ព្រឹក

ស្ញប់ស្ញែង ហើយអានព្រះគម្ពីរប៊ីប
ដោយMonica Larose
March 14, 2025
ទំនុកដំកើង ១១៩:១៧-៣២
សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់។ ទំនុកដំកើង ១១៩:១៨
ផ្ទះរបស់ខ្ញុំមានធ្នើរដាក់សៀវភៅមួយដែលផ្ទុកទៅដោយសៀវភៅជាច្រើន។ ចំណុចខ្សោយរបស់ខ្ញុំ គឺស្រឡាញ់សៀវភៅស្អាតៗ ជាពិសេសសៀវភៅដែលមានក្របរឹង ហើយពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានបន្ថែមសៀវភៅកាន់តែច្រើនទៀត។ តែគួរឲ្យស្តាយ ដែលខ្ញុំមិនមានពេលវេលា និងកម្លាំងគ្រប់គ្រាន់ ដើម្បីអានសៀវភៅ ឲ្យចប់ទាំងអស់។ ហេតុនេះហើយ សៀវភៅជាច្រើននៅតែថ្មី ស្រស់ស្អាត តែមិនទាន់បានអាន។
បើយើងមិនប្រយ័ត្នទេ យើងក៏អាចប្រព្រឹត្តដូចនេះ ចំពោះព្រះគម្ពីរប៊ីបរបស់យើងផងដែរ។ លោកចន អាប់ដៃ(John Updike) ជាអ្នកនិពន្ធ បានមានប្រសាសន៍ថា សៀវភៅអក្សរសាស្រ្តដ៏ល្បីល្បាញរបស់អាមេរិក ក៏អាចត្រូវបានគេកោតស្ញប់ស្ញែង និងត្រូវគេទិញទុកអាន តែមិនដែលបានអានដូចព្រះគម្ពីរប៊ីបនោះទេ។ ព្រះគម្ពីរប៊ីបត្រូវបាននិពន្ធឡើង ក្នុងវប្បធម៌ផ្សេងពីវប្បធម៌របស់យើង អាចធ្វើឲ្យយើងពិបាកអាន ហើយចង់ទុកព្រះគម្ពីរប៊ីបចោល នៅលើធ្នើរសៀវភៅ ឲ្យនៅតែស្រស់ស្អាត គួរឲ្យស្រឡាញ់ តែមិនដែលបានអាន។
យើងមិនត្រូវធ្វើដូចនេះទេ។ យើងអាចយកគំរូតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១១៩ ដោយងាកទៅរកព្រះអម្ចាស់ ដោយទូលសូមព្រះអង្គ “បើកភ្នែកយើង” ឲ្យមើលឃើញសេចក្តីអស្ចារ្យ ក្នុងព្រះគម្ពីរប៊ីប(ខ.១៨)។ យើងអាចស្វែងរកគ្រូបង្រៀនព្រះគម្ពីរដែលយើងអាចទុកចិត្តបាន ដើម្បីជួយបង្រៀនយើង ឲ្យយល់អ្វីដែលមានចែងក្នុងព្រះគម្ពីរ(កិច្ចការ ៨:៣០)។ ហើយអ្នកជឿម្នាក់ៗមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដឹកនាំចិត្ត ឲ្យបានដឹងថា គ្រប់បទគម្ពីរសុទ្ធតែចង្អុលបង្ហាញទៅរកព្រះអង្គ(លូកា ២៤:២៧ យ៉ូហាន ១៤:២៦)។
តាមរយៈព្រះគម្ពីរប៊ីប ព្រះអង្គអាចប្រទានកម្លាំងយើង ក្នុងពេលមានទុក្ខព្រួយ(ទំនុកដំកើង ១១៩:២៨) ការពារយើងឲ្យរួចពីការបោកបញ្ឆោត(ខ.២៩) ហើយពង្រីកការយល់ដឹងរបស់យើង អំពីរបៀបរស់នៅដោយអំណរ(ខ.៣២,៣៥)។ ព្រះគម្ពីរប៊ីបជាអំណោយមិនអាចកាត់ថ្លៃបាន។ ចូរយើងស្ញប់ស្ញែង ហើយអានព្រះគម្ពីរប៊ីប ជាទៀងទាត់ ឲ្យបានច្រើន។—Monica La Rose
តើមានមធ្យោបាយអ្វីដែលជួយឲ្យអ្នកអានព្រះគម្ពីរប៊ីបយល់? តើព្រះអង្គបានប្រើព្រះគម្ពីរប៊ីប ដើម្បីកែប្រែជីវិតយើងដូចម្តេចខ្លះ។
ឱព្រះប្រកបដោយព្រះគុណ សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលទៅសេចក្តីល្អរបស់ព្រះអង្គ
ខណៈពេលដែលទូលបង្គំអានព្រះគម្ពីរប៊ីប ជាអំណោយមិនអាចកាត់ថ្លៃបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៦-២៧ និង ម៉ាកុស ១៤:២៧-៥៣
ប្រភេទ
ល្ងាច

ផែនការរបស់ព្រះអម្ចាស់ តាំងពីអស់កល្បរៀងមក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 14, 2025
«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណនៅស្ថានដ៏ខ្ពស់។ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ដោយសេចក្តីស្រឡាញ់» (អេភេសូរ ១:៣-៤)។
ព្រះគម្ពីរមិនបានផ្តល់ឲ្យយើងនូវចម្លើយដោយត្រង់អំពីមូលហេតុដែលព្រះទ្រង់បានអនុញ្ញាតឲ្យមនុស្សដំបូងធ្លាក់ចូលក្នុងអំពើបាបក្នុងសួនច្បារអេដែននោះទេ។ ព្រះគម្ពីរគ្រាន់តែបានបញ្ជាក់ថា ព្រះទ្រង់គ្រប់គ្រងអ្វីៗទាំងអស់ សូម្បីតែហេតុការណ៍ក្នុងសួនច្បារអេដែនក៏ដោយ។
ក្នុងសំបុត្រដែលសាវ័ក ប៉ុល បានសរសេរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរមានការបើកបង្ហាញ អំពីផែនការដ៏អស់កល្បរបស់ព្រះ។ យើងឃើញថា ព្រះទ្រង់កំពុងធ្វើការទ្រង់ មុនពេលពិភពលោកចាប់កំណើត ហើយព្រះអង្គក៏ជ្រាបជាមុនថា មនុស្សដំបូងនឹងធ្លាក់ចូលអំពើបាប។ មុនពេលព្រះអង្គបង្កើតលោកអ័ដាម និងនាងអេវ៉ា មុនពេលពួកគេមិនស្តាប់បង្គាប់ ព្រះអង្គបានរៀបផែនការរួចជាស្រេច ដើម្បីសង្គ្រោះមនុស្សឲ្យរួចពីបាប។
ពេលណាយើងគិតអំពីបេសកកម្មសង្គ្រោះរបស់ព្រះអង្គ ដែលបានសម្រេចនៅលើឈើឆ្កាង យើងមិនគួរចាត់ទុកបេសកកម្មសង្គ្រោះជាការបំពេញការខ្វះខាតក្នុងពេលមានវិបត្តិនោះទេ។ តែផ្ទុយទៅវិញ យើងគួរតែដឹងថា ការសុគតនៅលើឈើឆ្កាង មាននៅក្នុងគំនិតដ៏អស់កល្បរបស់ព្រះអង្គជាស្រេចហើយ ដោយព្រះអង្គបានតាំងព្រះទ័យតាំងពីអស់កល្បជានិច្ចថា នឹងហៅមនុស្សទាំងអស់ឲ្យចូលមករកព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយស្តាឡើងវិញ នូវអ្វីៗទាំងអស់ដែលបានខូចដោយសារមនុស្សដំបូងធ្លាក់ចូលអំពើបាប។
គោលបំណងរបស់ព្រះអង្គក្នុងផែនការនេះ គឺជាអ្វីដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ ហើយជាការសរសើរដល់ព្រះគុណដ៏រុងរឿងរបស់ព្រះអង្គ (អេភេសូរ ១:៥-៦)។ ព្រះអង្គបានរៀបផែនការតាំងពីអស់កល្ប មិនគ្រាន់តែដោយសារព្រះអង្គចង់ឲ្យមនុស្សប្រុសស្រីបានអរសប្បាយ តែក៏ដើម្បីព្រះនាមព្រះអង្គផងដែរ។ ព្រះអង្គបានកំណត់ថា អ្វីៗគ្រប់យ៉ាងត្រូវដាក់នៅក្រោមព្រះបាទ និងការគ្រប់គ្រងរបស់ព្រះបុត្រាព្រះអង្គ គឺព្រះអម្ចាស់យេស៊ូវ។ ដូចនេះ ផែនការប្រោសលោះរបស់ព្រះអង្គ គឺនិយាយអំពីព្រះអង្គជាជាងនិយាយអំពីយើង។ ផែនការនោះត្រូវបានធ្វើឡើងដោយការយកចិត្តទុកដាក់អំពីយើង និងដើម្បីកែប្រែយើង តែគ្រប់យ៉ាងគឺដើម្បីព្រះអង្គ។ យើងមិនយល់អំពីផែនការនេះបានត្រឹមត្រូវឡើយ ទាល់តែដំណឹងល្អបានបណ្ដាលចិត្តយើងឲ្យសរសើរតម្កើងព្រះអង្គ និងរស់នៅថ្វាយព្រះអង្គ។
ព្រះទ្រង់ជាចំណុចកណ្ដាលនៃពិភពលោក។ ចាប់តាំងពីពេលមនុស្សដំបូងធ្លាក់ចូលអំពើបាប មនុស្សទាំងប្រុសស្រីបានបដិសេធន៍មិនទទួលស្គាល់អំណាចរបស់ព្រះអង្គ ហើយផ្ទុយទៅវិញ ពួកគេបានខំប្រឹងទម្លាក់ព្រះអង្គ ជាហេតុបណ្ដាលឲ្យពួកគេទទួលបានលទ្ធផលជាសេចក្តីហិនវិនាស។ គ្មានផ្នែកណាមួយនៃជីវិតយើង ដែលមិនបានគ្របដណ្ដប់ដោយល្អងធូលីនៃសេចក្តីស្លាប់ឡើយ ព្រោះមនុស្សមិនចង់គិតថា ព្រះទ្រង់ស្ថិតនៅចំណុចកណ្ដាលនោះទេ។
តើអ្នកនឹងរៀបចំជីវិតអ្នកឡើងវិញ ហើយទទួលស្គាល់សិទ្ធិរបស់ព្រះអង្គ ក្នុងការមើលការខុសត្រូវមកលើផ្នែកនីមួយៗនៃជីវិតអ្នកឬទេ? តើអ្នកនឹងរស់នៅ ដើម្បីសរសើរតម្កើងព្រះអង្គ ជាជាងសរសើរខ្លួនឯង និងដើម្បីបុព្វហេតុរបស់ព្រះអង្គ មិនមែនដើម្បីបំពេញចិត្តខ្លួនឯងឬទេ? យើងចាំបាច់ត្រូវដឹងថា ទាល់តែយើងបានព្យាយាមថ្វាយសិរីល្អដល់ព្រះអង្គ ជាជាងស្វែងរកភាពរុងរឿងសម្រាប់ខ្លួនឯងទើបយើងអាចដកពិសោធន៍នឹងក្តីអំណរបានមកពីការរស់នៅ ដោយមានព្រះរាជបុត្រាជាចំណុចកណ្ដាលនៃជីវិតយើង និងក្តីអំណរបានមកពីការរស់នៅតាមផែនការដែលព្រះទ្រង់មានសម្រាប់អ្នក និងស្នាព្រះហស្តទាំងអស់តាំងពីអស់កល្បរៀងមក។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ១:៣-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ២៨-២៩ និង១កូរិនថូស ១០:១-១៨