ព្រឹក

ព្រះអង្គសូនយើងឡើងវិញ
ដោយJennifer Benson Schuldt
March 25, 2025
យេរេមា ១៨:១-១០
ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ។ យេរេមា ១៨:៦
លោកឌែន លេស(Dan Les) បានធ្វើការជាជាងស្មូនពេញមួយជីវិតហើយ ដោយគាត់បានសូនក្អម និងថូរផ្កា សម្រាប់តាំងលម្អ និងរូបចម្លាក់ជាច្រើន។ ការរចនារបស់គាត់ដែលបានទទួលពានររង្វាន់ បានទទួលការបណ្តាលចិត្ត ពីទីក្រុងមួយ ក្នុងប្រទេសរ៉ូម៉ានា ជាកន្លែងដែលគាត់រស់នៅ។ ដោយគាត់បានរៀនសិល្បៈសូនដីឥដ្ឋនេះ ពីឪពុករបស់គាត់ គាត់ក៏បានធ្វើការបកស្រាយអំពីការងារនេះថា “ដើម្បីឲ្យដីឥដ្ឋមានគុណភាពល្អ គេត្រូវទុកវាចោលរយៈពេល១ឆ្នាំ ឲ្យត្រូវទឹកភ្លៀងធ្លាក់មកលើវា ឲ្យត្រូវអាកាសធាតុត្រជាក់ដល់កក ហើយត្រឡប់ទៅរកសភាពដើមវិញ ... ដើម្បីឲ្យយើងអាចសូនវាចេញជារូបរាង្គ ហើយមានអារម្មណ៍ដឹងតាមរយៈម្រាមដៃរបស់យើងថា វាកំពុងតែស្តាប់យើង”។
តើមានរឿងអ្វីកើតឡើង នៅពេលដែលដីឥដ្ឋ “ស្តាប់” ជាងស្មូន? គឺមានន័យថា វាចុះចូល ព្រមឲ្យជាងស្មូនសូនវា តាមបំណងចិត្តគាត់។ ហោរាយេរេមាក៏បានសង្កេតឃើញបញ្ហានេះ នៅពេលដែលគាត់ចូលផ្ទះរបស់ជាងស្មូន។ គាត់បានមើលជាងស្មូនសូនភាជនៈមួយ តែវាបានខូច ដូចនេះ គាត់ក៏បានសូនវាទៅជាភាជនៈថ្មីមួយទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់ក៏បានមានបន្ទូលមកលោកយេរេមាថា “ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ”(ខ.៦)។
ព្រះទ្រង់អាចលើកយើងឡើង ហើយក៏អាចបន្ទាបយើងចុះផងដែរ ប៉ុន្តែ គោលបំណងធំបំផុតរបស់ព្រះអង្គ មិនមែនដើម្បីកៀបសង្កត់ ឬបំផ្លាញយើងឡើយ(ខ.៧-១០)។ ផ្ទុយទៅវិញ ព្រះអង្គប្រៀបដូចជាជាងស្មូនដ៏ប៉ិនប្រសប់ម្នាក់ ដែលបានសូនភាជនៈណាមួយ ហើយក៏បានមើលដឹងថាវាខូច ដូចនេះ គាត់ក៏បានសូនវាឡើងវិញ ឲ្យមានភាពស្រស់ស្អាត និងមានប្រយោជន៍។
ចូរយើងមានចិត្តដូចជាដីឥដ្ឋដែលស្តាប់ជាងស្មូន ជាដីឥដ្ឋទន់ដែលជាងស្មូនងាយស្រួលសូនធ្វើភាជនៈ ស្របតាមគោលបំណងរបស់គាត់។ ចូរយើងសួរខ្លួនឯងថា តើយើងព្រម “បន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះទេ”(១ពេត្រុស ៥:៦) ដើម្បីឲ្យព្រះអង្គអាចសូនជីវិតយើងឡើងវិញ តាមបំណងព្រះទ័យព្រះអង្គ?—Jennifer Benson Schuldt
តើចិត្តរបស់អ្នកមានការបើកចំហយ៉ាងណាខ្លះ ដើម្បីស្តាប់តាមព្រះបន្ទូលរបស់ព្រះ?
តើអ្នកយល់ឃើញថា ព្រះអង្គសូនជីវិតអ្នកឡើងវិញ តាមរយៈបទពិសោធន៍នៃជីវិត ដោយមានគោលបំណងអ្វី?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ។ ទូលបង្គំសូមថ្វាយជីវិតដាច់ដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ២២-២៤ និង លូកា ៣
ប្រភេទ
ល្ងាច

រក្សាខ្លួនយើងជាប់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 25, 2025
«ដោយស្អាងចិត្តឡើងក្នុងសេចក្តីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង» (យូដាស ២១)
ទោះព្រះទ្រង់មានសមត្ថភាពឥតខ្ចោះក្នុងការ «ការពារអ្នកមិនឲ្យជំពប់ដួល» ហើយជួយឲ្យអ្នកមានការអត់ទ្រាំក្នុងជំនឿ (យូដាស ២៤) ក៏ដោយ ក៏ព្រះអង្គនៅតែត្រាស់ហៅអ្នកឲ្យបំពេញតួនាទីយ៉ាងសកម្ម នៅក្នុងការបន្តដំណើរក្នុងជីវិតជាគ្រីស្ទបរិស័ទ ដើម្បីឲ្យអ្នកជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
យើងត្រូវតែដេញតាមសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ចក្នុងជីវិតយើង។ ហេតុនេះហើយ ក្នុងព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើនដែលត្រូវចែងអំពីរឿងនេះ។ នៅក្នុងការដើរដោយជំនឿ យើងមិនអាចរស់នៅដោយគ្មានការប្រឹងប្រែងនោះឡើយ ព្រោះជំនឿយើងមិនអាចរឹងមាំដោយខ្លួនឯងបានទេ។ ដូចនេះ តើការនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះមានលក្ខណៈដូចម្ដេចខ្លះ?
ទីមួយ ព្រះគម្ពីរបង្រៀនយើងថា ដើម្បីឲ្យយើងអាចរក្សាសេចក្តីស្រឡាញ់ចំពោះព្រះអង្គ យើងត្រូវស្អប់បាបទាំងអស់ជាប់ជានិច្ច (សុភាសិត ៨:១៣, ទំនុកតម្កើង ៩៧:១០, និង រ៉ូម ១២:៩)។ បើអ្នកលេង សើចជាមួយបាប បណ្តោយឲ្យបាបកើតមាន ឬបណ្តោយខ្លួនឯងឲ្យមានចិត្តរំភើបរីករាយចំពោះវា សេចក្តីស្រឡាញ់ដែលអ្នកមានចំពោះព្រះនឹងមានការអន់ថយដោយជៀសមិនរួច។
ទីពីរ យើងអាចចម្រើនឡើងក្នុងការស្រឡាញ់ព្រះអង្គ ដោយអរសប្បាយនឹងពិធី ដែលព្រះអង្គប្រទានមកពួកជំនុំ។ ឧទាហរណ៍៖ ព្រះយេស៊ូវបានបង្កើតពិធីលៀងព្រះអម្ចាស់ ដើម្បីជួបជាមួយយើងតាមរបៀបពិសេសមួយដោយបង្ហាញអង្គទ្រង់ដល់យើង ដើម្បីឲ្យយើងស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយស្រឡាញ់ព្រះអង្គផងដែរ។ យើងមិនអាចរក្សាទំនាក់ទំនងល្អជាមួយព្រះអង្គ ដោយផ្តាច់ខ្លួនចេញពីពិធីដែលយើងទទួលព្រះគុណដែលព្រះអង្គបានបង្កើតនោះឡើយ។
ទីបី យើងចាំបាច់ត្រូវចាំថា ការនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះ គឺមិនគ្រាន់តែជាការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ តែក៏ជាការសហការគ្នាផងដែរ។ យើងចូលទៅចំពោះព្រះគ្រីស្ទរៀងៗខ្លួន តែយើងមិនរស់នៅក្នុងព្រះអង្គតែម្នាក់ឯងនោះទេ។ គឺយើងជាថ្មដ៏រស់ដែលព្រះអង្គយកមកសាងសង់ ក្លាយជាផ្ទះខាងឯវិញ្ញាណមួយ ដើម្បីឲ្យយើងបានធ្វើជាពួកសង្ឃបរិសុទ្ធ (១ពេត្រុស ២:៥)។ ការបង្កើតមិត្តភាពជ្រាលជ្រៅ និងស្មោះត្រង់ជាមួយអ្នកដទៃដែលស្រឡាញ់ព្រះជួយយើងឲ្យស្រឡាញ់ព្រះអង្គ។ ទំនាក់ទំនងកម្រនឹងប្រព្រឹត្តទៅដោយគ្មានមនោសញ្ចេតនា។ បើយើងចង់ចម្រើនឡើងក្នុងជំនឿ យើងត្រូវតែស្វែងរកមិត្តភក្តិដែលកោតខ្លាចព្រះ។
ការចម្រើនឡើងក្នុងសេចក្តីជំនឿ តម្រូវឲ្យមានសកម្មភាព និងការទទួលខុសត្រូវ តែក៏តម្រូវឲ្យមានចិត្តអត់ធ្មត់ ខណៈពេលដែលយើងរង់ចាំ «សេចក្តីមេត្តារបស់ព្រះអម្ចាស់ដែលនាំទៅរកជីវិតអស់កល្បជានិច្ច»។ យើងត្រូវដេញតាមទំនាក់ទំនងដែលមានការចម្រើនឡើងជាមួយព្រះវរបិតា ដោយងាកចេញពីបាប ហើយអរសប្បាយនឹងអំណោយរបស់ព្រះអង្គជាមួយអ្នកដទៃដែលបានកើតជាថ្មី និងមានព្រះវិញ្ញាណបរិសុទ្ធគង់សណ្ឋិត ខណៈពេលដែលយើងកំពុងរង់ចាំការប្រោសលោះនៃរូបកាយយើង និងការបំពេញបំណងព្រះទ័យព្រះអង្គយ៉ាងឥតខ្ចោះ (រ៉ូម ៨:២៣)។
ហេតុនេះហើយ «ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ...ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា» (ភីលីព ២:១២-១៣)។ យើងមិនធ្វើការល្អ ដើម្បីឲ្យបានសង្គ្រោះ តែយើងបង្ហើយសេចក្តីសង្គ្រោះរបស់យើង ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។ បានសេចក្តីថា តើមានបាបណាខ្លះដែលយើងត្រូវតយុទ្ធ? តើអ្នកត្រូវតែដេញតាមទំនាក់ទំនងជ្រាលជ្រៅជាគ្រីស្ទបរិស័ទដោយរបៀបណា? ចូររក្សាខ្លួនអ្នកឲ្យជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១យ៉ូហាន ៥:១២-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ៩ និង១កូរិនថូស ១៦:១០-២៤