ព្រឹក

ក្តីអំណរនៅក្នុងព្រះយេស៊ូវ
ដោយTim Gustafson
March 19, 2025
យ៉ូហាន ១៦:១៦-២៤
សេចក្តីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្តីអំណរវិញ ... ក៏នឹងឥតមានអ្នកណាដកយកសេចក្តីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ។ យ៉ូហាន ១៦:២០,២២
មានពេលមួយ ក្មេងជំទង់ម្នាក់បាននិយាយ នៅចំពោះមុខរដ្ឋសភាអាមេរិកថា គាត់មានសិទ្ធិទទួលបានភាពសប្បាយរីករាយ។ ប៉ុន្តែ នាងអាចនិយាយដូចនេះ ជំនួសមុខឲ្យមនុស្សទាំងអស់ នៅគ្រប់ទិសទី ព្រោះមនុស្សម្នាក់ៗសុទ្ធតែស្រែករកភាពសប្បាយរីករាយ។ គ្រូជោគជ័យម្នាក់ បានបង្រៀនថា “ព្រះចង់ឲ្យអ្នកសប្បាយចិត្ត”។
តើគាត់និយាយត្រូវទេ? ព្រះគម្ពីរប៊ីបមិនបានហាមយើងមិនឲ្យស្វែងរកសុភមង្គលនោះទេ។ ប៉ុន្តែ យើងចាំបាច់ត្រូវទទួលស្គាល់ថា សុភមង្គលនៅផែនដី មិនស្ថិតស្ថេរឡើយ គឺច្រើនតែអាស្រ័យទៅលើកាលៈទេសៈដែលមានការផ្លាស់ប្តូរជានិច្ច។ ជាងនេះទៅទៀត ជួនកាល បើមិនប្រយ័ត្នទេ ការបំពេញបំណងចិត្តរបស់ខ្លួនឯង អាចធ្វើឲ្យប៉ះពាល់សុភមង្គលរបស់អ្នកដទៃ។
ព្រះយេស៊ូវចង្អុលបង្ហាញយើង ឲ្យងាកទៅរកអ្វីដែលល្អប្រសើរជាងនេះ។ ព្រះអង្គជ្រាបថា ព្រះអង្គនឹងត្រូវគេយកដែកគោលមកដំព្រះកាយព្រះអង្គជាប់នឹងឈើឆ្កាងរបស់ចក្រភពរ៉ូម៉ាំង ដែលនៅលើឈើឆ្កាងនោះ ព្រះអង្គបានទទួលយកបាបរបស់លោកិយទាំងមូល។ តែព្រះអង្គបានគិតដល់សិស្សរបស់ព្រះអង្គ។ បានជាព្រះអង្គប្រាប់ពួកគេថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយឡើង អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្តីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្តីអំណរវិញ”(យ៉ូហាន ១៦:២០)។ បន្ទាប់មក ព្រះអង្គក៏បានសន្យាថា “ឥតមានអ្នកណាដកយកសេចក្តីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ”(ខ.២២)។
ក្តីអំណរប្រភេទនេះ គឺលើសពីការមានអារម្មណ៍ល្អ ដោយសារមានរឿងល្អៗកើតឡើងចំពោះយើង។ ក្តីអំណរនេះកើតចេញពីការធ្វើតាមបំណងព្រះទ័យព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ព្រះយេស៊ូវក៏មានបន្ទូលផងដែរថា “ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង”(ម៉ាថាយ ៦:៣៣)។
សុភមង្គលអាចរបូតចេញពីជីវិតយើង នៅពេលណាយើងជួបកាលៈទេសៈមិនល្អ។ ក្តីអំណរដែលកើតចេញពីការដើរតាមព្រះយេស៊ូវ អាចចម្រើនឡើង ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។—Tim Gustafson
តើការដេញតាមអ្វីដែលអ្នកចង់បាន បានបណ្តាលឲ្យអ្នកមិនសប្បាយចិត្តយ៉ាងដូចម្តេចខ្លះ? តើសុភមង្គល និងក្តីអំណរខុសគ្នាដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គបង្រៀនទូលបង្គំ ឲ្យស្គាល់ភាពខុសគ្នារវាងសុភមង្គលបណ្ដោះអាសន្ន និងក្តីអំណរដ៏ស្ថិតស្ថេរ។
For further study, read Jesus Is in the Room at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៤-៦ និង លូកា ១:១-២០
ប្រភេទ
ល្ងាច

ការដឹងគុណ ដោយសារព្រះគុណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 19, 2025
«ដោយបានគ្រប់ទាំងព្រះចេស្ដាចម្រើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោសឲ្យយើងបានគួរនឹងទទួលចំណែកកេរ្តិ៍អាករក្នុងពួកបរិសុទ្ធនៅទីភ្លឺផង» (កូឡូស ១:១១-១២)។
មនុស្សម្នាក់ៗសុទ្ធតែឲ្យតម្លៃមកលើអំណោយល្អៗ។ យើងអរព្រះគុណព្រះដែលបានប្រទានពរយើងឲ្យមានក្រុមគ្រួសារ សេរីភាព ការសម្រាក គ្រែគេងដ៏កក់ក្តៅ និងភេសជ្ជៈដែលធ្វើឲ្យចិត្តស្រស់ថ្លា ហើយតាមធម្មតា យ៉ាងហោចណាស់ យើងអាចបង្ហាញការអរព្រះគុណក្នុងកម្រិតខ្លះចំពោះព្រះពរទាំងនេះ។ យើងរៀនពាក្យ «អរគុណ» តាំងពីតូចមក។
លោក យ៉ូណាថាន អេដវើត (Jonathan Edwards) ដែលជាអ្នកនាំមកនូវការផុសផុលនៅសហរដ្ឋអាមេរិកបានញែកឲ្យដាច់ពីគ្នារវាងពាក្យ «ការដឹងគុណជាធម្មតា» និង «ការដឹងគុណដោយសារព្រះគុណព្រះ»1។ ការដឹងគុណជាធម្មតាកើតមានដោយសារអ្វីដែលគេបានឲ្យមកយើង និងអត្ថប្រយោជន៍ដែលយើងទទួលបានពីអំណោយនោះ។ មនុស្សម្នាក់ៗសុទ្ធតែអាចមានការដឹងគុណជាធម្មតា។ ចំណែកឯការដឹងគុណដោយសារព្រះគុណព្រះវិញ មានភាពខុសគ្នាយ៉ាងខ្លាំងពីការដឹងគុណជាធម្មតា ហើយមានតែកូនព្រះទេដែលអាចដកពិសោធន៍ និងបង្ហាញការដឹងគុណនោះ។ ការដឹងគុណដោយសារព្រះគុណព្រះទទួលស្គាល់ចរិតលក្ខណៈ សេចក្តីល្អ សេចក្តីស្រឡាញ់ ព្រះចេស្ដា និងភាពល្អប្រសើររបស់ព្រះ ទោះព្រះអង្គបានប្រទានអំណោយ ឬក្តីអំណរអ្វីដល់យើងក៏ដោយ។ ការដឹងគុណនោះ គឺដោយសារយើងមានហេតុផលដែលត្រូវអរព្រះគុណព្រះ ទោះថ្ងៃនេះជាថ្ងៃល្អ ឬអាក្រក់ ទោះយើងមានការងារធ្វើ ឬអត់ការងារក្តី ទោះព័ត៌មានល្អ ឬធ្វើឲ្យពិបាកចិត្តក្តី ទោះមានសុខភាពល្អ ឬមានជំងឺដំណាក់កាលចុងក្រោយក្តី។ ការដឹងគុណនោះ អាចរកបានដោយសារព្រះគុណព្រះ ហើយវាជាសញ្ញាសំគាល់ពិតប្រាកដនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតមនុស្សម្នាក់ៗ។ ការដឹងគុណដោយសារព្រះគុណព្រះ ជួយឲ្យយើងអាចប្រឈមមុខដាក់បញ្ហាដោយដឹងថា ព្រះទ្រង់ធ្វើការក្នុងជីវិត និងកាលៈទេសៈរបស់យើងយ៉ាងពេញលេញ ដ្បិតព្រះអង្គបានធ្វើឲ្យយើងក្លាយជាកម្មបទពិសេសនៃក្តីស្រឡាញ់របស់ព្រះអង្គ។
នៅពេលដែលលោក យ៉ូណាថាន អេដវើត លាចាកលោក ដោយសារការចាក់វ៉ាក់សាំងការពារជំងឺអុតធំ អ្នកស្រី សារ៉ា ជាភរិយា បានសរសេរសំបុត្រផ្ញើទៅកូនស្រីរបស់ពួកគេថា «តើឲ្យម្តាយនិយាយដូចម្តេច? ព្រះដ៏បរិសុទ្ធ និងល្អ បានគ្របបាំងយើងដោយពពកពណ៌ខ្មៅ»។ ចូរយើងកត់សម្គាល់អំពីភាពស្មោះត្រង់ នៅត្រង់ចំណុចនេះ។ គាត់មិនបានបង្ហាញចេញនូវទំនុកចិត្តតែសម្បកក្រៅនោះឡើយ។ តែស្វាមីគាត់មិនបានលាចាកលោក ដោយចៃដន្យនោះទេ តែដោយសារអធិបតេយ្យភាពរបស់ព្រះ ដែលបានកំណត់ពេលវេលាដែលត្រូវនាំលោក យ៉ូណាថាន ទៅទទួលរង្វាន់អស់កល្បជានិច្ច។ ហេតុនេះហើយ អ្នកស្រី សារ៉ា ក៏បានមានប្រសាសន៍ទៀតថា «តែព្រះរបស់ម្តាយជាព្រះដ៏រស់ ហើយម្តាយបានថ្វាយចិត្តដល់ព្រះអង្គហើយ...យើងត្រូវថ្វាយទាំងអស់ដាច់ដល់ព្រះអង្គ ហើយម្តាយបានថ្វាយរួចហើយ ដោយការស្កប់ចិត្ត និងសេចក្តីស្រឡាញ់»2។
ក្នុងពេលដែលមានការសោកសង្រេង យើងមិនអាចនិយាយចេញពាក្យដូចនេះ ដោយការដឹងគុណធម្មតាដែលមិនអាចជួយយើងក្នុងពេលបាត់បង់នោះទេ។ មានតែការដឹងគុណដោយសារព្រះគុណប៉ុណ្ណោះ ដែលបង្ហាញចេញនូវទឹកចិត្តដូចនេះបាន។ យើងនឹងជួបទុក្ខលំបាក ឬថែមទាំងស្ថិតក្នុងកាលៈទេសៈដ៏ឈឺចាប់ នៅពេលណាមួយ ព្រោះលោកីយ៍នេះមានពេញដោយអំពើបាប។ ប៉ុន្តែ ក្នុងពេលបែបនោះ អ្នកអាចឱបក្រសោបសេចក្តីស្រឡាញ់របស់ព្រះ ហើយជ្រើសរើសយកការទុកចិត្តលើសេចក្តីល្អរបស់ព្រះ ដែលបានបង្ហាញយ៉ាងច្បាស់នៅលើឈើឆ្កាង។ បន្ទាប់មក ក្នុងពេលដែលងងឹតបំផុត អ្នកនឹងបានស្គាល់ក្តីអំណរក្នុងព្រះវត្តមានព្រះអង្គ និងតែងតែមានហេតុដែលត្រូវអរព្រះគុណព្រះអង្គ។ យើងមានកម្លាំង ភាពថ្លៃថ្នូរ និងបង្ហាញនូវការការថ្វាយបង្គំ ពេលណាយើងអាចនិយាយថា «ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ» (យ៉ូប ១:២១)។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១១:៣៣-៣៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣៨-៤០ និង ១កូរិនថូស ១៣
1“A Treatise Concerning Religious Affections, in Three Parts,” ក្នុងThe Works of Jonathan Edwards, កែសម្រួលដោយ៖ លោក Sereno Dwight, ពិនិត្យឡើងវិញ និងកែម្ដងទៀតដោយ៖ លោក Edward Hickman (ឆ្នាំ១៨៣៤; បោះពុម្ពឡើងវិញដោយ Banner of Truth, ឆ្នាំ១៩៧៩), ១:២៧៦។
2លោកស្រី Sarah Pierpont Edwards to Esther Burr, ថ្ងៃទី៣ ខែមេសា ឆ្នាំ១៧៥៨, in Memoirs of Jonathan Edwards ដោយ៖ លោក Sereno Dwight, ក្នុង Edwards, Works, 1:clxxix.