ព្រឹក

ភាពស្រស់ស្អាតកើតចេញពីទុក្ខលំបាក
ដោយSheridan Voysey
March 29, 2025
កាឡាទី ៤:១៣-១៥
តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្តីកំសោយខាងសាច់ឈាម។ កាឡាទី ៤:១៣
លោកដេហ្កាស(Degas) ជាវិចិត្រករ ដែលមានជំងឺប្រស្រីភ្នែក អស់រយៈពេល៥០ឆ្នាំនៃជីវិតគាត់ ដោយគាត់បានផ្លាស់ប្តូរពីការគូរគំនូរប្រេង ទៅជាគំនូរដីស ព្រោះខ្សែបន្ទាត់ដែលគាត់គូរដោយដីស ងាយស្រួលមើលជាងគំនូរប្រេង។ គាត់ត្រូវដាក់ជក់នៅចន្លោះម្រាមដៃគាត់ ព្រោះជំងឺរលាកសន្លាក់បានធ្វើឲ្យម្រាមដៃគាត់តឹងដូចក្រញាំ។ ហើយក្រោយពេលដែលការវះកាត់បានបណ្តាលឲ្យគាត់មិនអាចផ្លាស់ទីដោយខ្លួនឯងបាន គាត់ក៏បានងាកទៅរកគំនូររូបបិទ ដោយប្រាប់ជំនួយការគាត់ ឲ្យយកក្រដាសពណ៌ទៅបិទនៅលើផ្ទាំងក្រណាត់ធំនៅលើជញ្ជាំង ដើម្បីបង្កើតជាផ្ទាំងគំនូរ។ ជាលទ្ធផល ការរចនារូបភាពដ៏ប៉ិនប្រសប់នេះ ក៏បានបង្កើតជាស្នាដៃសិល្បៈដ៏ល្បីល្បាញ ដែលមានដូចជា ផ្ទាំងគំនូរនារីរបាំពណ៌ខៀវ ផ្ទាំងគំនូរនារីលេងព្យាណូ និងផ្ទាំងគំនូរទុក្ខសោករបស់ស្តេច និងផ្ទាំងគំនូរល្បីៗដទៃទៀត។ ដោយសារគាត់បានសម្របខ្លួននឹងទុក្ខលំបាករបស់គាត់ ភាពស្រស់ស្អាតក៏បានលេចចេញឡើង ពីបញ្ហាខុសភាពរបស់គាត់។
ស្រដៀងគ្នានេះដែរ សាវ័កប៉ុលមិនមានគម្រោងធ្វើដំណើរទៅទីក្រុងកាឡាទី ក្នុងដើមដំបូងនៃការធ្វើដំណើរបេសកកម្មរបស់គាត់ទេ។ ប៉ុន្តែ ជំងឺរបស់គាត់បានជំរុញឲ្យគាត់ទៅដល់កន្លែងនោះ(កាឡាទី ៤:១៣)។ គេជឿថា សាវ័កប៉ុលបានទៅរកអាកាសធាតុនៅទីក្រុងកាឡាទី ដែលអំណោយផលដល់ជំងឺរបស់គាត់ ហើយទោះគាត់មានជំងឺក៏ដោយ ក៏គាត់នៅតែចាប់ផ្តើមផ្សាយដំណឹងល្អនៅទីនោះ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានធ្វើការអស្ចារ្យតាមរយៈគាត់(៣:២-៥) ហើយពួកជំនុំទីក្រុងកាឡាទីក៏បានចាប់កំណើតឡើង។ លទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង តាមរយៈជំងឺរបស់សាវ័កប៉ុល។
តើអ្នកកំពុងប្រឈមមុខដាក់ទុក្ខលំបាកអ្វី ហើយវាបានផ្លាស់ប្តូរទិសដៅនៃជីវិតរបស់អ្នកដូចម្តេចខ្លះ? បើអ្នកផ្ដោតទៅលើអំណោយទានរបស់អ្នក អ្នកក៏អាចឃើញព្រះអង្គ នាំភាពស្រស់ស្អាតចេញពីទុក្ខលំបាករបស់អ្នកផងដែរ។—Sheridan Voysey
តើអ្នកបានឃើញព្រះកែប្រែជំងឺ និងទុក្ខលំបាកដទៃទៀត ឲ្យក្លាយជាឱកាសដើម្បីបម្រើព្រះអង្គដូចម្តេចខ្លះ?
តើអ្នកអាចយកគំរូតាមសាវ័កប៉ុល និងវិចិត្រកររទាំងនោះយ៉ាងដូចម្តេចខ្លះ ក្នុងពេលមានទុក្ខលំបាក?
ឱព្រះអម្ចាស់ ព្រះអង្គមានភាពប៉ិនប្រសប់ ក្នុងការនាំភាពស្រស់ស្អាត ចេញពីទុក្ខលំបាក។
សូមព្រះអង្គចម្រើនកម្លាំងនិងដឹកនាំទូលបង្គំ ដើម្បីប្រើឱកាសក្នុងពេលមានទុក្ខលំបាក ដើម្បីធ្វើការបម្រើព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ៩-១០ និង លូកា ៥:១៧-៣៩
ប្រភេទ
ល្ងាច

ផលចំណេញគ្មានទីបញ្ចប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 29, 2025
«ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ។ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ?» (ម៉ាថាយ ១៦:២៥-២៦)។
ព្រះយេស៊ូវមានជំនាញខាងសួរសំណួរ ជាពិសេសប្រភេទសំណួរដែលធ្វើឲ្យមនុស្សគាំងគំនិត ហើយងាកមកចាប់អារម្មណ៍ចំពោះព្រះបន្ទូលព្រះអង្គ។ ពេលណាយើងប្រឈមមុខដាក់សំណួររបស់ព្រះអង្គ ដូចពួកសាវ័ក យើងត្រូវប្រយ័ត្ន ដើម្បីកុំឲ្យខកខានមិនបានយល់ព្រះបន្ទូលព្រះអង្គ។
បើមើលមួយភ្លែត យើងប្រហែលយល់ថា សំណួររបស់ព្រះអង្គអំពីការស្វែងរកទ្រព្យសម្បត្តិ ដោយលះបង់វិញ្ញាណខ្លួនឯង គឺជាការដាស់តឿនអំពីការដាក់ទោសដែលហៀបនឹងធ្លាក់មកលើមនុស្សអាត្មានិយម។
យើងងាយនឹងអានសំណួររបស់ព្រះអង្គ តាមរបៀបដែលប្រដូចអង្គទ្រង់ ទៅនឹងម្តាយដែលព្រមានកូនខ្លួនឯងថា «ឥឡូវនេះ បើកូនមិនចែករំលែកជាមួយប្អូនស្រីរបស់កូនទេ កូនដឹងហើយថា នឹងមានរឿងអ្វីកើតឡើង!» តែក្នុងសំណួរនេះ ព្រះយេស៊ូវកំពុងចង្អុលបង្ហាញ អំពីរឿងដែលនឹងកើតឡើង នៅពេលដែលយើងរៀបចំជីវិត និងធ្វើការសម្រេចចិត្ត ផ្អែកទៅលើសេចក្តីប៉ងប្រាថ្នាខាងឯបាបដែលចង់បានទ្រព្យសម្បត្តិ ភាពជោគជ័យ និងអត្តសញ្ញាណដែលយើងស្រឡាញ់។ ព្រះអង្គមានបន្ទូលថាការរស់នៅរបៀបនេះ គឺជាការបោះចោលជីវិតខ្លួនឯង។
ដូចនេះ ការបាត់បង់ជីវិត ដែលព្រះយេស៊ូវកំពុងមានបន្ទូលត្រង់ចំណុចនេះ គឺជាការបាត់បង់ភ្លាមៗ និងអស់កល្បជានិច្ច។ បើយើងចាត់ទុកជីវិតយើង មិនលើសពីអ្វីដែលយើងអាចរកបានសម្រាប់ខ្លួនឯង នោះយើងនឹងខកខានមិនបានស្គាល់ក្តីអំណរធំបំផុតនៃជីវិត ដោយយើងគ្រាន់តែមានវត្តមាននៅលើផែនដី តែមិនបានរស់នៅឲ្យមានន័យ។ ជាងនេះទៅទៀត ពេលណាយើងលើកខ្លួនយើងឲ្យអង្គុយនៅលើបល្ល័ង្កជីវិតរបស់យើង នោះមានន័យថា យើងដកព្រះយេស៊ូវចេញពីកន្លែងដែលព្រះអង្គត្រូវគង់នៅ ហើយបញ្ជាក់ថា យើងសុខចិត្តដេញតាមលោកីយ៍តាមនិស្ស័យសាច់ឈាម ជាជាងកាត់ចិត្តខ្លួនឯង ដើម្បីដេញតាមព្រះគ្រីស្ទ។ បើយើងបន្តរស់នៅយ៉ាងដូចនេះ យើងនឹងបោះបង់ចោលអំណោយនៃជីវិតអស់កល្ប ដែលព្រះអង្គសព្វព្រះទ័យនឹងប្រទានដល់រាស្ត្រព្រះអង្គ។
ដូចនេះ តើយើងអាចជម្នះសេចក្តីប៉ងប្រាថ្នាខាងលោកីយ៍ដោយរបៀបណា? ទីមួយ យើងត្រូវទទួលស្គាល់ដូចលោក ប្លេស ប៉ាស្កាល់ (Blaise Pascal) ជាគណិតវិទូ និងទេវវិទូនៅសតវត្សរ៍ទី១៧ ថា យើងមានចន្លោះប្រហោងមួយ ក្នុងជម្រៅជ្រៅបំផុតនៃជីវិតយើង ហើយមានតែព្រះទេដែលអាចបំពេញចន្លោះប្រហោងនោះបាន។ យើងមានជីវិត មិនមែនដើម្បីដេញតាមការសប្បាយមិនស្ថិតស្ថេរ តែដើម្បីអរសប្បាយនឹងទំនាក់ទំនងជាមួយព្រះដ៏រស់។ ទីពីរ យើងត្រូវឆ្លុះបញ្ចាំងឲ្យឃើញតម្លៃនៃវិញ្ញាណយើង ដូចមានភស្តុតាងបង្ហាញ ក្នុងហេតុការណ៍ដ៏សាហាវព្រៃផ្សៃ ដែលបានកើតឡើងនៅក្រៅទីក្រុងយេរូសាឡឹមដែលនៅទីនោះ ព្រះគ្រីស្ទដែលគ្មានបាបបានជាប់ឆ្កាង ដោយត្រូវគេស្អប់ខ្ពើមបដិសេធ ចាក់ទម្លុះព្រះកាយ ធ្វើឲ្យរបួសដល់សុគត និងរងការប្រមាថមើលងាយ ដើម្បីឲ្យយើងអាចចូលទៅក្នុងទំនាក់ទំនងត្រឹមត្រូវជាមួយព្រះវរបិតា ហើយទទួលជីវិតអស់កល្បដោយឥតគិតថ្លៃ។ ការលះបង់របស់ព្រះគ្រីស្ទ គឺបានបង្ហាញថា ជោគវាសនាដ៏អស់កល្បរបស់យើងសំខាន់ចំពោះព្រះអង្គខ្លាំងប៉ុណ្ណា។
ការសម្រេចចិត្តដើរតាមព្រះយេស៊ូវ ជាអ្នកជួយសង្គ្រោះអ្នក និងជាស្ដេចរបស់អ្នក ហើយទទួលស្គាល់តម្លៃព្រះអង្គ លើសទ្រព្យសម្បត្តិនៅផែនដី មិនមែនជាការសម្រេចចិត្តសម្រាប់មួយរយៈពេលនោះទេ តែជាការប្ដេជ្ញាចិត្តពេញមួយជីវិតដែលបង្ហាញចេញមកជារៀងរាល់ថ្ងៃ។ បើអ្នកបានត្រៀមខ្លួនចូលមករកព្រះអង្គរៀងរាល់ថ្ងៃ ដោយបន្ទាបខ្លួនប្រកាសថា ព្រះអង្គជានរណា ហើយលះបង់ជីវិតអ្នក ព្រមទាំងចំណង់ចំណូលចិត្ត ការសប្បាយ និងទ្រព្យសម្បត្តិរបស់អ្នក នោះអ្នកនឹងទទួលបានព្រះពរដែលមិនចេះចប់ ក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច។ យកល្អ យើងត្រូវតែសួរខ្លួនឯង ពេលយើងក្រោកពីដំណេក ដូចព្រះយេស៊ូវសួរសិស្សព្រះអង្គនៅតាមផ្លូវថា៖ បើខ្ញុំនឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់ខ្ញុំ?
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១៦:១៣-២៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ១៩-២០ និងហេព្រើរ ១