ព្រឹក

កើតមកដើម្បីធ្វើការល្អថ្វាយព្រះ
ដោយLeslie Koh
March 13, 2025
អេភេសូរ ២:៦-១០
ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។ អេភេសូរ ២:១០
មានពេលមួយ ខ្ញុំបានឃើញបុរសម្នាក់ និងកូនស្រីដែលជាក្មេងតូច បានជ្រុះកាតមួយសន្លឹក នៅលើដី។ ពួកគេបានដើរហួសប្រហែល៦ម៉ែត្រហើយ ខ្ញុំក៏មិនចង់យកចិត្តទុកដាក់ចំពោះវាដែរ ដោយសារខ្ញុំកំពុងយឺតម៉ោងធ្វើការ។ ខ្ញុំប្រាប់ខ្លួនឯងថា ពួកគេមុខជាដឹងខ្លួន ហើយត្រឡប់មករើសវាវិញមិនខាន។ ប៉ុន្តែ ពួកគេនៅតែបន្តដើរទៅមុខទៀត។ បញ្ញាចិត្តរបស់ខ្ញុំក៏បានជំរុញខ្ញុំឲ្យទៅរើសកាតនោះឲ្យពួកគេ។ វាជាកាតសម្រាប់ឡើងជិះឡានក្រុង ដែលពួកគេបានបង់ថ្លៃធ្វើដំណើររួចជាស្រេច។ នៅពេលដែលខ្ញុំប្រគល់កាត់នោះឲ្យទៅពួកគេ ពួកគេបានថ្លែងអំណរគុណ ដោយចិត្តត្រេកអរ ហើយខ្ញុំក៏បានសប្បាយចិត្តដែរ។ ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីខ្ញុំមានអារម្មណ៍ល្អយ៉ាងនេះ នៅពេលដែលខ្ញុំបានធ្វើអំពើល្អដ៏តូច សម្រាប់អ្នកដទៃ។
តាមវិទ្យាសាស្ត្រ រូបកាយរបស់មនុស្សបង្កើតជាតិគីមីម្យ៉ាង ដែលធ្វើឲ្យអារម្មណ៍របស់យើងល្អជាងមុន ពេលណាយើងធ្វើអំពើសប្បុរសសម្រាប់អ្នកដទៃ។ ដូចនេះ ព្រះអម្ចាស់បានបង្កើតយើងមក ដោយឲ្យអារម្មណ៍ល្អកើតមានក្នុងចិត្តយើង នៅពេលដែលយើងធ្វើអំពើល្អ! រឿងនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះយើងដឹងថា ព្រះដ៏ល្អបានបង្កើតយើងមក ឲ្យដូចរូបអង្គទ្រង់។
បទគម្ពីរអេភេសូរ ២:១០ បានបង្ហាញថា គោលបំណងដែលព្រះអង្គបានបង្កើតយើងមក ក៏ដើម្បីឲ្យយើងធ្វើជាព្រះពរដល់អ្នកដទៃផងដែរ។ ខគម្ពីរនេះមិនគ្រាន់តែបានបង្គាប់យើងឲ្យធ្វើការល្អប៉ុណ្ណោះទេ តែក៏បានបង្ហាញលក្ខណៈដែលព្រះអង្គបានបង្កើតឲ្យយើងមានពីកំណើតមក ដើម្បីឲ្យយើងធ្វើការល្អ។ យើងមិនចាំបាច់ត្រូវធ្វើការល្អធំៗគ្រប់ពេលឡើយ។ បើយើងធ្វើរឿងតូចមួយ ដើម្បីជួយអ្នកដទៃ ក្នុងការរស់នៅរាល់ថ្ងៃ យើងមិនគ្រាន់តែទទួលបានក្តីអំណរជារង្វាន់ប៉ុណ្ណោះទេ តែក៏ដឹងផងដែរថា យើងកំពុងផ្គាប់ព្រះទ័យព្រះ ដោយធ្វើអ្វីដែលព្រះអង្គបានបង្កើតយើងមក ដើម្បីឲ្យយើងធ្វើ។—Leslie Koh
តើនរណាត្រូវការជំនួយ ឬពាក្យលើកទឹកចិត្តរបស់អ្នក? តើមានពាក្យសម្តីល្អៗ ឬអំពើល្អដ៏សាមញ្ញអ្វីខ្លះ ដែលអ្នកអាចធ្វើសម្រាប់មិត្តភក្តិ មិត្តរួមការងារ ឬអ្នកជិតខាង?
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែករបស់ទូលបង្គំ ឲ្យដឹងថា ទូលបង្គំអាចមានចិត្តសប្បុរសចំពោះនរណាម្នាក់ នៅថ្ងៃនេះ ដោយរបៀបណា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៣-២៥ និង ម៉ាកុស ១៤:១-២៦
ប្រភេទ
ល្ងាច

គំរូនៃការប្ដេជ្ញាចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 13, 2025
«ហើយ យ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេ...គេក៏ហែកសំលៀកបំពាក់ខ្លួនព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំដ៏ហូរហៀរ» (ជនគណនា ១៤:៦-៨)។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥៣ យន្តហោះដឹកអ្នកដំណើរពីប្រទេសសឹង្ហបុរីទៅទីក្រុងឡុងដ៍បានធ្លាក់នៅចម្ងាយ៣០គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុងកុលកាតាប្រទេសឥណ្ឌាដោយមិនមាននរណាម្នាក់រួចជីវិតឡើយ។ លោក ហ្វ្រេត មីតឈែល (Fred Mitchell) ដែលបានក្លាយជានាយកនៃអង្គការបេសកកម្មដំណឹងល្អក្នុងប្រទេសចិន កាលពី១០ឆ្នាំមុនគ្រោះថ្នាក់នេះកើតឡើងកំពុងធ្វើដំណើរតាមជើងហោះហើរនោះ។ ក្នុងជីវប្រវត្តិរបស់គាត់ គេបានពិពណ៌នាថា លោក ហ្វ្រេត ជាបុរសសាមញ្ញម្នាក់ មកពីភូមិមួយ និងមានឪពុកម្តាយស្ថិតក្នុងវណ្ណៈអធន។ គាត់បានចំណាយពេលមួយភាគធំនៃជីវិតគាត់ ក្នុងការងារជាអ្នកជំនាញផ្នែកគីមីវិទ្យានៅតាមបណ្ដាខេត្ត ហើយគាត់ក៏ជាអ្នកដើរជាមួយព្រះអម្ចាស់ផងដែរ1។
មុនពេលលោក កាលែប ជាកូនលោកយេភូនេក្លាយជាអ្នកស៊ើបការ ដែលលោក ម៉ូសេ បានចាត់ឲ្យទៅសង្កេតមើលទឹកដីដែលព្រះអម្ចាស់សន្យាប្រទានមករាស្ត្រព្រះអង្គមិនមានអ្វីបង្ហាញថា គាត់ជាមនុស្សដែលពិសេសខុសគេនោះទេ។ ប៉ុន្តែ ព្រះទ្រង់បានកែប្រែ និងអភិវឌ្ឍន៍ចារិកលក្ខណៈរបស់គាត់ក្នុងការរស់នៅដ៏សាមញ្ញរបស់គាត់ ដូចមានចែងក្នុងបទគម្ពីរជនគណនាជំពូក១៤។
រឿងវិបត្តិច្រើនតែបង្ហាញចារិកលក្ខណៈរបស់មនុស្ស។ កាលពួកស៊ើបការណ៍របស់សាសន៍អ៊ីស្រាអែលបានវិលត្រឡប់មករាយការណ៍អំពីអ្វីដែលពួកគេបានឃើញក្នុងទឹកដីកាណាន ពួកគេក៏បានប្រកាសថា ទីក្រុងរបស់គេមានកំផែងការពារ ហើយថា «យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់...នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសម្បើម គឺជាកូនចៅ អ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម យើងមើលទៅខ្លួនយើងដូចជាកណ្ដូប» (ជនគណនា ១៣:៣១, ៣៣) ពេលនោះ ពួកបណ្ដាជនក៏បានចោទប្រកាន់ព្រះអម្ចាស់ថា កំពុងនាំពួកគេឲ្យទៅស្លាប់ក្នុងទឹកដីនោះ (១៤:៣)។
ការប្ដេជ្ញាចិត្ដរបស់លោក កាលែប ក៏បានបង្ហាញចេញមក។ គាត់បានត្រៀមខ្លួនជាស្រេច ដើម្បីប្រឆាំងនឹងមតិភាគច្រើន។ នៅពេលដែលពួកស៊ើបការទាំងឡាយប្រាប់គេមិនឲ្យចូលទឹកដីសន្យា គាត់ក៏បានទាស់ប្រឆាំងពួកគេ។ នៅពេលដែលគេនាំគ្នាបះបោរប្រឆាំងនឹងព្រះ គាត់មិនបានចូលរួមជាមួយពួកគេទេ។ គាត់ និងលោក យ៉ូស្វេ ជាមិត្តសម្លាញ់ដ៏ស្មោះត្រង់ គឺជាមនុស្សដែលបានលើកទឹកចិត្តគេឲ្យស្តាប់បង្គាប់ព្រះអម្ចាស់ដោយចិត្តក្លាហាន។ លោក កាលែប បានដឹងច្បាស់ថា មានការអ្វីខ្លះដែលគាត់អាចធ្វើបានដោយព្រះចេស្ដាព្រះ។ គាត់មិនបានបដិសេធន៍ការពិតដែលអ្នកស៊ើបការដទៃទៀតត្រូវនិយាយ តែគាត់គ្រាន់តែបានមើលទៅការពិតនោះដោយទស្សនៈខុសពីពួកគេ។ គាត់មានទំនុកចិត្ត មិនមែនទៅលើសមត្ថភាពរបស់គាត់ ឬសមត្ថភាពរបស់ពួកអ៊ីស្រាអែលនោះទេ តែទៅលើព្រះចេស្ដារបស់ព្រះ និងភាពអាចទុកចិត្តបាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ គាត់ជាបុរសនៃសេចក្តីជំនឿក្នុងពេលមានការភ័យខ្លាច។ គាត់ដឹងថា សត្វកណ្ដូបដែលព្រះទ្រង់ជួយជាសត្វកណ្ដូបដែលអាចសម្រេចកិច្ចការធំបាន។
យើងប្រហែលមានអារម្មណ៍ថា ជីវិតយើងគ្រាន់តែជាជីវិតសាមញ្ញ តែយើងតែងតែអាចស្វែងរកព្រះអង្គ ក្នុងពេលធម្មតា។ ក្នុងពេលធម្មតា ព្រះអង្គនឹងកែប្រែចរិតលក្ខណៈរបស់យើង ដើម្បីឲ្យយើងអាចក្លាយជាមនុស្សដែលមានចិត្តក្លាហានក្នុងគ្រប់កាលៈទេសៈ។ ព្រះអង្គមិនស្វែងរកយក្ស ដើម្បីសម្រេចផែនការព្រះអង្គនោះទេ។ តែព្រះអង្គកំពុងស្វែងរកមនុស្សសាមញ្ញ ដែលបានបើកចំហចិត្ត ដើម្បីទុកចិត្តព្រះអង្គ បោះជំហានដោយជំនឿ ហើយស្តាប់បង្គាប់ដោយចិត្តក្លាហាន។ នៅថ្ងៃនេះ គ្មានអ្វីអាចរារាំងអ្នក មិនឲ្យក្លាយជាមនុស្សដែលមានលក្ខណៈដូចនេះឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ ជនគណនា ១៣:២៥-១៤:២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ២៥-២៧ និង១កូរិនថូស ៩
1លោក Phyllis Thompson, Climbing on Track: A Biography of Fred Mitchell (China Inland Mission, ឆ្នាំ១៩៥៣), ទំព័រ១២។