ព្រឹក

ដើរតាមផែនការរបស់ព្រះ
ដោយKaren Huang
March 27, 2025
យ៉ាកុប ៤:១៣-១៧
បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។ យ៉ាកុប ៤:១៥
ខ្ញុំមិនអាចផ្ដោតទៅលើគម្រោង ដែលខ្ញុំកំពុងធ្វើ ដោយសារខ្ញុំមានចិត្តថប់បារម្ភ ខ្លាចផែនការរបស់ខ្ញុំមិនជោគជ័យ។ ការថប់បារម្ភរបស់ខ្ញុំកើតចេញពីអំនួត។ ខ្ញុំជឿថា ខ្ញុំបានកំណត់ពេលវេលា និងធ្វើផែនការបានល្អបំផុត ដូចនេះ ខ្ញុំចង់ឲ្យពួកវាមានដំណើរការទៅមុខ ដោយគ្មានអ្វីរារាំងឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានសំណួរមួយបានលេចឡើងក្នុងគំនិតខ្ញុំ : តើផែនការរបស់ខ្ញុំ ស្របតាមផែនការរបស់ព្រះដែរឬទេ?
ផែនការរបស់ខ្ញុំមិនមែនជាបញ្ហាទេ ព្រោះព្រះទ្រង់បានត្រាស់ហៅយើងឲ្យប្រើប្រាស់ពេលវេលា ឱកាស និងធនធានរបស់យើង ដោយប្រាជ្ញា។ ភាពក្រអឺតក្រទមរបស់ខ្ញុំទេដែលជាបញ្ហា។ ខ្ញុំបានផ្ដោតទៅលើការយល់ដឹងរបស់ខ្ញុំ អំពីកម្មវិធីដែលត្រូវអនុវត្ត ហើយចង់ឲ្យវាមានលទ្ធផលដូចអ្វីដែលខ្ញុំចង់បាន ជាជាងស្របតាមគោលបំណងរបស់ព្រះអង្គ។
កណ្ឌគម្ពីរយ៉ាកុបបានលើកទឹកចិត្តយើង ឲ្យប្រកាសថា “បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(៤:១៥)។ យើងមិនត្រូវធ្វើផែនការ ដោយចិត្តក្រអឺតក្រទម ដោយគិតស្មានថា យើងដឹងគ្រប់រឿង ហើយអាចគ្រប់គ្រងមកលើជីវិតរបស់ខ្លួនឯងនោះទេ តែត្រូវធ្វើផែនការ ដោយផ្នត់គំនិតដែលចុះចូលនឹងអធិបតេយ្យភាព និងប្រាជ្ញារបស់ព្រះ។ សរុបមក “យើងមិនដឹងថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ”។ ក្នុងនាមយើងជាមនុស្ស យើងទន់ខ្សោយ មិនអាចកំណត់ជោគវាសនារបស់ខ្លួនឯងបាន ដ្បិតជីវិតយើងរាល់គ្នាជាអ្វី? “គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(ខ.១៤)។
មានតែព្រះទេដែលមានអំណាច និងព្រះចេស្តាមកលើផ្នែកទាំងអស់នៃជីវិតយើង។ តាមរយៈព្រះគម្ពីរប៊ីប មនុស្ស ធនធាន និងកាលៈទេសៈដែលព្រះអង្គបានប្រើជារៀងរាល់ថ្ងៃ ព្រះអង្គអាចដឹកនាំយើង ឲ្យរស់នៅ ដោយការចុះចូលបំណងព្រះទ័យ និងផ្លូវរបស់ព្រះអង្គ។ ផែនការរបស់យើងមិនត្រូវតាមចិត្តរបស់យើងទេ តែត្រូវតាមបំណងព្រះទ័យព្រះអង្គ។—Karen Huang
នៅពេលណាអ្នកធ្វើផែនការ ដោយគ្មានការដឹកនាំរបស់ព្រះ តែអ្នកទទួលបានលទ្ធផលដូចម្តេច?
តើអ្នកមានផែនការអ្វីខ្លះ ដែលត្រូវធ្វើ ដោយចុះចូលអំណាចរបស់ព្រះអង្គ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យចុះចូលព្រះអង្គ ហើយលះបង់ផែនការផ្ទាល់ខ្លួន និងឱបក្រសោបផែនការព្រះអង្គវិញ។
For further study, read When Fear Seems Overwhelming—Finding Courage and Hope at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ៤-៦ និង លូកា ៤:៣១-៤៤
ប្រភេទ
ល្ងាច

បរិភោគអាហាររឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 27, 2025
«អ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់...តែអ្នករាល់គ្នាត្រូវការឲ្យគេបង្រៀនទាំងខ្លឹមរបស់បឋមសិក្សានៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ឯអាហាររឹង នោះសម្រាប់តែមនុស្សធំ» (ហេព្រើរ ៥:១១-១៤)។
សូមយើងស្រមៃថា យើងទៅញាំអាហារនៅភោជនីយដ្ឋានដែលយើងចូលចិត្ត ហើយកត់សម្គាល់ឃើញថា ភ្ញៀវទាំងអស់កំពុងអង្គុយនៅតុរបស់ខ្លួន ដោយម្នាក់ៗកំពុងផឹកទឹកដោះគោ ពីដបទឹកដោះគោសម្រាប់កូនង៉ែត។ យើងនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!
ប៉ុន្តែ នេះជាទិដ្ឋភាពដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានប្រៀបប្រដូច នៅពេលដែលគាត់លើកទឹកចិត្តគ្រីស្ទាន ជាជនជាតិយូដា ក្នុងសម័យរបស់គាត់ ឲ្យនៅតែស្រេកឃ្លានការផ្លាស់ប្រែឲ្យមានលក្ខណៈកាត់តែដូចព្រះគ្រីស្ទ។ គាត់ដឹងថា មនុស្សជាច្រើនមិនចង់មានការរីកចម្រើនបន្ថែមទៀតក្នុងជំនឿទេ។ អ្នកដែលគួរដល់ពេលបង្រៀនគេ បែរជាចាំបាច់ត្រូវរៀន ក ខ គ ឡើយវិញ។
ការលំបាករបស់អ្នកជឿទាំងនោះក្នុងការយល់គោលការណ៍ក្នុងព្រះគម្ពីរ មិនមែនបណ្ដាលមកពីប្រធានបទស្មុគស្មាញ ឬមិនបានទទួលការពន្យល់ច្បាស់លាស់នោះឡើយ។ តែផ្ទុយទៅវិញ គឺដោយសារពួកគេយឺតយ៉ាវក្នុងការរៀនសូត្រ។ អ្នកនិពន្ធបានសរសេរថា ពួកគេ «ព្រងើយកន្តើយនឹងការស្តាប់» ហើយក្រោយមក គាត់ក៏បានដាស់តឿនអ្នកអានរបស់គាត់ កុំឲ្យ «ព្រងើយកន្តើយ» (ហេព្រើរ ៦:១២)។ ត្រង់ចំណុចនេះ គាត់បានកម្សាន្តចិត្តអ្នកអានកុំឲ្យទ្រាំទ្រនឹងអាកប្បកិរិយាដែលព្រងើយកន្តើយនោះឡើយ តែ «ឲ្យត្រាប់តាមពួកអ្នកដែលគ្រងបានសេចក្តីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ»។
អ្នកនិពន្ធមិនទំនងជាប្រើពាក្យតឹងរឹងឡើយ បើសិនជាគ្រីស្ទបរិស័ទសម័យដើមទាំងនោះ មានវិញ្ញាណខ្ជាប់ខ្ជួនដែលស្តាប់ព្រះបន្ទូលដោយប្រុងប្រយ័ត្ន ហើយព្យាយាមយល់គោលលទ្ធិក្នុងព្រះគម្ពីរ យ៉ាងលំបាក។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់បានប្រៀនប្រដៅសមាជិកពួកជំនុំ ដែលគួរតែទទួលសេចក្តីពិតដោយចិត្តអន្ទះសាជាជាងព្រងើយកន្តើយ។ ភាពក្លៀវក្លារបស់ពួកគេបានចុះខ្សោយ។ ពួកគេឈប់មានចំណាប់អារម្មណ៍មកលើការបង្រៀន ហើយជាលទ្ធផល ពួកគេខកខានមិនបានយល់ ជាហេតុនាំឲ្យពួកគេមិនបានផ្លាស់ប្រែបន្ថែមទៀតដោយសេចក្តីពិតរបស់ព្រះ។
បើយើងមិនប្រុងប្រយ័ត្នទេ រឿងដូចនេះក៏អាចកើតឡើងចំពោះយើងផងដែរ។ យើងមិនអាចទ្រទ្រង់ខ្លួនយើងដោយទឹកដោះគោនោះទេ។ ការចូលចិត្តទឹកដោះគោ មិនមែនជាបញ្ហាទេ។ ការមានទឹកដោះគោជាផ្នែកមួយនៃអាហារបម្រុងរបស់យើងមិនមែនជាបញ្ហាទេ។ តែវាជាបញ្ហា បើយើងផឹកទឹកដោះគោតែម្យ៉ាង។ មានតែកូនង៉ែតទេ ដែលផឹកតែទឹកដោះគោ ហើយយើងមិនអាចរស់ជាកូនង៉ែតរហូតបានទេ។ យើងត្រូវតែរៀនបរិភោគអាហារមានជីវជាតិជាង ហើយមានច្រើនមុខជាងមុន។ ចូរដាក់គោលដៅ ដើម្បីឲ្យបន្តលូតលាស់ក្នុងព្រះគុណ និងការស្គាល់ព្រះអម្ចាស់ (២ពេត្រុស ៣:១៨) ដើម្បីឲ្យអ្នកអាចប្រឈមមុខដាក់បញ្ហានៃជីវិតគ្រីស្ទបរិស័ទពិត។ កុំធ្វើដូចអ្នកខ្លះ ដែលស្តាប់ដំណឹងល្អដែលបានប្រកាស ហើយនិយាយក្នុងចិត្តថា «ខ្ញុំបានដឹងហើយ ខ្ញុំមិនចាំបាច់ត្រូវស្តាប់ថែមទៀតទេ»។ ចូរកុំធ្វើជាមនុស្ស ដែលដេកក្រោមម្លប់ ហើយមិនដែលបានប្រឹងប្រែង មុជចូលជ្រៅក្នុងព្រះបន្ទូលព្រះ។ ចូរធ្វើជាមនុស្សដែលស្រឡាញ់ដំណឹងល្អ ហើយមិនដែលហត់នឿយក្នុងការស្តាប់ដំណឹងល្អ ដោយព្រះគុណព្រះ ហើយស្រឡាញ់ព្រះបន្ទូលព្រះអង្គចូលចិត្តផឹក និងទំពាព្រះបន្ទូល ហើយទទួលការបណ្ដាលចិត្តពីសេចក្តីពិតនៃព្រះបន្ទូលម្តងហើយម្តងទៀត ខណៈពេលដែលអ្នកផ្លាស់ប្រែកាន់តែដូចព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ដែលជាប្រធានបទដ៏អស្ចារ្យនៃព្រះបន្ទូល។
ទំនុកតម្កើង ១១៩:៣៣-៤៨
សុភាសិត ១៣-១៥ និងទីតុស ២