ព្រឹក

ថ្វាយការព្រួយបារម្ភរបស់អ្នកដល់ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយPatricia Raybon
March 6, 2025
ម៉ាថាយ ៦:២៥-២៧
ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ ម៉ាថាយ ៦:២៥
អ្នកស្រីនេនស៊ី(Nancy)មានការភ័យខ្លាចចំពោះពេលអនាគត ដោយសារគាត់មើលឃើញតែបញ្ហាជានិច្ច។ លោកថម(Tom) ជាស្វាមីរបស់គាត់បានងងឹតមុខដួល៣ដង ក្នុងអំឡុងពេលដើរកម្សាន្ត ក្នុងតំបន់ដាច់ស្រយាល នៅក្នុងរដ្ឋមេន។ ប៉ុន្តែ វេជ្ជបណ្ឌិត នៅមណ្ឌលសុខភាពតូចមួយ ក្នុងតំបន់ជិតខាង បានពិនិត្យសុខភាពគាត់ រកមិនឃើញគាត់មានជំងឺអ្វីទេ។ ក្នុងមណ្ឌលសុខភាពដែលធំជាង វេជ្ជបណ្ឌិតបានធ្វើតេស្ដជាបន្ថែមទៀត នៅតែមិនអាចរកឃើញបញ្ហាសុខភាពរបស់គាត់។ អ្នកស្រីនេនស៊ីក៏បានរៀបរាប់អំពីការភ័យខ្លាចរបស់គាត់។ នៅពេលដែលស្វាមីរបស់គាត់ចេញពីពេទ្យ គាត់ក៏បានសួរពេទ្យឯកទេសបេះដូងជាលើកចុងក្រោយថា ពួកគាត់ត្រូវធ្វើដូចម្តេច។ គ្រូពេទ្យក៏បានលើកទឹកចិត្តគាត់ឲ្យរស់នៅជាធម្មតា ដោយគ្មានការថប់បារម្ភទៀត។ ការលើកទឹកចិត្តនេះបានផ្លាស់ប្តូរការគិតរបស់គាត់ជារៀងរហូត។ គាត់ថា លោកគ្រូពេទ្យបានឲ្យយោបល់គាត់ពិតមែន គឺមិនបាននិយាយលេងទេ។
ការលើកទឹកចិត្តនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់ព្រះយេស៊ូវ នៅលើភ្នំ។ កាលនោះ ព្រះអង្គមានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី”(ម៉ាថាយ ៦:២៥)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ មិនបានប្រាប់យើងមិនឲ្យអើពើចំពោះបញ្ហាសុខភាព ឬបញ្ហាផ្សេងទៀត ឬក៏រោគសញ្ញាអ្វីមួយនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែប្រាប់យើង “កុំឲ្យព្រួយបារម្ភ”(ខ.២៥) អំពីបញ្ហាទាំងឡាយ។ បន្ទាប់មក ព្រះអង្គក៏បានសួរថា “ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?”(ខ.២៧)។
ហោរាអេសាយក៏បានផ្តល់ឲ្យការបង្រៀនប្រកបដោយប្រាជ្ញាស្រដៀងនេះផងដែរថា “ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក”(អេសាយ ៣៥:៤)។ សម្រាប់អ្នកស្រីនេនស៊ី និងលោកថម គ្រូពេទ្យបានណែនាំឲ្យពួកគាត់ដើរឲ្យបាន៧គីឡូម៉ែត្រ ក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត ពួកគេមិនដើរដោយការភ័យខ្លាចឡើយ តែបានបោះជំហានទៅមុខដោយអំណរ។—Patricia Raybon
តើអ្នកមានការភ័យខ្លាចអ្វីខ្លាំងជាងគេ? តើជីវិតអ្នកនឹងមានការប្រសើរឡើងយ៉ាងណា នៅពេលដែលអ្នកអាចថ្វាយការព្រួយបារម្ភរបស់អ្នកដល់ព្រះគ្រីស្ទ?
ឱព្រះយេស៊ូវ ពេលណាទូលបង្គំមានការព្រួយបារម្ភនៅថ្ងៃនេះ សូមជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ
ដើម្បីឲ្យទូលបង្គំថ្វាយការភ័យខ្លាចដល់ព្រះអង្គ ហើយបង្ហាញចេញនូវសន្តិភាពរបស់ព្រះអង្គ តាមរយៈការរស់នៅរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣-៤ និង ម៉ាកុស ១០:៣២-៥២
ប្រភេទ
ល្ងាច

ព្រះគម្ពីរប៊ីបទាំងមូលនិយាយអំពីព្រះយេស៊ូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 6, 2025
«អ្នកកំរៀវនោះសួរ ភីលីព ថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ នោះ ភីលីព បើកមាត់សម្ដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ» (កិច្ចការ ៨:៣៤-៣៥)។
ខណៈពេលដែលយើងធ្វើការសិក្សាព្រះគម្ពីរប៊ីបពីដើមដល់ចប់យើងទទួលស្គាល់ថា ព្រះយេស៊ូវមិនមែនស្រាប់តែលេចឡើងក្នុងព្រះគម្ពីរដោយគ្មានការព្រៀងទុកនោះទេ។ ព្រះគម្ពីរបានចែងអំពីព្រះអង្គ ចាប់តាំងពីទំព័រដំបូង។ ជាការពិតណាស់ សូម្បីតែពួកហោរានៅគ្រាសញ្ញាចាស់ ក៏បានសរសេរបទគម្ពីរអំពីព្រះយេស៊ូវតាមការបណ្ដាលចិត្តពីព្រះវិញ្ញាណផងដែរ។ ដូចនេះ ទោះបីជាយើងចេះព្រះគម្ពីរបានច្រើនប៉ុណ្ណាក៏ដោយ បើយើងអានព្រះគម្ពីរដោយមិនបានមើលទៅព្រះគ្រីស្ទ យើងនឹងខកខានមិនបានស្គាល់ចំណុចស្នូល គន្លឹះ និងវីរបុរសនៃព្រះគម្ពីរមិនខាន។
ក្នុងកណ្ឌគម្ពីរដំណឹងល្អ ព្រះយេស៊ូវបានចង្អុលបង្ហាញគេឲ្យងាកទៅរកព្រះគម្ពីរសញ្ញាចាស់ ដើម្បីជួយពួកគេឲ្យយល់ថា ព្រះអង្គជានរណា។ ក្នុងអំឡុងពេលដើមដំបូងនៃព្រះរាជកិច្ចព្រះអង្គ ព្រះអង្គបានយាងទៅសាលាប្រជុំអានក្រាំងគម្ពីរអេសាយ។ កណ្ឌគម្ពីរលូកាបានចែងថា ពេលព្រះអង្គអានចប់ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្តាប់ទាំងឡាយថា «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ» (លូកា ៤:២១)។ ក្រោយមក ព្រះអង្គមានបន្ទូលទៅកាន់អ្នកដែលមានចំណេះដឹងជ្រៅជ្រះ អំពីព្រះគម្ពីរសញ្ញាចាស់ដោយដាស់តឿនពួកគេថា «អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំ» (យ៉ូហាន ៥:៣៩)។ បន្ទាប់ពីព្រះអង្គបានសុគត និងមានព្រះជន្មរស់ឡើងវិញ នៅពេលដែលព្រះអង្គបានជួបសិស្សដែលកំពុងបាក់ទឹកចិត្ត នៅតាមផ្លូវទៅភូមិអេម៉ុស ព្រះអង្គក៏បាន «ស្រាយន័យសេចក្តីដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក» (លូកា ២៤:២៧)។
អាចនិយាយបានម្យ៉ាងទៀតថា ព្រះយេស៊ូវពិតជាបានបង្រៀនថា ផ្នែកនីមួយៗនៃព្រះគម្ពីរសញ្ញាចាស់ គឺបានផ្ដោតទៅលើ និងសម្រេចក្នុងព្រះអង្គ។
ពេលណាអ្នកអានខគម្ពីរ អ្នកកំពុងតែជួបព្រះយេស៊ូវ ព្រោះបទគម្ពីរនីមួយៗធ្វើបន្ទាល់ពីព្រះអង្គ។ ការសិក្សា និងការយល់ដឹងរបស់យើងអំពីបទគម្ពីរសញ្ញាចាស់ អាចផ្តល់ឲ្យយើងនូវសេចក្តីពិតដ៏ល្អ សំខាន់ និងក្រមសីលធម៌អំពីជីវិត ប៉ុន្តែការខកខានមិនបានស្គាល់សេចក្តីពិត អំពីព្រះយេស៊ូវ ពិតជាគ្រោះថ្នាក់ណាស់។ គោលបំណងនៃទំព័រនីមួយៗក្នុងព្រះគម្ពីរ គឺដើម្បីឲ្យអ្នកជួបជាមួយព្រះយេស៊ូវ ស្គាល់ព្រះអង្គ ហើយប្រកាសព្រះនាមដ៏ធំប្រសើររបស់ព្រះអង្គ គឺគ្រប់យ៉ាងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។
ក្នុងការអធិប្បាយទាំងអស់ដែលអ្នកបានស្តាប់ មេរៀននីមួយៗដែលអ្នកបានរៀន និងខគម្ពីរនីមួយៗ ដែលអ្នកបានអាន ចូរសួរខ្លួនឯងថា «តើការបង្រៀននេះនាំខ្ញុំទៅរកព្រះគ្រីស្ទទេ? តើខ្ញុំរកឃើញព្រះយេស៊ូវក្នុងការបង្រៀននេះទេ?» ហើយចូរកុំទាន់ឈប់ស្តាប់ សិក្សា និងអានឡើយ ទាល់តែអ្នកអាចឆ្លើយថា បាទ ព្រោះមានតែក្នុងព្រះអង្គប៉ុណ្ណោះ ដែលយើងអាចរកឃើញកំណប់ទ្រព្យនៃសេចក្តីសង្គ្រោះ សេចក្តីពិត ប្រាជ្ញា និងការកម្សាន្តចិត្ត។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១១៩:១៧-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៥-៧ និង១កូរិនថូស ៣