរ ២:១៧
មានពេលមួយ យ៉ូអាន(Joan) មានការបាក់ទឹកចិត្ត នៅពេលដែលគាត់បានឃើញរូបថត ដែលស៊ូសិន(Susan) បានបង្ហោះនៅតាមបណ្ដាញសង្គម។ ក្នុងរូបថតនោះ គាត់ឃើញមិត្តភក្តិរបស់គាត់១០នាក់នៅព្រះវិហារ កំពុងជួបជុំគ្នា ដោយទឹកមុខញឹម នៅតុអាហារ ក្នុងភោជនីយដ្ឋានមួយ។ នេះជាលើកទី២ហើយ ក្នុងខែនេះ ដែលពួកគេមានការជួបជុំគ្នាដ៏សប្បាយរីករាយ ដោយគ្មានវត្តមានរបស់គាត់ចូលរួម។ យ៉ូអានក៏បានស្រក់ទឹកភ្នែក។ គាត់មិនតែងតែចុះសម្រុងនឹងអ្នកដទៃ ប៉ុន្តែ គាត់នៅតែមានអារម្មណ៍ថា គេមិនរាប់រកគាត់។ នេះជារឿងចម្លែក ដែលគាត់ទៅចូលរួមក្នុងព្រះវិហារ ជាមួយមនុស្សដែលមិនរាប់រកគាត់!
ការមិនចុះសម្រុងគ្នា មិនមែនជារឿងចម្លែក នៅសតវត្សរ៍ទី១ទេ។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងមានការរួបរួម ហើយបានយាងមក ដើម្បីបង្រួបបង្រួមយើង។ ចាប់តាំងពីដើមដំបូងនៃប្រវត្តិសាស្ត្រពួកជំនុំ មនុស្សដែលមិនចុះសម្រុងគ្នា ត្រូវតែស្វែងរកចំណុចរួមនៅក្នុងព្រះអង្គ។ ពួកសាសន៍យូដាបានមើលងាយសាសន៍ដទៃ ដោយសារពួកគេមិនបានកាន់តាមក្រឹត្យវិន័យ ហើយពួកសាសន៍ដទៃក៏មិនចូលចិត្តសាសន៍យូដា ដោយសារពួកគេគិតថា ខ្លួនល្អជាងសាសន៍ដទៃ។ បន្ទាប់មក ព្រះយេស៊ូវក៏បាន “ធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ ព្រមទាំងបំបាត់សេចក្តីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្តីហាមប្រាមទាំងប៉ុន្មានចេញ”(អេភេសូរ ២:១៤-១៥)។ ការកាន់តាមក្រឹត្យវិន័យសញ្ញាចាស់ មិននាំឲ្យបានសង្គ្រោះរួចពីបាបទេ។ ការគោរពប្រតិបត្តិតាមព្រះយេស៊ូវទើបសំខាន់។ តើពួកសាសន៍យូដា និងសាសន៍ដទៃអាចរួបរួមគ្នា ក្នុងព្រះអង្គដែរឬទេ?
បញ្ហានេះគឺអាស្រ័យទៅលើការឆ្លើយតបរបស់ពួកគេ។ ព្រះយេស៊ូវ “បានផ្សាយដំណឹងល្អ គឺជាសេចក្តីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង”(ខ.១៧)។ ដំណឹងល្អដែលព្រះអង្គបានផ្សាយមានខ្លឹមសារដូចគ្នា សម្រាប់សាសន៍យូដា និងសាសន៍ដទៃ។ ហេតុនេះហើយ សាសន៍យូដាដែលអួតពីភាពសុចរិតរបស់ខ្លួន ចាំបាច់ត្រូវទទួលស្គាល់ថា ពួកគេមិនល្អជាងសាសន៍ដទៃទេ ហើយទន្ទឹមនឹងនោះ សាសន៍ដទៃដែលគេមិនរាប់រក ចាំបាច់ត្រូវជឿថា ពួកគេមិនអាក្រក់ជាងសាសន៍យូដាទេ។ សាសន៍ទាំងពីរចាំបាច់ត្រូវឈប់ប្រៀបធៀបគ្នា ហើយងាកមកផ្ដោតទៅលើព្រះគ្រីស្ទវិញ ដែលកំពុង “យកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ”(ខ.១៥)។
តើអ្នកមានអារម្មណ៍ថា គេមិនរាប់រកឬ? រឿងនេះធ្វើឲ្យអ្នកឈឺចាប់។ វាមិនមែនជាទង្វើត្រឹមត្រូវទេ។ ប៉ុន្តែ អ្នកអាចធ្វើជាអ្នកបង្រួបបង្រួម ខណៈពេលដែលអ្នករកឃើញការកម្សាន្តចិត្ត និងការធានាក្នុងព្រះយេស៊ូវ។ ព្រះអង្គនៅតែជាមូលហេតុដែលយើងត្រូវរួបរួមគ្នា។ —Mike Wittmer
តើអ្នកមានអារម្មណ៍ថា គេមិនរាប់រកនៅពេលណា? តើអ្នកអាចធ្វើជាអ្នកផ្សះផ្សា ដោយរបៀបណា?
ឱព្រះវរបិតា ពេលណាគេមិនរាប់រកទូលបង្គំ ទូលបង្គំនឹងស្វែងរកការកម្សាន្តចិត្ត និងការធានានៅក្នុងព្រះរាជបុត្រាព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ៦-៧ និង ម៉ាថាយ ២៥:១-៣០
ល្ងាច

អធិស្ឋានទូលសូមដោយទំនុកចិត្ត(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 9, 2025
«ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ...បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូមជាជាងអម្បាលម៉ានទៅទៀត» (លូកា ១១:១០, ១៣)។
នៅពេលដែលក្មេងជំទង់ម្នាក់ទទួលបានប័ណ្ណបើកបរ នាងទៅសុំសោឡានពីឪពុកម្តាយរបស់នាង នោះនាងមិនចេះតែសុំៗឲ្យតែរួចពីមាត់នោះទេ។ ផ្ទុយទៅវិញ នាងមានការតាំងចិត្តមុនពេលនាងសួរពួកគេថា «ឲ្យកូនសុំសោឡានបានទេ? កូនចង់បើកឡាន»។
ស្រដៀងគ្នានេះដែរ ពាក្យកិរិយាស័ព្ទដែលព្រះយេស៊ូវបានប្រើ ដើម្បីបង្រៀនសាវ័កព្រះអង្គអំពីរបៀបទូលសូមដល់ព្រះមានដូចជា សូមស្វែងរក និងគោះ គឺបានបង្ហាញភាពបន្ទាន់ ភាពជាប់លាប់ និងភាពច្បាស់លាស់។ គឺហាក់ដូចជាព្រះអង្គមានបន្ទូលថា ខ្ញុំចង់ឲ្យអ្នកអធិស្ឋាន ដោយការតាំងចិត្ត ដែលមានការបន្ទាបខ្លួន និងការទទូចសុំឥតឈប់។ ខ្ញុំចង់ឲ្យអ្នកស្វែងរកហើយស្វែងរកទៀត។ ហើយខ្ញុំចង់ឲ្យអ្នកគោះទ្វារ ដោយភាពស្មោះត្រង់ និងការបន្ទាន់។
ព្រះអង្គកំពុងអញ្ជើញអ្នក និងខ្ញុំឲ្យចូលមកនៅចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយទូលសូមព្រះអង្គ។ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលយើងទូលសូម។ ពេលណាយើងទូលថ្វាយសេចក្តីសំណូមនៅចំពោះព្រះអម្ចាស់ សេចក្តីសំណូមនោះត្រូវមានការ «ដឹកនាំពីព្រះវិញ្ញាណសមស្របតាមព្រះបន្ទូលព្រះ»1 (លោក ចន ខិលវិន)។ អាចនិយាយម្យ៉ាងទៀតថា ព្រះគម្ពីរបានបង្រៀនថា យើងអាចទូលសូមអ្វីៗដែលល្អ និងត្រឹមត្រូវតាមព្រះបន្ទូលព្រះអង្គដែលមានដូចជា ការទូលសូមជំនួយមកពីព្រះអង្គ ដើម្បីឲ្យយើងអាចថ្វាយរូបកាយយើងទុកជាដង្វាយរស់ចម្រើនឡើង ក្នុងការធ្វើបន្ទាល់នៃដំណឹងល្អ ឬកាន់តែមានចិត្តចង់ថ្វាយបង្គំព្រះអង្គ។ ប៉ុន្តែ យើងមិនត្រូវគិតថា យើងអាចប្រើព្រះអង្គ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ទាមទារព្រះអង្គឲ្យប្រទានអ្វីដែលធ្វើឲ្យជីវិតយើងកាន់តែងាយស្រួល ឬកាន់តែមានទ្រព្យស្តុកស្តម្ភនោះទេ។ អាចមានពេលដែល «អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្តីសំណូមនោះបែបអាក្រក់ សម្រាប់នឹងចាយបំពេញសេចក្តីសម្រើបរបស់អ្នករាល់គ្នាវិញ» (យ៉ាកុប ៤:៣)។ ដូចនេះ យើងត្រូវតែទូលសូមដោយចិត្តក្លាហាន ប៉ុន្តែត្រូវទូលសូមដោយការបន្ទាបខ្លួន។ យើងត្រូវទូលសូមឲ្យព្រះអង្គធ្វើការដ៏ធំប្រសើរ ហើយបន្ទាប់មក យើងត្រូវទទួលយកការឆ្លើយតបរបស់ព្រះអង្គ។ មានហេតុផលល្អៗជាច្រើន ដែលព្រះអង្គមិនចេះតែប្រទានអ្វីដែលយើងទូលសូម សូម្បីតែនៅពេលដែលយើងទូលសូមអ្វីដែលល្អ ហើយមានការកោតខ្លាចព្រះក៏ដោយ។ ការអធិស្ឋានរបស់យើង មិនតែងតែស្របតាមបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គឡើយ។ យើងមិនតែងតែអាចដឹងថា អ្វីល្អអ្វីអាក្រក់សម្រាប់យើង តែព្រះអង្គតែងតែជ្រាបថា មានអ្វីខ្លះល្អបំផុតសម្រាប់កូនព្រះអង្គ។ ដូចនេះ ពេលណាយើងទូលសូមនៅចំពោះព្រះអង្គ យើងត្រូវតែប្រើឲ្យព្រះបន្ទូលដឹកនាំយើង ហើយចាំថា ព្រះអង្គកំពុងធ្វើការក្នុងជីវិតយើង ដើម្បីសម្រេចបំណងព្រះទ័យក្នុងជីវិតយើង និងកែប្រែជីវិតយើងឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ។
ដូចនេះ ចូរចូលមករកព្រះអង្គ ហើយទូលសូមព្រះអង្គ។ ការទូលសូមរបស់អ្នកត្រូវមានភាពជាក់លាក់ ក្លាហាន និងស្របតាមព្រះបន្ទូលព្រះអង្គ ហើយអ្នកអាចរំពឹងថា ព្រះទ្រង់នឹងឆ្លើយតប តាមបំណងព្រះទ័យព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ កូឡូស ១:៩-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៧-៤៩ និងម៉ាកុស ១២:១-២៧
1Commentary on a Harmony of the Evangelists Matthew, Mark, and Luke, trans. William Pringle (Calvin Translation Society, 1846), Vol. 3, p 19.