ព្រឹក

ព្រះអង្គបានអត់ទោសឲ្យគ្រប់យ៉ាង
ដោយSheridan Voysey
April 2, 2025
លូកា ១៥:១៧-២៤
ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ។ លូកា ១៥:២៤
ក្នុងរឿងខ្លីដែលលោកអឺនេស ហ៊ែមីងវេយ(Ernest Hemingway) បាននិពន្ធ គាត់បានពិពណ៌នា អំពីបុរសជាឪពុកជាជាតិអេស្ប៉ាញម្នាក់ ដែលចង់មានការផ្សះផ្សារជាមួយកូនប្រុសរបស់គាត់ ដែលបានវង្វេងចេញពីគ្រួសារ។ គាត់ក៏បានចុះផ្សាយនៅលើទំព័រការសែតប្រចាំដំបន់យ៉ាងដូចនេះថា ប៉ាកូ(PACO) សូមកូនមកជួបប៉ានៅសណ្ឋាគារម៉ុនតាណា នៅពេលថ្ងៃត្រង់ នៅថ្ងៃអង្គារនេះ។ ប៉ាបានអត់ទោសឲ្យកូនគ្រប់យ៉ាង។ នៅពេលដែលបុរសជាឪពុកទៅដល់កន្លែងនោះ គាត់ក៏បានឃើញមនុស្សមួយហ្វូងកំពុងរង់ចាំគាត់។ មានមនុស្ស៨០០នាក់ មានឈ្មោះ ប៉ាកូ បានឆ្លើយតប ចំពោះការផ្សព្វផ្សាយរបស់គាត់ ដោយចិត្តចង់ទទួលការអត់ឱនទោសពីឪពុករបស់ពួកគេរៀងៗខ្លួន។
រឿងដែលធ្វើឲ្យប៉ះពាល់ចិត្តនេះ បានឆ្លុះបញ្ចាំងអំពីជម្រៅចិត្តរបស់យើង ដែលស្រេកឃ្លានការអត់ឱនទោស ហើយក៏បានរំឭកខ្ញុំ អំពីរឿងដែលព្រះយេស៊ូវបានមានបន្ទូលផងដែរ។ ក្នុងរឿងនោះ បុរសវ័យក្មេងម្នាក់បានចាកចេញពីឪពុករបស់ខ្លួន ទៅស្វែងរកជីវិតដែលសប្បាយរីករាយ តែមិនយូរប៉ុន្មាន គាត់ក៏បានធ្លាក់ខ្លួន(លូកា ១៥:១៣-១៤)។ ពេលដែលគាត់ “ភ្ញាក់ខ្លួន” ហើយវិលត្រឡប់មកផ្ទះវិញ(ខ.១៧) ឪពុករបស់គាត់ក៏បានរត់មកឱបគាត់ មុនពេលដែលគាត់មានឱកាសនិយាយសុំទោស(ខ.២០)។ បុរសជាឪពុកក៏បាននិយាយទាំងទឹកភ្នែក ដោយអំណរថា “ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ”(ខ.២៤)។ ក្នុងរឿងនេះ បុរសជាឪពុកជាតំណាងឲ្យព្រះ ហើយកូនប្រុសវង្វេងគឺជាតំណាងឲ្យយើងម្នាក់ៗ ហើយយើងក៏នឹងបានដកពិសោធន៍នឹងក្តីអំណរនៃនគរស្ថានសួគ៌ ពេលណាយើងវិលត្រឡប់ទៅរកព្រះវរបិតារបស់យើងវិញ។
ការអត់ទោស នាំមកនូវភាពធូរស្រាល ដល់វិញ្ញាណដែលមានកំហុស។ ប៉ុន្តែ ការអត់ទោសដែលព្រះបានប្រទានយើង គឺសម្រាប់ឲ្យយើងទទួល មិនខុសពីអំណោយឡើយ។ លោកហាំមីងវេយ មិនបានប្រាប់យើង អំពីចុងបញ្ចប់នៃរឿងខ្លីរបស់គាត់ ឲ្យយើងដឹងថា បុរសជាឪពុកបានរកឃើញកូនប្រុសរបស់គាត់ ដែលមានឈ្មោះប៉ាកូ នោះឬអត់ទេ។ តែយើងដឹងច្បាស់ថា ព្រះវរបិតា នៅក្នុងរឿងដែលព្រះយេស៊ូវបានមានបន្ទូល សព្វព្រះទ័យឲ្យកូនប្រុសស្រីរបស់ព្រះអង្គ វិលត្រឡប់មករកព្រះអង្គវិញ។ ព្រះអង្គតែងតែបើកចំហព្រះពាហុជាស្រេច ដើម្បីរង់ចាំកូនរបស់ព្រះអង្គវិលត្រលប់មករកព្រះអង្គវិញ។—Sheridan Voysey
បើអ្នកជាកូនប្រុសរបស់លោកប៉ាកូ តើអ្នកមានអារម្មណ៍យ៉ាងណា? តើមានអ្វីរារាំងអ្នកមិនឲ្យទទួលយកការអត់ទោសពីព្រះ?
ឱព្រះវរបិតា ទូលបង្គំបានដឹងថា ទូលបង្គំបានធ្វើខុសច្រើនប៉ុណ្ណា ដូចនេះ ការអត់ទោសដែលព្រះអង្គបានប្រទាន ពិតជាធំធេងណាស់។
ទូលបង្គំសូមទទួលយក ដោយអរព្រះគុណព្រះអង្គ។
For further study, read A Child’s Compassion at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១៦-១៨ និង លូកា ៧:១-៣០
ប្រភេទ
ល្ងាច

កន្លែងថ្មីសម្រាប់ព្រះអង្គគង់នៅ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 2, 2025
«ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង និងទ្វារ ហើយកំផែងក្រុងដែរ ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកម្ពស់ក៏ស្មើគ្នាទាំងអស់» (វិវរណៈ ២១:១៥-១៦)។
កាលពីដើម ព្រះអម្ចាស់គង់នៅក្នុងចំណោមពួកអ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គក្នុងព្រះវិហារ ក្នុងទីក្រុងយេរូសាឡឹម តែក្រោយមក ព្រះវិហារក៏បានបាក់បែក។ បន្ទាប់ពីស្ដេច នេប៊ូក្នេសា នៃចក្រភពបាប៊ីឡូនបានបំផ្លិចបំផ្លាញព្រះវិហារ ហើយព្រះអម្ចាស់ក៏បានសន្យាថា ព្រះអង្គនឹងសង់ព្រះវិហារថ្មីមួយទៀត (អេសេគាល ៤០-៤៣)។ ទោះព្រះវិហារទីពីរត្រូវបានសាងសង់ឡើងវិញហើយក៏ដោយ ក៏ព្រះវិហារនោះគ្រាន់តែជាស្រមោលនៃព្រះវិហារទីមួយ ហើយមិនបានសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គទេ (ហាកាយ ២:២-៣) គឺព្រះបន្ទូលសន្យា ដែលបានសម្រេចតាមរយៈព្រះជន្ម ការសុគត ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រមទាំងការយាងឡើងនគរស្ថានសួគ៌វិញ (យ៉ូហាន ២:១៩-២២)។
ក្នុងព្រះវិហារនោះ ព្រះវត្តមានព្រះអង្គបានគង់នៅ ដោយផ្ដោតទៅលើកន្លែងបរិសុទ្ធបំផុត ដែលគេបានសាងសង់ជាបន្ទប់បួនជ្រុងស្មើដ៏ឥតខ្ចោះ។ មានតែសម្ដេចសង្ឃទេ ដែលបានទទួលការអនុញ្ញាតឲ្យចូលក្នុងកន្លែងនោះបានតែមួយឆ្នាំម្តង។ ជាច្រើនសតវត្សរ៍ក្រោយមក ព្រះវិហារទីមួយគ្រាន់តែជាអ្វីដែលគេបាននឹកចាំប៉ុណ្ណោះ ប៉ុន្តែសាវ័ក យ៉ូហាន បានទទួលការបើកសម្ដែងអំពីទីក្រុងថ្មីនៃនគរព្រះដ៏អស់កល្ប ដែលមានការពិពណ៌នាថា ទីក្រុងនោះមានបួនជ្រុងស្មើឥតខ្ចោះ តែមិនមែនមានទីតាំងក្នុងអគារណាមួយក្នុងតំបន់មជ្ឈិមបូព៌ានោះទេ តែមានក្រឡាផ្ទៃធំប៉ុនពិភពលោកដែលគេបានស្គាល់ ក្នុងសម័យសាវ័ក យ៉ូហាន។
ក្នុងការបង្កើតថ្មីនោះ ព្រះទ្រង់នឹងមិនគង់នៅដោយផ្ដោតទៅលើកន្លែងតែមួយទៀតទេ។ ពេលនោះ យើងអាចទៅជួបព្រះអង្គបានដោយមិនចាំបាច់ចូលអគារពិសេសណាមួយ ព្រោះព្រះអង្គតែងតែគង់នៅក្បែរយើងជានិច្ច។ លោក យ៉ូហាន «មិនបានឃើញព្រះវិហារ ក្នុងទីក្រុងនោះឡើយ» (វិវរណៈ ២១:២២) ព្រោះនៅសម័យនោះ ព្រះអង្គនឹងគង់នៅក្នុងទីក្រុងនោះ យ៉ាងពេញលេញ ហើយតាមរបៀបដែលយើងមិនទាន់អាចយល់នៅឡើយ ដូចនេះ នៅទីណាក៏ដូចជានៅក្នុងព្រះវិហារដែរ។ នេះជាការពិពណ៌នាអំពីអ្វីមួយដែលថ្មីស្រឡាង ជាការផ្លាស់ប្ដូរក្នុងកាលៈទេសៈដែលធំ មានភាពបរិបូរ និងទូលាយយ៉ាងនេះ បានជាសាវ័ក ប៉ុល បានបង្រៀនថា «សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» (១កូរិនថូស ២:៩)។
បើយើងបានរួបរួមជាមួយព្រះគ្រីស្ទ នោះព្រះវត្តមានរបស់ព្រះ នៅជាប់ជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ ចំណេះដឹងរបស់យើងអំពីព្រះ និងភាពជិតស្និទ្ធដែលយើងមានជាមួយព្រះអង្គនៅមានកម្រិតនៅឡើយ។ ស្ថានភាពរបស់យើងក្នុងពេលបច្ចុប្បន្ន ប្រហែលមិនដូចជាអ្វីដែលយើងចង់បាន ហើយក៏មិនគាប់ព្រះទ័យព្រះអង្គទាំងស្រុងដែរ។ ពេលនោះមិនទាន់មកដល់ទេ តែវានឹងមកដល់មិនខាន។
តើអ្នកកំពុងរស់នៅ ដោយចិត្តអន្ទះសាចង់មានភាពជិតស្និទ្ធជាមួយព្រះអង្គដែលហួសក្តីស្រមៃឬទេ? បើអ្នកពិតជាមានចិត្តចង់មានភាពស្និទ្ធស្នាលនឹងព្រះវត្តមានរបស់ព្រះអង្គមែន នោះគេអាចមើលដឹងថា អ្នកពិតជាមានចិត្តដូចនេះមែន ដោយសារសេចក្តីបរិសុទ្ធនៃជីវិតរបស់អ្នក និងដោយសារភាពឆេះឆួលរបស់អ្នកចង់ឲ្យមិត្តភក្តិ សាច់ញាតិ និងអ្នកជិតខាងបានស្គាល់ព្រះគ្រីស្ទមិនខាន។ ដោយដឹងថា យើងមានក្តីសង្ឃឹមដ៏ធំឧត្តមនេះ យើងនឹងទទួលការសម្អាតជាបរិសុទ្ធ ដូចដែលព្រះគ្រីស្ទបរិសុទ្ធ (១យ៉ូហាន ៣:៣) ហើយយើងនឹងមិនអាចឃាត់ខ្លួនឯងមិនឲ្យទៅប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ តាមរយៈការរស់នៅ ក្នុងបបូរមាត់របស់យើងឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ វិវរណៈ ២១:៩-២៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ២៧-២៩ និងហេព្រើរ ៤