ព្រឹក

ក្រោកឈរឡើងវិញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយNancy Gavilanes
February 21, 2025
សុភាសិត ២៤:១៥-២២
ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ ទៅក្នុងសេចក្តីអន្តរាយវិញ។ សុភាសិត ២៤:១៦
កាលនៅវ័យជំទង់ ខ្ញុំមានការចាប់ចិត្តនឹងកីឡាជិះស្គីរាំនៅលើទឹកកក។ ខ្ញុំចូលចិត្តមើលការគួបផ្សំរវាងសិល្បៈ និងកីឡានៅលើទឹកកក ដែលមានការបង្វិលខ្លួនដ៏រហ័ស ការលោតខ្ពស់ៗ និងជំហរដ៏ល្អឥតខ្ចោះ។ បន្ទាប់ពីខ្ញុំបានមើលការសម្ដែងរបស់អ្នកជិះស្គីអាជីពជាច្រើនអ្នក ទីបំផុតខ្ញុំក៏មានឱកាសជិះស្គីលើទឹកកក ហើយបានចូលរៀននៅក្នុងក្រុមមួយ។ ក្រៅពីការរៀនជិះស្គីទៅមុខ និងចាប់ហ្វ្រាំង ហើយក៏បានរៀនជំនាញសំខាន់បំផុត ដែលអ្នកជិះស្គីគ្រប់កំរិតទាំងអស់ត្រូវរៀន គឺរៀនក្រោកឈរឡើងវិញឲ្យបានឆាប់រហ័ស នៅពេលយើងដួល។ ក្រោយមក ខ្ញុំក៏បានរៀនបង្វិលខ្លួន និងលោតឡើងទៅលើជាច្រើនប្រភេទ ក្នុងមេរៀនឯកជន ប៉ុន្តែ ជានិច្ចជាកាល ខ្ញុំនៅតែត្រូវពឹងផ្អែកទៅលើមូលដ្ឋានគ្រឹះនៃការជិះស្គី ដែលជាការក្រោកឈរ បន្ទាប់ពីខ្ញុំបានដួលចុះ។
ទោះយើងគឺជាកីឡាករឬអត់ យើងសុទ្ធតែអាចដឹងថា “ការដួលចុះ” គឺជាផ្នែកមួយនៃជីវិតរបស់យើង។ យើងដួលចុះ ប្រហែលជាដោយសារយើងបានធ្វើអំពើបាប ហើយជំពប់ដួល ដោយសារយើងមានកំហុស ឬយើងបានដួលចុះ ដោយសារកាលៈទេសៈដែលពិបាកខ្លាំងពេក។ យើងប្រហែលជាទទួលរងការវាយប្រហារពីវិញ្ញាណអាក្រក់ ឬពីបញ្ហាអ្វីផ្សេងទៀត។ សាវ័កប៉ុលបានមានប្រសាសន៍ថា “យើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៨-៩)។ ទោះដោយសារមូលហេតុអ្វីក៏ដោយ យើងរាល់គ្នាសុទ្ធតែមានពេលដែលយើងដួលចុះ និងទទួលបរាជ័យក្នុងជីវិត។
ប៉ុន្តែ យើងមិនត្រូវរស់នៅ ក្នុងបរាជ័យ ភាពអាម៉ាស និងការស្តាយក្រោយនោះឡើយ។ ពេលណាខ្មាំងសត្រូវកំពុងក្រវែលនៅក្បែរយើង ហើយព្យាយាមបំផ្លាញយើង(សុភាសិត ២៤:១៥) យើងចាំបាច់ត្រូវចាំថា ព្រះទ្រង់កំពុងប្រយុទ្ធជំនួសយើង ហើយនឹងជួយយើងឲ្យក្រោកឈរឡើង “ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន”(ខ.១៦)។
ពេលណាយើងដួលចុះ ចូរយើងប្រញាប់ងាកបែរ និងមើលទៅព្រះអង្គ ដែលជាអ្នកប្រទានកម្លាំង ឲ្យយើងក្រោកឈរឡើង។—Nancy Gavilanes
តើអ្នកធ្វើដូចម្តេច នៅពេលដែលអ្នកដួលចុះ ក្នុងជីវិត? តើព្រះអង្គបានជួយអ្នកក្រោកឈរ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការជួយទូលបង្គំ ឲ្យក្រោកឈរបន្ទាប់ពីទូលបង្គំបានដួលចុះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១-៣ និង ម៉ាកុស ៣
ល្ងាច

មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 21, 2025
«តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ» (ម៉ាកុស ១០:៤២-៤៣)។
ក្នុងចំណោមការភូតកុហកដ៏ធំបំផុតនៅក្នុងជំនាន់មនុស្សស្ទើរតែទាំងអស់ គេបានកុហកថា មនុស្សនឹងឈោងចាប់អ្នកមិនជឿដែលរស់នៅជិតខាងពួកគេយ៉ាងមានប្រសិទ្ធភាពជាង បើសិនជាពួកគេមានរូបសម្បត្តិ ចេះនិយាយស្តី ធ្វើកាយវិការ និងរស់នៅដូចអ្នកទាំងនោះ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ព្រះគម្ពីរសញ្ញាថ្មីមិនបានគាំទ្រទស្សនៈនេះទេ ហើយប្រវត្តិសាស្ត្រពួកជំនុំក៏មិនបានគាំទ្រដែរ។ ផ្ទុយទៅវិញ ប្រវត្តិសាស្ត្រពួកជំនុំបានបង្ហាញដូចអ្វីដែលព្រះគម្ពីរបានបង្រៀនថា រាស្ត្ររបស់ព្រះតែងតែមានប្រសិទ្ធភាពបំផុតក្នុងការឈោងចាប់មនុស្សបាត់បង់ក្នុងវប្បធម៌លោកីយ៍ ពេលណាជីវិត និងរបៀបនៃការរស់នៅរបស់ពួកគេ មានការប្រាសចាកនឹងវប្បធម៌របស់លោកីយ៍យ៉ាងច្បាស់លាស់ (១ពេត្រុស ២:១១-១២)។
មានពេលមួយ សាវ័ក យ៉ាកុប និងសាវ័ក យ៉ូហាន «ដែលជាកូននៃផ្គរលាន់» បានទៅរកព្រះយេស៊ូវ ដើម្បីទូលសូមកន្លែងកិត្តិយសក្នុងនគរព្រះអង្គ (ម៉ាកុស ១០:៣៥-៤៥)។ ទោះជាយ៉ាងណាក៏ដោយ បំណងចិត្តរបស់ពួកគេមិនបានកើតចេញពីចិត្តស្មោះត្រង់នោះទេ តែកើតចេញពីមហិច្ឆតា ដែលស្រដៀងនឹងអ្នកដឹកនាំចក្រភពរ៉ូម៉ាំងក្នុងអំឡុងសម័យនោះ ដែលចូលចិត្តលើកតម្កើងខ្លួនឯង។
ព្រះយេស៊ូវមិនបានឆ្លើយតបពួកគេ ដោយការវាយប្រហារនោះទេ។ ព្រះបន្ទូលព្រះអង្គធ្វើឲ្យគេមានការភ្ញាក់ផ្អើល។ ពួកសាវ័កគឺជាអ្នកដើរតាមព្រះអង្គ ហើយត្រូវរស់នៅខុសប្លែកពីលោកីយ៍។ ពួកគេចាំបាច់ត្រូវដឹងថា ក្នុងនគរព្រះ ដើម្បីឲ្យព្រះទ្រង់លើកយើងឡើង យើងត្រូវបន្ទាបខ្លួន។ កិត្តិយសកើតចេញពីការលះបង់ មិនមែនពីការទទួលនោះទេ។
គេអាចរកឃើញភាពធំប្រសើរនៅក្នុងការបម្រើគេ មិនមែននៅក្នុងការដែលគេបម្រើយើងនោះទេ។ ព្រះយេស៊ូវគឺជាគំរូដ៏ប្រសើរបំផុតសម្រាប់គោលការណ៍នេះ ដែលទ្រង់ «គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង» (ភីលីព ២:៦-៨)។
នេះជាបញ្ហាប្រឈម ព្រោះយើងកំពុងរស់នៅក្នុងវប្បធម៌មួយ ដែលមនុស្សផ្ដោតទៅលើការទុកចិត្តលើសមត្ថភាពខ្លួនឯង ការលើកតម្កើងខ្លួនឯង និងការស្វែងរកមុខមាត់។ ប៉ុន្តែ បើយើងស្ម័គ្រចិត្តធ្វើជាអ្នកដើរតាមព្រះយេស៊ូវ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ បានរំឭកយើងថា យើងក្លាយជាសិស្សព្រះអង្គ មិនមែនដោយសារវប្បធម៌លោកីយ៍ តែដោយសារព្រះអង្គតែប៉ុណ្ណោះ។
យើងងាយនឹងមានការផ្ដោតចិត្តមិនត្រឹមត្រូវ ដោយចង់ឲ្យគេចាត់ទុកយើងជាមនុស្សសំខាន់ មានការចេះដឹងខ្ពស់ និងចូលក្នុងចំណោមគេចុះ។ តើចំណុចទាំងអស់នេះ បានក្លាយជាយុទ្ធសាស្ត្រផ្សាយដំណឹងល្អ យ៉ាងមានប្រសិទ្ធភាពតាំងពីពេលណា? យើងមានជម្រើសដ៏ច្បាស់លាស់មួយគឺ តើយើងនឹងធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ ឬយើងធ្វើតាមវប្បធម៌របស់លោកីយ៍?
យើងមិនត្រូវបន្ទាបអំណាចនៃព្រះបន្ទូលព្រះយេស៊ូវ ឬមិនអើពើចំពោះព្រះបន្ទូលព្រះអង្គនោះឡើយ។ ប៉ុន្តែ យើងក៏មិនចាំបាច់ត្រូវអស់សង្ឃឹមឡើយ ព្រោះយើងអាចរកឃើញការកម្សាន្តចិត្ត នៅក្នុងការពិតដែលថា សាវ័ក យ៉ូហាន ក៏បានធ្វើតាមព្រះបន្ទូលព្រះយេស៊ូវយ៉ាងត្រឹមត្រូវ។ នៅជិតចុងបញ្ចប់នៃជីវិតគាត់ គាត់បានសរសេរថា «ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្ដូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះគួរឲ្យយើងប្ដូរជីវិតយើងជំនួសបងប្អូនដែរ» (១យ៉ូហាន ៣:១៦)។ ចូរយើងស្តាប់ព្រះបន្ទូលនៃព្រះគុណ ទោះយើងពិបាកទទួលក៏ដោយ គឺព្រះបន្ទូលដែលប្រាប់យើង មិនឲ្យត្រាប់តាមលោកីយ៍ តែឲ្យរស់នៅស្របតាមរូបអង្គរបស់ព្រះយេស៊ូវវិញ ដោយស្ម័គ្រចិត្តលះបង់សិទ្ធិ និងកេរ្តិ៍ឈ្មោះ ដើម្បីបម្រើ និងស្រឡាញ់អ្នកដទៃ។
ព្រះគម្ពីរសញ្ជឹងគិត៖ ភីលីព ២:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ១៤-១៥ និង១ថែស្សាឡូនិច ៣