ព្រឹក

ជាកម្មសិទ្ធិរបស់ព្រះអង្គ
ដោយXochitl Dixon
March 20, 2025
អេសាយ ៤៣:១-៧
កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១
ថ្ងៃមួយ កាលខ្ញុំកំពុងមានតួនាទីជាអ្នកថែទាំម្តាយខ្ញុំដែលមានជំងឺចាស់ជរា យើងក៏បានទៅទស្សនាការតាំងពិព័រណ៍សិល្បៈមួយ។ យើងមានអារម្មណ៍នឿយហត់ទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ។ ខ្ញុំបានឈរមើលទូកពីរគ្រឿង ធ្វើពីឈើដែលមានការតុបតែងពីលើដោយកញ្ចក់ពណ៌ចម្រុះយ៉ាងស្រស់ស្អាត តាមលំនាំនៃការតម្រៀបផ្កា និងការតុបតែងរបស់ជនជាតិជប៉ុនដើម្បីទាក់ទាញសត្វត្រី។ គេបានដាក់តាំងទូកទាំងនោះនៅពីមុខជញ្ជាំងពណ៌ខ្មៅ នៅលើកម្រាលឥដ្ឋដែលចាំងឆ្លុះ។ ខ្ញុំក៏បានឃើញកែវមូលៗដូចគ្រាប់ឃ្លី មានស្នាមអុចៗ និងឆ្នូតៗ ដូចគ្រាប់ស្ករកៅស៊ូដែលមានទំហំធំខុសពីធម្មតា កំពុងគរលើគ្នាជាគំនរនៅលើទូកដែលតូចជាងគេ។ ហើយនៅលើទូកទីពីរ ខ្ញុំក៏បានឃើញរូបចម្លាក់ធ្វើពីកែវដែលមានរាងកោង វែង និងកាច់រាងចុះឡើង ដែលបានលេចឡើងពីទូកនោះ ដូចអណ្តាតភ្លើងដែលមានពណ៌ដ៏ស្រស់ស្អាត។ សិល្បករបានសូនរូបចម្លាក់កែវនីមួយៗពីកញ្ចក់ដែលគេបានរំលាយ និងដុតឲ្យទន់ ដោយប្រើភ្លើងហ្កាសបាញ់ចេញអណ្តាតភ្លើងដែលមានកម្តៅក្តៅខ្លាំង។
ទឹកភ្នែកខ្ញុំបានហូរចុះពីលើថ្ពាល់មក ខណៈពេលខ្ញុំស្រមៃអំពីព្រះហស្តនៃការថែរក្សារបស់ព្រះ ដែលបានឱបខ្ញុំ និងម្តាយរបស់ខ្ញុំ ជាកូនស្ងួនភ្ងារបស់ព្រះអង្គ ឆ្លងកាត់រយៈពេលដ៏ពិបាកបំផុត។ ខណៈពេលដែលព្រះអង្គកែប្រែចារិកលក្ខណៈរបស់រាស្រ្តព្រះអង្គ តាមរយៈភ្លើងឆេះបន្សុទ្ធក្នុងជីវិត ព្រះអង្គបានបញ្ជាក់ថា ក្តីសង្ឃឹមរបស់យើង គឺបានមកពីការដឹងថា ព្រះអង្គស្គាល់យើង ហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គ(អេសាយ ៤៣:១)។ ទោះយើងមិនអាចគេចចេញពីទុក្ខលំបាកក៏ដោយ ព្រះអង្គបានសន្យាថា នឹងការពារយើង និងមានវត្តមានគង់នៅជាមួយយើងជានិច្ច(ខ.២)។ ដោយសារអត្តសញ្ញាណ និងសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង នោះយើងអាចទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះអង្គបាន(ខ.៣-៤)។
ពេលណាកាលៈទេសៈនៃជីវិតរបស់យើង មានកម្តៅកើនឡើង យើងប្រហែលជាមានអារម្មណ៍ថា ជីវិតយើងមានភាពផុយស្រួយណាស់។ យើងប្រហែលជាមានភាពផុយស្រួយមែន តែព្រះអង្គបានឱបយើងជាប់ ក្នុងសេចក្តីស្រឡាញ់ ទោះភ្លើងនោះបានឡើងកម្តៅខ្លាំងយ៉ាងណាក៏ដោយ។ ព្រះអង្គស្គាល់យើង។ ព្រះអង្គស្រឡាញ់យើង។ យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។—Xochitl Dixon
ហេតុអ្វីការដឹងថា អ្នកគឺជាកម្មសិទ្ធិរបស់ព្រះ នាំឲ្យអ្នកមានក្តីសង្ឃឹម ក្នុងអំឡុងពេលដែលមានទុក្ខលំបាក?
តើព្រះទ្រង់បានប្រើភ្លើងឆេះបន្សុទ្ធ ដើម្បីកែប្រែចារិតលក្ខណៈរបស់យើងដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឱបទូលបង្គំ កែប្រែទូលបង្គំ និងរំឭកទូលបង្គំថា ទូលបង្គំជាកម្មសិទ្ធិរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៧-៩ និង លូកា ១:២១-៣៨
ប្រភេទ
ល្ងាច

ហេតុអ្វីព្រះអង្គពន្យារពេលការយាងមកវិញ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 20, 2025
«ឯព្រះ ដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោដោយពួកហោរាជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នាដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានតម្រូវឲ្យបានគ្រងរបស់ទាំងអស់ទុកជាមរដក ព្រមទាំងបង្កើតលោកីយ៍ដោយសារព្រះរាជបុត្រានោះដែរ» (ហេព្រើរ ១:១-២)។
មានការពិពណ៌នាជាច្រើនអំពីសម័យដែលយើងកំពុងរស់នៅក្នុងសតវត្សរ៍ទី២១ សម័យក្រោយទំនើប សម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យា។ ប៉ុន្តែ ផ្អែកទៅលើចំណុចស្នូលនៃជំនឿជាមូលដ្ឋានរបស់យើង យើងកំពុងរស់នៅក្នុង «គ្រាចុងក្រោយ»។ ផ្អែកទៅលើការយល់ដឹងរបស់យើង ពាក្យមួយឃ្លានេះអាចចម្លែកខ្លាំង ឬធ្វើឲ្យរំភើបចិត្តខ្លាំង។ ជាការពិតណាស់ យើងអាចមានការភ័ន្តច្រឡំយ៉ាងខ្លាំង អំពី «គ្រាចុងក្រោយ»។
កណ្ឌគម្ពីរសញ្ញាថ្មីបានប្រើឃ្លានេះ ដើម្បីពិពណ៌នា អំពីអំឡុងពេលនៅចន្លោះការយាងមកលើកទីមួយ និងលើកទី២។ ព្រះយេស៊ូវបានយាងមកជាលើកទីមួយ ហើយព្រះអង្គនឹងយាងមកម្តងទៀត ហើយយើងកំពុងរស់នៅចន្លោះបង្គោលនៃព្រឹត្តិការណ៍ធំទាំងពីរនេះ ក្នុងប្រវត្តិសាស្ត្រនៃសេចក្តីសង្គ្រោះ។ ការយាងមកជាលើកដំបូងរបស់ព្រះអង្គបាននាំនគរព្រះអង្គចុះមកផែនដី ហើយនាំមកនូវ «គ្រាចុងក្រោយ» ជាការពិតនៃពេលបច្ចុប្បន្ន។ ព្រះជន្ម ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងស្ថានសួគ៌វិញសុទ្ធតែចង្អុលបង្ហាញយើង ទៅរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះយេស៊ូវបានបង្រៀនថា បើព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ «នគរព្រះបានមកដល់ហើយ» (ម៉ាថាយ ១២:២៨)។
ដូចនេះ ព្រះយេស៊ូវមានបន្ទូលក្នុងន័យបច្ចុប្បន្នកាល នៅពេលដែលព្រះអង្គត្រាស់ហៅពួកបណ្តាជនឲ្យ «ទទួលនគរព្រះ» (ម៉ាកុស ១០:១៥ លូកា ១៨:១៧)។ ព្រះអង្គមិនមែនកំពុងមានបន្ទូលអំពីការចូលទៅក្នុងពេលអនាគតណាមួយ តែចូលទៅក្នុងការពិតក្នុងពេលបច្ចុប្បន្ន គឺការគ្រប់គ្រង និងព្រះរាជរបស់ព្រះយេស៊ូវក្នុងពេលបច្ចុប្បន្ន។
ដូចនេះ នគរព្រះមាននៅក្នុងពេលបច្ចុប្បន្ន ប៉ុន្តែក៏មាននៅក្នុងពេលអនាគត ដែលយើងត្រូវទន្ទឹងរង់ចាំ ដែលនឹងមានការសម្ពោធពេញលេញដោយការយាងមកវិញនៃព្រះអម្ចាស់យេស៊ូវ។ ក្នុងពេលព្រះអង្គយាងមកជាលើកទីពីរ ព្រះអង្គនឹងតាំងនគរព្រះអង្គទាំងស្រុង។ នៅពេលនោះ ព្រះអង្គនឹងស្វាគមន៍អ្នកជឿទាំងអស់ ឲ្យមកទទួលមរដកគឺជានគរដែលបានរៀបចំទុកសម្រាប់យើងរាល់គ្នា តាំងពីកំណើតលោកីយ៍មក (ម៉ាថាយ ២៥:៣៤) ហើយ «គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ» (អេសាយ ១១:៩)។ នគរដែលមានមកដល់ពីដំបូងជាមួយក្សត្រពីអតីតកាលនឹងមកដល់ទាំងស្រុងក្នុងភាពល្អឥតខ្ចោះ និងសិរីល្អនៅពេលអនាគត។
ដូចនេះ គ្រីស្ទបរិស័ទកំពុងរស់នៅក្នុងចន្លោះពេលដែលជា «គ្រាចុងក្រោយ» ។ អ្នកដែលនៅជាប់ក្នុងព្រះគ្រីស្ទបានកើតជាថ្មី តែមិនទាន់បានទទួលអត្ថប្រយោជន៍ និងព្រះពរទាំងអស់នៅឡើយទេ។ អ្នកជឿរស់នៅក្នុងពេលបច្ចុប្បន្នក្នុងលោកីយ៍ដែលជាប់មានបាប ដោយទន្ទឹងរង់ចាំការមកដល់របស់ព្រះគ្រីស្ទ។ ដូចនេះ ហេតុអ្វីពេលវេលានៅចន្លោះការយាងមកលើកទីមួយ និងការយាងមកលើកទី២ ហាក់ដូចជាយូរម្ល៉េះ? ហេតុអ្វីព្រះអង្គពន្យារពេល? ព្រះអង្គបានពន្យារការយាងមកវិញរបស់ព្រះយេស៊ូវ ដើម្បីឲ្យមនុស្សកាន់តែច្រើនមានឱកាសឮព្រះបន្ទូលព្រះអង្គ ប្រែចិត្ត ហើយទទួលជឿ (២ពេត្រុស ៣:៩)។
គ្រាចុងក្រោយជាឱកាសដើម្បីចូលនគរព្រះ មុនពេលទ្វារបិទជារៀងរហូត។ ដោយសារយើងដឹងថា យើងកំពុងរស់នៅក្នុងសម័យណា ហើយការយាងមករបស់ព្រះអង្គ នឹងការបញ្ចប់នៃគ្រាចុងក្រោយ យើងត្រូវសួរខ្លួនឯងថា «តើយើងគួររស់នៅជាមនុស្សប្រភេទណា?» (២ពេត្រុស ៣:១១)។ ព្រះគម្ពីរប៊ីបបានប្រាប់យើងថា «ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីផង ហើយត្រូវរាប់សេចក្តីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្តីសង្គ្រោះ» (ខ.១៤-១៥)។ បានសេចក្តីថា បើ «គ្រាចុងក្រោយ» ត្រូវបញ្ចប់នៅថ្ងៃនេះ ហើយព្រះអម្ចាស់យេស៊ូវយាងមកវិញក្នុងសិរីល្អរបស់ព្រះអង្គ ចូរប្រាកដថា អ្នកកំពុងរស់នៅតាមរបៀបដែលគាប់ព្រះទ័យព្រះអង្គ ហើយប្រកាសព្រះនាមព្រះអង្គដល់លោកីយ៍។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៧:២០-៣៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៤១-៤២ និង១កូរិនថូស ១៤:១-២០