ព្រឹក

ធ្វើឲ្យគេស្គាល់សេចក្តីមេត្តារបស់ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយPatricia Raybon
February 28, 2025
កូល៉ុស ៣:៨-១៧
ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។ កូល៉ុស ៣:១៥
តើការឈ្លោះប្រកែកគ្នា អាចជួយឲ្យគេរកខុសត្រូវបានទេ? ទេ មិនអាចទេ។ អ្នកដឹកនាំរបស់ក្រុងតូចមួយ បានដាស់តឿនប្រជាជន នៅក្នុងតំបន់ឧទ្យានអេឌីរិនដាក អំពីបញ្ហានេះ នៅពេលដែលជម្លោះរវាងសកម្មភាពបរិស្ថានមួយក្រុម និងម្ចាស់អាជីវកម្មតូចៗជាច្រើន បានផ្ទុះឡើង នៅក្នុងតំបន់នេះ ដែលគេហៅការប្រឈមមុខដាក់គ្នានេះថា “សង្គ្រាមអេឌីរិនដាក”។ ការដាក់ឈ្មោះដូចនេះ គឺបានឆ្លុះបញ្ចាំងអំពីការប្រឆាំងគ្នា នៅក្នុងការសម្រេចថា ត្រូវអភិរក្ស ឬអភិវឌ្ឍតំបន់ព្រៃភ្នំដ៏ស្រស់ស្អាត ស្ថិតក្នុងភូមិភាគខាងជើងនៃរដ្ឋញូយ៉ក។
អ្នកដឹកនាំក្នុងតំបន់ក៏បានស្រែកដាក់សកម្មជនបរិស្ថាន ឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ មិនយូរប៉ុន្មាន គេក៏បានឮគាត់ប្រាប់ភាគីទាំងសង្ខាងឲ្យឈប់ស្រែកដាក់គ្នាទៀត ហើយព្យាយាមពិភាក្សាគ្នាដោយសន្តិវិធី។ គេក៏បានបង្កើតសម្ព័ន្ធដើម្បីប្រយោជន៍រួម ធ្វើជាស្ពានមេត្រីរវាងភាគីទាំងសង្ខាងដែលមានជម្លោះនោះ។ ការជួបប្រជុំគ្នាដោយសន្តិវិធីក៏បាននាំមកនូវការរីកចម្រើន ដែលក្នុងនោះផ្ទៃដីជាង៤០ម៉ឺនហិចតាបានទទួលការអភិរក្ស ខណៈពេលដែលបណ្តាក្រុងទាំងឡាយ នៅតំបន់អេឌីរិនដាក កំពុងមានការរីកចម្រើនខ្លាំងជាង២០ឆ្នាំមុនទៅទៀត។
ការស្រុះស្រួលគ្នាដោយសន្តិវិធី គឺជាការចាប់ផ្តើមដ៏ល្អឆ្ពោះទៅរកការរីកចម្រើន ប៉ុន្តែ សាវ័កប៉ុលបានបង្រៀនអំពីអ្វីដែលល្អជាងនេះទៀត។ គឺដូចដែលគាត់មានប្រសាសន៍ទៅកាន់ពួកជំនុំដ៏ក្មេងខ្ចីនៅទីក្រុងកូល៉ុសថា “ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្តីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ និងពាក្យអពមង្គល ចេញពីមាត់ចោលទៅ”(កូល៉ុស ៣:៨)។ សាវ័កប៉ុលក៏បានជំរុញពួកគេឲ្យលះបង់ចោលផ្លូវជីវិតចាស់ ហើយទទួលយកចារិកលក្ខណៈថ្មីក្នុងព្រះគ្រីស្ទ គឺដូចដែលគាត់បានបង្រៀនពួកគេថា “ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ”(ខ.១២)។
ព្រះអម្ចាស់បានត្រាស់ហៅអ្នកជឿទាំងអស់ឲ្យលះបង់ចោលជីវិតចាស់ ដែលចូលចិត្តឈ្លោះប្រកែក ដើម្បីទទួលបានជីវិតថ្មីក្នុងព្រះគ្រីស្ទ។ “ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង”(ខ.១៥)។ ពេលនោះ លោកិយនឹងបានឃើញព្រះយេស៊ូវ តាមរយៈសេចក្តីមេត្រីដែលយើងមានជាមួយគ្នា។—Patricia Raybon
តើមាននរណាខ្លះដែលអ្នកអាចអត់ទោសឲ្យ នៅថ្ងៃនេះ? តើអ្នកអាចផ្សះផ្សាទំនាក់ទំនងជាមួយនរណាខ្លះ?
ឱព្រះអម្ចាស់ ពេលណាទូលបង្គំមានកំហឹងក្នុងចិត្ត សូមព្រះអង្គប្រទានទូលបង្គំនូវសន្តិភាព ក្នុងព្រះអង្គ។
Visit ODBU.org/SF107 to discover more on the healing power of forgiveness.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ២០-២២ និង ម៉ាកុស ៧:១-១៣
ល្ងាច

មានការប្ដេជ្ញាចិត្ត ដ៏ជាប់លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 28, 2025
«ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃខ្ញុំគ្រប់ជំពូក។ ហើយនៅថ្ងៃនោះឯង លោក ម៉ូសេ ក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង និងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ា ជាព្រះនៃអញគ្រប់ជំពូក» (យ៉ូស្វេ ១៤:៨-៩)។
មនុស្សជាច្រើនមានភាពជោគជ័យយ៉ាងឆាប់រហ័សក្នុងជីវិត តែក្រោយមក ពួកគេក៏បានបាត់បង់អ្វីម្យ៉ាង ដែលធ្លាប់ជួយឲ្យពួកគេទទួលជោគជ័យ។ ពួកគេប្រហែលធ្លាប់មានឈ្មោះល្បីក្នុងវ័យយុវជន។ ឬជីវិតរបស់ពួកគេប្រហែលមានភាពលេចធ្លោ មានឥទ្ធិពល និងមានឋានៈខ្ពង់ខ្ពស់។ ក្នុងពួកជំនុំយើង ប្រហែលជាមានមនុស្សដែលជោគជ័យដូចនេះ ហើយជាការពិតណាស់ យើងក៏អាចមើលឃើញខ្លួនយើង ជាមនុស្សដែលមានប្រយោជន៍យ៉ាងខ្លាំងចំពោះព្រះ។ ប៉ុន្តែ មានពេលច្រើនដងពេកហើយ ដែលយើងជួបការល្បួងឲ្យចង់ធ្វើជាម្ចាស់នៃពេលអតីតកាលដោយក្រឡេកមកមើល «ឆ្នាំដ៏ល្អ» ជាញឹកញាប់ ហើយក៏បានរអ៊ូរទាំអំពីការប្រែប្រួលដែលបានកើតមាន។
ទោះជាយ៉ាងណាក៏ដោយ លោក កាលែប មិនមានការឆ្លើយតបដូចនេះទេ ចំពោះបរាជ័យរបស់គាត់។ គាត់បានជៀសវាងការអ៊ូរទាំ ហើយក៏បានបន្តមានសេចក្តីជំនឿ។ គាត់បានរស់នៅក្នុងបរិស្ថានដ៏ពិបាក ក្នុងវ័យកណ្ដាល។ កាលគាត់មានអាយុ៤០ឆ្នាំ គាត់ក៏បានជាប់គាំងដំណើរនៅក្នុងការរស់នៅវិលវល់ជាមួយប្រជាជនអ៊ីស្រាអែលអស់រយៈពេល៤ទសវត្សរ៍ក្នុងវាលរហោស្ថាន ដោយសារមនុស្សជុំវិញគាត់មិនបានទុកចិត្តព្រះ។ តែក្នុងអំឡុងពេលដ៏នឿយណាយ និងវិលវល់នោះ លោក កាលែប នៅតែរួចផុតពីចិត្តជូរល្វីង និងការរអ៊ូរទាំ។
តាមពិត អ្វីៗប្រែជាអាក្រក់យ៉ាងខ្លាំង បានជាពួកបណ្ដាជនចាប់ផ្ដើមស្វែងរកអ្នកដឹកនាំម្នាក់ ដើម្បីនាំពួកគេត្រឡប់ទៅរកជីវិតចាស់ដែលសុខស្រួលជាងនេះ (ជនគណនា ១៤:៤)។ ប៉ុន្តែ ពួកគេអាចវិលត្រឡប់ថយក្រោយដោយខ្លួនឯង ដោយគ្មានអ្នកដឹកនាំ។ តែយើងត្រូវការអ្នកដឹកនាំដែលជំរុញយើងឲ្យទៅមុខ។ យើងនៅមានថ្ងៃស្អែក មានមនុស្សជំនាន់ក្រោយដែលនឹងមកដល់។ មានគោលបំណងដែលមិនទាន់បានសម្រេចក្នុងផែនការ ដែលព្រះអង្គមានសម្រាប់លោកីយ៍។
លោក កាលែប បានបង្ហាញឲ្យគេឃើញចរិតលក្ខណៈនេះ។ ការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការដើរតាមព្រះក្នុងវ័យក្មេង គឺនៅតែបន្តមានក្នុងវ័យកណ្ដាល។ គាត់មានការប្ដេជ្ញាចិត្ត និងភាពទៀងទាត់ មិនគ្រាន់តែក្នុងវ័យ៤០ឆ្នាំ ក៏នៅក្នុងវ័យ៥០ ៦០ និង៧០។ គាត់បានដើរតាមព្រះអម្ចាស់អស់ពីចិត្តក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នោះ។
សម្រាប់មនុស្សជាច្រើន ទំនាក់ទំនងប្ដីប្រពន្ធ ការមានផ្ទះសម្បែង ការព្រួយបារម្ភអំពីមុខរបរ បញ្ហាសុខភាព ។ល។ ច្រើនតែភ្ជាប់ជាមួយនឹងការបាត់បង់ភាពឆេះឆួល និងប្រសិទ្ធភាពខាងវិញ្ញាណ។ មនុស្សជាច្រើនមានធនធាន កម្លាំង និងប្រាជ្ញាច្រើន សម្រាប់រួមចំណែក ប៉ុន្តែពួកគេសម្រេចចិត្តមិនធ្វើការថ្វាយព្រះ ហើយទុកឲ្យមនុស្សជំនាន់ក្រោយធ្វើការថ្វាយព្រះអង្គវិញ។ គឺដូចដែលពួកអ៊ីស្រាអែលក្នុងវាលរហោស្ថាន ពួកគេរស់នៅដោយគ្មានចិត្តឆេះឆួល ចូលចិត្តរិះគន់ និងមានភាពអាត្មានិយម ដោយខកខានមិនបានមើលឃើញការបែកជាបំណែក ក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ។
តើអ្នកកំពុងមានការប្ដេជ្ញាចិត្ត ការសន្ទនា និងភាពមុតស្រួចខាងវិញ្ញាណដូចម្ដេចខ្លះ? តើអ្នកនៅតែមានភាពរឹងមាំដូចមុនទេ? សព្វថ្ងៃនេះ ពួកជំនុំមិនខុសពីប្រជាជនអ៊ីស្រាអែលទេ។ ពួកជំនុំកំពុងតែត្រូវការបុរស និងស្ត្រីនៃសេចក្តីជំនឿដែលរស់នៅ ដោយការប្ដេជ្ញាចិត្តដ៏ជាប់លាប់ ក្នុងពេលល្អ និងពេលអាក្រក់ ទោះត្រូវពេល ឬមិនត្រូវពេល ខណៈពេលដែលពួកគេដើរឆ្ពោះទៅរកមរតកដែលព្រះអម្ចាស់សន្យាថា នឹងប្រទានដល់អ្នកដើរតាមព្រះអង្គដោយចិត្តស្មោះត្រង់។ តើជីវិតខាងវិញ្ញាណរបស់អ្នកមានលក្ខណៈដូចម្ដេចក្នុងពេលសព្វថ្ងៃ និងពេល១០ឆ្នាំខាងមុខ?
ព្រះគម្ពីរសញ្ជឹងគិត៖ ពួកចៅហ្វាយ ១:១-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ២៩-៣០ និងយ៉ាកុប ១