ព្រឹក

ផែនការរបស់យើង និងផែនការព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយJennifer Benson Schuldt
February 12, 2025
អេសាយ ៥៥:៨-១២
ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ”។ អេសាយ ៥៥:៨
កាលប៉ុន្មានឆ្នាំមុន ស្វាមីរបស់ខ្ញុំបានសម្រេចចិត្តធ្វើដំណើរទៅទ្វីបអាហ្វ្រិក ជាមួយមនុស្សមួយក្រុម មកពីព្រះវិហាររបស់គាត់។ នៅនាទីចុងក្រោយ ក្រុមរបស់គាត់ក៏បានទទួលដំណឹងថា ពួកគេមិនអាចធ្វើដំណើរបានទេ។ ម្នាក់ៗមានការខកចិត្ត ប៉ុន្តែ ចំពោះលុយដែលពួកគេប្រមូលបាន សម្រាប់បង់ថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងអាហារ ពួកគេក៏បានបរិច្ចាគឲ្យប្រជាជននៅភូមិនោះ ដែលពួកគេមិនអាចធ្វើដំណើរទៅជួបបាន។ ប្រជាជនក្នុងភូមិនោះក៏បានប្រើលុយនោះ ដើម្បីសាងសង់អាគារ ធ្វើជាកន្លែងស្នាក់នៅសម្រាប់ជនរងគ្រោះនៃការរំលោភបំពាន។
ថ្មីៗនេះ ក្នុងអំឡុងពេលអធិស្ឋាន ក្នុងពេលបរិភោគអាហារពេលព្រឹក ស្វាមីរបស់ខ្ញុំក៏បានជួបមនុស្សម្នាក់ ដែលបានរស់នៅក្នុងភូមិ ដែលគាត់ស្ទើរតែបានធ្វើដំណើរទៅសួរសុខទុក្ខកាលប៉ុន្មានឆ្នាំមុន។ បុរសនោះក៏បានប្រាប់ស្វាមីខ្ញុំថា គាត់ជាគ្រូបង្រៀននៅភូមិនោះ ហើយថា គាត់បានដើរកាត់ពីមុខអាគារនោះ ជារៀងរាល់ថ្ងៃ។ គាត់ក៏បានបញ្ជាក់ថា ព្រះអម្ចាស់កំពុងតែប្រើអាគារនោះ ដើម្បីជួយមនុស្សដែលងាយរងគ្រោះបំផុត ក្នុងតំបន់នោះ។
ផែនការ និងបំណងចិត្តរបស់យើង មិនតែងតែសមស្របនឹងបំណងព្រះទ័យរបស់ព្រះទេ។ ដ្បិតគំនិតព្រះអង្គ មិនមែនដូចជាគំនិតរបស់យើងរាល់គ្នាទេ ឯផ្លូវរបស់យើងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ព្រះអង្គដែរ(អេសាយ ៥៥:៨)។ ផ្លូវរបស់ព្រះមិនគ្រាន់តែខុសពីផ្លូវរបស់យើងប៉ុណ្ណោះទេ តែក៏ “ខ្ពស់ជាង” និងល្អជាង ព្រោះការអ្វីដែលព្រះអង្គធ្វើ គឺតែងតែសមស្របនឹងការពិតដែលថា ព្រះអង្គជានរណា(ខ.៩)។ សេចក្តីពិតនេះបានផ្តល់ឲ្យយើងនូវក្តីសង្ឃឹម ពេលណាការប្រឹងប្រែងរបស់យើង ក្នុងការធ្វើការបម្រើព្រះអង្គ មិនបានទទួលលទ្ធផល ដូចដែលយើងបានគ្រោងទុក។
កិច្ចការដែលយើងធ្វើថ្វាយព្រះជាយូរមកហើយ ប្រហែលជាទើបតែមានផលផ្លែនៅពេលថ្មីៗនេះ បានជាយើងអាចក្រឡេកមកក្រោយ មើលឃើញឥទ្ធិពលរបស់ព្រះអង្គ ដែលបានធ្វើការក្នុងស្ថានភាពនីមួយៗ។ ប៉ុន្តែ សព្វថ្ងៃនេះ ខណៈពេលដែលយើងបន្តឈោងចាប់លោកិយ ដោយនូវព្រះនាមព្រះអង្គ យើងអាចចាំថា ព្រះអង្គតែងតែធ្វើការ ក្នុងកាលៈទេសៈនីមួយៗ ដោយព្រះចេស្តាជានិច្ច(ខ.១១)។—Jennifer Benson Schuldt
តើអ្នកមានការខកចិត្ត ចំពោះការជាប់គាំងណាមួយ នៅពេលណា? តើព្រះអង្គអាចប្រើរឿងនេះ ដើម្បីបង្រៀនអ្នកយ៉ាងណាខ្លះ អំពីអង្គទ្រង់?
ឱព្រះអម្ចាស់ ព្រះអង្គជាព្រះដែលជ្រាបអំពីអ្វីៗទាំងអស់។ ពេលណាទូលបង្គំមិនយល់ អំពីរឿងដែលកំពុងកើតឡើង សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៣ និង ម៉ាថាយ ២៦:២៦-៥០
ល្ងាច

គន្លឹះនាំឲ្យមានការរួបរួម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 12, 2025
«អ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ» (អេភេសូរ ២:២២)។
ពេលណាមនុស្សសម្រេចចិត្តទទួលជឿព្រះគ្រីស្ទ ការផ្លាស់ប្រែនៃអត្តសញ្ញាណរបស់ពួកគេ មិនគ្រាន់តែកើតមានជាលក្ខណៈបុគ្គលនោះទេ។ សាវ័ក ប៉ុល បានបកស្រាយ ក្នុងបទគម្ពីរអេភេសូរ ជំពូក២ថា មនុស្សមានបាបដែលស្លាប់ក្នុងបាប ឥឡូវនេះមានជីវិតរស់ក្នុងព្រះគ្រីស្ទហើយ កូននៃសេចក្តីក្រោធ បានក្លាយជាកូនព្រះ។ តែអត្តសញ្ញាណថ្មីនេះ មិនគ្រាន់តែមានជាលក្ខណៈបុគ្គលនោះទេ។ យើងមិននៅក្នុងព្រះគ្រីស្ទ តែម្នាក់ឯង តែយើងនៅក្នុងព្រះអង្គជាមួយរាស្ត្រទាំងអស់របស់ព្រះអង្គ។ ហេតុនេះហើយ ក្នុងបទគម្ពីរអេភេសូរជំពូក២ សាវ័ក ប៉ុល បាននិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនជាមួយព្រះគុណព្រះ ហើយក៏បាននិយាយអំពីការរួបរួម ដែលព្រះគុណព្រះអង្គសម្រេចបាន។ សាវ័ក ប៉ុល បានប្រាប់យើងថា «អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ» (ខ.១៩)។ «មនុស្សថ្មី» (ខ.១៥) ដែលព្រះគ្រីស្ទកំពុងបង្កើត គឺបានរាប់បញ្ចូលក្នុងចំណោមមនុស្សដទៃទៀតដែលជាអ្នកទទួលមរតកនៃព្រះគុណជាមួយយើង។ ការនេះមិនមានន័យថា អត្តសញ្ញាណផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗមិនសំខាន់នោះទេ។ ភេទ ជនជាតិ និងប្រវត្តិផ្ទាល់ខ្លួនរបស់យើងមិនត្រូវបានបំផ្លាញចោលក្នុងព្រះគ្រីស្ទនោះទេ។ យើងនៅតែជាមនុស្សដែលព្រះអង្គបានបង្កើត ឲ្យមានរូបដូចអង្គទ្រង់ ដើម្បីបំពេញបំណងព្រះទ័យព្រះអង្គ។ ប៉ុន្តែ ការអ្វីដែលបង្រួបបង្រួមយើងក្នុងព្រះគ្រីស្ទ ឬការបង្រួបបង្រួមយើងជាមួយព្រះគ្រីស្ទ គឺសំខាន់ជាងសេចក្តីផ្សេងទៀត។
យើងត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះការល្បួងឲ្យយើងភ្លេចហេតុផល ដែលត្រូវរួបរួមគ្នា។ គ្មាននរណាម្នាក់អាចជៀសផុតពីឧបសគ្គនៃអត្តសញ្ញាណ ដែលមានដូចជាឋានៈ ពណ៌សម្បុរ វណ្ណៈ បុគ្គលិកលក្ខណៈ ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវតែទទួលស្គាល់ថា យើងងាយនឹងធ្វើខុសត្រង់ចំណុចនេះ។ បើយើងដឹងខ្លួនខុស យើងត្រូវត្រៀមខ្លួនប្រែចិត្ត ហើយសោកស្តាយចំពោះកំហុសដែលធ្វើឲ្យព្រះអង្គមិនគាប់ព្រះទ័យ។
គន្លឹះឆ្ពោះទៅរកការរួបរួមរបស់គ្រីស្ទបរិស័ទគឺ ដំណឹងល្អ។ សាវ័ក ប៉ុល បានទទួលស្គាល់ថា មានតែព្រះទេ ដែលអាចបន្ទន់ចិត្តដែលរឹងរូស បើកភ្នែកខ្វាក់ឲ្យមើលឃើញ ហើយនាំមនុស្សអស់សង្ឃឹមឲ្យរួមគ្នា ពេញដោយសិរីល្អ។ ព្រះទ្រង់កំពុងបង្កើត «មនុស្សថ្មី» ហើយព្រះអង្គកំពុងបង្កើតមនុស្សថ្មីនោះ ក្នុងពួកជំនុំព្រះអង្គ។ ក្នុងព្រះគ្រីស្ទ ព្រះអង្គកំពុងកសាង «ព្រះវិហារដ៏បរិសុទ្ធ» (អេភេសូរ ២:២១) ដែល «បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ»។ ភាពលម្អៀងដោយសារការប្រកាន់ពូជសាសន៍ វណ្ណៈ ឬឋានៈ មិនមាន នៅក្នុងកន្លែងដែលព្រះវិញ្ញាណព្រះអង្គគង់នៅនោះទេ។ ថ្ងៃមួយ អ្នកនឹងបានដកពិសោធន៍នឹងភាពពេញលេញនៃការរួបរួមរបស់អ្នក ជាមួយព្រះគ្រីស្ទ និងរាស្ត្រព្រះអង្គអស់កល្បជានិច្ច តែការនេះអាច និងត្រូវចាប់ផ្ដើមនៅពេលឥឡូវនេះ។ អ្នកមានឯកសិទ្ធិ ក្នុងការលើកកម្ពស់ការរួបរួមនេះ នៅថ្ងៃនេះ តាមរបៀបដែលអ្នកប្រើពេលវេលា គិត អធិស្ឋាន និងនិយាយទៅកាន់បងប្អូនរួមជំនឿក្នុងពួកជំនុំរបស់អ្នក។
យើងកំពុងតែសាងសង់ព្រះវិហារ
ពីមួយថ្ងៃទៅមួយថ្ងៃ រៀងរាល់ពេល
ដែលលោកីយ៍អាចមើលឃើញ
ជ័យជម្នះនីមួយៗ ដែលបានឈ្នះដោយសារព្រះគុណ
ប្រាកដជានឹងកើតមាន
ក្នុងសំណង់របស់យើងអស់កល្បជានិច្ច។1
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៥៦-៥៩ និងម៉ាកុស ១៣:២១-៣៧
1លោកស្រី Fanny J. Crosby, “We Are Building” (ឆ្នាំ១៨៩១)។