ព្រឹក

ព្រះអម្ចាស់មិនដែលភ្លេចយើងឡើយ
ដោយWinn Collier
March 28, 2025
ចោទិយកថា ៣១:១-៦
ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។ ចោទិយកថា ៣១:៦
ក្រសួងសាធារណៈការ និងដឹកជញ្ជូនអាមេរិក បានចេញរបាយការណ៍មួយ ក្នុងឆ្នាំ២០២១ ដែលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅសហរដ្ឋអាមេរិក បានធ្វើការដឹកជញ្ជូនវ៉ាលីរបស់អ្នកដំណើរ ចំនួន២លានគ្រឿង មិនបានត្រឹមត្រូវ។ អរព្រះគុណព្រះអង្គ ក្នុងចំណោមនោះ មានវ៉ាលីជាច្រើនគ្រឿងមានការពន្យារពេល ឬបាត់ រយៈពេលខ្លីប៉ុណ្ណោះ។ តែមានវ៉ាលីរាប់ពាន់គ្រឿងបានបាត់ ជារៀងរហូត។ ហេតុនេះហើយ បានជាមានកំណើនទីផ្សារឧបករណ៍GPS សម្រាប់ដាក់ក្នុងវ៉ាលី ដើម្បីឲ្យគេអាចស្វែងរកទីតាំងរបស់វ៉ាលី ដែលក្រុមហ៊ុនអាកាសចរណ៍បានធ្វើបាត់។ យើងរាល់គ្នាសុទ្ធតែខ្លាចគេមិនអាចថែរក្សារបស់អ្វីមួយ ដែលសំខាន់ចំពោះយើង។
ប្រជាជាតិអ៊ីស្រាអែលមានការភ័យខ្លាចចំពោះព្រះ ស្រដៀងនេះផងដែរ គឺខ្លាចព្រះអង្គបោះបង់ចោលពួកគេ។ ខណៈពេលដែលពួកគេត្រៀមខ្លួនចូលទឹកដីសន្យា លោកម៉ូសេក៏បានចែកចាយដំណឹងដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភ។ គាត់ពន្យល់ពួកគេថា គាត់មានវ័យចាស់ ហើយមិនអាចបន្តដឹកនាំពួកគេទៀតទេ(ចោទិយកថា ៣១:២)។ ពួកបណ្តាជនទំនងជាមានអារម្មណ៍តក់ស្លុត។ លោកម៉ូសេបានធ្វើជាតំណាងឲ្យព្រះវត្តមានរបស់ព្រះ និងជាអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ មកប្រកាសប្រាប់ពួកគេ។ តើព្រះអង្គនឹងភ្លេចពួកគេទេ? តើព្រះអង្គនឹងទុកពួកគេចោលក្នុងវាលរហោស្ថានឬ?
លោកម៉ូសេក៏បានប្រាប់ពួកគេថា “ព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ”(ខ.៦)។ គាត់បានប្រាប់ពួកគេថា ព្រះអម្ចាស់នឹងគង់នៅជាមួយពួកគេជានិច្ច ហើយធានាពួកគេថា ព្រះអង្គនឹងមិនបោះបង់ចោលពួកគេឡើយ។ ហើយនៅក្នុងព្រះយេស៊ូវ ព្រះអង្គក៏បានប្រទានព្រះបន្ទូលសន្យាដ៏ស្ថិតស្ថេរនេះ ដល់យើងផងដែរ។ ព្រះគ្រីស្ទនឹងគង់នៅជាមួយយើងរហូតដល់បំផុតកល្ប(ម៉ាថាយ ២៨:២០)។ ព្រះអង្គនឹងមិនបោះបង់យើងចោលឡើយ។—Winn Collier
តើអ្នកខ្លាចព្រះបោះបង់ចោលអ្នក នៅពេលណា? តើព្រះអង្គបានបង្ហាញអ្នកដូចម្តេចខ្លះ ដើម្បីឲ្យអ្នកដឹងថា ព្រះអង្គមិនដែលភ្លេចអ្នកឡើយ?
ឱព្រះអម្ចាស់ ទូលបង្គំច្រើនតែមានការភ័យខ្លាច ព្រះអង្គភ្លេចទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តថា ព្រះអង្គឱបទូលបង្គំជាប់ ហើយមិនបោះបង់ចោលទូលបង្គំឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ៧-៨ និង លូកា ៥:១-១៦
ប្រភេទ
ល្ងាច

អុីស្រាអែលពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 28, 2025
«ក្នុងគ្រានោះដែលអ៊ីស្រាអែលនៅក្មេងនៅឡើយនោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក។ ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបធ្លាក់ផង» (ហូសេ ១១:១-២)។
កាលព្រះយេស៊ូវប្រសូត នាង ម៉ារា និងលោក យ៉ូសែប បាននាំព្រះអង្គទៅនគរអេស៊ីព្ទ ដើម្បីការពារព្រះអង្គ ពីការបៀតបៀនរបស់ស្ដេច ហេរ៉ូឌ។ នៅពេលដែលសាវ័ក ម៉ាថាយ បានកត់ត្រាអំពីព្រឹត្តិការណ៍នេះ គាត់បានដកស្រង់ខគម្ពីរពីកណ្ឌហូសេ ដែលបានកត់ទុកកាលពីជាង៧សតវត្សរ៍មុន ហើយពន្យល់ថា ខគម្ពីរទាំងនោះ ជាបទទំនាយដែលព្រះយេស៊ូវបានសម្រេចហើយ (ម៉ាថាយ ២:១៣-១៥)។ តែពាក្យពេចន៍ក្នុងបទគម្ពីរហូសេនេះ មិនបាននិយាយសំដៅទៅលើបុគ្គលណាម្នាក់ តែទៅលើជាតិសាសន៍មួយ («ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះដែរ គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល»)។
យើងប្រហែលគិតថា សាវ័ក ម៉ាថាយ មិនបានប្រើខគម្ពីរនេះឲ្យបានស៊ីជម្រៅ។ ប៉ុន្តែ តាមពិត គាត់ដឹងថា គាត់កំពុងធ្វើអ្វី។ គាត់បានប្រៀបប្រដូចព្រះយេស៊ូវទៅនឹងប្រជាជាតិអ៊ីស្រាអែល។ គឺដូចដែលព្រះទ្រង់បានហៅរាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ជាកូនប្រុសព្រះអង្គ ចេញពីស្រុកអេស៊ីព្ទឲ្យមកថ្វាយបង្គំព្រះអង្គ ក្នុងទឹកដីសន្យា ហើយចំណែកកណ្ឌគម្ពីរម៉ាថាយវិញ បានចែងថា ព្រះទ្រង់បានហៅព្រះរាជបុត្រាតែមួយ គឺព្រះអម្ចាស់យេស៊ូវចេញពីស្រុកអេស៊ីព្ទចូលទឹកដីសន្យា។ ទោះព្រះយេស៊ូវខុសពីប្រជាជាតិអ៊ីស្រាអែលត្រង់ចំណុចដែលថា ព្រះអង្គមិនបានធ្វើអំពើបាបសោះ តែព្រះអង្គជួបការល្បួងនៅវាលរហោស្ថាន ដូចពួកគេផងដែរ (ម៉ាថាយ ៤:១-១១ និងនិក្ខមនំ ៣២:១-៦)។ ព្រះយេស៊ូវជាអ៊ីស្រាអែលពិត ជាព្រះរាជបុត្រាពិត។ នៅដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះអង្គ ព្រះអង្គបានជ្រើសរើសសាវ័ក១២នាក់ (ម៉ាថាយ ១០:១-៤)។ នេះជាចំនួនដ៏សំខាន់។ ត្រង់ចំណុចនេះ ព្រះអង្គចង់មានន័យថា ព្រះអង្គជាអ៊ីស្រាអែលពិតប្រាកដ កំពុងហៅរាស្ត្រព្រះអង្គឲ្យចូលមករកអង្គទ្រង់ ធ្វើជាផ្នែកមួយនៃអ៊ីស្រាអែលថ្មី។ នៅពេលនោះ សិស្សទាំង១២បានធ្វើជាគ្រឹះនៃប្រជាជាតិអ៊ីស្រាអែលថ្មី ជំនួសឲ្យពូជអំបូរទាំង១២នៃសាសន៍អ៊ីស្រាអែល។ ក្នុងការជ្រើសរើសនេះ ការផ្ដោតទៅលើរាស្ត្ររបស់ព្រះ គឺត្រូវបានតម្រង់ជាថ្មីឲ្យត្រូវទិសដៅ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលពិតប្រាកដមិនមែនអ៊ីស្រាអែលនៅមជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ន ឬជាកូនចៅជំនាន់ក្រោយរបស់លោក អ័ប្រាហាំ នោះទេ តែជាកូនចៅជំនាន់ក្រោយខាងវិញ្ញាណរបស់លោក អ័ប្រាហាំ ដែលមានទាំងសាសន៍ដទៃ និងសត្វយូដា។ កូនរបស់ព្រះគឺជាអ្នកដែលយកគំរូតាមលោក អ័ប្រាហាំ ដោយទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះដែលបានសម្រេចក្នុងអង្គព្រះយេស៊ូវ។
សាវ័ក ប៉ុល មានប្រសាសន៍ថា ព្រះបន្ទូលសន្យានេះ «ផ្អែកទៅលើសេចក្តីជំនឿ» ហើយផ្អែកទៅលើព្រះគុណ (រ៉ូម ៤:១៦)។ ទោះអ្នកជាសាសន៍យូដា ឬសាសន៍ដទៃ មានឬក្រ ប្រុសឬស្រីក៏ដោយ។ ទោះអ្នកជានរណា ឬបានធ្វើអ្វីក៏ដោយ។ គឺនៅតែអនុវត្តតាមគោលការណ៍ដដែលថា «បើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោក អ័ប្រាហាំ ហើយក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង» (កាឡាទី ៣:២៩)។ យើងរាល់គ្នា រួមគ្នាតែមួយក្នុងព្រះគ្រីស្ទ (ខ.២៨)។ ដំណឹងល្អតែមួយសម្រាប់មនុស្សទាំងអស់។ មនុស្សខាងសាសនា និងក្រមសីលធម៌ ត្រូវការសេចក្តីសង្គ្រោះតែមួយ ទោះពួកគេមិនដែលបានទៅព្រះវិហារ និងរស់នៅដោយមិនខ្វល់ពីស្តង់ដា ឬគោលជំនឿក៏ដោយ។ យើងមានរឿងតែមួយសម្រាប់ចែកចាយ តែជារឿងដែលយើង និងមនុស្សទាំងអស់ត្រូវការ។
យើងមិនអាចប្រកែកថា យើងមានភាពល្អឥតខ្ចោះបានឡើយ។ យើងងាយនឹងវង្វេងចេញពីព្រះវរបិតា ហើយថ្វាយបង្គំរូបព្រះ មិនខុសពីពួកអ៊ីស្រាអែលដើមទេ។ ប៉ុន្តែ ព្រះយេស៊ូវជាអ៊ីស្រាអែលសុចរិតយ៉ាងឥតខ្ចោះ ល្អ និងពិតជាអ៊ីស្រាអែលដើម បានសុគត ដើម្បីទទួលយកបាបរបស់យើង ដើម្បីឲ្យយើងអាចចូលមកទទួលសេចក្តីមេត្តាពីព្រះអង្គ។ ព្រះអង្គបាននាំយើងចូលមហាគ្រួសារព្រះអង្គ ក្នុងក្រឹត្យក្រមនៃនគររបស់អ៊ីស្រាអែលពិតប្រាកដ មិនមែនដោយសារយើងជានរណា ឬយើងបានធ្វើអ្វី តែដោយសារព្រះអង្គជានរណា ហើយបានធ្វើអ្វី។ នៅថ្ងៃនេះ ដោយសារជំនឿលើព្រះគ្រីស្ទយេស៊ូវ អ្នកជាកូនព្រះ ជាកូនស្ងួនភ្ងារបស់ព្រះអង្គកាលពីពេលមុន និងពេលសព្វថ្ងៃ (កាឡាទី ៣:២៦)។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ៤:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ១៦-១៨ និងទីតុស ៣