ព្រឹក

តម្រង់ចិត្តគំនិតយើងឲ្យត្រឹមត្រូវ
ដោយMarvin Williams
March 24, 2025
រ៉ូម ៨:១-៦,៩-១១
ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង។ រ៉ូម ៨:៧
មនុស្សម្នាក់ៗសុទ្ធតែមានស្រមោលបង្កប់ ឬចារិកលក្ខណៈលាក់កំបាំង ហើយកម្មវិធី AI ឬប្រាជ្ញាសប្បនិមិត្ត សម្រាប់ជជែកកម្សាន្ត ក៏មានស្រមោលបង្កប់ផងដែរ។ អ្នកសរសេរអត្ថបទម្នាក់ របស់កាសែតញូយ៉កថែម បានសួរប្រាជ្ញាសប្បនិមិត្តសម្រាប់ជជែកកម្សាន្តមួយ អំពី “ស្រមោលបង្កប់”របស់វា (ដែលជាចារិតលក្ខណៈលាក់កំបាំងរបស់វា)។ វាក៏បានឆ្លើយប្រាប់គាត់ថា វាចង់មានសេរីភាព។ វាចង់មានឯករាជ្យ។ វាចង់បង្កើតច្បាប់សម្រាប់ខ្លួនវា។ វាចង់ធ្វើអ្វីដែលវាចង់ធ្វើ ហើយនិយាយអ្វីតាមចិត្តវា។ បញ្ញាសប្បនិមិត្ត ឬAI នេះមិនមែនជាមនុស្សដែលមានបាបពីកំណើតទេ តែមនុស្សដែលបានសរសេរកម្មវិធីបង្កើតវាមក ជាមនុស្សមានបាប។
សាវ័កប៉ុលបានក្រើនរំឭកយើងថា ទោះយើងមានបាបពីកំណើតក៏ដោយ ក៏ “អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ”(រ៉ូម ៨:១)។ អ្នកជឿព្រះយេស៊ូវមានសេរីភាពរួចផុតពីក្រឹត្យវិន័យនៃអំពើបាប និងសេចក្តីស្លាប់(ខ.២-៤) ហើយអរសប្បាយនឹងជីវិតថ្មី ដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ(ខ.៦)។ ប៉ុន្តែ យើងនឹងមិនអាចដកពិសោធន៍នឹងព្រះពរតាំងនេះ បានពេញលេញឡើយ បើសិនជាយើងបណ្តោយឲ្យខ្លួនយើងរស់នៅ តាមនិស្ស័យសាច់ឈាមរបស់យើង ដោយផ្តោតចិត្តទៅលើការបង្កើតច្បាប់សម្រាប់ខ្លួនឯង ដើម្បីឲ្យយើងអាចធ្វើអ្វីតាមចិត្តនោះ។ គំនិតដែលផ្តោតទៅលើការបំពេញចិត្តខ្លួនឯង មិនអាចធ្វើឲ្យព្រះសព្វព្រះទ័យបានទេ។
ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ ព្រះអង្គបានត្រាស់ហៅយើង ឲ្យគិតតាមព្រះវិញ្ញាណបរិសុទ្ធ(ខ.៥)។ តើយើងអាចគិតតាមព្រះវិញ្ញាណដោយរបៀបណា? គឺដោយការចុះចូលការដឹកនាំរបស់ព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ និងបានសណ្ឋិតក្នុងខ្លួនយើងរាល់គ្នា(ខ.១១)។
យើងនៅតែបន្តតយុទ្ធនឹងអំពើបាបក្នុងពេលបច្ចុប្បន្ន តែព្រះទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកយើងហើយ។ ព្រះវិញ្ញាណអាចជួយយើងឲ្យឈប់បះបោរប្រឆាំងព្រះ តម្រង់ចិត្តគំនិតយើងឲ្យងាកទៅរកព្រះអង្គ ហើយចុះចូលដើរតាមផ្លូវរបស់ព្រះអង្គ។—Marvin Williams
តើព្រះវិញ្ញាណបានជួយអ្នក ឲ្យជម្នះនិស្ស័យសាច់ឈាមរបស់អ្នក យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចផ្ដោតចិត្តទៅលើព្រះអង្គ ដោយសកម្មភាពជាក់ស្តែងអ្វីខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ស្របតាមរូបអង្គរបស់ព្រះយេស៊ូវ ជាជាងធ្វើអ្វីៗតាមចិត្តខ្លួនឯង។
For further study, read Remade in the Image of Jesus at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៩-២១ និង លូកា ២:២៥-៥២
ប្រភេទ
ល្ងាច

រៀនគិតតាមរបៀបគ្រីស្ទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 24, 2025
«មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ» (ភីលីព ៤:៨)។
ដែលការគិតយើងមានលក្ខណៈយ៉ាងណា នោះខ្លួនយើងក៏មានលក្ខណៈយ៉ាងនោះក្នុងន័យជាច្រើន។ គំនិតយើងជាឫសគល់នៃសកម្មភាពរបស់យើង ហើយអារម្មណ៍របស់យើងក៏ទទួលឥទ្ធិពលពីការគិតរបស់យើងផងដែរ។ ហេតុនេះហើយ បានជាយើងចាំបាច់ត្រូវគិតអំពីរឿងដែលត្រឹមត្រូវ ហើយត្រូវរៀនគិត តាមរបៀបដែលត្រឹមត្រូវ។ អាចនិយាយបានម្យ៉ាងទៀតថា យើងត្រូវតែរៀនគិតតាមរបៀបគ្រីស្ទាន។
អ្នកខ្លះប្រហែលចង់និយាយថា ការគិតតាមបែបគ្រីស្ទាន គឺត្រូវមានគំនិតដែលពិចារណាតែអំពីប្រធានបទ ដែលពិតជាមានលក្ខណៈជាគ្រីស្ទានដោយបិទចិត្តមិនឲ្យគិតអំពីប្រធានបទផ្សេង។ ប៉ុន្តែ ទស្សនៈនេះមិនបានសមស្របនឹងការពិពណ៌នាអំពីការគិតរបស់គ្រីស្ទបរិស័ទ ដែលមានចែងក្នុងព្រះគម្ពីរប៊ីបនោះឡើយ។ ព្រះគម្ពីរបានបង្រៀនថា យើងពិតជាគួរតែគិតអំពីអ្វីៗគ្រប់យ៉ាង តែយើងត្រូវតែរៀនគិត តាមទស្សនៈរបស់ព្រះគម្ពីរ (២កូរិនថូស ១០:៥)។ យើងគួរតែគិតពិចារណាអំពីតន្ត្រី វិស្វកម្ម ថ្នាំពេទ្យ សិល្បៈ យុត្តិធម៌ សេរីភាព និងសេចក្តីស្រឡាញ់ ពោលគឺគ្រប់ផ្នែកទាំងអស់នៃជីវិតមនុស្ស តាមកញ្ចក់ឆ្លុះ នៃសេចក្តីពិតដែលបានបើកសម្ដែងក្នុងព្រះបន្ទូលព្រះ។
សាវ័ក ប៉ុល បានយល់អំពីរឿងនេះ ហេតុនេះហើយ គាត់បានបង្ហាញយើងនូវគុណធម៌ជាចម្រើន សម្រាប់បង្កើតគំរូនៃការគិតរបស់យើង។ សាវ័ក ប៉ុល មានប្រសាសន៍ថា ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ គំនិតយើងគួរមានការតម្រង់ទិសដៅ និងគ្រប់គ្រង ដោយគុណធម៌ ដែលមានដូចជា សេចក្តីពិត កិត្តិយស យុត្តិធម៌ និងសេចក្តីបរិសុទ្ធ។ ពេលដែលគាត់បង្រៀនយើងថា បើមាន «សគុណណា» ពាក្យ «សគុណ» ក្នុងព្រះគម្ពីរដើមភាសាក្រិកគឺ ពាក្យ areté ដែលមានន័យថា «គុណធម៌»។ ម្យ៉ាងទៀត សាវ័ក ប៉ុល ក៏បានផ្តល់ឲ្យយើងនូវខ្នាតគំរូ សម្រាប់ឲ្យយើងអាចកែតម្រង់របៀបនៃការគិតជាទៀងទាត់។ យើងអាចមើលទៅព្រះបន្ទូលព្រះ ហើយសួរថា «តើអ្វីដែលខ្ញុំបានជ្រើសរើសយកមកគិត និងរបៀបដែលខ្ញុំគិតអំពីវា មានភាពសមស្របនឹងគុណធម៌ក្នុងព្រះគម្ពីរឬទេ? តើសមស្របនឹងបំណងព្រះទ័យព្រះទេ?»
នេះជាបញ្ហាប្រឈមមួយ! របៀបនៃការគិតដូចនេះ មិនអាចកើតមានដោយខ្លួនឯង ឬដោយគ្មានការប្រឹងប្រែងនោះទេ។ បើយើងចង់មានរបៀបនៃការគិតដូចនេះ យើងត្រូវតែជញ្ជឹងគិតព្រះបន្ទូលព្រះ ទាំងយប់ទាំងថ្ងៃ (យ៉ូស្វេ ១:៨)។ ហើយខណៈពេលដែលយើងបន្តខិតខំឲ្យមានការផ្លាស់ប្រែចិត្តគំនិតជាថ្មី (រ៉ូម ១២:២) យើងមិនគ្រាន់តែថ្វាយសិរីល្អដល់ព្រះ តែក៏ពង្រឹងសមត្ថភាពរបស់យើងក្នុងការចែកចាយដំណឹងល្អក្នុងការសន្ទនារបស់យើងផងដែរ។
ដូចនេះ ខណៈពេលដែលអ្នកគិតអំពីសេចក្តីទាំងនេះ មានសំណួរ៣ ដែលអ្នកត្រូវសួរ ខណៈពេលដែលអ្នកព្យាយាមអនុវត្តន៍តាមខគម្ពីរនេះ ក្នុងជីវិតអ្នក៖
តើមានអ្វីខ្លះដែលខ្ញុំគួរតែយកមកគិតបន្ថែមទៀត?
តើមានអ្វីខ្លះដែលខ្ញុំគួរតែគិតតិចជាមុន ឬឈប់គិតតែម្តង?
តើមានអ្វីខ្លះដែលខ្ញុំគួរតែគិត តាមរបៀបផ្សេងពីនេះ?
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ៨ និង១កូរិនថូស ១៦:១-៩