ព្រឹក

បញ្ជីឈ្មោះដែលជារឿងស្លាប់រស់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយTim Gustafson
March 7, 2025
ជនគណនា ២៦:១-៤,២០-២២
សត្រូវរាប់ឯងរាល់គ្នា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ហើយនឹងកូនចៅអ៊ីស្រាអែល នៅគ្រាដែលបានចេញពីស្រុកអេស៊ីព្ទមកនោះដែរ។ ជនគណនា ២៦:៤
លោកអ៊ីតហ្សាក ស្ទើន(Itzhak Stern) បានអង្គុយវាយអង្គុលីលេខទាំងយប់ ដើម្បីធ្វើបញ្ជីឈ្មោះមនុស្ស មានចំនួនសរុប១០៨៩នាក់។ អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះនោះ គឺជាជនជាតិជ្វីប(ឬយូដា) ដែលបានទទួលការការពារពីលោកអូស្កា ស្គីនដ៍ល័រ(Oskar Schindler) ជាម្ចាស់រោងចក្រ ឲ្យរួចផុតពីពួកណាហ្ស៊ីអ៊ីត្លែ។ គាត់ក៏បានកាន់បញ្ជីឈ្មោះនោះយ៉ាងណែន ដោយប្រកាសថា បញ្ជីឈ្មោះនោះពិតជាមានតម្លៃខ្លាំងណាស់ ដោយវាបានជួយស្រោចស្រង់ជីវិតមនុស្សជាច្រើន។ មនុស្សដែលមានឈ្មោះក្នុងបញ្ជីឈ្មោះនោះ ក៏បានរួចផុតពីសេចក្តីស្លាប់ ក្នុងអំពើប្រល័យពូជសាសន៍របស់ពួកណាហ្ស៊ីអ៊ីត្លែ។ នៅឆ្នាំ២០១២ គេបានប៉ាន់ប្រមាណថា កូនចៅជំនាន់ក្រោយរបស់អ្នកដែលបានរួចជីវិតនោះ គឺមានចំនួន៨៥០០នាក់។
ព្រះគម្ពីរប៊ីបផ្ទុកទៅដោយបញ្ជីឈ្មោះជាច្រើន។ យើងច្រើនតែមើលរំលងបញ្ជីឈ្មោះទាំងនោះ ព្រោះមានឈ្មោះច្រើនពេក និងឈ្មោះដដែលៗដែលយើងមិនចង់អាន។ យើងប្រហែលជាធ្លាប់និយាយថា យើងមានការធុញទ្រាន់ចំពោះ ខគម្ពីរទាំងនោះទៀតផង។ ឧទាហរណ៍ បទគម្ពីរជនគណនា ២៦:២០ បានរៀបរាប់បញ្ជីឈ្មោះយ៉ាងដូចនេះថា “ពួកកូនចៅយូដាតាមគ្រួគេ គឺសេឡា១ ជាអ្នកដែលបង្កើតគ្រួសេឡា ពេរេស១ ជាអ្នកដែលបង្កើតគ្រួពេរេស សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស”(ជនគណនា ២៦:២០)។ តើមាននរណាខ្លះខ្វល់អំពីបញ្ជីឈ្មោះនេះ?
ព្រះទ្រង់យកព្រះទ័យទុកដាក់! ខ.៤ បានចែងថា ពួកគេគឺជាអ្នកដែលបានចេញពីទឹកដីអេស៊ីព្ទមក គឺដូចដែលគេបានកត់ត្រាក្នុងប្រវត្តិសាស្រ្ត(ខ.៤)។ មិនយូរប៉ុន្មានពួកបណ្តាជនក៏បានចូលទៅតាំងទីលំនៅ ក្នុងទឹកដីដែលព្រះអង្គសន្យាប្រទានឲ្យពួកគេ។ ហើយថ្ងៃមួយ ព្រះមែស៊ីក៏បានចាប់កំណើតក្នុងពូជអំបូរយូដានោះ។ បញ្ជីឈ្មោះនេះគឺជារឿងស្លាប់រស់ មិនគ្រាន់តែសម្រាប់ជនជាតិយូដា តែក៏សម្រាប់អស់អ្នកដែលជឿព្រះយេស៊ូវផងដែរ។
យើងអាចដឹងអំពីបញ្ជីឈ្មោះរបស់លោកអូស្កា ស្គីនដ៍ល័រ តាមរយៈខ្សែភាពយន្តមានចំណងជើងថា បញ្ជីឈ្មោះរបស់លោកស្គីនដ៍ល័រ និងកំណត់ត្រាប្រវត្តិសាស្រ្ត។ យើងក៏អាចដឹងអំពីសេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះ តាមរយៈរឿងដែលបានកត់ទុកក្នុងព្រះគម្ពីរប៊ីបផងដែរ។ ពេលណាយើងអានព្រះគម្ពីរប៊ីប សូមព្រះវិញ្ញាណព្រះអង្គបង្ហាញឲ្យយើងស្គាល់តម្លៃនៃបញ្ជីឈ្មោះទាំងឡាយ ក្នុងព្រះគម្ពីរប៊ីប។ បញ្ជីឈ្មោះទាំងនោះក៏មានន័យសម្រាប់យើងផងដែរ។—Tim Gustafson
តើព្រះគម្ពីរប៊ីបមានផ្នែកណាដែលគួរឲ្យធុញទ្រាន់បំផុតសម្រាប់អ្នក? តើធ្វើដូចម្តេចឲ្យអ្នកមានចិត្តចង់អានផ្នែកទាំងនោះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យអានព្រះគម្ពីរប៊ីប ដោយប្រុងប្រយ័ត្ន ដោយគ្មានការធុញទ្រាន់។
សូមព្រះវិញ្ញាណព្រះអង្គដឹកនាំទូលបង្គំ ឲ្យមើលឃើញតម្លៃនៃខគម្ពីរនីមួយៗ។
Visit ODBU.org/SF106 to gain the tools necessary to study the Bible.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៥-៧ និង ម៉ាកុស ១១:១-១៨
ប្រភេទ
ល្ងាច

ក្តីសង្ឃឹមរបស់លោក អ័ប្រាហាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 7, 2025
«លោកក៏មិនបានសង្ស័យ ចំពោះសេចក្តីសន្យារបស់ព្រះដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើងទាំងសរសើរតម្កើងដល់ព្រះវិញ» (រ៉ូម ៤:២០)។
មុនពេលលោក អ័ប្រាហាំមានកូន ព្រះអង្គបានសន្យាថា កូនចៅជំនាន់ក្រោយរបស់គាត់ នឹងមានគ្នាច្រើនសន្ធឹក។ ជាច្រើនឆ្នាំក្រោយមក លោក អ័ប្រាហាំ និងនាង សារ៉ា មានអារម្មណ៍ថា ពួកគេហាក់ដូចជាមិនអាចមានកូនឡើយ។ ព្រះបន្ទូលសន្យាហាក់ដូចជាមិនអាចសម្រេចបានទេ ដូចនេះ អ្នកទាំងពីរក៏បានសម្រេចចិត្តធ្វើអ្វីៗដោយចិត្តឯង។ នាង សារ៉ា ក៏បានប្រគល់នាងហាការជាអ្នកបម្រើ ឲ្យទៅលោក អ័ប្រាហាំ ដើម្បីបង្កើតកូនឲ្យគាត់។ ហើយ ហាការ បង្កើតបានកូនប្រុសម្នាក់ឈ្មោះ អ៊ីសម៉ាអែល។ តែព្រះទ្រង់បានបញ្ជាក់ច្បាស់ថា កូនចៅជំនាន់ក្រោយដែលព្រះអង្គសន្យាប្រទានដល់គាត់ មិនមែនកើតចេញពីខ្សែលោហិតរបស់ អ៊ីសម៉ាអែល ទេ។ ព្រះទ្រង់កំពុងបង្ហាញលោក អ័ប្រាហាំ និងនាង សារ៉ា ថា មានតែព្រះអង្គទេដែលអាចធ្វើឲ្យព្រះបន្ទូលសន្យាបានសម្រេច។ អ្វីដែលលោក អ័ប្រាហាំ ត្រូវធ្វើគឺត្រូវទុកចិត្ត ព្រះបន្ទូលសន្យាដែលជួបការលំបាកដ៏លើសលប់ បានជាមានតែព្រះដ៏មានគ្រប់ព្រះចេស្ដាទេដែលអាចសម្រេចបាន។
ជាច្រើនឆ្នាំក្រោយមក នាងសារ៉ានៅតែមិនមានកូន។ ព្រះទ្រង់ក៏បានយាងមកជួបលោក អ័ប្រាហាំ ម្តងទៀត ដោយធានាគាត់ជាថ្មីថា ទោះនាងមានវ័យចាស់យ៉ាងណា ក៏នាងនឹងនៅតែមានកូនប្រុសមួយ។ ទីបំផុត នាងក៏មានកូនម្នាក់ ក្នុងវ័យ៩០ឆ្នាំ។ កូនប្រុសនោះឈ្មោះ អ៊ីសាក ដែលមានន័យថា «គាត់សើច»។ លោក អ័ប្រាហាំ ដែលធ្លាប់សើចដោយការហួសចិត្ត ចំពោះការមានកូនក្នុងវ័យចាស់ខ្លាំង (លោកុប្បត្ដិ ១៧:១៧) ក៏បានប្រែជាមានការស្ញប់ស្ញែងជាពន់ពេកចំពោះការសម្រេចព្រះបន្ទូលសន្យានេះ។
ព្រះទ្រង់តែងតែធ្វើតាមព្រះបន្ទូលសន្យា។ ស្ត្រីវ័យ៩០ឆ្នាំមិនអាចមានកូនបាន ប៉ុន្តែព្រះអង្គអាចធ្វើឲ្យរឿងនេះកើតឡើងបាន។ ព្រះបន្ទូលសន្យាថានឹងប្រទានកូនស្នងមរតកចំពោះប្ដីប្រពន្ធមានវ័យចាស់នេះ គឺបានចង្អុលបង្ហាញយើងអំពីអំណោយនៃជីវិតដែលកើតពីការអស្ចារ្យ។ បើគ្មានការអន្តរាគមន៍ពីព្រះអង្គទេ ពួកគេមិនអាចមានកូនជំនាន់ក្រោយទេ។ ស្រដៀងគ្នានេះដែរ បើគ្មានព្រះអង្គធ្វើអន្តរាគមន៍ទេ នោះជីវិតក៏គ្មានការអស្ចារ្យដែរ។ តែដោយសារព្រះចេស្ដាព្រះអង្គ ជីវិតអាចកើតមាន គឺជីវិតពិត! តាំងពីដើមមក ព្រះអង្គបានបង្រៀនរាស្ត្រព្រះអង្គថា ការអស្ចារ្យត្រូវតែកើតមាន ដើម្បីឲ្យដំណឹងល្អបានចាក់ឫសក្នុងជីវិតនរណាម្នាក់។
ព្រះទ្រង់រក្សាព្រះបន្ទូលសន្យា។ ហើយព្រះអង្គមានព្រះបន្ទូលសន្យាជាច្រើន សម្រាប់រាស្ត្រព្រះអង្គ ដែលសុទ្ធតែអស្ចារ្យ ហើយសុទ្ធតែសម្រេចនៅក្នុងព្រះគ្រីស្ទ (២កូរិនថូស ១:២០)។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវរៀនទុកចិត្តព្រះបន្ទូលសន្យាដូចលោក អ័ប្រាហាំ ផងដែរ ទោះព្រះបន្ទូលសន្យាហាក់ដូចជានៅឆ្ងាយ ឬហាក់ដូចជាមិនអាចទៅរួចក៏ដោយ។ សរុបមក ព្រះបន្ទូលសន្យាដែលជួបការលំបាកដ៏លើសលប់តម្រូវឲ្យមានការសម្រេច ដោយព្រះមានគ្រប់ព្រះចេស្ដា ជាព្រះវរបិតារបស់យើង។
តើមាននរណាខ្លះដែលអ្នកបានស្គាល់ ដែលត្រូវការឲ្យអ្នករម្លឹកថា ព្រះអម្ចាស់តែងតែរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គ? និយាយដោយស្មោះត្រង់ទៅ យើងរាល់គ្នាសុទ្ធតែត្រូវការការរម្លឹកនេះ។ ចូរទុកចិត្តលើព្រះអម្ចាស់តែមួយអង្គគត់តាមគំរូលោក អ័ប្រាហាំ។ ព្រះអង្គអាចរក្សាព្រះបន្ទូលសន្យា ដែលសម្រេចបាន ដោយសារតែព្រះចេស្ដាព្រះអង្គប៉ុណ្ណោះ។ តែអ្នកដឹងស្រាប់ហើយថា ព្រះទ្រង់ធ្វើការអស្ចារ្យ ហើយព្រះអង្គប្រើព្រះចេស្ដា ដើម្បីដាក់ផ្កាយនៅលើមេឃ និងទ្រទ្រង់ពិភពលោក ដើម្បីដាស់ចិត្តអ្នក នាំឲ្យអ្នកមានជំនឿ និងប្រទាននូវជីវិតអស់កល្បជានិច្ច។
ព្រះគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ១៥:១-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៨-១០ និង១កូរិនថូស ៤