ព្រឹក

ឥន្ទធនូនិងព្រះបន្ទូលសន្យារបស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយBren thackett
February 24, 2025
លោកុប្បត្តិ ៩:៨-១៧
គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងផែនដី។ លោកុប្បត្តិ ៩:១៣
ខណៈពេលដែលខ្ញុំឈរមើលទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះណៃអាហ្ការ៉ា ខ្ញុំបានកត់សំគាល់ឃើញថា ភ្ញៀវទេសចរណ៍ដទៃមួយចំនួនបានចាប់ផ្តើមថតរូបភ្លាមៗ។ ពេលខ្ញុំមើលទៅតាមទិសដៅ ដែលពួកគេកំពុងថតរូបនោះ ខ្ញុំក៏បានឃើញឥន្ទធនូលេចឡើង មានរាងកោងនៅលើទន្លេនៅក្រោមទឹកជ្រោះ។ ឥន្ទធនូនោះហាក់ដូចជាចាប់ផ្តើមចេញពីបាតទឹកជ្រោះមួយជាន់ ហើយបញ្ចប់នៅបាតទឹកជ្រោះមួយជាន់ទៀត។
តាមពិត ឥន្ទធនូមិនមានចំណុចចាប់ផ្តើម និងចំណុចបញ្ចប់ទេ។ ឥន្ទធនូមានរូបរាង្គមូលជារង្វង់ពេញ។ ខ្ញុំធ្លាប់ឃើញឥន្ទធនូមានរូបរាង្គជារង្វង់តែមួយដងគត់ កាលខ្ញុំមើលទៅក្រៅតាមបង្អួចយន្តហោះ ចំទិសដៅរបស់ថ្ងៃរះ ឃើញឥន្ទធនូមានរូបរាង្គជារង្វង់ ពីចម្ងាយ នៅពីលើពពក។ ខ្ញុំក៏បានអង្គុយមើលឥន្ទធនូនោះយ៉ាងជក់ចិត្ត ទាល់តែយន្តហោះបត់ទៅតាមទិសដៅផ្សេង ហើយខ្ញុំមិនអាចមើលឃើញវាទៀត។
ពេលខ្ញុំបានឃើញឥន្ទធនូនោះ ខ្ញុំក៏បានគិតអំពីសេចក្តីពិតដែលថា ព្រះទ្រង់គ្មានដើមកំណើត ហើយក៏គ្មានទីបញ្ចប់ ហើយព្រះអង្គបានបង្ហាញព្រះបន្ទូលសន្យាដល់យើង ទោះយើងនៅកន្លែងណាក៏ដោយ។ ព្រះនៃយើងដែលគ្មានទីបញ្ចប់ និងអស់កល្បជានិច្ច បាន”ដាក់ធ្នូ” របស់ព្រះអង្គនៅនាពពក (លោកុប្បត្តិ ៩:១៣) ដើម្បីសន្យាថា ព្រះអង្គមិនជំនុំជម្រះផែនដី ដោយប្រើទឹកជំនន់ឲ្យជន់លិចផែនដីទាំងមូលទៀតទេ (ខ.១៥)។ សព្វថ្ងៃនេះ ព្រះអាទិករនៃយើងបានប្រទានការក្រើនរំឭកអំពីព្រះបន្ទូលសន្យានេះ ដល់យើងជាស្នាព្រះហស្តព្រះអង្គ(ខ.១៣-១៦)។
កណ្ឌគម្ពីរអេសាយ ៤០:២៨ បានចែងថា “ព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ”។ នេះជាសេចក្តីប្រកាសដ៏អស្ចារ្យ។ ទោះយើងចំណាយពេលអស់កល្បជានិច្ច ដើម្បីស្វែងយល់អំពីព្រះដែលរក្សាសេចក្តីសន្យាក៏ដោយ ក៏យើងនៅតែមិនអាចយល់ដល់ជម្រៅជ្រៅបំផុតនៃប្រាជ្ញារបស់ព្រះអង្គបានឡើយ។—Brent Hackett
តើអ្នកគិតអំពីចារិតលក្ខណៈមួយណារបស់ព្រះ នៅពេលដែលអ្នកមើលឃើញឥន្ទធនូ? តើព្រះបន្ទូលសន្យារបស់ព្រះអង្គបានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើតឥន្ទធនូមក និងបើកបង្ហាញឥន្ទធនូដល់យើងខ្ញុំ ជាការបញ្ជាក់ អំពីព្រះបន្ទូលសន្យាចំពោះទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ៩-១១ និង ម៉ាកុស ៥:១-២០
ល្ងាច

ក្តីសង្ឃឹម នៅក្នុងការរង់ចាំដ៏ស្ងប់ស្ងាត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 24, 2025
«មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្តីសញ្ញាមក ជាសេចក្តីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ» (ម៉ាឡាគី ៣:១)។
រាស្ត្ររបស់ព្រះ គឺជារាស្ត្រដែលកំពុងរង់ចាំ។
បន្ទាប់ពីរាស្ត្ររបស់ព្រះវិលត្រឡប់មកពីការនិរទេសចូលចក្រភពបាប៊ីឡូន «ហោរាតូច» ដែលមានដូចជាហោរា ហាកាយ សាការី និងម៉ាឡាគី បាននាំព្រះបន្ទូលព្រះអម្ចាស់ មកថ្លែងដល់ពួកគេ។ ព្រះរាជសារដែលពួកគេប្រកាស គឺស្រដៀងនឹងអ្វីដែលអ្នកជំនាន់មុនបានប្រកាស មុនពេលពួកបណ្តាជនក្លាយជាឈ្លើយសឹក ដែលមានន័យដូចនេះថា ឱពួកអ៊ីស្រាអែលអើយ អ្នករាល់គ្នាពិតជាគួរឲ្យអស់សំណើចណាស់! ពួកអ្នកចេះតែបំពានសេចក្តីសញ្ញា។ បើអ្នករាល់គ្នានៅតែបន្តធ្វើខុសនឹងសេចក្តីសញ្ញាទៀត ព្រះទ្រង់នឹងយាងមកជំនុំជម្រះមិនខាន។
ប៉ុន្តែ ព្រះរាជសារដែលពួកហោរាតូចប្រកាស មិនគ្រាន់តែនិយាយអំពីការជំនុំជម្រះប៉ុណ្ណោះទេ តែក៏និយាយអំពីសេចក្តីសង្ឃឹមផងដែរ។ ពួកគេបានវិលត្រឡប់ទៅទឹកដីកំណើតវិញ តែជីវិតខាងវិញ្ញាណរបស់ពួកគេនៅតែស្ថិតក្នុងការនិរទេសដដែល។ ពួកយូដាដែលជាសំណល់នៃពួកអ៊ីស្រាអែល បានប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹមថា ព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឲ្យរាស្ត្រព្រះអង្គបានអរសប្បាយនឹងព្រះពររបស់ព្រះអង្គ។ ប៉ុន្តែ នគរព្រះមិនទាន់បានមកដល់ ដូចដែលពួកហោរាបានប្រកាសកាលពីមុននោះទេ ព្រះមហាក្សត្រដែលព្រះអង្គបានចាត់ឲ្យមកមិនទាន់មក នៅពេលនោះនៅឡើយ។ ដូចនេះ ពួកបណ្តាជនកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់ព្រះអម្ចាស់ និងសម្រេចព្រះបន្ទូលសន្យាថា នឹងប្រទានសេចក្តីសង្គ្រោះ។
ហោរា ម៉ាឡាគី ជាហោរាចុងក្រោយនៃគ្រាសញ្ញាចាស់បានទទូចថា មហាក្សត្រនោះនឹងយាងមកជាប្រាកដ ប៉ុន្តែពួកគេបានបន្តរង់ចាំ៤០០ឆ្នាំទៀត។ មនុស្សបានកើតទៅធ្វើការរកស៊ីចិញ្ចឹមជីវិត ហើយស្លាប់ ហើយបន្តធ្វើដូចនេះទៀតជាច្រើនតំណ។ ពួកគេទំនងជាសួរគ្នាទៅវិញទៅមកថា «តើហេតុអ្វីព្រះអង្គបានសន្យាថា ព្រះអង្គនឹងចាត់អ្នកនាំព្រះរាជសាររបស់ព្រះអង្គឲ្យរៀបចំផ្លូវថ្វាយព្រះអង្គ? ព្រះអង្គបានសន្យារាប់រយឆ្នាំហើយ»។
ទីបំផុត ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះបានដើរទៅផ្សារ ហើយក៏បានប្រទះឃើញមនុស្សម្នាក់ ស្លៀកពាក់ចម្លែក បរិភោគអាហារចម្លែក នៅតាមផ្លូវ ហើយដកស្រង់បទគម្ពីរសញ្ញាចាស់មកប្រកាសថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង» មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះ» (ម៉ាកុស ១:២-៣)។ តាមរយៈការប្រកាសនេះ លោក យ៉ូហាន-បាទ្ទីស បានបញ្ចប់ភាពស្ងប់ស្ងាត់ដែលបានអូសបន្លាយពេលអស់ជាច្រើនជំនាន់។ បន្ទាប់ពីរាស្ត្រព្រះអង្គបានរង់ចាំអស់ជាច្រើនឆ្នាំ ព្រះអម្ចាស់មានព្រះទ័យស្មោះត្រង់ នៅក្នុងការប្រកាន់ខ្ជាប់ព្រះបន្ទូលសន្យារបស់ព្រះអង្គដូចសព្វមួយដង។ ព្រះអង្គបានចាត់ទាំងអ្នកនាំព្រះរាជសារ និងមហាក្សត្ររបស់ព្រះអង្គ ដើម្បីឲ្យមនុស្សទាំងអស់អាចដកពិសោធន៍ជាមួយព្រះពរព្រះអង្គ ដែលជាការសម្រេចនូវសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ក្នុងសម័យរបស់យើង រាស្ត្ររបស់ព្រះអង្គនៅតែបន្តរង់ចាំព្រះអង្គ។ យើងដឹងហើយថា ព្រះយេស៊ូវបានយាងមកម្តងហើយ ហើយយើងក៏ដឹងដែរថា ព្រះអង្គនឹងយាងមកទៀត។ នគរព្រះមិនទាន់បានមកដល់ ក្នុងភាពពេញលេញដ៏រុងរឿងនៅឡើយទេ។ ដូចនេះ យើងជារាស្ត្រដែលរង់ចាំ ក្នុងលោកីយ៍ចង់បានអ្វីភ្លាមៗ និងជារាស្ត្រដែលមានសង្ឃឹម ក្នុងលោកីយ៍ដែលមានការខកចិត្តដ៏ឆាប់រហ័ស។
ពេលណាយើងមានអារម្មណ៍ថា ព្រះអម្ចាស់ហាក់ដូចជាចំណាយពេលយូរពេក ក្នុងការសម្រេចព្រះបន្ទូលសន្យា ចូរយើងកុំអស់សង្ឃឹមឡើយ។ ព្រះអង្គបានបង្ហាញឲ្យយើងដឹងថា ព្រះអង្គមានព្រះទ័យស្មោះត្រង់ពីមួយជំនាន់ទៅមួយជំនាន់ ហើយព្រះអង្គបានចាត់ព្រះយេស៊ូវឲ្យយាងមក ធ្វើជាអ្នកសម្រេចព្រះបន្ទូលសន្យាទាំងអស់។ អ្នកអាចសម្រាក ដោយទុកចិត្តលើភាពមិនប្រែប្រួលរបស់ព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គពិតជានឹងយាងមកវិញ ក្នុងពេលឆាប់ៗខាងមុខ (វិវរណៈ ២២:២០)។ ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២ពេត្រុស ៣:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ២១-២២ និង២ថែស្សាឡូនិច ១