ព្រឹក

មរតកនៃសេចក្តីសង្គ្រោះរបស់ព្រះ
ដោយMatt Lucas
March 10, 2025
កាឡាទី ៤:១-៧
កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ។ កាឡាទី ៤:១
កាលឪពុកម្តាយរបស់អាប៊ីហ្គេល(Abigail) បានបាត់បង់ជីវិតយ៉ាងសោកសៅ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គាត់បានទទួលមរតកជាអចលនទ្រព្យជាច្រើន។ នាងក៏បានដឹងផងដែរថា ឪពុកម្តាយរបស់នាងបានរៀបចំឲ្យមានគេគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់នោះជំនួសនាង ជាបណ្ដោះអាសន្ន។ នៅពេលនោះ នាងគ្រាន់តែអាចទទួលបានលុយល្មមនឹងអាចបង់ថ្លៃការសិក្សានៅមហាវិទ្យាល័យប៉ុណ្ណោះ។ ទ្រព្យសម្បត្តិផ្សេងទៀតនឹងស្ថិតក្រោមការគ្រប់គ្រងរបស់នាង នៅពេលដែលនាងមានអាយុច្រើនជាងនេះ។ អាប៊ីហ្គេលមានអារម្មណ៍នឿយណាយយ៉ាងខ្លាំង តែក្រោយមក នាងក៏បានដឹងថា ឪពុកម្តាយរបស់នាងបានធ្វើការរៀបចំប្រកបដោយប្រាជ្ញា នៅក្នុងការធ្វើផែនការផ្ទេរមរតកឲ្យនាង។
ក្នុងបទគម្ពីរកាឡាទី ជំពូក៤ សាវ័កប៉ុលបានលើកយកឧទាហរណ៍ស្រដៀងនេះផងដែរ ដើម្បីពន្យល់អំពីស្ថានភាពរបស់ជនជាតិអ៊ីស្រាអែល ដែលជាអ្នកស្នងមរតកនៃសេចក្តីសញ្ញាដែលព្រះបានតាំងជាមួយលោកអ័ប្រាហាំ។ ព្រះអម្ចាស់បានតាំងសញ្ញាជាមួយលោកអ័ប្រាហាំ ដើម្បីប្រទានពរគាត់ ហើយការកាត់ស្បែកគឺជាទីសំគាល់នៃសេចក្តីសន្យានេះ(មើលលោកុប្បត្តិ ១៧:១-១៤)។ ទោះជាយ៉ាងណាក៏ដោយ ទីសំគាល់នេះមិនមែនជាសេចក្តីសន្យាទេ។ កូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំត្រូវរង់ចាំកូនចៅជំនាន់ក្រោយរបស់គាត់ ដែលនឹងសម្រេចព្រះបន្ទូលសន្យានេះ។ អ៊ីសាកក៏បានចាប់កំណើត ហើយក៏បានចង្អុលបង្ហាញទៅរកកំណើតរបស់ព្រះរាជបុត្រានៃព្រះ ដែលនឹងប្រោសលោះរាស្រ្តរបស់ព្រះ(កាឡាទី ៥:៤-៥)។
ប្រជាជនអ៊ីស្រាអែល គឺមិនខុសពីអាប៊ីហ្គេលទេ។ ពួកគេក៏ត្រូវរង់ចាំរហូតដល់ពេល ដែលព្រះវរបិតាបានកំណត់(ខ.២)។ ទាល់តែដល់ពេលនោះ ទើបពួកគេអាចទទួលមរតកយ៉ាងពេញលេញ។ មរតកដែលពួកគេបានទន្ទឹងរង់ចាំនោះ នឹងមកដល់នៅពេលដែលព្រះយេស៊ូវសុគត ព្រះសពទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ហើយអស់អ្នកដែលទទួលជឿព្រះគ្រីស្ទ មិនមែនជាទាសករនៃអំពើបាបទៀតទេ តែជាកូនព្រះ(ខ.៧)។ ព្រះអង្គបានតាំងសេចក្តីសញ្ញាថ្មីជាមួយយើងហើយ។ យើងមានផ្លូវចូលទៅរកព្រះ! យើងអាចហៅព្រះអង្គថា “អ័ប្បា ព្រះវរបិតា”(ខ.៦)។—Matt Lucas
បើអ្នកប្រកាសថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ នោះអ្នកមិនមែនជាទាសកររបស់បាបទៀតទេ តែជាកូនព្រះ?
តើការស្គាល់ព្រះអង្គជាព្រះវរបិតា មានន័យយ៉ាងណាចំពោះអ្នក?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការចាត់ព្រះរាជបុត្រាព្រះអង្គ
ឲ្យមកដោះស្រាយបញ្ហានៃអំពើបាបរបស់លោកិយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១៤-១៦ និង ម៉ាកុស ១២:២៨-៤៤
ប្រភេទ
ល្ងាច
ស្កប់ចិត្ត នឹងផែនការព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 10, 2025
«ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ?» (១កូរិនថូស ៤:៧)។
ការច្រណែនមានឈ្មោះផ្សេងៗគ្នាជាច្រើនដែលយើងបានដាក់ឲ្យ ហើយក៏បានលួចប្រើវា តាមរបៀបជាច្រើន ប៉ុន្តែជាញឹកញាប់ វាស្ថិតក្នុងចំណោមអំពើបាបដែលគ្រីស្ទានបាន «ទ្រាំទ្រ»។ អ្នកមិនទំនងជារកឃើញវា ក្នុងបញ្ជីនៃអំពើបាបធំជាងគេទាំង១០ ដែលគ្រូគង្វាលបានដាស់តឿនពួកជំនុំឲ្យមានការប្រុងប្រយ័ត្ន ឬបានលើកយកមកនិយាយ ជាញឹកញាប់ នៅពេលដែលអ្នកជឿចែកចាយអំពីទុក្ខលំបាក ដល់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ វាស្ថិតក្នុងបញ្ជីរបស់ព្រះអង្គ ហើយព្រះគម្ពីរបានលើកយកវាមកនិយាយជាញឹកញាប់។ តាមពិត ការច្រណែនស្ថិតក្នុងចំណោមបាបស្មោកគ្រោកបំផុតដែលកណ្ឌគម្ពីរសំបុត្រក្នុងគម្ពីរសញ្ញាថ្មី បានលើកយកមកនិយាយ ព្រោះយើងត្រូវមានការប្រុងប្រយ័ត្នចំពោះវា (ឧទាហរណ៍៖ រ៉ូម ១៣:១៣)។
ចាប់តាំងពីពេលដែលសាវ័ក ប៉ុល សរសេរសំបុត្រផ្ញើពួកជំនុំនៅទីក្រុងកូរិនថូស ពួកជំនុំជាទូទៅនៅតែជួបភាពរញ៉េរញ៉ៃ និងការបែកបាក់បណ្ដាលមកពីការច្រណែន ហើយការច្រណែនមានគ្រោះថ្នាក់ នៅត្រង់ថា វាអាចធ្វើឲ្យយើងសង្ស័យថា ព្រះទ្រង់មិនចេះចែកអំណោយឲ្យបានស្មើភាព។
សាវ័ក ប៉ុល ក៏បានប្រាប់ពួកជំនុំដែលបែកបាក់ និងមានការច្រណែនគ្នាថា អ្វីៗដែលពួកគេមានគឺបានទទួលមកពីព្រះអាទិករនៃចក្រវាលដែលជាអ្នកប្រទានអំណោយ ព្រះអង្គមិនដែលប្រទានអំណោយខុសឡើយ។
ដូចនេះ ហេតុអ្វីពួកគេក៏ដូចជាពួកយើងដើរពើងទ្រូង ធ្វើមើលតែយើងអាចគ្រប់គ្រងការបង្កើតរបស់ព្រះ បានល្អជាងព្រះអង្គ? តើយើងជាអ្នកកំណត់កម្ពស់ ល្បឿន និងសមត្ថភាពរបស់យើងឬ? តើនរណាធ្វើឲ្យយើងមានលក្ខណៈពិសេស? គឺព្រះ! ព្រះទ្រង់បានរៀបចំ DNA របស់យើង។ កាលៈទេសៈរបស់យើងកើតមានតាមផែនការព្រះអង្គ ហើយព្រះអង្គមិនដែលមានកំហុសឡើយ។ ការច្រណែនគឺជាបាប ព្រោះវាជាការយល់ឃើញថា ព្រះទ្រង់មិនល្អ ឬមិនជ្រាបថា មានអ្វីខ្លះល្អសម្រាប់យើង។ ការច្រណែន គឺមិនខុសពីការថ្វាយបង្គំរូបព្រះទេ។
ពេលណាយើងផ្លុំខ្លុយនៅក្នុងការប្រគំតន្ត្រីនៃជីវិត យើងប្រហែលមើលទៅអ្នកផ្លុំត្រែធំអង្គុយមុខយើងពីរជួរ ដែលមានសម្លេងឮខ្លាំង សម្លេងខ្ពស់ ហើយយើងចង់និយាយប្រាប់ខ្លួនឯងថា «គ្មាននរណាអាចស្តាប់សម្លេងខ្លុយខ្ញុំឮទេ។ ខ្ញុំផ្លុំមិនសូវពីរោះទេ»។ នៅពេលនោះ យើងមានចិត្តជូរល្វីង ចំពោះកន្លែងរបស់យើង និងច្រណែនអ្នកលេងត្រែធំ។ ប៉ុន្តែ យើងជាអ្នកផ្លុំខ្លុយឲ្យមានសម្លេង ក្នុងការប្រគំ ដោយមានមូលហេតុច្បាស់លាស់។ វាជាឧបករណ៍សម្រាប់ឲ្យយើងផ្លុំ ដូចនេះ ចូរយើងផ្លុំដោយអំណរ ឲ្យបានពីរោះចុះ។
នៅក្នុងការព្យាយាមប្រើអំណោយទានដែលព្រះបានប្រទាន ហេតុអ្វីយើងច្រណែនគ្នា? ហេតុអ្វីយើងបណ្តោយឲ្យការមិនស្កប់ចិត្តឆក់យកក្តីអំណរដែលព្រះអង្គបានប្រទានមកយើង ដោយឥតគិតថ្លៃ? ហេតុអ្វីបានជាយើងផ្ដោតទៅលើការអ្វីដែលព្រះអង្គធ្វើសម្រាប់នរណាម្នាក់ ហើយមើលមិនឃើញការអ្វីដែលព្រះអង្គធ្វើសម្រាប់យើង ដែលយ៉ាងហោចណាស់ យើងគួរតែនឹកចាំអំពីការប្រទានព្រះពរអស់កល្ប ឲ្យយើងបាននៅក្នុងព្រះវត្តមានព្រះអង្គ? នេះជាសេចក្តីពិតដែលយើងម្នាក់ៗចាំបាច់ត្រូវរម្លឹកខ្លួនឯងថា «ព្រះទ្រង់បានប្រទានខ្ញុំ នូវអ្វីដែលខ្ញុំត្រូវការ ព្រះអង្គកែប្រែជីវិតខ្ញុំ តាមផែនការព្រះអង្គ។ ហើយអ្វីដែលខ្ញុំមាន និងមិនមាន គឺដើម្បីជាប្រយោជន៍ដល់ខ្ញុំ និងដើម្បីសិរីល្អព្រះអង្គ»។
ចូរកុំបណ្តោយឲ្យការច្រណែនស៊ីបំផ្លាញអ្នកឡើយ។ ផ្ទុយទៅវិញ ចូររស់នៅដោយអំណរ តាមតួនាទី ដែលព្រះអង្គបានប្រទានមកអ្នក។ ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំជាមុនឲ្យយើងរាល់គ្នាប្រព្រឹត្តតាម (អេភេសូរ ២:១០) ។ ចូរយើងមានការស្កប់ចិត្តចំពោះអ្វីដែលយើងមាន នៅថ្ងៃនេះចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ធីម៉ូថេ ៦:៦-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ១៧-១៩ និង១កូរិនថូស ៧:១-១៩