ព្រឹក

គំរូនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយTom Felten
February 27, 2025
ហូសេ ៣
ចូរឲ្យឯងទៅស្រឡាញ់ស្រីនោះទៀតចុះ គឺជាស្រីដែលមានអ្នកដទៃ ស្រឡាញ់ហើយ ក៏ជាស្រីសំផឹងផង ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ ដល់ពួកកូនចៅអ៊ីស្រាអែលដែរ។ ហូសេ ៣:១
លោកស្កុត(Scott) និងអ្នកស្រីប៊្រី(Bree) បានការឈឺចាប់ក្នុងចិត្ត នៅពេលដែលពួកគេគិតអំពីទំនាក់ទំនងដែលពួកគេមានជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ដែលបានជ្រើសរើសយកផ្លូវជីវិតដែលប្រាសចាកការបង្រៀនក្នុងព្រះគម្ពីរប៊ីប។ ពួកគេមិនដឹងថា ត្រូវធ្វើដូចម្តេចទេ។ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរប៊ីប និងអធិស្ឋាន ពួកគេក៏បានរកឃើញដំណោះស្រាយសម្រាប់អនុវត្តជាជំហានៗ។ ទីមួយ ពួកគេបានពង្រឹងសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។ ទីពីរ ពួកគេបានទទួលស្គាល់អ្វីដែលពិត និងល្អ ដែលអ្នកទាំងនោះមាន ផ្អែកទៅលើការរៀបចំដ៏ល្អរបស់ព្រះ ហើយទីបី ពួកគេក៏បានទំនាក់ទំនងជាមួយអ្នកទាំងនោះ ដោយសេចក្តីស្រឡាញ់ ដោយពឹងផ្អែកលើប្រាជ្ញាក្នុងព្រះគម្ពីរ។ ក្រោយមក ទំនាក់ទំនងរបស់ពួកគេមានការទុកចិត្តគ្នាកាន់តែខ្លាំង ខណៈពេលដែលលោកស្កត់ និងអ្នកស្រីប្រ៊ីបានបង្ហាញសេចក្តីស្រឡាញ់តាមគំរូព្រះគ្រីស្ទ។
លោកហូសេទំនងជាមិនដឹងថា ត្រូវបន្តទំនាក់ទំនងជាមួយភរិយារបស់គាត់ដូចម្តេចទេ នៅពេលដែលនាងបានជ្រើសរើសយកផ្លូវជីវិតផិតក្បត់ ដែលទាស់ប្រឆាំងនឹងព្រះ ហើយធ្វើឲ្យគាត់ឈឺចាប់ និងអាម៉ាស់យ៉ាងខ្លាំង។ ព្រះអម្ចាស់ក៏បានបង្គាប់លោកហោរា ឲ្យបង្ហាញសេចក្តីស្រឡាញ់ចំពោះភរិយារបស់គាត់សារជាថ្មី ទោះនាងជាមនុស្សផិតក្បត់យ៉ាងណាក៏ដោយ(ហូសេ ៣:១)។ លោកហោរាពិតជាបានបង្ហាញសេចក្តីស្រឡាញ់ចំពោះនាងសារជាថ្មីមែន ហើយទន្ទឹមនឹងនោះគាត់ក៏បានទទួលស្គាល់អ្វីដែលត្រឹមត្រូវ និងពិត ចំពោះពួកគេ និងចំពោះទំនាក់ទំនងរបស់ពួកគេនៅចំពោះព្រះ(ខ.៣)។ ទំនាក់ទំនងដែលគាត់មានជាមួយនាង បានធ្វើជានិមិត្តរូបបង្ហាញអំពីបញ្ហាប្រឈមដែលព្រះទ្រង់មាន ក្នុងទំនាក់ទំនងជាមួយរាស្រ្តអ៊ីស្រាអែលដែលបានបះបោរទាស់នឹងព្រះអង្គ។ ទោះពួកគេបានបែកផ្លូវទៅថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃក៏ដោយ ក៏ព្រះអង្គបានប្រទានផ្លូវឲ្យពួកគេត្រឡប់មកវិញ ដោយប្រាប់ពួកគេថា សេចក្តីស្រឡាញ់របស់ព្រះអង្គគ្មានព្រំដែន(១៤:៤) ហើយពួកគេត្រូវជ្រើសរើសយកផ្លូវរបស់ព្រះអង្គ ជាផ្លូវដ៏ត្រឹមត្រូវ(ខ.៩)។
ដោយប្រាជ្ញា និងការយល់ដឹងដែលព្រះអង្គប្រទាន ចូរយើងបន្តចែកចាយសេចក្តីស្រឡាញ់ និងសេចក្តីពិតដល់អ្នកដែលបានសម្រេចចិត្តជ្រើសរើសយកផ្លូវជីវិត ដែលប្រាសចាកព្រះបន្ទូលព្រះអង្គ។ គំរូនៃសេចក្តីស្រឡាញ់របស់ព្រះអង្គបានផ្តល់ឲ្យយើងនូវដំណោះស្រាយសម្រាប់បញ្ហាទំនាក់ទំនងរបស់យើង ជាមួយមនុស្សដែលបានបែកចេញពីព្រះអង្គ។—Tom Felten
តើព្រះទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីពិតដល់អ្នកដូចម្តេចខ្លះ?
តើអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីពិតដូចម្តេចខ្លះ ដល់មនុស្សដែលកំពុងដើរតាមផ្លូវខុសនឹងព្រះបន្ទូល?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដែលបានបែកចេញឆ្ងាយពីព្រះអង្គ។
For further study, read Evangelism: Reaching Out through Relationships at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ១៧-១៩ និង ម៉ាកុស ៦:៣០-៥៦
ល្ងាច

ពាក្យសម្ដីដែលជួយ មិនមែនបំផ្លាញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 27, 2025
«មានទាំងពាក្យសរសើរ និងពាក្យប្រទេចផ្ដាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹកជាប្រៃផងសាបផងបានឡើយ» (យ៉ាកុប ៣:១០-១២)។
ក្នុងដំណើរជីវិតរបស់យើង យើងបានជួបកាលៈទេសៈដែលអយុត្តិធម៌ គ្មានមេត្តា និងមិនគួរជួប ហើយជាញឹកញាប់ យើងជួបមនុស្សដែលយើងមិនចង់ជួប។ មុនពេលយើងធ្វើការឆ្លើយតបដោយពាក្យសម្ដី ក្នុងស្ថានភាពទាំងនោះ យើងចាំបាច់ត្រូវនឹកចាំសេចក្តីពិតដែលព្រះអម្ចាស់បានបង្រៀនថា ពាក្យសម្ដីរបស់យើងឆ្លុះបញ្ចាំងអំពីចិត្តយើង (ម៉ាថាយ ១២:៣៤)។ បើពាក្យសម្ដីយើងមិនស្របនឹងព្រះបន្ទូលព្រះគ្រីស្ទទេ យើងត្រូវពិនិត្យមើលចិត្តយើងជាដំបូង មិនមែនពិនិត្យមាត់យើងទេ។ ការនេះក៏បានបង្ហាញ អំពីព្រះរាជកិច្ចដែលព្រះអម្ចាស់ធ្វើក្នុងយើង ពេលណាយើងឆ្លើយតបចំពោះការប៉ះទង្គិច ដោយពាក្យសម្ដីដែលជួយជាជាងបំផ្លាញ។
អណ្ដាតយើងមានអំណាចខ្លាំងណាស់ ហើយយើងអាចប្រើវា ដើម្បីជួយ លើកទឹកចិត្ត គាំទ្រ ជួយឲ្យចម្រើនឡើង ផ្សះផ្សា អត់ទោស បង្រួបបង្រួម និងឲ្យពរ។ វាមិនមែនជារឿងចៃដន្យទេ ដែលបទគម្ពីរសុភាសិតជាច្រើនបានលើកឡើង អំពីពាក្យសម្ដីដែលយើងនិយាយ។ ស្ដេច សាឡូម៉ូន មានបន្ទូលថា «មាត់នៃមនុស្សសុចរិត ជាអណ្ដូងជីវិត» (សុភាសិត ១០:១១)។ ទ្រង់បានប្រៀបធៀបការប្រើប្រាស់ពាក្យសម្ដីទៅនឹងក្រវិលដ៏ស្រស់ស្អាត ដែលបានលម្អអ្នកពាក់វា និងគ្រឿងតុបតែងដែលបង្កើនសម្រស់របស់ផ្ទះ (២៥:១២)។ សុភាសិតដែលប្រហែលជាពេញនិយមបំផុតរបស់ទ្រង់បានចែងថា «ពាក្យសម្ដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់» (ខ.១១)។
តើពាក្យសម្ដីដែលនាំមកនូវជីវិតមានលក្ខណៈដូចម្ដេចខ្លះ? តើមាត់របស់យើង អាចនាំព្រះពរដល់អ្នកដទៃយ៉ាងណាខ្លះ? ពាក្យសម្ដីដែលនាំព្រះពរ មានលក្ខណៈស្មោះត្រង់ ដោយនិយាយនូវសេចក្តីពិតដោយសេចក្តីស្រឡាញ់ (អេភេសូរ ៤:១៥)។ ពាក្យសម្ដីនោះ មានការគិតពិចារណា គឺនិយាយដោយអ្នកដែលបានពិចារណាអំពីរបៀបដែលត្រូវឆ្លើយតប (សុភាសិត ១៥:២៨)។ ពាក្យសម្ដីទាំងនោះ ច្រើនតែខ្លី ហើយមានហេតុផល គឺដូចមានសេចក្តីចែងថា «អ្នកណាដែលមានតម្រិះរមែងសំចៃទុកនូវពាក្យសម្ដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ» (១៧:២៧)។
ជាការពិតណាស់ ពាក្យសម្ដីដែលមានប្រយោជន៍ក៏ជាពាក្យដែលសុភាព។ ទោះយើងប្រហែលងាយនឹងភ្លេចប្រើពាក្យដ៏សុភាព ក្នុងពេលដែលមានទុក្ខលំបាក តែការពិតនៅតែថា «ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ» (សុភាសិត ១៥:១)។ ការឆ្លើយតបដ៏សុភាពក៏បានទទួលការជំរុញពីកម្លាំងខាងផ្លូវសីលធម៌ ព្រោះយើងចាំបាច់ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯង ក្នុងការឆ្លើយតប ដោយសុភាព ជាជាងបណ្តោយខ្លួនឲ្យនិយាយស្តីតាមអារម្មណ៍ និងកំហឹង។
ដូចនេះ តើពាក្យសម្ដីរបស់អ្នកមានលក្ខណៈដូចម្ដេចខ្លះ? តើអ្នកនឹងប្ដេជ្ញាចិត្តថា នឹងប្រើអណ្ដាតអ្នក ជាផ្នែកដ៏តូចនៃរូបកាយរបស់អ្នក ដើម្បីឲ្យពរ ជាជាងដាក់បណ្ដាសា ដើម្បីនាំមកនូវជីវិត ជាជាងបំផ្លាញជីវិត និងដើម្បីជួយ ជាជាងធ្វើទុក្ខមកលើអ្នកដទៃ?
ចូរប្ដេជ្ញាចិត្តនៅថ្ងៃនេះថា អ្នកនឹងប្រើពាក្យសម្ដីរបស់អ្នកជាប្រយោជន៍ដល់មនុស្សដែលអ្នកទំនាក់ទំនងជាមួយ ដោយថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទក្នុងចិត្តអ្នក និងអនុញ្ញាតឲ្យក្លិនដ៏ក្រអូបរបស់ព្រះអង្គ បញ្ចេញមកក្រៅតាមពាក្យសម្ដីរបស់អ្នក។ បន្ទាប់មក ចូរបន្ទាបខ្លួនទទួលស្គាល់ថា អ្នកមិនអាចធ្វើការនេះ ដោយអាងកម្លាំងខ្លួនឯងបានទេ (យ៉ាកុប ៣:៨) ហើយចូរទូលសូមព្រះអង្គឲ្យបំពេញអ្នក ដោយព្រះវិញ្ញាណបរិសុទ្ធជាព្រះដែលបង្កើតឲ្យមានសន្តិភាព ចិត្តសុភាព និងការដឹងខ្នាត ក្នុងចិត្ត និងពាក្យសម្ដីរបស់អ្នក (កាឡាទី ៥:២២-២៣)។
ព្រះគម្ពីរសញ្ជឹងគិត៖ កាឡាទី ៥:១៦-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ២៧-២៨ និងភីលេម៉ូន