ព្រឹក

បានដុះនៅក្បែរផ្លូវទឹក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយKaren Pimpo
February 23, 2025
ទំនុកដំកើង ១
អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក។ ទំនុកដំកើង ១:៣
លោកប៊ីល(Bill) ជាមនុស្សចាស់ ដែលបានចូលនិវត្តន៍។ គាត់រស់នៅម្នាក់ឯង ហើយថ្មីៗនេះ ត្រូវបង្ខំចិត្តឈប់បើកបររថយន្ត។ គាត់ត្រូវការឲ្យគេជួយទិញអាហារ និងថ្នាំពេទ្យឲ្យគាត់ ព្រមទាំងជូនគាត់ទៅព្រះវិហារ នៅថ្ងៃអាទិត្យ។ ប៉ុន្តែ លោកប៊ីលមានប្រសាសន៍ថា “តើអ្នកដឹងទេ ខ្ញុំចូលចិត្តចំណាយពេលនៅផ្ទះ។ ខ្ញុំមានអំណរ ក្នុងការស្តាប់បទចម្រៀងថ្វាយបង្គំនៅតាមអនឡាញ និងការបង្រៀនព្រះគម្ពីរប៊ីបតាមទូរទស្សន៍ ពេញមួយថ្ងៃ”។ ដូចនេះ លោកប៊ីលបានចំណាយពេលជារៀងរាល់ថ្ងៃ ហ៊ុមព័ទ្ធដោយការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការសរសើរដំកើងព្រះ។
ទម្លាប់ដែលយើងមានក្នុងការរស់នៅ មានឥទ្ធិពលមកលើរបៀបដែលចិត្តរបស់យើងបានដុះឡើង។ បទគម្ពីរទំនុកដំកើងជំពូក១ បានពិពណ៌នាអំពីមនុស្សដែលព្រះសព្វព្រះទ័យ ដែលមានទម្លាប់ត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះអង្គ ជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ថ្ងៃ ហើយមិនដើរតាមគំរូនៃការបះបោររបស់លោកិយទេ(ខ.១-២)។ ទុក្ខលំបាកនឹងកើតមានចំពោះមនុស្សម្នាក់ៗ តែមនុស្សដែលមានជីវិតដែលដើរតាមផ្លូវរបស់ព្រះ “អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ”(ខ.៣)។ អាស្រ័យទៅលើរដូវកាលនៃជីវិតរបស់យើង យើងប្រហែលមិនអាចចំណាយពេលរាប់ម៉ោងក្នុងការសិក្សាព្រះគម្ពីរប៊ីបទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនឹងប្រទានការស្កប់ចិត្តដល់អ្នកណា ដែលស្រេកទឹក និងចូលមករកព្រះអង្គ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងចាក់បំពេញអ្នកដើរតាមព្រះអង្គឲ្យហូរហៀរដូចទឹកទន្លេ(យ៉ូហាន ៧:៣៧-៣៩)។ យើងអាចឲ្យចិត្តយើងជ្រួតជ្រាប ដោយទឹករស់ តាមរយៈការសរសើរដំកើង និងព្រះគម្ពីរប៊ីប ក៏ដូចជាតាមរយៈការយកអសារអ្នកដទៃ ការជជែកជាមួយព្រះ ពេលយើងកំពុងធ្វើការងារ និងទូលសូមការអត់ទោសបាប នៅពេលណាយើងធ្វើអំពើបាប។
ការដើរតាមប្រាជ្ញារបស់ព្រះ ជួយឲ្យចិត្តយើងបានដាំនៅក្នុងដីដែលមានជីជាតិ ហើយចម្រើនឡើងយ៉ាងរឹងមាំ។ ព្រះអង្គនឹងហៅយើងជាអ្នកជឿព្រះអង្គ ថាជាមនុស្សសុចរិត ហើយព្រះអង្គក៏នឹងថែរក្សាជីវិតយើង(ទំនុកដំកើង ១:៦)។—Karen Pimpo
តើមានទម្លាប់ល្អអ្វីខ្លះ ដែលជួយឲ្យចិត្តអ្នកដុះឡើង ដោយទឹករស់របស់ព្រះយេស៊ូវ? តើទម្លាប់របស់អ្នកមានការផ្លាស់ប្តូរ ទៅតាមរដូវកាលនៃជីវិត ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមចូលមករកព្រះអង្គ ពេលណាទូលបង្គំស្រេកទឹក ហើយមានភាពស្ងួតហែង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ៧-៨ និង ម៉ាកុស ៤:២១-៤១
ល្ងាច

ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 23, 2025
«ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន» (រ៉ូម ៨:២៩)។
វាមិនមែនជារឿងចម្លែកទេដែលប្ដីប្រពន្ធបានរៀបការជាមួយគ្នាអស់ពេលជាយូរហើយ ក៏ត្រូវគេសួរថា តើពួកគេជាបងប្អូនបង្កើត ឬមិនមែន? ព្រោះពួកគេបានទទួលយកចរិតលក្ខណៈពីគ្នាទៅវិញទៅមក។ យើងអាចយល់រឿងនេះក្នុងកម្រិតខ្លះ តើមែនទេ? យើងមានការផ្លាស់ប្ដូរមានលក្ខណៈដូចមនុស្សដែលយើងដើរជាមួយ។ យើងក៏គួរមានការផ្លាស់ប្ដូរដូចនេះផងដែរនៅក្នុងការដើរជាមួយព្រះគ្រីស្ទ។
គោលបំណងរបស់ព្រះអម្ចាស់ គឺដើម្បីកែប្រែអ្នក ឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ។ សូមយើងពិចារណា អំពីភាពល្អឥតខ្ចោះដែលព្រះយេស៊ូវមានក្នុងភាពជាមនុស្ស ហើយត្រូវដឹងថា អ្នកត្រូវតែផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចព្រះអង្គ! ព្រះទ្រង់បានប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះរឿងនេះ។ ព្រះអង្គបានសន្យាថា ការនេះនឹងបានសម្រេច នៅថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ (ភីលីព ១:៦)។ តើព្រះទ្រង់កំពុងធ្វើអ្វី ក្នុងពេលសព្វថ្ងៃ? យើងអាចនិយាយឲ្យខ្លីថា ព្រះអង្គកំពុងធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។
បទគម្ពីររ៉ូម ៨:២៨ បានធានាយើងថា «គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមកតាមព្រះតម្រិះទ្រង់»។ ប៉ុន្តែ ខបន្ទាប់បានប្រាប់យើងអំពីសេចក្តីល្អដែលព្រះអង្គកំពុងធ្វើឲ្យកើតមានឡើងក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើងគឺដើម្បី «ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់»។
ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះការកែប្រែអ្នកឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ជាជាងយកព្រះទ័យទុកដាក់ចំពោះភាពស្រណុកស្រួលរបស់អ្នក។ ជាញឹកញាប់ ការរីកលូតលាស់ខាងវិញ្ញាណកើតមានតាមរយៈការខកចិត្ត និងបរាជ័យ ច្រើនជាងតាមរយៈជោគជ័យ និងការសើចសប្បាយ។ យើងមិនគួរស្វែងរកទុក្ខលំបាកនោះទេ តែយើងអាចទទួលស្គាល់ថា គ្មាននរណាដឹងច្បាស់ដូចព្រះអង្គ ហើយគ្មានអ្វីដែលព្រះអង្គមិនជ្រាបជាមុននោះឡើយ។ ពេលណាយើងមិនឃើញព្រះអង្គឆ្លើយតប ឬពេលណាបញ្ហាប្រឈម និងការឈឺចាប់របស់យើង មានរយៈពេលយូរ យើងអាចរកឃើញក្តីសង្ឃឹម ដោយដឹងថា គោលបំណងដ៏អស់កល្បរបស់ព្រះអង្គនៅតែមានដំណើរការ នៅក្នុងនិងតាមរយៈជីវិតកូនព្រះអង្គ។
មិនមែនមានតែយើងទេ ដែលមានចិត្តថប់បារម្ភ និងការខកចិត្ត ពេលដែលមានការល្បួងឲ្យយើងសួរថា «តើព្រះទ្រង់កំពុងធ្វើអ្វី?»
តើព្រះអង្គកំពុងធ្វើអ្វី នៅពេលដែលអ្នកបៀតបៀនលោក ស្ទេផាន បានដោះអាវគាត់ ហើយចោលគាត់នឹងថ្មសម្លាប់ (កិច្ចការ ៧:៥៨)? តើព្រះអង្គកំពុងធ្វើអ្វី ខណៈពេលដែលសាវ័ក ប៉ុល គេចខ្លួនពីក្រុងដាម៉ាស ដោយឲ្យគេសម្រូតគាត់ចុះតាមជញ្ជាំងនៅក្នុងកញ្ច្រែង (៩:២៥)? តើព្រះអង្គកំពុងធ្វើអ្វី ខណៈពេលដែលលោក ពេត្រុស ត្រូវស្ដេចអាប៉ូគ្រីប៉ាចាប់ដាក់គុក (១២:៣)? យើងប្រហែលពិបាកមើលឃើញព្រះអង្គកំពុងសម្រេចផែនការដ៏អស់កល្ប ដើម្បីឲ្យអ្នកដើរតាមព្រះអង្គ មានលក្ខណៈកាន់តែដូចព្រះយេស៊ូវ ខណៈពេលដែលពួកគេធ្វើដំណើរឆ្ពោះទៅរកការរស់នៅជាមួយព្រះអង្គ។
នេះជាប្រភពនៃក្តីសង្ឃឹមរបស់អ្នក នៅពេលព្រឹក។ ទោះមេឃមានភ្លៀង ឬមេឃស្រឡះ ទោះអ្នកសប្បាយចិត្ត ឬខកចិត្តក្តី ព្រះទ្រង់នឹងសម្រេចគោលបំណងរបស់ព្រះអង្គក្នុងជីវិតអ្នក នៅថ្ងៃនីមួយៗ។ ព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌មានផែនការ និងគោលបំណងសម្រាប់មនុស្សម្នាក់ៗ ដែលព្រះអង្គបានហៅថា កូនព្រះអង្គ។ អ្នកអាចមើលឃើញព្រះអង្គកំពុងធ្វើកិច្ចការក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលពីរបីខែខាងមុខ ឬក៏មុនពេលដែលអ្នកបានឈរជាមួយព្រះអង្គអស់កល្បជានិច្ច។ តែចូរចាំថា ថ្ងៃនេះជាថ្ងៃមួយទៀតដែលព្រះវរបិតារបស់អ្នកកំពុងធ្វើឲ្យអ្នកមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៨:២៦-៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ១៩-២០ និង១ថែស្សាឡូនិច ៥