ព្រឹក

ព្រះអង្គតាមរកយើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយLeslie Koh
February 11, 2025
អេសេគាល ៣៤:១១-១៦
ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង។ អេសេគាល ៣៤:១១
អ៊ែវិន(Evan) មានបញ្ហាញៀនថ្នាំប៉ុន្មានឆ្នាំហើយ ដែលបានរារាំងគាត់ មិនឲ្យចូលមកជិតព្រះ។ គាត់ឆ្ងល់ថា តើធ្វើដូចម្តេចឲ្យគាត់សក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ព្រះ? ដូចនេះ ខណៈពេលដែលគាត់បន្តទៅព្រះវិហារ គាត់មានអារម្មណ៍ថា មានគម្លាតធំមួយមិនអាចតភ្ជាប់បាន ដែលបានធ្វើឲ្យគាត់ដាច់ចេញពីព្រះ។
ប៉ុន្តែ ពេលណាអ៊ែវិនអធិស្ឋានអស់ពីចិត្ត អំពីរឿងអ្វីមួយ ព្រះអម្ចាស់ហាក់ដូចជាបានឆ្លើយតបចំពោះគាត់។ ព្រះអង្គក៏បានចាត់មនុស្សឲ្យមកលើកទឹកចិត្ត និងកម្សាន្តចិត្តគាត់ ក្នុងពេលដ៏ពិបាក។ ប៉ុន្មានឆ្នាំក្រោយមក អ៊ែវិនក៏បានដឹងថា ព្រះអម្ចាស់បានតាមរកគាត់ជានិច្ច ហើយក៏បានបង្ហាញថា ព្រះអង្គតែងតែស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះគាត់។ ហើយនៅពេលនោះ គាត់ក៏បានចាប់ផ្តើមទុកចិត្តលើការអត់ទោសបាប និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ គាត់ក៏បាននិយាយថា “ឥឡូវនេះ ខ្ញុំដឹងថាព្រះអង្គបានអត់ទោសឲ្យខ្ញុំហើយ ហើយខ្ញុំអាចអនុញ្ញាតឲ្យព្រះអង្គនាំខ្ញុំ ចូលទៅជិតព្រះអង្គ ទោះខ្ញុំកំពុងតែតយុទ្ធនឹងការញៀនថ្នាំក៏ដោយ”។
បទគម្ពីរអេសេគាល ៣៤:១១-១៦ បានពិពណ៌នាអំពីព្រះមួយអង្គ ដែលតាមរករាស្រ្តព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង”(ខ.១១)។ រឿងនេះបានកើតឡើងបន្ទាប់ពីអ្នកដឹកនាំរបស់ពួកគេ ដែលជាមនុស្សបានបោះបង់ចោលពួកគេ ហើយពួកគេក៏បានឈប់ស្តាប់បង្គាប់ព្រះអង្គ ដែលជាអ្នកគង្វាលពិត(ខ.១-៦)។ ទោះយើងជាជនរងគ្រោះដែលកំពុងអស់សង្ឃឹម ដោយសារកាលៈទេសៈ ឬកំពុងទទួលរងផលវិបាកនៃអំពើបាបរបស់យើងក្តី ព្រះអង្គនៅតែតាមរកយើង ដោយសេចក្តីស្រឡាញ់។ ព្រះអង្គនាំយើងឲ្យវិលត្រឡប់មករកព្រះអង្គវិញ ដោយព្រះគុណ និងសេចក្តីមេត្តារបស់ព្រះអង្គ។ បើអ្នកបានភ្លេចព្រះអង្គ ចូរវិលត្រឡប់មករកព្រះអង្គវិញ ហើយបន្តដើរជាមួយព្រះអង្គជារៀងរាល់ថ្ងៃ ខណៈពេលដែលព្រះអង្គនឹងដឹកនាំអ្នក។—Leslie Koh
តើព្រះអង្គបានបង្ហាញអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ និងស្រឡាញ់អ្នក?
តើអ្នកអាចអនុញ្ញាតឲ្យព្រះអង្គនាំអ្នកចូលមកជិតព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែស្រឡាញ់ទូលបង្គំ ទោះទូលបង្គំមានការសង្ស័យ និងបានព្យាយាមដើរចេញពីព្រះអង្គយ៉ាងណាក៏ដោយ។
សូមព្រះអង្គបង្រៀនទូលបង្គំឲ្យទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះអង្គ សារជាថ្មី។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១១-១២ និង ម៉ាថាយ ២៦:១-២៥
ល្ងាច

បានទទួលនគរព្រះជាមរតក(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 11, 2025
«ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ» (១កូរិនថូស ៦:៩)។
សមាជិកភាពដែលយើងមានក្នុងនគររបស់ព្រះយេស៊ូវគ្រីស្ទ បានបញ្ជាក់អត្តសញ្ញាណយើងថា ជាអ្នកជឿព្រះអង្គ គឺគ្មានអ្វីបញ្ជាក់ច្បាស់ជាងនេះទេ។ នេះជាផ្នែកមួយនៃការអ្វីដែលធ្វើឲ្យគ្រីស្ទបរិស័ទមានលក្ខណៈពិសេស។ យើងជាសមាជិកនៃនគរថ្មីស្រឡាងមួយ។ ទោះយើងមានពណ៌សម្បុរអ្វី ជាអ្នកមានឬក្រ ស្រីឬប្រុសក៏ដោយ ក៏ការអ្វីដែលបង្រួបបង្រួមយើង គឺការស្មោះស្ម័គ្រដែលយើងមាន ចំពោះព្រះជាក្សត្រតែមួយ គឺព្រះនាមព្រះយេស៊ូវ។ យើងដើរតាមក្បួន តាមបញ្ជារបស់ព្រះអង្គ ហើយអរសប្បាយក្នុងចំណោមទាហានព្រះអង្គ ហើយយើងមានចិត្តរីករាយដែលបានធ្វើតាមព្រះទ័យព្រះអង្គ។
នគរព្រះជានគរសុចរិត។ ចរិតលក្ខណៈរបស់ព្រះអង្គល្អឥតខ្ចោះ ស្តង់ដាររបស់ព្រះអង្គក៏ល្អប្រសើរ ហើយព្រះអង្គក៏មិនទ្រាំទ្របាបរបស់មនុស្ស។ ហេតុនេះហើយសាវ័ក ប៉ុល បានដាស់តឿនថា អ្នកដែលបដិសេធន៍ចារិកលក្ខណៈរបស់ព្រះអង្គ និងមិនទទួលស្តង់ដាររបស់ព្រះអង្គ នឹងមិនបានទទួលនគរព្រះអង្គជាមរតកឡើយ។ ការរស់នៅដែលមានភាពទុច្ចរិត ការបះបោរទាស់នឹងព្រះ ហើយការពឹងផ្អែកលើខ្លួនឯង គឺមិនបានស្របទៅតាមការគ្រប់គ្រងរបស់ព្រះគ្រីស្ទឡើយ។ ដូចនេះ ការសម្រេចចិត្តរស់នៅយ៉ាងដូចនេះ គឺជាការសម្រេចចិត្តរស់នៅ នៅក្រៅព្រំដែនរបស់នគរព្រះអង្គ។
យើងត្រូវតែកត់ចំណាំថា សាវ័ក ប៉ុល មិនមែនកំពុងនិយាយសំដៅទៅលើការប្រព្រឹត្តអំពើទុច្ចរិត ក្នុងករណីដាច់ដោយឡែកណាមួយនោះទេ។ ព្រោះគ្មានសមាជិកណាមួយនៃនគរព្រះគ្រីស្ទដែលរស់នៅក្នុងជីវិតដែលគ្មានបាប ក្នុងជីវិតនៅផែនដីនោះឡើយ។ ផ្ទុយទៅវិញ សាវ័ក ប៉ុល កំពុងសំដៅទៅលើមនុស្សដែលបន្តដេញតាមបាប ឬទ្រាំទ្របាប។ គឺអ្នកដែលគិតថា «ខ្ញុំមិនចង់ឲ្យព្រះជ្រៀតជ្រែក ក្នុងការសម្រេចចិត្តរបស់ខ្ញុំទេ តែខ្ញុំពិតជាចង់រស់នៅ ដោយដឹងថា ខ្ញុំជាសមាជិកនៃនគរព្រះអង្គ ហើយខ្ញុំចង់បានព្រះពរគ្រប់យ៉ាងពីនគរព្រះអង្គ»។
ព្រះអង្គបានកំណត់ព្រំដែននៃនគរព្រះអង្គ។ មិនមែនមនុស្សទាំងអស់សុទ្ធតែចូលនគរព្រះអង្គ ទោះពួកគេជានរណា មានជំនឿអ្វី ឬចង់បានអ្វីក៏ដោយ។ ព្រះបន្ទូលព្រះអង្គមិនបានបង្រៀនថា មនុស្សទាំងអស់នឹងចូលនគរព្រះអង្គឡើយ។ មានតែព្រះអង្គទេ ដែលអាចសម្រេចឲ្យនរណាខ្លះចូលនគរព្រះអង្គ។
ព្រះអង្គមានបន្ទូលថា ថ្ងៃជំនុំជម្រះនឹងមកដល់។ ជាការពិតណាស់ ព្រះយេស៊ូវនឹងយាងមកវិញ ក្នុងសិរីល្អរបស់ព្រះអង្គ ហើយ «គ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង» (ម៉ាថាយ ២៥:៣២)។ ការបង្រៀនអំពីនគរព្រះ មិនមែនជាអ្វីព្រះយេស៊ូវបានបន្ថែម ដើម្បីកែសម្រួលភាពខ្វះចន្លោះនៅក្នុងប្រព័ន្ធនៃជំនឿនោះទេ។ តែព្រះអង្គបានរៀបផែនការ តាំងពីអស់កល្បជានិច្ចរៀងមក។
ការគិតដល់ការមកដល់នៃការជំនុំជម្រះ គួរតែបណ្ដាលចិត្តយើងឲ្យប្រញាប់ផ្សាយដំណឹងល្អ ហើយក៏គួរតែបង្កើតភាពស្មោះត្រង់នៅក្នុងការគិត អំពីគ្រោះថ្នាក់នៃអំពើបាបរបស់យើង។ យើងត្រូវប្រកាសប្រាប់ដល់លោកីយ៍ និងប្រាប់ខ្លួនឯងថា ព្រះយេស៊ូវជាអង្គសង្គ្រោះដ៏មានព្រះជន្មរស់ នឹងធ្វើដូចដែលព្រះអង្គមានបន្ទូល។ ទាល់តែយើងទទួលស្គាល់បាបរបស់យើង និងទទួលស្គាល់ថា យើងត្រូវការព្រះអង្គសង្គ្រោះ ទើបយើងនឹងបានទទួលនគរព្រះដ៏អស់កល្បជាមរតក។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៣:២២-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៥៣-៥៥ និងម៉ាកុស ១៣:១-២០