ព្រឹក

ត្រូវការព្រះយេស៊ូវកែប្រែជីវិត
ដោយArthur Jackson
March 30, 2025
១ធីម៉ូថេ ១:១២-១៧
ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ។ ១ធីម៉ូថេ ១:១៥
បញ្ហាប្រឈមរបស់អេរិក(Eric) ក្នុងវ័យកុមារ មានដូចជា ស្បែកចេញកន្ទួលធ្ងន់ធ្ងរ បញ្ហាដ៏លំបាកនៅសាលារៀន ហើយបានសេពស្រា និងគ្រឿងញៀនជារៀងរាល់ថ្ងៃ ក្នុងវ័យដ៏ក្មេងខ្ចី។ គាត់បានដាក់រហ័សនាមឲ្យខ្លួនឯងថា “មនុស្សអាក្រក់ផុតលេខ” តែក្រោយមក គាត់មានភាពលេចធ្លោ នៅក្នុងកីឡាវាយកូនបាល់បេសប៊ល រហូតដល់ពេលដែលគាត់បោះបង់កីឡានេះ ព្រោះតែការបាក់ទឹកចិត្ត ដោយសារការរើសអើង។ បញ្ហានេះបានអនុញ្ញាតឲ្យគាត់មានពេលកាន់តែច្រើន សម្រាប់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្រែក្នុងជីវិតរបស់អេរិកក៏បានកើតមាន នៅពេលដែលគាត់បានទទួលជឿព្រះយេស៊ូវ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារ។ នៅថ្ងៃបន្ទាប់ មានអ្នកបម្រើព្រះម្នាក់បានអញ្ជើញអេរិក ឲ្យចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅពេលក្រោយទៀត។ ក្នុងកម្មវិធីថ្វាយបង្គំព្រះលើកនោះ គាត់ទទួលបានការលើកទឹកចិត្ត ក្នុងនាមគាត់ជាអ្នកជឿថ្មី ពីខគម្ពីរដែលបានចែងថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ ជីវិតរបស់អេរិកក៏មានការផ្លាស់ប្រែចាប់តាំងពីពេលនោះមក។
កាលពីមុន សាវ័កប៉ុលធ្លាប់មានឈ្មោះថា សូល មកពីស្រុកតើស៊ីស ជាអ្នកបៀតបៀនសម្លាប់អ្នកជឿព្រះ។ ដូចនេះ គាត់ក៏ធ្លាប់មានប្រវត្តិអាក្រក់ផងដែរ។ ជាក់ស្តែងគាត់បានហៅខ្លួនឯងថា មនុស្សមានបាបដែលអាក្រក់លេខ១(១ពេត្រុស ១:១៥) ព្រោះ ពីដើម គាត់ “ជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន”(ខ.១៣)។ ប៉ុន្តែ ព្រះយេស៊ូវនៅតែអាចកែប្រែជីវិតរបស់អេរិក គឺមិនខុសពីសាវ័កប៉ុលឡើយ។ ហើយយើងក៏ត្រូវការព្រះអង្គកែប្រែជីវិតយើងផងដែរ ទោះយើងមិនបានគិតថា យើងមានប្រវត្តិដូចអេរិក ឬសាវ័កប៉ុលក៏ដោយ ព្រោះគ្រប់គ្នាសុទ្ធតែខ្វះមិនដល់សិរីល្អនៃព្រះ(រ៉ូម ៣:២៣)។ និយាយរួម យើងរាល់គ្នាសុទ្ធតែត្រូវការព្រះអង្គកែប្រែជីវិតយើង។—Arthur Jackson
តើទីបន្ទាល់របស់អេរិក និងលោកសូល បានជួយអ្នកឲ្យមើលឃើញថា ព្រះអង្គជាព្រះដែលអត់ទោសបាបយ៉ាងដូចម្តេចខ្លះ?
តើហេតុអ្វីអ្នកយល់ឃើញថា អ្នកត្រូវការព្រះយេស៊ូវជួយកែប្រែជីវិតអ្នក?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យមើលឃើញថា ព្រះលោហិតរបស់ព្រះយេស៊ូវ
បានជួយលាងជម្រះបាបទាំងអស់របស់ទូលបង្គំ ទោះតូច ឬធំក្តី។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១១-១២ និង លូកា ៦:១-២៦
ប្រភេទ
ល្ងាច

ស្រែករកជំនួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 30, 2025
«រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក និងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់...ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះ គេអំពាវនាវដល់ព្រះយេហូវ៉ា» (ពួកចៅហ្វាយ ៦:៣, ៦)។
ពេលណាយើងអស់សង្ឃឹម យើងកំពុងស្ថិតក្នុងពេលល្អបំផុតសម្រាប់រៀនស្គាល់ជំនឿពិត។
នៅដើមដំបូងនៃកណ្ឌគម្ពីរចៅហ្វាយជំពូក៦ ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តិការអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ាសាជាថ្មី (ខ.១)។ ពួកគេបានជាប់ខ្លួននៅក្នុងវដ្ដនៃការបះបោរ និងការប្រែចិត្តម្តងហើយម្តងទៀត ដោយពួកគេយឺតក្នុងការរៀនសូត្រអំពីកំហុសខ្លួនឯង ហើយឆាប់ភ្លេចថា កាលៈទេសៈដ៏ពិបាករបស់ពួកគេ ច្រើនតែជាប់ទាក់ទងនឹងការមិនស្តាប់បង្គាប់របស់ពួកគេ។ ទីបំផុត ពួកអ៊ីស្រាអែលពិបាកនឹងជឿថា ព្រះបានអនុញ្ញាតឲ្យពួកគេឲ្យចូលដល់ស្ថានភាពមួយដែលពួកគេមិនអាចឆ្លើយតប ក្រៅពីស្រែករកព្រះអង្គ ដើម្បីឲ្យព្រះអង្គអាចនាំពួកគេចូលទៅក្នុងការប្រកបជាមួយព្រះអង្គ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ និងដើម្បីប្រយោជន៍ពួកគេ។ ព្រះអង្គក៏ធ្វើដូចនេះចំពោះយើង ក្នុងពេលបច្ចុប្បន្នផងដែរ ដោយសម្រេចគោលបំណងព្រះអង្គក្នុងជីវិតអ្នកដែលដឹងថា ខ្លួនឯងកំពុងអស់សង្ឃឹម។ ព្រះយេស៊ូវបានសន្យាប្រទាននគរព្រះអង្គដល់អ្នកដែលទទួលស្គាល់ថា ខ្លួន «មានភាពកម្សត់ខាងវិញ្ញាណ» គឺមិនមែនអ្នកដែលគិតថា ខ្លួនមានភាពគ្រប់គ្រាន់នោះទេ (ម៉ាថាយ ៥:៣)។
អ្នកខ្លះច្រឡំថា បើយើងគ្រាន់តែដើរតាមព្រះយេស៊ូវ អ្វីៗនឹងមានភាពល្អប្រសើរឡើង។ ក្នុងជម្រៅចិត្តយើង យើងគិតថា ព្រះអង្គនឹងតែងតែធ្វើអន្តរាគមន៍ក្នុងជីវិតយើង ដោយដកទុក្ខលំបាកចេញភ្លាមៗ។ ពេលណាព្រះទ្រង់មិនឆ្លើយតបការអធិស្ឋានរបស់យើងតាមរបៀប និងតាមពេលវេលាដែលយើងចង់បាន យើងឆ្ងល់ថា តើយើងអាចបន្តទុកចិត្តថា ព្រះអង្គជ្រាបអ្វីៗទាំងអស់មែនឬ។ អ្នកប្រហែលកំពុងស្ថិតក្នុងស្ថានភាពដូចនេះ នៅថ្ងៃនេះ។
ក្នុងព្រះគម្ពីរប៊ីប ព្រះទ្រង់បានសន្យាម្តងហើយម្តងទៀតថា នឹងយាងមកជួយយើង ពេលណាយើងស្រែករកព្រះអង្គ គឺដូចមានសេចក្តីចែងថា «នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយ ហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ។ ព្រះយេហូវ៉ានឹងរក្សាអ្នកឲ្យរួចពីគ្រប់ទាំងសេចក្តីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ» (ទំនុកតម្កើង ១២១:៦-៨)។ នេះជាការធានានៃព្រះបន្ទូលព្រះ។ តែរបៀបដែលព្រះអង្គសម្រេចព្រះបន្ទូលសន្យានេះ តែងតែប្រៀបដូចជាផ្លូវរលាក់កាត់តាមជ្រលងងងឹត និងក្នុងបន្ទប់រង់ចាំដ៏ពិបាក។
កាលព្រះអម្ចាស់ឆ្លើយតបចំពោះរាស្ត្រព្រះអង្គ ក្នុងកណ្ឌគម្ពីរពួកចៅហ្វាយ ព្រះអង្គបានបង្វែរពួកគេឲ្យងាកមករកព្រះបន្ទូលព្រះអង្គ ដោយធ្វើការក្នុងចិត្តពួកគេឲ្យស្គាល់កំហុស។ ពួកហោរាបានថ្លែងព្រះបន្ទូលព្រះអម្ចាស់ ដោយរម្លឹកពួកអ៊ីស្រាអែលអំពីការអ្វីដែលពួកគេចាំបាច់ត្រូវដឹងថា «អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបម្រើមក...អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា...តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ» (ពួកចៅហ្វាយ ៦:៨,១០)។ ប៉ុន្តែ បន្ទាប់មក ការផ្លាស់ប្ដូរក៏បានកើតមាន ខណៈពេលដែលយើងរំពឹងថា ការជំនុំជម្រះរបស់ព្រះនឹងធ្លាក់មកលើពួកគេ «ទេវតានៃព្រះអម្ចាស់ក៏បានលេចមក» ដោយថ្លែងព្រះបន្ទូលនៃសេចក្តីមេត្តាថា ព្រះអម្ចាស់គង់នៅជាមួយពួកគេ (ខ.១២)។
តើយើងនឹងទៅជាយ៉ាងណា បើសិនជាព្រះទ្រង់ទម្លាក់ការជំនុំជម្រះមកលើយើង តាមដែលយើងសមនឹងទទួល ជាជាងបង្ហាញសេចក្តីមេត្តាជារៀងរាល់ថ្ងៃ? ព្រះអង្គមិនបានប្រទានរាស្ត្រអ៊ីស្រាអែលនូវអ្វីដែលពួកគេសមនឹងទទួល ហើយព្រះអង្គក៏មិនបានដាក់ទោសអ្នកនឹងខ្ញុំដែរ។ សេចក្តីមេត្តារបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ។ តែក្នុងសេចក្តីល្អរបស់ព្រះអង្គ ព្រះអង្គច្រើនតែប្រើការលំបាកក្នុងជីវិតយើង ដើម្បីបង្រៀនយើងថា ព្រះអង្គជាអ្វីគ្រប់យ៉ាងដែលយើងត្រូវការ។ ការដកការល្អណាមួយចេញធ្វើឲ្យយើងមានការឈឺចាប់ តែក៏អាចនាំយើងឲ្យស្រែករកព្រះអង្គ ហើយរកឃើញកម្លាំង សន្តិភាព និងក្តីសង្ឃឹមក្នុងព្រះអង្គ។ ចូរយើងស្រែករកជំនួយពីព្រះអង្គ ដោយសង្ឃឹមថា ព្រះដែលស្តាប់ឮអ្នក ព្រះអង្គពិតជាជ្រាបថា មានអ្វីខ្លះល្អបំផុតសម្រាប់អ្នក។ ព្រះអម្ចាស់គង់នៅជាមួយអ្នក!
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៥:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ២១-២៣ និងហេព្រើរ ២