ព្រឹក

ជួយអ្នកដទៃឲ្យមានព្រះគម្ពីរប៊ីបអាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយDave Branon
March 1, 2025
២ធីម៉ូថេ ៣:១៤-១៦
ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ... ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ។ ហេព្រើរ ៤:១២
តើព្រះគម្ពីរប៊ីបមានសារៈសំខាន់ប៉ុណ្ណា ចំពោះយើង? ព្រះគម្ពីរប៊ីបពិតជាសំខាន់ណាស់ បានជាមនុស្ស នៅក្នុងប្រទេសជាច្រើន បានប្រថុយជីវិត ក្នុងការបកប្រែព្រះគម្ពីរប៊ីបទៅជាភាសារបស់ពួកគេ។ ជាញឹកញាប់ គ្រីស្ទបរិស័ទដ៏សាមញ្ញទាំងនោះបានប្រឈមមុខដាក់ការចាប់ខ្លួន ដោយសារពួកគេបកប្រែព្រះគម្ពីរប៊ីបទៅជាភាសាប្រចាំតំបន់ ដើម្បីឲ្យអ្នកដទៃអាចអានព្រះគម្ពីរប៊ីបជាភាសាកំណើតរបស់ខ្លួន។
ស្រ្តីជាអ្នកបកប្រែម្នាក់ នៅប្រទេសដែលទាស់ប្រឆាំងនឹងអ្នកជឿព្រះយេស៊ូវ បានរៀបរាប់ថា “ខ្ញុំត្រូវបន្តការងារបកប្រែនេះ រហូតចប់សព្វគ្រប់។ ខ្ញុំចង់ឲ្យមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានទទួលសេចក្តីសង្គ្រោះរបស់ព្រះគ្រីស្ទ”។ ហើយបុរសម្នាក់ដែលបានរៀបចំឲ្យមានការបកប្រែព្រះគម្ពីរប៊ីប ដោយលាក់កំបាំងបានពន្យល់ថា ព្រះគម្ពីរប៊ីបមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលូតលាស់របស់គ្រីស្ទបរិស័ទដែលពេញវ័យ ក្នុងពួកជំនុំក្នុងតំបន់។ គាត់ថា “អ្នកអាចបង្កើតពួកជំនុំមួយកន្លែង ប៉ុន្តែ ... បើគ្មានព្រះគម្ពីរជាភាសាប្រចាំតំបន់ទេ នោះពួកជំនុំនោះអាចរស់រៀនបានតែមួយជំនាន់ប៉ុណ្ណោះ”។
ហេតុអ្វីពួកគេធ្វើកិច្ចការដ៏លំបាកនេះ? ព្រោះគ្មានសៀវភៅអ្វីដែលល្អដូចព្រះគម្ពីរប៊ីបទេ។ ព្រះគម្ពីរប៊ីបបានទទួលការថែរក្សាការពារអស់ជាច្រើនសតវត្សរ៍ មិនឲ្យបាត់បង់ តាមរបៀបដ៏ពិសេស។ ព្រះគម្ពីរប៊ីបបានលើកឡើងអំពីសណ្ឋានពិតនៃចិត្តរបស់មនុស្ស យ៉ាងត្រឹមត្រូវ ដោយគ្មានការក្លែងបន្លំ។ “ព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ...ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ”(ហេព្រើរ ៤:១២)។ ហើយ “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ”(២ធីម៉ូថេ ៣:១៦)។ ហើយដែលសំខាន់បំផុតនោះ ព្រះគម្ពីរប៊ីបបើកបង្ហាញប្រភព និងធាតុពិតនៃ “សេចក្តីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(ខ.១៥)។ ចូរយើងអាន ស្រឡាញ់ និងរស់នៅតាមព្រះគម្ពីរប៊ីប។ ហើយតាមការផ្គត់ផ្គង់របស់ព្រះអង្គ ចូរយើងជួយមនុស្សនៅជុំវិញពិភពលោក ឲ្យបានទទួល និងបានអានព្រះគម្ពីរយល់ផងដែរ។—Dave Branon
តើអ្នកចូលចិត្តផ្នែកមួយណាក្នុងព្រះគម្ពីរប៊ីបខ្លាំងជាងគេ? តើអ្នកអាចជួយអ្នកដទៃ ឲ្យយល់ព្រះគម្ពីរប៊ីបកាន់តែច្បាស់ថែមទៀត ដោយរបៀបណា?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះគម្ពីរប៊ីប និងឯកសិទ្ធិ ក្នុងការចែកចាយព្រះគម្ពីរប៊ីបដល់អ្នកដទៃ។
For further study, read The Hard Task of Reading Well at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ២៣-២៥ និង ម៉ាកុស ៧:១៤-៣៧
ប្រភេទ
ល្ងាច

ការធានាសម្រាប់វិញ្ញាណរបស់យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 1, 2025
«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណនៅស្ថានដ៏ខ្ពស់។ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ដោយសេចក្តីស្រឡាញ់។ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុនសម្រាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់» (អេភេសូរ ១:៣-៥)។
ព្រះអម្ចាស់បានស្រឡាញ់អ្នកតាំងពីយូរមកហើយ។
ការសរសើរតម្កើងព្រះដែលសាវ័ក ប៉ុល បានបន្លឺឡើងនៅដើមដំបូងនៃសំបុត្រ ដែលគាត់សរសេរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ គឺជាការប្រកាសមកកាន់យើងរាល់គ្នាអំពីការអស្ចារ្យដែលព្រះទ្រង់បានធ្វើសម្រាប់យើងក្នុងព្រះគ្រីស្ទ។ ការសរសើរតម្កើងនេះមានលក្ខណៈពិសេសនៅត្រង់ចំណុចដែលថា ការសរសើរតម្កើងនេះបានរម្លឹកយើងថា តាំងពីមុនពេលយើងចាប់កំណើតព្រះអង្គជាអ្នកផ្ដួចផ្ដើមឲ្យមានការទាញនាំរាស្ត្រព្រះអង្គឲ្យត្រឡប់មកព្រះអង្គវិញ។ យើងប្រហែលជាចង់ជឿថា យើងចាំបាច់ត្រូវស្វែងរកព្រះអង្គដោយពឹងអាងកម្លាំងយើងជាមនុស្ស។ ជាការពិតណាស់ សាសនាជាច្រើនក្នុងលោកីយ៍សុទ្ធតែបង្រៀនឲ្យធ្វើដូចនេះឯង។ តែតាំងពីដើមដំបូងមក ព្រះគម្ពីរប៊ីបបានបង្រៀនថា តាមពិតគឺព្រះអង្គទេ ដែលឈោងមករកយើងមុន។
គោលលទ្ធិនៃការជ្រើសរើសយើងក្នុងព្រះគ្រីស្ទ មិនមែនជារឿងបន្ទាប់បន្សំក្នុងប្រវត្តិសាស្ត្រនោះទេ តែជារឿងដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងអំពីពេលអតីតកាល តាំងពីអស់កល្បជានិច្ច មុនពេលព្រះអង្គបង្កើតរបស់សព្វសារពើ។ ជាការពិតណាស់ យើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ប៉ុន្តែយើងចាំបាច់ត្រូវបន្ទាបខ្លួនទទួលស្គាល់ថា យើងមិនអាចជ្រើសរើសព្រះអង្គបានទេ បើសិនជាព្រះអង្គមិនបានជ្រើសរើសយើង តាំងពីមុនកំណើតលោកីយ៍។ អ្នកមិនអាចសម្រេចចិត្តដើរតាមព្រះអង្គបានទេ បើសិនជាព្រះអង្គមិនបានសម្រេចព្រះទ័យធ្វើឲ្យអ្នកក្លាយជាកូនព្រះអង្គជាមុនទេនោះ។
មនុស្សពិតជាមានការពិបាក នៅក្នុងការទទួលយកការបង្រៀនអំពីការទទួលខុសត្រូវរបស់មនុស្សផង និងការបង្រៀនអំពីអធិបតេយ្យភាពរបស់ព្រះផងក្នុងពេលតែមួយ។ មនុស្សជាច្រើនជឿថា ពួកគេត្រូវតែជ្រើសរើសយកការបង្រៀនណាមួយក្នុងចំណោមការបង្រៀនទាំងពីរនេះ ប៉ុន្តែតាមពិត ការបង្រៀនទាំងពីរសុទ្ធតែសមស្របនឹងព្រះគម្ពីរ និងមានការជាប់ទាក់ទងគ្នា។ ការបង្រៀនទាំងពីរជាសេចក្តីពិតពីរ ដែលនៅទន្ទឹមគ្នា ដែលហាក់ដូចជាមិនអាចដាក់បញ្ចូលគ្នាបាន ក្នុងគំនិតមនុស្សដែលមានដែនកំណត់ តែការបង្រៀនទាំងពីរសុទ្ធតែត្រឹមត្រូវ។ យើងមិនចាំបាច់ត្រូវព្រួយបារម្ភថា យើងត្រូវតែខំប្រឹងគិតអំពីរឿងនេះទេ។ ផ្ទុយទៅវិញ យើងមានសេរីភាពក្នុងការឆ្លើយតប ដោយក្រាបចុះ ដោយចិត្តស្ញប់ស្ញែងចំពោះសេចក្តីសប្បុរសដែលព្រះដ៏មានចេស្ដាមានចំពោះយើង។
គោលលទ្ធិនៃការជ្រើសរើសយើងមិនមែនជាទង់ជ័យសម្រាប់ឲ្យយើងកាន់ ក្នុងការដើរក្បួនព្យុហយាត្រានោះទេ តែជាទីជ្រកកោនសម្រាប់វិញ្ញាណយើង។ គោលលទ្ធិនេះនាំមកនូវការផ្លាស់ប្ដូរនៅក្នុងសន្តិសុខខាងវិញ្ញាណ និងក្តីអំណររបស់យើង។ ពេលណាអ្នកបន្ទាបខ្លួនទទួលស្គាល់ថា អត្តសញ្ញាណរបស់អ្នកក្នុងព្រះគ្រីស្ទបានកើតមាន នៅពេលដែលព្រះអង្គចាប់ផ្ដើមស្រឡាញ់អ្នក តាំងពីមុនកំណើតនៃពេលវេលា នោះអ្នកនឹងរកឃើញសេរីភាព និងមានទំនុកចិត្ត។ អ្នកមិនចាំបាច់ត្រូវស្វែងរកហេតុផលដោយខ្លួនឯង ដើម្បីឲ្យអ្នកយល់អំពីមូលហេតុដែលអ្នកបានទទួលព្រះគុណអស្ចារ្យរបស់ព្រះអង្គនោះឡើយ ព្រោះអ្នកគ្រាន់តែអាចអរសប្បាយដោយដឹងថា ព្រះអង្គបានជ្រើសរើសអ្នក ព្រោះព្រះអង្គស្រឡាញ់អ្នក។ អ្នកមិនចាំបាច់ត្រូវរស់នៅក្រោមបន្ទុកនៃអំពើបាប ឬមានអារម្មណ៍ពិបាកចិត្ត ដោយសារអ្នកមិនមានការរីកចម្រើនក្នុងជីវិតជាគ្រីស្ទបរិស័ទ ដ្បិតសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះអ្នក មិនដែលផ្អែកទៅលើការប្រព្រឹត្តរបស់អ្នក ឬការសន្យារបស់អ្នកថា នឹងប្រព្រឹត្តឲ្យបានល្អជាងមុននោះទេ។ អ្នកអាចដើរកាត់មាត់ជ្រោះនៃជីវិតនេះ ដោយការធានាថា ព្រះដែលបានបង្កើត និងគ្រប់គ្រងអ្វីៗទាំងអស់ ទ្រង់បានស្រឡាញ់អ្នក ហើយដោយសារអ្នកមិនចាំបាច់ត្រូវធ្វើអ្វីមួយឲ្យព្រះអង្គស្រឡាញ់អ្នក នោះអ្នកមិនអាចបាត់បង់សេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ៦:៣៥-៥១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ៣១-៣៣ និងយ៉ាកុប ២