ព្រឹក

ទៅនេសាទឲ្យបានមិត្តភក្តិ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយKirsten Holmberg
February 10, 2025
ម៉ាថាយ ៤:១៨-២២
រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ។ ម៉ាថាយ ៤:១៩
នៅពេលរសៀលមួយនោះ ភែតធី(Patty) បានចំណាយពេលស្ទូចត្រី នៅមាត់ច្រាំងទន្លេ ក្នុងតំបន់។ គាត់ទើបតែបានផ្លាស់ទីលំនៅមកតំបន់នេះ ក្នុងពេលថ្មីៗនេះ ដូចនេះ គាត់មិនសង្ឃឹមថាអាចស្ទូចបានត្រីទេ តែគាត់ស្ទូចឲ្យបានមិត្តភក្តិថ្មីៗ នៅថ្ងៃនោះ។ គាត់មិនបានដាក់នុយជន្លេន ឬនុយអ្វីទៀត ជាប់ខ្សែសន្ទូចរបស់គាត់ទេ។ តែផ្ទុយទៅវិញ គាត់បានប្រើដងសន្ទូចធំហើយវែង ដោយចងភ្ជាប់កញ្ចប់នំតូចៗនឹងខ្សែសន្ទូច ចែកឲ្យមនុស្សដែលកំពុងជិះទូកលេងតាមខ្សែទឹក នៅពេលថ្ងៃ ក្នុងរដូវក្តៅ។ គាត់បានប្រើមធ្យោបាយដ៏ប៉ិនប្រសប់នេះ ដើម្បីរាប់អានអ្នកជិតខាងថ្មីរបស់គាត់ ដែលហាក់ដូចជាចូលចិត្តញាំនំដ៏ផ្អែមឆ្ងាញ់របស់គាត់។
ការដែលភែតធីបានទៅ “នេសាទឲ្យបានមិត្តភក្តិ” ក្នុងន័យត្រង់យ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅ ដែលព្រះយេស៊ូវមាន សម្រាប់លោកពេត្រុស និងលោកអនទ្រេ ដើម្បីឲ្យពួកគេដើរតាមព្រះអង្គអស់មួយជីវិត។ បងប្អូនពីរនាក់នេះជាអ្នកនេសាទដែលឧស្សាហ៍ព្យាយាម។ ពួកគេកំពុងទម្លាក់សំណាញ់ចូលទៅក្នុងសមុទ្រកាលីឡេ។ ព្រះយេស៊ូវក៏បានបង្អាក់ការងាររបស់ពួកគេ ដោយការត្រាស់ហៅឲ្យដើរតាមព្រះអង្គវិញ ដោយមានបន្ទូលប្រាប់ពួកគេថា ព្រះអង្គនឹងចាត់ពួកគេឲ្យចេញទៅ “នេសាទមនុស្ស” មិនមែននេសាទត្រីទេ(ម៉ាថាយ ៤:១៩)។ បន្តិចក្រោយមក ព្រះអង្គក៏បានត្រាស់ហៅយ៉ាងដូចនេះ ដល់អ្នកនេសាទពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន។ ពួកគេសុទ្ធតែបានទុកសំណាញ់ និងទូកចោលភ្លាមៗ ដើម្បីដើរតាមព្រះយេស៊ូវ។
ព្រះគ្រីស្ទក៏បានត្រាស់ហៅយើងឲ្យដើរតាមព្រះអង្គ និងផ្ដោតចិត្តទៅលើជីវិតខាងវិញ្ញាណរបស់មនុស្សដែលយើងជួប ពោលគឺធ្វើអ្វីដែលមានតម្លៃអស់កល្បជានិច្ច គឺមិនខុសពីអ្នកនេសាទទាំងនោះ ដែលបានក្លាយជាសាវ័កដំបូងរបស់ព្រះអង្គ។ ចូរយើងនាំមនុស្សនៅជុំវិញយើង ឲ្យទទួលយកអ្វីដែលពិតជាធ្វើឲ្យពួកគេស្កប់ចិត្ត ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ ក្នុងជីវិតដែលមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ(យ៉ូហាន ៤:១៣-១៤)។—Kirsten Holmberg
តើមាននរណាជាមនុស្សទីមួយ ដែលចែកចាយដល់អ្នក អំពីព្រះយេស៊ូវ? តើអ្នកអាចនាំអ្នកដទៃដូចម្តេចខ្លះ ឲ្យពួកគេទទួលយកក្តីសង្ឃឹម ដែលព្រះអង្គបានប្រទាន?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យក្លាយជាអ្នកនេសាទមនុស្ស ដើម្បីឲ្យអ្នកដទៃបានស្គាល់ និងទទួលជឿព្រះអង្គផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ៨-១០ និង ម៉ាថាយ ២៥:៣១-៤៦
ល្ងាច

ថ្ងៃឈប់សម្រាករបស់ព្រះអង្គ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 10, 2025
«ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ» (លោកុប្បត្ដិ ២:៣)។
មនុស្សជាតិជាស្នាព្រះហស្តដែលខ្ពង់ខ្ពស់បំផុតរបស់ព្រះ។ យើងមិនមែនជាសត្វស្វាដែលមានការវិវត្តន៍ខ្ពស់ជាងគេនោះទេ។ មានតែមនុស្សយើងទេ ដែលព្រះទ្រង់បានបង្កើតមកឲ្យដូចរូបអង្គទ្រង់ (លោកុប្បត្ដិ ១:២៧)។ យើងជាស្នាព្រះហស្តព្រះអាទិករ ព្រោះព្រះអង្គបានបង្កើតយើងមក តែយើងក៏មានលក្ខណៈពិសេសខុសពីស្នាព្រះហស្តទាំងអស់ ព្រោះព្រះអង្គបានបង្កើតយើងមក ឲ្យមានលក្ខណៈដូចព្រះអង្គ។ មនុស្សជាតិមានភាពថ្លៃថ្នូររដែលមិនអាចកាត់ផ្តាច់បាន ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងគោរពព្រះអាទិករនៃយើង ហើយរស់នៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ។
បើមនុស្សជាស្នាព្រះហស្តដែលខ្ពង់ខ្ពស់បំផុត នោះគោលដៅធំបំផុតនៃការបង្កើតរបស់ព្រះអង្គ គឺដើម្បីឲ្យយើងបានសម្រាក។ កាលព្រះអង្គបញ្ចប់ព្រះរាជកិច្ចនៃការបង្កើតព្រះអង្គក៏បានសម្រាក។ ការនេះមិនមានន័យថា ព្រះអង្គឈប់មានព្រះវត្តមាន ឬសកម្មភាពនៅក្នុងពិភពលោកនោះទេ តែព្រះអង្គបានឈប់សម្រាកពីការបង្កើត។ ព្រះអង្គមិនត្រូវការការកែលម្អ ឬបន្ថែមបន្ថយអ្វីឡើយ។ គ្មានអ្វីដែលត្រូវកែសម្រួល និងធ្វើឡើងវិញទេ។ ហើយការរៀបចំដ៏ធំរបស់ព្រះអង្គ ដែលជាបំណងព្រះទ័យសម្រាប់មនុស្សជាតិ គឺដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះអង្គ ក្នុងថ្ងៃឈប់សម្រាកដ៏អស្ចារ្យ ដែលនៅតែបន្តមាន។
ក្នុងរឿងនៃការបង្កើត ក្នុងបទគម្ពីរលោកុប្បត្ដិ ជំពូក១ នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ក្នុងរយៈពេល៦ថ្ងៃដំបូងសុទ្ធតែមានឃ្លា «នោះក៏មានល្ងាចមានព្រឹកឡើង»។ ប៉ុន្តែ នៅថ្ងៃទី៧ មិនមានឃ្លានេះទៀតទេ។ យើងអាចកាត់ស្រាយថា ថ្ងៃទី៧ ជាថ្ងៃដែលនៅតែបន្តមាន ដែលក្នុងនោះ ព្រះអង្គកំពុងជ្រើសរើសរាស្ត្រមួយសម្រាប់អង្គទ្រង់។ ព្រះអង្គកំពុងនាំមនុស្សជាតិឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ ដោយផ្គត់ផ្គង់ និងការពារពួកគេ ហើយប្រទានការប្រកបគ្នា និងអនុញ្ញាតឲ្យពួកគេមានអំណាចមកលើស្នាព្រះហស្តព្រះអង្គ។
គោលបំណងនៃថ្ងៃឈប់សម្រាក ឬសប្ប័ទ ដូចដែលបានបង្គាប់ក្នុងក្រឹត្យវិន័យដប់ប្រការ គឺដើម្បីឲ្យពួកអ៊ីស្រាអែល មានការយល់ដឹង អំពីការរៀបចំខ្ពស់បំផុត ដែលព្រះទ្រង់មានសម្រាប់ជីវិតមនុស្ស (លោកុប្បត្ដិ ២០:៨-១១)។ តាមរយៈការសម្រាក និងការសញ្ជឹងគិតព្រះបន្ទូលព្រះ ពួកគេអាចគិតអំពីអត្ថន័យនៃការរស់នៅជារាស្ត្ររបស់ព្រះនៅក្រោមការដឹកនាំ និងព្រះពររបស់ព្រះអង្គ។
កាលព្រះយេស៊ូវមានបន្ទូលហៅរាស្ត្រព្រះអង្គ ឲ្យចូលមករកព្រះអង្គ ព្រះអង្គមានបន្ទូលថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង» (ម៉ាថាយ ១១:២៨-២៩)។ អ្វីៗដែលព្រះទ្រង់បានរចនា ក្នុងភាពស្រស់ស្អាតនៃសួនច្បារអេដែន ហើយបានខូចដោយសារមនុស្សធ្លាក់ចូលក្នុងបាប នឹងទទួលការស្អាងឡើងវិញ នៅថ្ងៃណាមួយ ដែលយើងបានចូលក្នុងព្រះវត្តមានព្រះ។ សព្វថ្ងៃនេះ យើងដកពិសោធន៍នឹងការសម្រាក ដោយផ្ទេរបាបយើងទៅព្រះយេស៊ូវឲ្យព្រះអង្គលាងជម្រះ និងថ្វាយការព្រួយបារម្ភដល់ព្រះអង្គ ដើម្បីឲ្យព្រះអង្គជួយយើង។ ថ្ងៃមួយ យើងនឹងបានដកពិសោធន៍នឹងការសម្រាកដ៏ឥតខ្ចោះ ក្នុងជីវិតដែលរស់ឡើងវិញ ក្នុងលោកីយ៍ដែលព្រះអង្គបានស្អាងឡើងវិញដោយសេចក្តីបរិសុទ្ធនៃព្រះដ៏ល្អឥតខ្ចោះ។ ភ្នែករបស់យើងត្រូវផ្ចង់ទៅរកសេចក្តីនេះ ហើយចិត្តរបស់យើងក៏ត្រូវរៀបចំស្របតាមសេចក្តីនេះ នៅថ្ងៃល្អបំផុត និងអាក្រក់បំផុតក្នុងលោកីយ៍នេះ។ ថ្ងៃមួយ យើងនឹងមានការសម្រាកពិតប្រាកដ នៅក្នុងសន្តិភាពរបស់ព្រះអង្គ។
ខណៈពេលដែលយើងដើរឆ្ពោះទៅរកពេលអនាគត នោះគំរូរបស់ព្រះអង្គ គឺជាគំរូដែលយើងត្រូវយកតម្រាប់តាម។ ដូចដែលព្រះអង្គបានបង្គាប់ យើងត្រូវគោរពថ្ងៃឈប់សម្រាករបស់ព្រះអង្គ ហើយចំណាយពេលពិចារណា អំពីការទាំងអស់ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើ គឺដើម្បីឲ្យយើងអរសប្បាយនឹងជីវិតដែលប្រកបជាមួយព្រះអង្គ ហើយចូលរួមជាមួយព្រះអង្គ ខណៈពេលដែលព្រះអង្គត្រាស់ហៅគេឲ្យធ្វើជារាស្ត្រព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៥០-៥២ និងម៉ាកុស ១២:២៨-៤៤