ព្រឹក

សេចក្តីពិតដ៏សាមញ្ញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយDave Branon
February 20, 2025
រ៉ូម ១០:៩-១១
ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង។ កិច្ចការ ១៦:៣១
កាលខ្ញុំនិងភរិយារបស់ខ្ញុំចេញទៅជិះកង់នៅក្រៅផ្ទះ ជាញឹកញាប់ យើងចង់ដឹងថា យើងធាក់កង់បានចម្ងាយឆ្ងាយប៉ុណ្ណាហើយ។ ដូចនេះ ខ្ញុំក៏បានទៅហាងលក់កង់ ដើម្បីទិញកុងទ័រវាស់ចម្ងាយផ្លូវ តែបែរជាវិលត្រឡប់មកផ្ទះវិញ ជាមួយឧបករណ៍មានលក្ខណៈដូចកូនកុំព្យូទ័រតូចមួយ ដែលក្រោយមក ខ្ញុំក៏បានដឹងថា វាស្មុគស្មាញពេក បានជាខ្ញុំមិនអាចកំណត់កម្មវិធីឲ្យវាវាស់ចម្ងាយផ្លូវបាន។
ពេលខ្ញុំវិលត្រឡប់ទៅហាងលក់កង់នោះវិញ អ្នកលក់ក៏បានធ្វើឲ្យវាមានដំណើរការសម្រាប់ខ្ញុំ ដោយមិនចំណាយពេលយូរ។ ខ្ញុំក៏បានដឹងថា តាមពិត វាមិនពិបាកយល់ទេ។
ក្នុងការរស់នៅ យើងអាចមានអារម្មណ៍ថា រឿងថ្មីៗ និងគំនិតថ្មីៗហាក់ដូចជាមានភាពស្មុគស្មាញ។ ឧទាហរណ៍ សូមយើងគិតអំពីសេចក្តីសង្រ្គោះ។ អ្នកខ្លះប្រហែលជាគិតថា ការក្លាយជាកូនព្រះ គឺជារឿងដ៏ស្មុគស្មាញ ហើយពិបាកយល់។
ប៉ុន្តែ ព្រះគម្ពីរប៊ីបបានបកស្រាយយ៉ាងសាមញ្ញ។នៅពេលដែលមេគុកសួរសាវ័កប៉ុលថា "តើគាត់ត្រូវធ្វើដូចម្តេច ដើម្បីឲ្យបានសេចក្តីសង្គ្រោះ" “គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ ដូចនេះ ដើម្បីទទួលសេចក្តីសង្គ្រោះ គ្មានក្បួនច្បាប់ដ៏ស្មុគស្មាញពេក ដែលយើងមិនអាចអនុវត្តន៍តាមនោះទេ។ ហើយក៏គ្មានរឿងអាថ៌កំបាំងដែលយើងត្រូវជីករកដែរ។
យើងគ្រាន់តែត្រូវយល់សេចក្តីពិតដ៏សាមញ្ញ ដូចតទៅ: យើងរាល់គ្នាសុទ្ធតែជាមនុស្សមានបាប(រ៉ូម ៣:២៣)។ ព្រះយេស៊ូវបានយាងមកផែនដី ដើម្បីសង្គ្រោះយើងឲ្យរួចពីទោសរបស់បាប ដែលជាសេចក្តីស្លាប់ និងការដាច់ចេញពីព្រះអង្គអស់កល្បជានិច្ច(ម៉ាថាយ ១:២១ ១ពេត្រុស ២:២៤)។ ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ(រ៉ូម ១០:៩)។ ហើយយើងក៏បានសង្គ្រោះរួចពីសេចក្តីស្លាប់ ហើយមានជីវិតអស់កល្ប ដោយជឿលើអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង(យ៉ូហាន ៣:១៦)។
ចូរយើងពិចារណាថា តើការដែលយើងគ្រាន់តែជឿ និងទុកចិត្តព្រះយេស៊ូវប៉ុណ្ណោះ មានអត្ថន័យយ៉ាងណាសម្រាប់យើង? ចូរយើងទទួលយកជីវិត ដែលព្រះអង្គសន្យាថា នឹងប្រទានមកយើងឲ្យពេញបរិបូរណ៍(យ៉ូហាន ១០:១០)។—Dave Branon
តើការទទួលសេចក្តីសង្គ្រោះពីព្រះយេស៊ូវ មានអត្ថន័យយ៉ាងណា ចំពោះអ្នក? បើអ្នកបានសង្គ្រោះ តើជំនឿលើព្រះអង្គបាននាំមកនូវការផ្លាស់ប្តូរយ៉ាងណា ក្នុងជីវិតអ្នក?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំដឹងថា ទូលបង្គំជាមនុស្សមានបាប ទូលបង្គំបានធ្វើខុស នៅចំពោះព្រះអង្គ។ ទូលបង្គំក៏បានដឹងផងដែរថា ព្រះអង្គបានចាត់ព្រះយេស៊ូវមកផែនដី ឲ្យសុគតនៅលើឈើឆ្កាង ដើម្បីសង្គ្រោះទូលបង្គំឲ្យរួចពីបាប។ សូមព្រះអង្គអត់ទោសបាបឲ្យទូលបង្គំ និងប្រោសលោះទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានសេចក្តីសង្រ្គោះមកទូលបង្គំ។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ២៦-២៧ និង ម៉ាកុស ២
ល្ងាច

ថ្នាំព្យាបាលសម្រាប់ការថប់បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 20, 2025
«កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៦-៧)។
បើសិនជាខ្ញុំប្រាប់អ្នកឲ្យសរសេរអំពីការថប់បារម្ភទាំងអស់ដែលអ្នកមានក្នុងសប្ដាហ៍នេះ ឬនៅថ្ងៃនេះ នោះខ្ញុំជឿថា អ្នកមានការថប់បារម្ភជាច្រើនដែលអ្នកចង់សរសេរ។ ខ្ញុំក៏ដឹងថា ខ្ញុំក៏មិនខុសពីអ្នកដែរ។ ប៉ុន្តែ ព្រះបន្ទូលព្រះបានលើកទឹកចិត្តយើងថា «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ»។ ដូចនេះ តើយើងត្រូវធ្វើដូចម្ដេច នៅពេលដែលយើងមានអារម្មណ៍ថា យើងហាក់ដូចជាមានការពិបាកយ៉ាងខ្លាំង នៅក្នុងការជម្នះការថប់បារម្ភ?
សាវ័ក ប៉ុល មានប្រសាសន៍ថា ថ្នាំបន្សាបសម្រាប់ការថប់បារម្ភ គឺការអធិស្ឋាន និងការអរព្រះគុណព្រះ។ នេះជាការឆ្លើយតបចំពោះការថប់បារម្ភ ដែលមិនកើតមានដោយឯកឯងឡើយ។ តាមពិត វាផ្ទុយនឹងទំនោររបស់ចិត្តយើង ដែលជាមនុស្សមានបាប។ មនុស្សភាគច្រើនយល់ឃើញថា ការចូលទៅអង្គុយរអ៊ូរទាំនៅកៀនជញ្ជាំង ឬជញ្ជឹងគិតអំពីកាលៈទេសៈដែលធ្វើឲ្យព្រួយបារម្ភ មានភាពងាយស្រួលជាងការអធិស្ឋានទូលថ្វាយការថប់បារម្ភដល់ព្រះ។ ការសម្រេចចិត្តអង្គុយរអ៊ូដោយអនុញ្ញាតឲ្យការថប់បារម្ភធ្វើឲ្យយើងរកធ្វើអ្វីមិនកើត គឺមានភាពងាយស្រួលជាងការលុតជង្គង់ចុះអធិស្ឋានទៅរកព្រះអង្គ។
ការអធិស្ឋានបង្វែរអារម្មណ៍យើងចេញពីសំណួរ «តើខ្ញុំអាចដោះស្រាយបញ្ហានេះដោយរបៀបណា?» គឺបង្វែរអារម្មណ៍យើង ឲ្យងាកចេញពីខ្លួនឯង ហើយបែរទៅរកការផ្គត់ផ្គង់របស់ព្រះវិញ។ ការអធិស្ឋាននាំឲ្យយើងផ្ដោតទៅលើព្រះ ដែលទ្រង់មានសមត្ថភាពគ្រប់យ៉ាង និងជ្រាបច្បាស់អំពីតម្រូវការរបស់យើង ហើយនឹងប្រទានយើងនូវអ្វីដែលយើងទូលសូម ឬការអ្វីដែលល្អលើសអ្វីដែលយើងស្រមៃ។ ហើយចិត្តដែលដឹងគុណព្រះ ជួយយើងឲ្យប្រឈមមុខដាក់សំណួរ «ហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំ?» ពោលគឺប្រឈមមុខដាក់ដោយគ្មានចិត្តជូរល្វីង ដោយជួយយើងឲ្យនឹកចាំព្រះបន្ទូលសន្យារបស់ព្រះ។ ព្រះអង្គតែងតែធ្វើអ្វីៗ ដោយមានគោលបំណងសម្រេចផែនការរបស់ព្រះអង្គ និងជ្រាបថា ព្រះអង្គកំពុងធ្វើអ្វី។
អ្នកខ្លះមានឪពុកម្តាយដែលមានតួនាទីដូចនាឡិការរោទ៍ពេលពួកគេនៅផ្ទះ។ ពេលណាយើងត្រូវការក្រោកពីគេងនៅម៉ោងណាមួយ នៅពេលព្រឹក អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវប្រាប់ឪពុក ឬម្តាយយើង ហើយយើងទុកចិត្តថា ពួកគាត់នឹងដាស់យើងឲ្យក្រោកពីគេង។ យើងគ្រាន់តែចាំបាច់ត្រូវគេងប៉ុណ្ណោះ គឺមិនត្រូវព្រួយពីការក្រោកពីគេងនោះទេ! នេះជាការឆ្លើយតប ដែលសាវ័ក ប៉ុល ចង់ឲ្យយើងមាន នៅចំពោះមុខនៃការថប់បារម្ភ។ យើងត្រូវទៅរកព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដោយផ្ទាល់ ហើយទូលសួរព្រះអង្គថា «តើព្រះអង្គនឹងថែរក្សាទូលបង្គំទេ?» ហើយព្រះអង្គតែងតែឆ្លើយតបដោយប្រាប់យើងឲ្យទុកចិត្តព្រះអង្គទាំងស្រុងដោយគ្មានការសង្ស័យ។
ពេលណាយើងដឹងថា ព្រះទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ យើងនឹងថ្វាយគ្រប់ទាំងទុក្ខលំបាក និងបញ្ហាប្រឈមដល់ព្រះអង្គ។ សន្តិភាពដែលព្រះអង្គប្រទាននឹងបានធ្វើជាបន្ទាយដ៏មាំមួន សម្រាប់ចិត្តយើង។
ទោះបញ្ហាវាយប្រហារមក ហើយគ្រោះថ្នាក់កើតមាន
ទោះមិត្តសម្លាញ់ធ្វើឲ្យយើងខកចិត្ត ហើយសត្រូវរួបរួមគ្នា
តែមានការមួយដែលជួយឲ្យយើងជាប់នៅ ទោះមានរឿងអ្វីក៏ដោយ
ព្រះបន្ទូលសន្យាបានធានាយើងថា «ព្រះអម្ចាស់នឹងផ្គត់ផ្គង់យើង»1។
ហេតុនេះហើយសូមសរសេរអំពីការថប់បារម្ភនីមួយៗ ដែលអ្នកមានក្នុងសប្ដាហ៍នេះ។ ចូរអធិស្ឋានអំពីបញ្ហាទាំងអស់នោះ ដោយនាំពួកវាទៅថ្វាយនៅទាបព្រះបាទរបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នៅស្ថានសួគ៌។ ហើយបន្ទាប់មក សរសេរនៅជាប់បញ្ហានីមួយៗថា ចូរទុកចិត្តព្រះអង្គ ដោយមិនសង្ស័យចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ៥:៦-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ១២-១៣ និង១ថែស្សាឡូនិច ២
1លោក John Newton, “Though Troubles Assail” (ឆ្នាំ១៧៧៥)។