ព្រឹក

ធ្វើការរួមគ្នាថ្វាយព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយNancy Gavilanes
March 9, 2025
នេហេមា ៤:១-៩
ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។ នេហេមា ៤:៦
ក្នុងអំឡុងពេលនៃការធ្វើដំណើរទៅប្រទេសប្រេស៊ីល ជាមួយក្រុមបេសកកម្មរយៈពេលខ្លី យើងបានជួយសាងសង់ព្រះវិហារមួយខ្នង ក្នុងតំបន់ព្រៃអាម៉ាហ្សូន។ នៅលើគ្រឹះដែលគេបានសាងសង់ស្រាប់ យើងបានដំឡើងផ្នែកផ្សេងៗនៃសំណង់ព្រះវិហារចូលគ្នា ដែលមានដូចជាសសរ ជញ្ជាំងបេតុង បង្អួច មេដំបូល និងក្បឿងសម្រាប់ប្រក់ដំបូង។ បន្ទាប់មក យើងក៏បានលាបថ្នាំពីលើជញ្ជាំងព្រះវិហារ។
អ្នកខ្លះមានការព្រួយបារម្ភ ព្រោះពួកគេឆ្ងល់ថា តើយើងអាចសាងសង់ព្រះវិហារ ក្នុងរដូវភ្លៀងដោយរបៀបណា។ ប៉ុន្តែ ដោយព្រះគុណព្រះ នៅពេលនោះ មិនមានភ្លៀងធ្លាក់ខ្លាំងទេ។ ដោយជំនួយពីប្រជាជនពីរបីនាក់ក្នុងតំបន់ ហើយទោះមានឧបសគ្គយ៉ាងណាក៏ដោយ យើងសាងសង់ព្រះវិហារហើយ ក្នុងរយៈពេលដ៏ខ្លី។
កាលហោរានេហេមា និងពួកអ៊ីស្រាអែលវិលត្រឡប់ពីការនិរទេស ដើម្បីសាងសង់កំផែងទីក្រុងយេរូសាឡិមឡើងវិញ ពួកគេបានជួបឧបសគ្គជាច្រើន។ ពួកខ្មាំងសត្រូវក៏បានដឹងអំពីកិច្ចការដែលពួកគេកំពុងធ្វើ ហើយក៏មានការខឹងសម្បារ ព្រមទាំងចំអកឲ្យពួកគេ(នេហេមា ៤:១-៣)។ ប៉ុន្តែ លោកនេហេមាក៏បានអធិស្ឋាន ហើយពួកបណ្តាជនក៏បានស៊ូទ្រាំជាមួយគ្នា។ គឺដូចដែលគាត់មានប្រសាសន៍ថា “យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍”(ខ.៦)។ នៅពេលដែលសត្រូវរបស់ពួកគេបានគំរាមកំហែងថា នឹងធ្វើការវាយប្រហារ ពួកអ៊ីស្រាអែលក៏បានអធិស្ឋាន ហើយបង្កើនការប្រុងប្រយ័ត្ន ខណៈពេលដែលពួកគេកំពុងធ្វើការ(ខ.៧-២៣)។ ពួកគេក៏បានសាងសង់កំផែងហើយ ក្នុងរយៈពេល៥២ថ្ងៃប៉ុណ្ណោះ។
ជួនកាល យើងប្រឈមមុខដាក់កិច្ចការដ៏ពិបាក។ យើងជួបឧបសគ្គជាច្រើន ហើយយើងដែលជាបងប្អូនក្នុងព្រះគ្រីស្ទអាចបាក់ទឹកចិត្ត និងអស់សង្ឃឹម។ ប៉ុន្តែ ពេលបែបនេះអាចជាពេលដែលមានជ័យជម្នះ ដោយជំនួយមកពីព្រះ។ ចូរទុកចិត្តថា ព្រះអង្គនឹងបញ្ឈប់ព្យុះភ្លៀង ហើយមើលទៅព្រះអង្គ ដើម្បីឲ្យយើងអាចមានជ័យជម្នះ។—Nancy Gavilanes
ហេតុអ្វីយើងពិបាករស់នៅ ដោយការរួបរួម? តើអ្នកអាចធ្វើការរួមគ្នាជាមួយអ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យស្វែងរកការរួបរួម ជាមួយអ្នកជឿដទៃទៀត ដែលសម្រេចកិច្ចការថ្វាយព្រះអង្គ។
For further study, read Missing the Mission: Disciples in an Age of Abundance at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១១-១៣ និង ម៉ាកុស ១២:១-២៧
ប្រភេទ
ល្ងាច

ការកុហកអំពីភាពឯកោ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 9, 2025
«ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា» (ទំនុកតម្កើង ១៣:១)។
មនុស្សចូលចិត្តនិយាយថា ពេលវេលាកន្លងផុតទៅលឿនណាស់ ពេលដែលយើងកំពុងសប្បាយចិត្ត។ ប៉ុន្តែ នៅពេលដែលជីវិតជួបការលំបាក ពេលវេលាហាក់ដូចជាមានដំណើរទៅមុខយឺតៗ។ យើងក៏បានគិតថា «ខ្ញុំមិនដឹងថា ខ្ញុំអាចឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះឬអត់ទេ។ ហើយខ្ញុំក៏មិនដឹងថា ខ្ញុំអាចស៊ូទ្រាំបានឬអត់ទេ»។ ក្នុងបទគម្ពីរទំនុកតម្កើងជំពូក១៣ ស្ដេច ដាវីឌ បានចោទសួរជាញឹកញាប់ថា «តើដល់ពេលណា? តើដល់កាលណាទៀត»? ក្នុងបទគម្ពីរនេះ ស្ដេច ដាវីឌ មិនបានពិពណ៌នា អំពីបញ្ហារបស់ទ្រង់ជាលម្អិតទេ ប៉ុន្តែទ្រង់ពិតជាមានអារម្មណ៍ថា ព្រះអម្ចាស់បានភ្លេច និងបោះបង់ចោលទ្រង់ហើយ។ នេះជាអារម្មណ៍ដែលយើងរាល់គ្នាសុទ្ធតែធ្លាប់មាន។ គឺនៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ឬនៅពេលដែលយើងដើរកាត់ជ្រលងនៃសេចក្តីទុក្ខតែម្នាក់ឯង។
ការរស់នៅដោយមិនមានទំនាក់ទំនងជាមួយអ្នកដទៃអាចធ្វើឲ្យយើងជួបការលំបាក។ ប៉ុន្តែ ក្នុងបទគម្ពីរនេះ ស្ដេចដាវីឌកំពុងមានបន្ទូលអំពីរឿងដែលសំខាន់ជាងនេះទៀត គឺការមានអារម្មណ៍ថា ដាច់ចេញពីព្រះ។
នេះជាអារម្មណ៍ដែលកើតមានចំពោះរាស្ត្ររបស់ព្រះអង្គជាច្រើននាក់ ក្នុងព្រះគម្ពីរប៊ីបទាំងមូល។ ក្នុងកណ្ឌគម្ពីរអេសាយ រាស្ត្ររបស់ព្រះដែលបាននិរទេសបានស្រែកឡើងថា ព្រះអម្ចាស់បានបោះបង់ពួកគេ ព្រះអង្គបានភ្លេចពួកគេហើយ (អេសាយ ៤៩:១៤)។ នៅពេលខ្លះ អ្នកដើរតាម និងអ្នកបម្រើពិតប្រាកដរបស់ព្រះយេស៊ូវក៏បានមានអារម្មណ៍ចង់និយាយថា ព្រះអម្ចាស់ពិតជាបានភ្លេចយើង។ បើព្រះអង្គមិនបានភ្លេចយើង បើព្រះអង្គនៅតែគង់នៅជាមួយយើង ហេតុអ្វីយើងជួបរឿងនេះ? បើព្រះអង្គពិតជាមើលថែយើង ពិតណាស់ យើងមិនចាំបាច់ត្រូវរងទ្រាំការលំបាកទាំងអស់នេះទេ។
ប៉ុន្តែ ក្នុងពេលដែលស្ដេច ដាវីឌ ធ្លាក់ទឹកចិត្ត យើងឃើញថា ការយល់ឃើញរបស់ទ្រង់ (មានលក្ខណៈដូចយើងជាញឹកញាប់ដែរ) មិនបានឆ្លុះបញ្ចាំងការពិតនោះទេ។ ហើយទ្រង់ក៏មានភាពពេញវ័យខាងឯវិញ្ញាណ និងការបន្ទាបខ្លួនដែលអាចឲ្យទ្រង់ទទួលស្គាល់ថា អារម្មណ៍របស់ទ្រង់មិនសមស្របនឹងសេចក្តីពិតដែលទ្រង់បានស្គាល់នោះទេ។ ហេតុនេះហើយ ទ្រង់បានរម្លឹកខ្លួនឯងអំពីសេចក្តីស្រឡាញ់មិនចេះប្រែប្រួល សេចក្តីសង្គ្រោះ និងសេចក្តីសប្បុរសរបស់ព្រះអម្ចាស់ ហើយបានប្ដេជ្ញាចិត្តថា នឹងអរសប្បាយក្នុងសេចក្តីទាំងនោះ ខណៈពេលដែលទ្រង់ជួបការលំបាក និងរងទុក្ខ (ទំនុកតម្កើង ១៣:៥-៦)។
នេះជាភាពតានតឹង ដែលមានពេញដោយក្តីសង្ឃឹមក្នុងជីវិតគ្រីស្ទបរិស័ទ។ ខណៈពេលដែលយើងរម្លឹកខ្លួនឯងថា ព្រះទ្រង់មិនបានឈប់ស្រឡាញ់យើង មិនបានឈប់រំដោះយើង មិនបានឈប់ធ្វើការក្នុងយើងទេ យើងនៅតែទូលសួរថា «តើដល់ពេលណាទៀតព្រះអម្ចាស់អើយ? តើព្រះអង្គគង់នៅទីណា?»
ចូរយើងឈប់ជឿការកុហកថា ព្រះអង្គបានបោះបង់ចោលយើងដែលអារម្មណ៍របស់យើងកំពុងដឹកនាំយើង។ ចូរទុកចិត្តលើការឆ្លើយតបដ៏កម្សាន្តចិត្តរបស់ព្រះអង្គ ទោះកាន់រាស្ត្រដែលភ្លេចភ្លាំងថា «ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ។ មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច» (អេសាយ ៤៩:១៥-១៦)។ ការយកព្រះទ័យទុកដាក់របស់ព្រះអង្គ ចំពោះកូនព្រះអង្គគឺប្រៀបដូចជាព្រះអាទិត្យដែលមិនផ្លាស់ប្ដូរ។ ទោះមានពពកបាំងយ៉ាងណាក៏ព្រះអាទិត្យនៅតែរះ។
តើអ្នកនឹងទុកចិត្តលើភាពមិនប្រែប្រួលរបស់ព្រះអង្គនៅថ្ងៃនេះទេ? ពេលណាអ្នកមានអារម្មណ៍ថា ព្រះអង្គបានបោះបង់ចោលអ្នក ចូរដឹងថា ព្រះអង្គទតមើលទៅព្រះហស្តព្រះអង្គ ដែលមានឆ្លាក់ឈ្មោះកូនរបស់ព្រះអង្គទាំងអស់ ហើយព្រះអង្គមានបន្ទូលថា ព្រះអង្គទតឃើញយើងហើយ គឺមិនបានភ្លេចយើងទេ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ១៤-១៦ និង១កូរិនថូស ៦