ព្រឹក

ចិត្តកើតជាថ្មី ក្នុងព្រះគ្រីស្ទ
ដោយAmy Boucher Pye
March 12, 2025
អេសេគាល ១១:១៤-២១
អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ។ អេសេគាល ១១:១៩
លោកប្រក់(Brock) និងលោកដេនីស(Dennis) គឺជាមិត្តភក្តិតាំងពីវ័យកុមារ ប៉ុន្តែ នៅពេលដែលពួកគេចម្រើនវ័យធំឡើង លោកប្រក់ មិនសូវមានចំណាប់អារម្មណ៍ចំពោះជំនឿដែលលោកដេនីសមាន ចំពោះព្រះយេស៊ូវទេ។ លោកដេនីសស្រឡាញ់មិត្តភក្តិគាត់ ហើយក៏បានអធិស្ឋានឲ្យ ព្រោះគាត់ដឹងថា ផ្លូវដែលមិត្តភក្តិគាត់កំពុងដើរមានភាពងងឹត និងនាំមកនូវភាពសោកសៅ។ លោកដេនីសក៏បានអធិស្ឋានឲ្យលោកប្រក់ តាមគំរូហោរាអេសេគាលថា “ព្រះអង្គអើយ សូមព្រះអង្គដកចិត្តដែលរឹងដូចថ្មចេញពីគាត់ ដើម្បីប្រទានគាត់នូវចិត្តដែលទន់ដូចសាច់វិញ”(អេសេគាល ១១:១៩)។ គាត់ចង់ឲ្យលោកប្រក់ដើរក្នុងផ្លូវព្រះ ដើម្បីឲ្យរួចផុតពីសេចក្តីហិនវិនាស។
១០ឆ្នាំក្រោយមក លោកដេនីសនៅតែបន្តអធិស្ឋានឲ្យលោកប្រក់ ដោយចិត្តស្មោះត្រង់។ បន្ទាប់មកលោកប្រក់ក៏បានទូរស័ព្ទមកគាត់ ប្រាប់ថា គាត់បានថ្វាយជីវិតដល់ព្រះយេស៊ូវហើយ! លោកដេនីសមានអំណរខ្លាំងណាស់ រហូតស្រក់ទឹកភ្នែក ពេលដែលបានទទួលដំណឹងថា ទីបំផុតមិត្តភក្តិគាត់បានឈប់រស់នៅតាមបំណងចិត្តខ្លួនឯងទៀត ហើយបានទទួលជឿព្រះ។
លោកដេនីសក៏បានអធិស្ឋាន ដោយផ្ដោតទៅលើព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានមករាស្រ្តរបស់ព្រះអង្គ តាមរយៈហោរាអេសេគាល។ ទោះរាស្រ្តរបស់ព្រះអង្គបានងាកបែរចេញពីព្រះអង្គ ទៅរកសេចក្តីស្មោកគ្រោកក៏ដោយ ក៏ព្រះអង្គនៅតែមានបន្ទូលថា ព្រះអង្គនឹងកែប្រែចិត្តរបស់ពួកគេ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ”(ខ.១៩)។ ដោយសារចិត្តដែលបានផ្លាស់ប្រែ ពួកគេក៏បានដើរតាមព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២០)។
ទោះយើងបានងាកបែរចេញពីព្រះអង្គឆ្ងាយយ៉ាងណាក៏ដោយ ក៏ព្រះអង្គសព្វព្រះទ័យនឹងប្រទានយើងនូវចិត្តថ្មីដ៏កក់ក្តៅ និងមានក្តីស្រឡាញ់។ យើងគ្រាន់តែចាំបាច់ត្រូវងាកបែរទៅរកព្រះអង្គ ដោយជំនឿ និងការប្រែចិត្ត ខណៈពេលដែលយើងទុកចិត្តថា ព្រះអង្គបានសង្គ្រោះយើងឲ្យរួចពីបាបហើយ។—Amy Boucher Pye
តើព្រះអម្ចាស់បានរំលាយភាពរឹងទទឹងក្នុងចិត្តអ្នក ដូចម្តេចខ្លះ? តើអ្នកអាចអធិស្ឋានឲ្យមិត្តភក្តិណាម្នាក់ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការរំដោះទូលបង្គំឲ្យរួចពីបាប និងសេចក្តីអាម៉ាស។
Learn more here: ODB.org/personal-relationship-with-god.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២០-២២ និង ម៉ាកុស ១៣:២១-៣៧
ប្រភេទ
ល្ងាច

ភាពអត់ធន់បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 12, 2025
«ពិតមែន មានភស្តុតាងបានកើតឡើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវ័ករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង» (២កូរិនថូស ១២:១២)។
ពេលណាយើងគិតអំពីរយៈពេលនៅក្រោយការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងស្ថានសួគ៌វិញ របស់ព្រះយេស៊ូវ គឺនៅពេលដែលពួកសាវ័កមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងការងារបម្រើព្រះ ហើយពួកជំនុំបានកើតមាន នោះយើងងាយនឹងស្រមៃអំពី «ទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង» ដែលពួកគេបានធ្វើ ហើយយើងក៏ចង់ឃើញព្រឹត្តិការណ៍ទាំងនោះផ្ទាល់ភ្នែកផងដែរ ដើម្បីឲ្យជំនឿយើងបានពង្រឹងកាន់តែរឹងមាំឡើង ហើយការងាររបស់យើងក៏កាន់តែផុសផុល ដោយសារពួកគេ។
យើងមិនចាំបាច់ឆ្ងល់ទេ ទាំងគុណភាព និងបរិមាណនៃការអស្ចារ្យក្នុងសម័យនោះ មានលក្ខណៈពិសេស ហើយមនុស្សសម័យក្រោយមិនអាចធ្វើដូចបានឡើយ។ ពួកសាវ័កបានទទួលអំណោយទានខាងការអស្ចារ្យលើសគ្រីស្ទានសម័យបច្ចុប្បន្ន។ យើងចាំបាច់ត្រូវកត់សម្គាល់ថា ពួកជំនុំដំបូងមិនបានប្រើបទពិសោធន៍ទាំងអស់នេះ ដើម្បីល្បងលជំនឿរបស់ពួកគេនោះទេ។ យើងមិនអាចផ្ដោតទៅលើការអស្ចារ្យតែម្យ៉ាង ដោយមិនមើលបរិបទ ដែលក្នុងនោះអ្នកដែលបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ស្រាប់តែយកចិត្តទុកដាក់ចំពោះការយល់ដឹង និងការប្រកាសព្រះបន្ទូលព្រះ ដែលប្រទានកម្លាំងឲ្យពួកគេ «មានចិត្តអត់ធ្មត់បំផុត» ឬ «ការស៊ូទ្រាំដ៏អស្ចារ្យ» ពេញមួយជីវិតពួកគេ។ ពួកជំនុំបានកើតមានឡើង ភាគច្រើនមិនមែនដោយសារការអស្ចារ្យ តែដោយសារការអត់ធន់ដ៏ស្មោះត្រង់ និងភាពក្លាហានរបស់ពួកសាវ័ក។
សាវ័ក ប៉ុល មិនចង់ឲ្យការងាររបស់គាត់ ផ្ដោតទៅលើការអស្ចារ្យដែលគាត់បានធ្វើ ឬទៅលើទុក្ខលំបាកដែលគាត់បានអត់ទ្រាំនោះទេ តែទៅលើសេចក្តីជំនឿដែលមានការប្ដេជ្ញាចិត្ត ដែលព្រះទ្រង់ប្រទានមកគាត់ និងសេចក្តីពិតដែលគាត់បានចែកចាយ។ ពេលយើងសង្កេតមើលការងាររបស់សាវ័ក ប៉ុល ឃើញបន្ទុករបស់គាត់ និងឮសម្លេងស្រែកយំក្នុងចិត្តគាត់ នោះយើងអាចដឹងយ៉ាងងាយថា ទីសម្គាល់ និងការអស្ចារ្យដែលព្រះទ្រង់ធ្វើតាមរយៈគាត់ មិនមែនដើម្បីបង្ហាញឲ្យគេមើលឲ្យប្លែកភ្នែកនោះទេ។ ផ្ទុយទៅវិញ ការអស្ចារ្យទាំងនោះកើតចេញពីទុក្ខវេទនា និងការលំបាក ក្នុងជីវិតដែលពិបាកដល់កម្រិតមួយ ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសេចក្តីពិត នៃព្រះរាជសារដែលពួកគេបានចែកចាយ។
ការយល់អំពីបរិបទនេះ អាចបណ្ដាលឲ្យគេចោទសួរថា គាត់អាចបង្ហាញចេញនូវសេចក្តីជំនឿដ៏រឹងមាំដោយរបៀបណា គឺមិនមែនចោទសួរថា គាត់បានធ្វើការអស្ចារ្យច្រើនប៉ុណ្ណានោះទេ។ តើគាត់អាចបន្តបម្រើព្រះ ដោយការអត់ធន់បំផុតក្នុងទុក្ខលំបាកដោយរបៀបណា? គឺដោយសារជំនឿដែលគាត់មានលើព្រះយេស៊ូវគ្រីស្ទ និងការយល់ដឹងរបស់គាត់ខាងព្រះបន្ទូលព្រះប៉ុណ្ណោះ។
តើមានអ្វីខ្លះជួយឲ្យយើងអាចឆ្លងកាត់ការល្បងល និងបញ្ហាប្រឈមក្នុងជីវិតជាគ្រីស្ទាន ដោយការអត់ធន់បាន? តើដោយសារការអស្ចារ្យឬ? ទីសម្គាល់ឬ? ទេ! ការអស្ចារ្យជាជំនួយពិសេសមកពីព្រះអង្គដែលអាចជួយយើងនៅពេលណាមួយ តែការយល់គោលលទ្ធិមូលដ្ឋានរបស់គ្រីស្ទបរិស័ទ ដោយភាពរឹងមាំ និងការដកពិសោធន៍ទេដែលពិតជាបានធ្វើជាពន្លឺសម្រាប់ផ្លូវយើង ពេលណាអ្វីៗផ្សេងទៀតហាក់ដូចជាងងឹត (ទំនុកតម្កើង ១១៩:១០៥) និងធ្វើជាឫសនៃជំនឿដែលចាក់ចូលជ្រៅ ពោលគឺធ្វើជាយុថ្កាសម្រាប់វិញ្ញាណយើង (ហេព្រើរ ៦:១៩)។ ពេលណាសេចក្តីពិតរបស់ព្រះ បានតាំងនៅក្នុងចិត្ត និងគំនិតយើង យើងអាចនិយាយដោយទំនុកចិត្តថា «ឱពួកបរិសុទ្ធរបស់ព្រះអើយ គ្រឹះរបស់អ្នកពិតជារឹងមាំណាស់ដែលព្រះអង្គបានសង់សម្រាប់ជំនឿរបស់អ្នក ដែលជឿព្រះបន្ទូលដ៏ប្រសើររបស់ព្រះអង្គ»1។
តើមានអ្វីជួយទ្រទ្រង់អ្នក? គឺមិនមែនការដកពិសោធន៍នៅខាងក្រៅជាមួយការអស្ចារ្យនោះទេ តែជំនឿនៅខាងក្នុងវិញដែលជួយទ្រទ្រង់អ្នក។ កិច្ចការដែលព្រះវិញ្ញាណធ្វើក្នុងអ្នក នឹងតែងតែធ្វើជាការអស្ចារ្យដែលធំប្រសើរជាងអ្វីៗទាំងអស់ដែលព្រះទ្រង់ធ្វើនៅជុំវិញខ្លួនអ្នក។ ពេលអ្នកដទៃមើលមកអ្នក សូមឲ្យគេមិនគ្រាន់តែបានឃើញការអស្ចារ្យដែលព្រះអង្គធ្វើក្នុងជីវិតអ្នក តែក៏ឃើញភាពអត់ធ្មត់បំផុតដែលអ្នកមានក្នុងទុក្ខលំបាក និងឃើញព្រះចេស្ដាព្រះវិញ្ញាណ ខណៈពេលដែលអ្នកចុះចូលនឹងសេចក្តីពិតនៃព្រះបន្ទូលព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ៥:៧-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ២២-២៤ និង១កូរិនថូស ៨
1លោក Anon. (possibly Robert Keene), “How Firm a Foundation” (ឆ្នាំ១៧៨៧)។