ព្រឹក

ការឆ្លើយតប ចំពោះសេចក្តីសប្បុរស (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយMonica Larose
February 25, 2025
លូកា ៦:៣១-៣៨
ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ។ លូកា ៦:៣៨
កាលលីឌា(Lydia) បានទទួលអំណោយជាទឹកប្រាក់១ម៉ឺនដុល្លា ពីសប្បុរសជនដែលមិនបានបញ្ចេញឈ្មោះ នាងក៏បានយកប្រាក់នោះទៅចំណាយតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ខ្លួនឯង។ ផ្ទុយទៅវិញ នាងបានឲ្យអំណោយសប្បុរសធម៌ដល់មិត្តរួមការងារ ក្រុមគ្រួសារ ជនរងគ្រោះដោយសារទឹកជំនន់ និងអង្គការមនុស្សធម៌។ លីឌាមិនបានដឹងថា ហេតុអ្វីគេឲ្យអំណោយច្រើនយ៉ាងនេះមកនាងទេ។ តាមពិត ការឲ្យអំណោយនេះ គឺជាផ្នែកមួយនៃការសិក្សា អំពីរបៀបដែលមនុស្ស២រយនាក់បានឆ្លើយតប ចំពោះអំណោយឥតសំណង១ម៉ឺនដុល្លា ដែលគេបានផ្តល់ឲ្យតាមរយៈការផ្ទេរប្រាក់តាមធនាគារ។ ការសិក្សានេះបានរកឃើញថា អ្នកទទួលអំណោយទាំងនោះ បានចែករំលែកជាង២ភាគ៣នៃអំណោយជាទឹកប្រាក់នេះ ធ្វើជាអំណោយដល់អ្នកដទៃ។ លោកគ្រីស អ៊ែនឌ័រសិន(Chris Anderson) ជាប្រធានអង្គការប្រព័ន្ធផ្សព្វផ្សាយTED ដែលមិនរកប្រាក់ចំណេញ បានធ្វើការសន្និដ្ឋានថា “តាមពិត ... មនុស្សជាតិមាននិស្ស័យពីកំណើតមក ដែលចូលចិត្តឆ្លើយតបចំពោះអំពើសប្បុរសធម៌ ដោយអំពើសប្បុរសធម៌”។
ក្នុងព្រះគម្ពីរប៊ីប យើងឃើញថា ពេលណាមនុស្សរស់នៅដោយចិត្តសប្បុរស គឺពួកគេកំពុងឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ ដែលបានបង្កើតពួកគេមក។ ព្រះទ្រង់មានព្រះទ័យសប្បុរស និងមេត្តា មិនគ្រាន់តែចំពោះអ្នកខ្លះ តែក៏ចំពោះមនុស្សទាំងអស់ សូម្បីតែ “មនុស្សរមិលគុណ និងមនុស្សអាក្រក់”ក៏ដោយ(លូកា ៦:៣៥)។ ដូចនេះ ព្រះយេស៊ូវបានបង្គាប់អ្នកដែលមានចិត្តចង់បង្ហាញឲ្យគេស្គាល់ចារិតលក្ខណៈរបស់ព្រះ ឲ្យ “ស្រឡាញ់”ខ្មាំងសត្រូវ “ធ្វើការល្អទៅកាន់” ពួកគេ និង “ឲ្យគេខ្ចី” ដោយមិនរំពឹងថានឹងបានអ្វីមកវិញ(ខ.៣២-៣៥)។
ពេលណាយើងឲ្យអ្វីដល់គេ ដោយមិនសង្ឃឹមថា នឹងបានអ្វីមកវិញ យើងនឹងបានដឹងថា អំពើសប្បុរសធម៌ដូចនេះ នឹងមិនធ្វើឲ្យយើងខាតបង់អ្វីទេ។ ព្រះយេស៊ូវក៏បានចង្អុលបង្ហាញផងដែរថា “ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ ...ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ”(ខ.៣៨)។ ពេលណាយើងឆ្លើយតប ចំពោះសេចក្តីសប្បុរសរបស់ព្រះ ដោយរស់នៅមានចិត្តសប្បុរស យើងនឹងបានដឹងថា ព្រះអង្គក៏នឹងប្រទានពរយើងជាបរិបូរ ទាំងខាងផ្លូវកាយ ផ្លូវវិញ្ញាណ និងផ្លូវចិត្ត។—Monica La Rose
តើអ្នកបានរកឃើញក្តីអំណរតាមរយៈការឲ្យ យ៉ាងដូចម្តេចខ្លះ? តើការដែលអ្នកដទៃឲ្យអ្វីដល់អ្នក បានជួយឲ្យជីវិតអ្នកមានការចម្រើនឡើងដូចម្តេចខ្លះ?
ឱព្រះប្រកបដោយព្រះគុណ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានក្តីអំណរ នៅក្នុងការឲ្យ។
For further study, read The Benefits of Generosity at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១២-១៤ និង ម៉ាកុស ៥:២១-៤៣
ល្ងាច

ខិតខំរត់កាន់តែខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 25, 2025
«តើអ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែមានតែ១ទេដែលបានរង្វាន់? ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ» (១កូរិនថូស ៩:២៤-២៦)។
ការប្រកួតកីឡា មានសារៈសំខាន់ណាស់ក្នុងវប្បធម៌ជនជាតិក្រិក ហើយបានសាយភាយដល់ភាគខាងកើតនៃចក្រភពរ៉ូម៉ាំងក្នុងគ្រាសញ្ញាថ្មី។ អ្នកនិពន្ធម្នាក់បាននិយាយដោយសង្ខេប អំពីទីក្រុងកូរិនថូសថា ជាទីក្រុងដែលប្រជាជនទាមទារតែរបស់សំខាន់ពីរយ៉ាងប៉ុណ្ណោះគឺ នំប៉័ង និងការប្រកួតកីឡា1។
ការប្រកួតតូចៗប្រចាំតំបន់ ផ្តល់ឲ្យនូវរង្វាន់ជាច្រើនប្រភេទ តែក្នុងការប្រកួតធំៗ មានរង្វាន់តែមួយប៉ុណ្ណោះសម្រាប់អ្នកឈ្នះ ដែលច្រើនតែជា មកុដធ្វើពីស្លឹកឈើ។ អ្នកប្រកួតចំណាយពេលជាច្រើនខែឆ្នាំនៃជីវិតរបស់ពួកគេ ដើម្បីកាត់ផ្តាច់ខ្លួនចេញពីការសប្បាយផ្សេងៗ ដែលមានដូចជាទំនាក់ទំនង ចំណីអាហារ និងការដេញតាមការសប្បាយគ្រប់យ៉ាង ដែលអាចធ្វើឲ្យពួកគេបាត់បង់សមត្ថភាពយកជ័យជម្នះ ពោលគឺដើម្បីផ្ដោតចិត្តទៅលើមកុដមួយធ្វើពីស្លឹកឈើ។ សាវ័ក ប៉ុល ក៏បាននិយាយប្រៀបធៀបនឹងរឿងនេះ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះឲ្យរស់នៅ ដោយភ្នែកផ្ដោតទៅរករង្វាន់ដ៏អស់កល្បដែលជាការថ្វាយសិរីល្អដល់ព្រះគ្រីស្ទ និងមានការរួបរួមជាមួយព្រះអង្គ។
ក្នុងការប្រកួតឆ្លងខេត្តរបស់ក្រុមកីឡាករប្រចាំសាលារៀន ការប្រកួតដែលមានកីឡាករជាច្រើនចូលរួមពីដំបូង មិនយូរប៉ុន្មាន ក៏បានប្រែក្លាយជា៣ក្រុម ដូចជា ក្រុមតូចជាងគេដែលប្រកួតដើម្បីឲ្យបានមេដាយមាស និងក្រុមធំជាងគេដែលរត់នៅកណ្ដាលដែលទោះមិនឈ្នះបានមេដាយមាសក៏មិនអី ហើយក្រុមដែលរត់ក្រោយគេគឺប្រៀបដូចជា វិញ្ញាណដែលសង្ស័យ មានការរំខាន និងមានការខកចិត្ត។ ពាក្យ «រត់» ដែលសាវ័ក ប៉ុល បានប្រើក្នុងខនេះ គឺសំដៅទៅលើការរត់ប្រណាំង មិនមែនដោយភាពខ្ជិលច្រអូស ទៅមុខដោយគ្មានគោលដៅ និងគ្មានភាពឆេះឆួលនោះទេ តែដើម្បីឲ្យបានឈ្នះមេដាយមាស។
ក្នុងនាមយើងជាគ្រីស្ទាន យើងត្រូវនិយាយថា ទេចំពោះការរត់ដោយគ្មានគោលដៅ។ យើងត្រូវរត់ឲ្យបានមេដាយមាស។ ការរស់នៅដោយចិត្តផ្ដោតទៅលើរង្វាន់តម្រូវឲ្យមានការលះបង់ ជាពិសេសលះបង់បំណងចិត្ត ដែលខុសនឹងបំណងព្រះទ័យព្រះ។ ពាក្យ «អ្នកដែលតយុទ្ធគ្នា» ក្នុងខ.២៥ គឺជាពាក្យបកប្រែចេញពីពាក្យ agonizomenos ជាភាសាក្រិក ដែលជាឫសរបស់ពាក្យ «ការឈឺចាប់»។ ដើម្បីធ្វើជាកីឡាករ យើងមិនជ្រើសរើសយកភាពសុខស្រួលនោះទេ។ ដើម្បីរស់នៅជាគ្រីស្ទបរិស័ទ យើងក៏មិនជ្រើសរើសយកភាពសុខស្រួលដែរ។ តើយើងបានត្រៀមខ្លួនឈឺចាប់ និងធ្វើការលះបង់ថ្វាយព្រះគ្រីស្ទហើយឬនៅ ដោយដឹងថា ទាល់តែមានការលះបង់ ទើបយើងអាចដកពិសោធន៍នឹងក្តីអំណរនៃការឈ្នះបានរង្វាន់សម្រាប់ការរស់នៅបានល្អថ្វាយព្រះអង្គ?
ប៉ុន្តែ តើយើងត្រូវធ្វើការលះបង់ ឬរត់ដោយមានការផ្ដោតចិត្តដូចនេះដោយរបៀបណា? យើងមិនអាចធ្វើបានដោយពឹងអាងកម្លាំង និងភាពសុចរិតរបស់ខ្លួនឯងបានទេ។ ការពឹងអាងដូចនេះ ជាវិញ្ញាណ និងការធ្វើតាមសាសនាក្លែងក្លាយ។ ការរួបរួមរបស់យើងជាមួយព្រះគ្រីស្ទ មិនគ្រាន់តែផ្តល់ឲ្យនូវកម្លាំង និងសក្ដានុពលសម្រាប់ការផ្លាស់ប្ដូរនេះប៉ុណ្ណោះទេ។
ព្រះយេស៊ូវបានធ្វើជាគំរូនៃការស្ម័គ្រព្រះទ័យលះបង់ ដោយការសន្យាប្រទានរង្វាន់ដ៏អស់កល្ប (ហេព្រើរ ១២:២)។ ពេលណាព្រះអង្គជួយចិត្ត និងការរស់នៅរបស់យើង យើងនឹងអាចចេញទៅរត់ប្រណាំងថ្វាយព្រះអង្គ និងដើរតាមព្រះអង្គដោយក្តីអំណរដែលគ្មានដែនកំណត់។
ពេលគេសួរលោក អេរិក លីឌែល (Eric Liddell) ដែលជាកីឡាករអូឡាំពិកស្កត់ឡិនដ៏ល្បីល្បាញ និងជាបេសកជន អំពីផែនការនៃការរត់ប្រណាំងរបស់គាត់ដែលបាននាំឲ្យគាត់ទទួលបានមេដាយមាស ក្នុងការរត់ប្រណាំងអូឡាំពិកចម្ងាយ៤០០ម៉ែត្រ គាត់ក៏បានឆ្លើយថា «ខ្ញុំបានរត់ចម្ងាយ២០០ម៉ែត្រដំបូង អស់ពីសមត្ថភាព។ បន្ទាប់មក ក្នុងចម្ងាយ២០០ម៉ែត្រទៀត ខ្ញុំខិតខំរត់កាន់តែខ្លាំងដោយជំនួយមកពីព្រះអង្គ»។ ដូចនេះនៅថ្ងៃនេះ ចូរយើងកុំរត់ដោយគ្មានគោលដៅ ឬដោយភាពខ្ជិលច្រអូស តែរត់កាន់តែខ្លាំង ដោយជំនួយមកពីព្រះអង្គ ដើម្បីឲ្យបានមេដាយមាស ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ១២:១-៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ២៣-២៤ និង២ថែស្សាឡូនិច ២
1លោក Erich Sauer, In the Arena of Faith: A Call to the Consecrated Life (Eerdmans, ឆ្នាំ១៩៦៦), ទំព័រ ៣០។