នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្ញប់​ស្ញែង ហើយ​អាន​ព្រះ​គម្ពីរប៊ីប

ស្ញប់​ស្ញែង ហើយ​អាន​ព្រះ​គម្ពីរប៊ីប

ដោយMonica Larose

March 15, 2025

ទំនុក​ដំកើង ១១៩:១៧-៣២

សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ឲ្យ​បាន​ឃើញ​សេចក្តី​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​ទ្រង់​។ ទំនុក​ដំកើង ១១៩:១៨

ផ្ទះ​របស់​ខ្ញុំ​មាន​ធ្នើរ​ដាក់​សៀវភៅ​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​ជា​ច្រើន​។ ចំណុច​ខ្សោយ​របស់​ខ្ញុំ គឺ​ស្រឡាញ់​សៀវភៅ​ស្អាតៗ ជា​ពិសេស​សៀវភៅ​ដែល​មាន​ក្រប​រឹង​ ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខ្ញុំ​បាន​បន្ថែម​សៀវភៅ​កាន់តែ​ច្រើន​ទៀត​។ តែ​គួរ​ឲ្យ​ស្តាយ ដែល​ខ្ញុំ​មិន​មាន​ពេល​វេលា និង​កម្លាំង​គ្រប់​គ្រាន់ ដើម្បី​អាន​សៀវភៅ​ ឲ្យ​ចប់​ទាំង​អស់​។ ហេតុ​នេះ​ហើយ សៀវភៅ​ជា​ច្រើន​នៅតែ​ថ្មី ស្រស់​ស្អាត តែ​មិន​ទាន់​បាន​អាន​។

បើ​យើង​មិន​ប្រយ័ត្ន​ទេ យើង​ក៏​អាច​ប្រព្រឹត្ត​ដូច​នេះ ចំពោះ​ព្រះ​គម្ពីរប៊ីប​របស់​យើង​ផង​ដែរ​។ លោក​ចន អាប់ដៃ(John Updike) ជា​អ្នក​និពន្ធ បាន​មាន​ប្រសាសន៍​ថា សៀវភៅ​អក្សរ​សាស្រ្ត​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក ក៏​អាច​ត្រូវ​បាន​គេ​កោត​ស្ញប់​ស្ញែង និង​ត្រូវ​គេ​ទិញ​ទុក​អាន តែ​មិន​ដែល​បាន​អាន​ដូច​ព្រះ​គម្ពីរប៊ីប​នោះទេ​។ ព្រះ​គម្ពីរប៊ីប​ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​វប្ប​ធម៌​ផ្សេង​ពី​វប្បធម៌​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​ពិបាក​អាន ហើយ​ចង់​ទុក​ព្រះ​គម្ពីរប៊ីប​ចោល នៅ​លើ​ធ្នើរ​សៀវភៅ ឲ្យ​នៅតែ​ស្រស់​ស្អាត គួរ​ឲ្យ​ស្រឡាញ់ តែ​មិន​ដែល​បាន​អាន​។

យើង​មិន​ត្រូវ​ធ្វើ​ដូច​នេះ​ទេ​។ យើង​អាច​យក​គំរូ​តាម​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១១៩ ដោយ​ងាក​ទៅ​រក​ព្រះអម្ចាស់ ដោយ​ទូល​សូម​ព្រះអង្គ “បើក​ភ្នែក​យើង” ឲ្យ​មើល​ឃើញ​សេចក្តី​អស្ចារ្យ ក្នុង​ព្រះ​គម្ពីរប៊ីប(ខ.១៨)។ យើង​អាច​ស្វែងរក​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ដែល​យើង​អាច​ទុកចិត្ត​បាន ដើម្បី​ជួយ​បង្រៀន​យើង ឲ្យ​យល់​អ្វី​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ(កិច្ចការ ៨:៣០)។ ហើយ​អ្នកជឿ​ម្នាក់ៗ​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះគ្រីស្ទ​ដឹកនាំ​ចិត្ត​ ឲ្យ​បាន​ដឹង​ថា គ្រប់​បទ​គម្ពីរ​សុទ្ធ​តែ​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះអង្គ(លូកា ២៤:២៧ យ៉ូហាន ១៤:២៦)។

តាមរយៈ​ព្រះ​គម្ពីរប៊ីប ព្រះអង្គ​អាច​ប្រទាន​កម្លាំង​យើង ក្នុង​ពេល​មាន​ទុក្ខ​ព្រួយ(ទំនុក​ដំកើង ១១៩:២៨) ការពារ​យើង​ឲ្យ​រួចពី​ការ​បោក​បញ្ឆោត(ខ.២៩) ហើយ​ពង្រីក​ការ​យល់​ដឹង​របស់​យើង អំពី​របៀប​រស់នៅ​ដោយ​អំណរ(ខ.៣២,៣៥)។ ព្រះ​គម្ពីរប៊ីប​ជា​អំណោយ​មិន​អាច​កាត់​ថ្លៃ​បាន​។ ចូរ​យើង​ស្ញប់​ស្ញែង ហើយ​អាន​ព្រះ​គម្ពីរ​ប៊ីប​​ ជា​ទៀង​ទាត់ ឲ្យ​បាន​ច្រើន។—Monica La Rose

តើមាន​មធ្យោបាយ​អ្វី​ដែល​ជួយ​ឲ្យ​អ្នកអាន​ព្រះ​គម្ពីរប៊ីប​យល់? តើ​ព្រះអង្គ​បាន​ប្រើ​ព្រះ​គម្ពីរប៊ីប ដើម្បី​កែ​ប្រែ​ជីវិត​យើង​ដូច​ម្តេច​ខ្លះ​។

ឱ​ព្រះ​ប្រកបដោយ​ព្រះគុណ សូម​ព្រះ​អង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​មើល​ទៅ​សេចក្តី​ល្អ​របស់​ព្រះអង្គ
ខណៈ​ពេល​ដែល​ទូល​បង្គំ​អាន​ព្រះ​គម្ពីរប៊ីប ជា​អំណោយ​មិន​អាច​កាត់​ថ្លៃ​បាន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៦-២៧ និង ម៉ាកុស ១៤:២៧-៥៣

ល្ងាច

Devotional illustration

ផែនការ​របស់​ព្រះ​អម្ចាស់ តាំង​ពី​អស់​កល្ប​រៀង​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 15, 2025

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ​ពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់» (អេភេសូរ ១:៣-៤)។

ព្រះ​គម្ពីរ​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ដោយ​ត្រង់​អំពី​មូល​ហេតុ​ដែល​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ដំបូង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប​ក្នុង​សួន​ច្បារ​អេដែន​នោះ​ទេ។ ព្រះ​គម្ពីរ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ហេតុ​ការណ៍​ក្នុង​សួន​ច្បារ​អេដែន​ក៏​ដោយ។

ក្នុង​សំបុត្រ​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ​មាន​ការ​បើក​បង្ហាញ អំពី​ផែន​ការ​ដ៏​អស់​កល្ប​របស់​ព្រះ។ យើង​ឃើញ​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ មុន​ពេល​ពិភព​លោក​ចាប់​កំណើត ហើយ​ព្រះ​អង្គ​ក៏​ជ្រាប​ជា​មុន​ថា មនុស្ស​ដំបូង​នឹង​ធ្លាក់​ចូល​អំពើ​បាប។ មុន​ពេល​ព្រះ​អង្គ​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ា មុន​ពេល​ពួក​គេ​មិន​ស្តាប់​បង្គាប់ ព្រះ​អង្គ​បាន​រៀប​ផែនការ​រួច​ជា​ស្រេច ដើម្បី​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​បាប។

ពេល​ណា​យើង​គិត​អំពី​បេសកកម្ម​សង្គ្រោះ​របស់​ព្រះ​អង្គ ដែល​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង យើង​មិន​គួរ​ចាត់​ទុក​បេសកកម្ម​សង្គ្រោះ​ជា​ការ​បំពេញ​ការ​ខ្វះខាត​ក្នុង​ពេល​មាន​វិបត្តិ​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ដឹង​ថា ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង មាន​នៅ​ក្នុង​គំនិត​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ​​ជាស្រេច​ហើយ ដោយ​ព្រះ​អង្គ​បាន​តាំង​ព្រះ​ទ័យ​តាំង​ពី​អស់​កល្ប​ជានិច្ច​ថា នឹង​ហៅ​មនុស្ស​ទាំង​អស់​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ស្តា​ឡើង​វិញ នូវ​អ្វីៗ​ទាំង​អស់​ដែល​បាន​ខូច​ដោយ​សារ​មនុស្ស​ដំបូង​ធ្លាក់​ចូល​អំពើ​បាប។

គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ផែនការ​នេះ គឺ​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ ហើយ​ជា​ការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​រុងរឿង​របស់​ព្រះ​អង្គ (អេភេសូរ ១:៥-៦)។ ព្រះ​អង្គ​បាន​រៀប​ផែនការ​តាំង​ពី​អស់​កល្ប មិន​គ្រាន់​តែ​ដោយ​សារ​ព្រះ​អង្គ​ចង់​ឲ្យ​មនុស្ស​ប្រុស​ស្រី​បាន​អរ​សប្បាយ តែ​ក៏​ដើម្បី​ព្រះ​នាម​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​កំណត់​ថា អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​ដាក់​នៅ​ក្រោម​ព្រះ​បាទ និង​ការ​គ្រប់​គ្រង​របស់​ព្រះ​បុត្រា​ព្រះ​អង្គ គឺ​ព្រះ​អម្ចាស់​យេស៊ូវ។ ដូច​នេះ ផែនការ​ប្រោស​លោះ​របស់​ព្រះ​អង្គ គឺ​និយាយ​អំពី​ព្រះ​អង្គ​ជា​ជាង​និយាយ​អំពី​យើង។ ផែនការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​យើង និង​ដើម្បី​កែ​ប្រែ​យើង តែ​គ្រប់​យ៉ាង​គឺ​ដើម្បី​ព្រះ​អង្គ។ យើង​មិន​យល់​អំពី​ផែនការ​នេះ​បាន​ត្រឹម​ត្រូវ​ឡើយ ទាល់​តែ​ដំណឹង​ល្អ​បាន​បណ្ដាល​ចិត្ត​យើង​ឲ្យ​សរសើរ​តម្កើង​ព្រះ​អង្គ និង​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។

ព្រះ​ទ្រង់​ជា​ចំណុច​កណ្ដាល​នៃ​ពិភពលោក។ ចាប់​តាំង​ពី​ពេល​មនុស្ស​ដំបូង​ធ្លាក់​ចូល​អំពើ​បាប មនុស្ស​ទាំង​ប្រុស​ស្រី​បាន​បដិសេធន៍​មិន​ទទួល​ស្គាល់​អំណាច​របស់​ព្រះ​អង្គ ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ខំ​ប្រឹង​ទម្លាក់​ព្រះ​អង្គ ជា​ហេតុ​បណ្ដាល​ឲ្យ​ពួក​គេ​ទទួល​បាន​លទ្ធផល​ជា​សេចក្តី​ហិន​វិនាស។ គ្មាន​ផ្នែក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​បាន​គ្រប​ដណ្ដប់​ដោយ​ល្អង​ធូលី​នៃ​សេចក្តី​ស្លាប់​ឡើយ ព្រោះ​មនុស្ស​មិន​ចង់​គិត​ថា ព្រះ​ទ្រង់​ស្ថិត​នៅ​ចំណុច​កណ្ដាល​នោះ​ទេ។

តើ​អ្នក​នឹង​រៀប​ចំ​ជីវិត​អ្នក​ឡើង​វិញ ហើយ​ទទួល​ស្គាល់​សិទ្ធិ​របស់​ព្រះ​អង្គ ក្នុង​ការ​មើល​ការ​ខុស​ត្រូវ​មក​លើ​ផ្នែក​នីមួយៗ​នៃ​ជីវិត​អ្នក​ឬ​ទេ? តើ​អ្នក​នឹង​រស់​នៅ ដើម្បី​សរសើរ​តម្កើង​ព្រះ​អង្គ ជាជាង​សរសើរ​ខ្លួន​ឯង និង​ដើម្បី​បុព្វ​ហេតុ​របស់​ព្រះ​អង្គ មិន​មែន​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង​ឬ​ទេ? យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា ទាល់​តែ​យើង​បាន​ព្យាយាម​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ ជាជាង​ស្វែង​រក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង​ទើប​យើង​អាច​ដក​ពិសោធន៍​នឹង​ក្តី​អំណរ​បាន​មក​ពី​ការ​រស់​នៅ ដោយ​មាន​ព្រះ​រាជបុត្រា​ជា​ចំណុច​កណ្ដាល​នៃ​ជីវិត​យើង និង​ក្តី​អំណរ​បាន​មកពី​ការ​រស់​នៅ​តាម​ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​អ្នក និង​ស្នា​ព្រះ​ហស្ត​ទាំង​អស់​តាំងពី​អស់​កល្ប​រៀង​មក។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ១:៣-១៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ២៨-២៩ និង​១កូរិនថូស ១០:១-១៨

ប្រភេទ