ព្រឹក

មានតម្លៃចំពោះព្រះវរបិតា
ដោយJames Banks
April 3, 2025
វិវរណៈ ៥:៧-១៤
តួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ... កាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ។ វិវរណៈ ៥:៨
ឪពុករបស់ខ្ញុំមានកូនកាំបិតចាស់មួយដែលរិចរិល និងមានពណ៌ស្រអាប់ ដោយឆ្លងកាត់ពេលវេលាជាយូរមកហើយ។ ផ្លែកាំបិតនោះបានឆែប ហើយដងរបស់វាក៏មានស្នាមទ្រុឌ តែវាជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលគាត់បានទុកក្នុងប្រអប់ ក្នុងទូរខោអាវរបស់គាត់ រហូតដល់ពេលដែលគាត់ប្រគល់វាមកឲ្យខ្ញុំ។ គាត់ប្រាប់ខ្ញុំថា កាំបិតនេះ ស្ថិតក្នុងចំណោមកេរដំណែលបន្តិចបន្តួចដែលគាត់ទទួលបានពីជីតារបស់ខ្ញុំ។ តារបស់ខ្ញុំបានលាចាកលោក កាលឪពុករបស់ខ្ញុំនៅក្មេងនៅឡើយ ហើយឪពុករបស់ខ្ញុំបានចាត់ទុកកាំបិតរបស់គាត់ ជាវត្ថុមានតម្លៃ។
ព្រះគម្ពីរប៊ីបបានប្រាប់យើងថា ព្រះអម្ចាស់ក៏មានទ្រព្យសម្បត្តិ ដែលយើងមិននឹកស្មានដល់ផងដែរ។ កណ្ឌគម្ពីរវិវរណៈ បានពិពណ៌នាថា នៅជុំវិញបល្ល័ង្ករបស់ព្រះនៅស្ថានសួគ៌ មាន “តួមានជីវិតទាំង៤” និងពួកចាស់ទុំ២៤នាក់ ក្រាបចុះ ដើម្បីថ្វាយបង្គំព្រះយេស៊ូវ(ជំពូក ៤-៥)។ ចាស់ទុំម្នាក់ៗកំពុងកាន់ “ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ”(៥:៨)។ នៅសម័យបុរាណ គ្រឿងក្រអូបជាវត្ថុមានតម្លៃ សម្រាប់ឲ្យពួកស្តេចប្រើ(សូមយើងគិតអំពី មាស កំញាន និងគ្រឿងក្រអូប ដែលពួកហោរបានថ្វាយព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ២:១១)។ នៅពេលខ្លះ ការអធិស្ឋានរបស់យើងហាក់ដូចជាមិនមានតម្លៃចំពោះយើងទេ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យពួកចាស់ទុំទាំងនោះលើកសេចក្តីអធិស្ឋានរបស់យើងថ្វាយព្រះអង្គជានិច្ច។
កណ្ឌគម្ពីរវិវរណៈ ជំពូក៥ បាននិយាយសង្កត់ធ្ងន់ អំពីភាពសក្ដិសមរបស់ព្រះយេស៊ូវ ដោយសារព្រះអង្គមានព្រះជន្មដែលគ្មានបាប និងបានសុគតដោយសេចក្តីស្រឡាញ់ ដើម្បីយើង។ ភាពសក្ដិសមរបស់ព្រះយេស៊ូវចង្អុលបង្ហាញយើង អំពីមូលហេតុដែលព្រះទ្រង់ ឲ្យតម្លៃមកលើការអធិស្ឋានរបស់យើង។ សេចក្តីអធិស្ឋានរបស់យើងមានតម្លៃ ចំពោះព្រះ ព្រោះយើងមានតម្លៃចំពោះព្រះអង្គយ៉ាងខ្លាំង។ ដោយសារព្រះអង្គស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ ដែលមិនអាត្មានិយម មិនអាចកាត់ថ្លៃបាន និងមានសេចក្តីមេត្តា នោះព្រះអង្គក៏សព្វព្រះទ័យឲ្យយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយការអធិស្ឋានផងដែរ។—James Banks
តើអ្នកស្រឡាញ់ព្រះ ដោយការអធិស្ឋានរបស់អ្នកដូចម្តេចខ្លះ នៅថ្ងៃនេះ? តើអ្នកអាចអធិស្ឋានឲ្យនរណាខ្លះ
និងអធិស្ឋានអំពីរឿងអ្វីខ្លះ ដល់ព្រះអង្គនៅថ្ងៃនេះ?
ឱព្រះអង្គសង្គ្រោះដែលមានសេចក្តីស្រឡាញ់ ព្រះអង្គសក្តិសមនឹងទទួល “ព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា
ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ”(វិវរណៈ ៥:១២)។
Visit ODBU.org/SF120 to discover more about the life-enriching power of prayer.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងរស់ ១-៤ និង លូកា ៨:១-២៥
ប្រភេទ
ល្ងាច

មើលឃើញព្រះគ្រីស្ទ នៅក្នុងព្រះគម្ពីរ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 3, 2025
«ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត...» (កិច្ចការ ២:២២)។
ពេលវេលាបានកន្លងផុតទៅពីមួយឆ្នាំទៅមួយឆ្នាំ ពេលខ្ញុំកំពុងលង់លក់ក្នុងដំណេកនៅពេលយប់ ខ្ញុំស្រាប់តែកើតមានទម្លាប់ភ្ញាក់ពាក់កណ្ដាលអាធ្រាត្រ។ ការព្រួយបារម្ភច្រើនតែវាយលុកចូលក្នុងគំនិតខ្ញុំ នាំឲ្យមានការរំខានដល់ដំណេករបស់ខ្ញុំ ហើយក្នុងនាមខ្ញុំជាគ្រូគង្វាល វាជារឿងធម្មតាទេដែលខ្ញុំមានការបារម្ភអំពីការបង្រៀនរបស់ខ្ញុំ បានជាខ្ញុំត្រូវសួរខ្លួនឯងថា តើខ្ញុំកំពុងតែមើលឃើញ និងបង្រៀនអំពីព្រះគ្រីស្ទដែលមានចែងក្នុងព្រះគម្ពីរ និងស្របតាមព្រះគម្ពីរឬទេ?
ការរៀនព្រះគម្ពីរប៊ីប ដោយមិនបានផ្ដោតទៅលើព្រះគ្រីស្ទ គឺជាបញ្ហាដែលអាចកើតមាន។ យើងប្រហែលជាមានមោទនភាព ចំពោះការចេះដឹងរបស់យើងខាងព្រះបន្ទូលតាមវិធីសាស្ត្រជាប្រព័ន្ធ តែអាកប្បកិរិយាដូចនេះនាំឲ្យយើងមានហានិភ័យ នៅពេលដែលយើងផ្ដោតទៅលើវិធីសាស្ត្ររបស់យើងខ្លាំងពេក ធ្វើឲ្យយើងខកខានមិនបានឃើញព្រះគ្រីស្ទក្នុងការសិក្សាព្រះបន្ទូល។
ក្នុងបទគម្ពីរកិច្ចការជំពូក២ នៅពេលដែលសាវ័ក ពេត្រុស និយាយទៅកាន់ហ្វូងមនុស្ស គាត់ក៏បានមានប្រសាសន៍ថា «ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ» (ពាក្យសម្ដីរបស់គាត់ ហាក់ដូចជាមានការបង្គាប់បញ្ជា តើមែនទេ?)។ ហើយសូមយើងកត់សម្គាល់ថា បន្ទាប់មក គាត់មានប្រសាសន៍ទៀតថា «ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត...»។ គាត់មិនបានចាប់ផ្ដើមការចែកចាយ ដោយនិយាយអំពីតម្រូវការរបស់ពួកបណ្តាជន ឬដោយបង្ហាញអត្ថប្រយោជន៍ទាំងអស់របស់ដំណឹងល្អ ឬក៏បង្ហាញគោលលទ្ធិនៃជំនឿ ឬមួយលើកឡើងអំពីទស្សនៈជាបន្តបន្ទាប់ សម្រាប់ឲ្យមនុស្សពិចារណានោះទេ។ ផ្ទុយទៅវិញ គាត់បានប្រាប់គេតែម្តងថា ព្រះយេស៊ូវជានរណា ហេតុអ្វីព្រះអង្គបានយាងមក ហើយព្រះអង្គបានធ្វើអ្វីខ្លះ។
ការបង្រៀនរបស់លោក ពេត្រុស គឺបានបាញ់សំដៅទៅរកចិត្តមនុស្សដោយផ្ទាល់ដោយបានចាក់ឫសក្នុងព្រះគុណ ហើយផ្តោតទៅលើព្រះគ្រីស្ទ។ ការបង្រៀនដូចនេះនាំឲ្យគាត់មានបញ្ហា គឺបញ្ហាដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានត្រៀមខ្លួនទទួលយកនោះទេ។ ការនិយាយអំពីបញ្ហានៅថ្ងៃនោះ មានភាពងាយស្រួលជាងការស្គាល់ និងចែកចាយអំពីព្រះគ្រីស្ទឲ្យបានត្រឹមត្រូវ។ ជួនកាល ក្នុងពួកជំនុំដែលផ្តល់ការគោរពខ្ពង់ខ្ពស់ដល់ព្រះគម្ពីរ យើងសង្កេតឃើញថា ការជជែកអំពីគោលលទ្ធិដែលយើងចូលចិត្តមានភាពងាយស្រួលជាងការជជែកអំពីព្រះគ្រីស្ទដែលច្រើនតែជំរុញយើងឲ្យកែប្រែរបៀបនៃការរស់នៅ។
ទោះជាយ៉ាងណាក៏ដោយ ការអ្វីដែលពិបាកធ្វើក៏ជាកិច្ចការដ៏ត្រឹមត្រូវដែលយើងត្រូវធ្វើផងដែរ។ យើងពិតជាខ្ជះខ្ជាយកម្លាំងច្រើនណាស់ ក្នុងការស្វែងរកការយល់ដឹង ឬផ្តល់ឲ្យនូវការបង្រៀន អំពីប្រធានបទស្ទើរទាំងអស់ តែយើងមិនបានចែកចាយអំពីរឿងរបស់ព្រះយេស៊ូវ។
ព្រះគម្ពីរមានការផ្ដោតទៅលើព្រះគ្រីស្ទ និងមានការសម្រេចក្នុងព្រះអង្គ។ ដើម្បីឲ្យយើងដឹងថា ព្រះបន្ទូលព្រះនៅជាប់ក្នុងយើងមានភាពស៊ីជម្រៅប៉ុណ្ណា យើងចាំបាច់ត្រូវស្ទង់មើលសមត្ថភាពរបស់យើង នៅក្នុងការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ គឺមិនមែនស្ទង់មើលសមត្ថភាពនៅក្នុងការចែកចាយរឿងក្នុងព្រះគម្ពីរត្រូវតាមលំដាប់លំដោយនោះទេ។ ព្រះអង្គមិនគ្រាន់តែជាចំណុចចាប់ផ្ដើមនៃជំនឿរបស់គ្រីស្ទានប៉ុណ្ណោះទេ តែក៏ជាការសរុបនៃជំនឿគ្រីស្ទានផងដែរ។ ចូរយើងដាក់គោលដៅរៀនសូត្រឲ្យកាន់តែស៊ីជម្រៅក្នុងព្រះគ្រីស្ទ ជាជាងព្យាយាមស្វែងរកផ្លូវផ្សេងដែលនាំយើងចេញពីព្រះអង្គ។
នៅពេលណាយើងបើកទំព័រព្រះគម្ពីរប៊ីប យើងប្រហែលជាគួរតែអធិស្ឋានយ៉ាងដូចនេះថា៖
សូមឲ្យទូលបង្គំបានស្គាល់ព្រះយេស៊ូវបន្ថែមទៀត។
សូមឲ្យទូលបង្គំបង្ហាញព្រះគុណព្រះអង្គដល់អ្នកដទៃបន្ថែមទៀត។
សូមឲ្យទូលបង្គំបានឃើញបន្ថែមទៀត នូវភាពពេញលេញរបស់ព្រះអង្គដែលជួយសង្គ្រោះ។
សូមឲ្យទូលបង្គំទទួលបន្ថែមទៀត នូវសេចក្តីស្រឡាញ់របស់ព្រះអង្គដែលបានសុគតដើម្បីទូលបង្គំ។
សូមឲ្យទូលបង្គំបានរៀនសូត្រអំពីព្រះយេស៊ូវបន្ថែមទៀត។
សូមឲ្យទូលបង្គំបានស្គាល់សេចក្តីបរិសុទ្ធរបស់ព្រះអង្គបន្ថែមទៀត។
សូមព្រះវិញ្ញាណព្រះអង្គធ្វើជាគ្រូបង្រៀនទូលបង្គំ ដោយបង្ហាញកិច្ចការនៃព្រះគ្រីស្ទដល់ទូលបង្គំ1។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ២៤:១៣-៣៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១-៣ និងហេព្រើរ ៦
1លោកស្រី Eliza E. Hewitt, “More about Jesus” (ឆ្នាំ១៨៨៧)។