ព្រឹក

ភាពទាល់ច្រកខាងវិញ្ញាណ
ដោយJohn Blase
April 5, 2025
ទំនុកដំកើង ១៤៥:១-៨
ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង។ ទំនុកដំកើង ១៤៥:៣
ជាមធ្យម មនុស្សម្នាក់ៗបើកទូរស័ព្ទខ្លួនឯងមើល ១៥០ដង ក្នុងមួយថ្ងៃ។ សូមយើងចំណាយពេលបន្តិច ដើម្បីពិចារណាអំពីរឿងនេះ។ លោកទ្រីស្ទិន ហារីស(Tristan Harris) ជឿថា ទូរស័ព្ទកំពុងតែធ្វើឲ្យយើងផ្ដោតអារម្មណ៍ទៅលើវា យ៉ាងងប់ងុល ហើយវាផ្តល់ឲ្យនូវគុណវិបត្តិជាច្រើន។ គាត់ស្ថិតក្នុងចំណោមអ្នកតស៊ូមតិ ក្នុងខ្សែភាពយន្តមួយ ដែលនិយាយអំពីបុគ្គលល្បីៗមួយចំនួន ក្នុងឧស្សាហ៍កម្មបច្ចេកវិទ្យា ដែលបាននាំយើងចូលទៅក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ប៉ុន្តែ ពួកគេមិនបានលើកតម្កើងបណ្តាញសង្គមនោះទេ តែផ្ទុយទៅវិញ ពួកគេបានធ្វើការដាស់តឿន អំពីគុណវិបត្តិរបស់វា ដោយបង្ហាញធាតុពិតនៃការរស់នៅរបស់យើង នៅក្នុងបញ្ហាសង្គមដែលស្ថិតក្នុងភាពទាល់ច្រក។ ពួកគេថា “យើងគឺជាផលិតផល។ ការផ្ដោតអារម្មណ៍របស់យើង គឺជាផលិតផលដែលបណ្ដាញសង្គមបានលក់ទៅឲ្យអ្នកផ្សាយពាណិជ្ជកម្ម”។ យើងផ្តល់ឲ្យនូវការផ្ដោតអារម្មណ៍ ទៅលើអ្វីដែលយើងជឿថា មានតម្លៃ ឬមានភាពសក្ដិសម។ ហើយតាមពិត យើងប្រហែលជាកំពុងថ្វាយបង្គំអ្វីៗ ដែលយើងកំពុងផ្ដោតអារម្មណ៍ទៅលើ។
ពាក្យទាល់ច្រកឆ្លុះបញ្ចាំងអំពីស្ថានភាពមួយ ដែលយើងត្រូវធ្វើការសម្រេចចិត្ត។ ហើយប្រហែលមិនដឹងទេថា យើងកំពុងប្រឈមមុខដាក់ស្ថានភាពទាល់ច្រក ក្នុងជីវិតខាងវិញ្ញាណរបស់យើង ដោយយើងត្រូវធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃថា យើងត្រូវផ្តល់ការចាប់អារម្មណ៍ទៅលើនរណា និងទៅលើអ្វី? ឬអាចនិយាយម្យ៉ាងទៀតថា តើយើងកំពុងថ្វាយបង្គំនរណា ឬថ្វាយបង្គំអ្វី? អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបញ្ជាក់ច្បាស់អំពីការសម្រេចចិត្តរបស់គាត់ គឺដូចដែលគាត់បានពោលឡើងថា “ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច”(ទំនុកដំកើង ១៤៥:២)។ នៅក្នុងខគម្ពីរបន្ទាប់គាត់ក៏បានប្រាប់ឲ្យយើងដឹងថា មូលហេតុដែលគាត់ថ្វាយបង្គំព្រះអង្គគឺដោយសារព្រះអង្គ “ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន”(ខ.៣)។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងជឿថា គ្មានអ្វីអាចប្រៀបផ្ទឹមនឹងភាពធំប្រសើររបស់ព្រះបានទេ ហេតុនេះហើយ គាត់ក៏បានផ្តោតអារម្មណ៍ទៅលើភាពធំប្រសើររបស់ព្រះអង្គ។ មានតែព្រះទេ ដែលសក្តិសមនឹងឲ្យយើងសរសើរដំកើង។—John Blasé
តើមានអ្វីបង្វែរអារម្មណ៍របស់អ្នក ចេញពីការអធិស្ឋាន ឬអានព្រះគម្ពីរ? តើអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះ
ដើម្បីកុំឲ្យបច្ចេកវិទ្យាក្លាយជារូបព្រះក្លែងក្លាយរបស់អ្នក?
ឱព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលសក្តិសមនឹងឲ្យទូលបង្គំសរសើរដំកើង។
គ្មានអ្វីប្រៀបផ្ទឹមនឹងព្រះអង្គបានទេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១-៣ និង លូកា ៨:២៦-៥៦
ប្រភេទ
ល្ងាច

ការគ្រប់គ្រង និងព្រះពររបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 5, 2025
«ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ» (និក្ខមនំ ១៩:៥)។
ការបង្រៀនអំពីការស្តាប់បង្គាប់មិនមានភាពពេញនិយមដូចសម័យមុនទៀតទេ។ តែការស្តាប់បង្គាប់មានតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងជីវិតគ្រីស្ទបរិស័ទ។ វាមិនមែនជារឿងចម្លែកទេ ដែលយើងឮគេនិយាយថា សូម្បីតែបុគ្គលឆ្នើមបំផុតក៏បានបង្ហាញអាកប្បកិរិយាអវិជ្ជមានចំពោះអ្នកដឹកនាំផងដែរ ព្រោះយើងកំពុងរស់នៅក្នុងយុគសម័យទាស់ប្រឆាំងនឹងអ្នកកាន់អំណាច។ ក្នុងពួកជំនុំ មានអ្នកខ្លះមិនសប្បាយចិត្តចំពោះការបង្រៀនដ៏បរិសុទ្ធអំពីអំណាចនៃព្រះបន្ទូល។ តែយើងក៏បានដកខ្លួនយើងចេញពីព្រះពររបស់ព្រះអង្គផងដែរ នៅពេលណាយើងស្វែងរកសេរីភាពតាមផ្លូវរបស់យើងដោយងាកចេញពីអំណាចរបស់ព្រះ។
កាលលោក អ័ដាម និងនាង អេវ៉ា មិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះក្នុងសួនច្បាអេដែន ពួកគេក៏បានដាច់ចេញពីព្រះអង្គបានសេចក្តីថា ពួកគេបានបោះបង់ចោលព្រះពរនៃព្រះវត្តមានព្រះអង្គ។ ការបដិសេធន៍ការគ្រប់គ្រងរបស់ព្រះតែងតែនាំឲ្យមានការដាច់ចេញពីព្រះអាទិកររបស់យើង និងដកខ្លួនចេញពីព្រះពររបស់ព្រះអង្គ។ ផ្ទុយទៅវិញ ការងាកមករកការគ្រប់គ្រងរបស់ព្រះវិញតែងតែនាំមកនូវព្រះពរនៃការរួបរួម និងការប្រកបគ្នាដែលព្រះទ្រង់បានរៀបចំសម្រាប់រាស្ត្រព្រះអង្គ។
ព្រះបន្ទូលសន្យាអំពីការគ្រប់គ្រង និងព្រះពររបស់ព្រះបានសម្រេច ក្នុងអំឡុងពេលដែលព្រះទ្រង់ប្រទានក្រឹត្យវិន័យក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ ការស្តាប់បង្គាប់របស់ពួកអ៊ីស្រាអែល ចំពោះក្រឹត្យវិន័យមិនមែនជាការប្រឹងប្រែងទាំងប្រថុយ ដើម្បីឲ្យបានសេចក្តីសង្គ្រោះនោះទេ តែផ្ទុយទៅវិញ វាគឺជាការឆ្លើយតបចំពោះសេចក្តីសង្គ្រោះដែលសម្រេចបានរួចជាស្រេចសម្រាប់ពួកគេ។ ជាដំបូង ព្រះអង្គឈោងទៅរករាស្ត្រព្រះអង្គ ហើយថែរក្សាការពាររាស្ត្រព្រះអង្គ ដោយប្រោសលោះពួកគេ និងរំដោះពួកគេឲ្យរួចពីភាពជាទាសករក្នុងទឹកដីអេស៊ីព្ទ ហើយបន្ទាប់មក ព្រះអង្គក៏បានប្រទានក្រឹត្យវិន័យដល់ពួកគេ។
ម្យ៉ាងទៀត ព្រះទ្រង់មិនបានប្រទានក្រឹត្យវិន័យធ្វើជាការយន្តការសម្រាប់ការប្រោសលោះ ឬជាផ្លូវ ដើម្បីឲ្យពួកគេធ្វើជារាស្ត្រព្រះអង្គនោះទេ។ ផ្ទុយទៅវិញ បន្ទាប់ពីព្រះអង្គបានប្រោសលោះពួកអ៊ីស្រាអែលហើយ ព្រះអង្គបានប្រទានពួកគេនូវក្រឹត្យវិន័យ ជាមធ្យោបាយដើម្បីបង្ហាញព្រះគុណព្រះអង្គ ដើម្បីឲ្យពួកគេដឹងអំពីរបៀបរស់នៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ហើយពិតជាបានអរសប្បាយនឹងព្រះពរព្រះអង្គ។ បើយើងធ្វើផ្ទុយនឹងគោលការណ៍នេះ យើងនឹងទទួលលទ្ធផលអាក្រក់គ្រប់យ៉ាង។ យើងនឹងរស់នៅក្រោមចំណងដ៏តឹងរ៉ឹងនៃក្រឹត្យវិន័យដោយគិតស្មានជានិច្ចថា ការប្រឹងប្រែងរបស់យើង អាចធ្វើឲ្យយើងមានភាពត្រឹមត្រូវនៅចំពោះព្រះ។ ប៉ុន្តែ បើយើងភ្លេចថា ព្រះអង្គបានសង្គ្រោះយើង ដើម្បីឲ្យយើងអរសប្បាយនឹងជីវិតនៅក្រោមការដឹកនាំរបស់ព្រះអង្គ ហើយបន្តព្រងើយកន្តើយចំពោះក្រឹត្យវិន័យរបស់ព្រះអង្គដែលមិនត្រូវនឹងគោលបំណងរបស់យើង នោះយើងនឹងរស់នៅ ដោយឆ្ងល់ថា ហេតុអ្វីព្រះពររបស់ព្រះហាក់ដូចជាមានតែក្នុងក្តីស្រមៃរបស់យើង។
ក្រឹត្យវិន័យរបស់ព្រះមិនជួយសង្គ្រោះទេ តែជាក្រឹត្យវិន័យដ៏ឥតខ្ចោះ ក្រឹត្យវិន័យនៃសេរីភាព ហើយអ្នកដែលស្តាប់បង្គាប់តាម នឹងជួយឲ្យអ្នក «មានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើ» (យ៉ាកុប ១:២៥)។ ក្នុងនាមយើងជាមនុស្សដែលព្រះទ្រង់បានសង្គ្រោះរួចពីបាប យើងត្រូវឆ្លើយតប ចំពោះសេចក្តីសង្គ្រោះរបស់ព្រះអង្គដោយសម្រេចចិត្តដើរដោយការស្តាប់បង្គាប់ដោយអំណរ។
ពេលណាយើងដើរជាមួយព្រះអម្ចាស់
ក្នុងពន្លឺនៃព្រះបន្ទូលព្រះអង្គ
សិរីល្អចែងចាំងមកលើផ្លូវដើររបស់យើង!
ពេលណាយើងធ្វើតាមបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ
ព្រះអង្គគង់នៅជាមួយយើងជានិច្ច! និងជាមួយអ្នកដែលទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គ1។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១១៩:៤៩-៦៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ៤-៥ និងហេព្រើរ ៧
1លោក John H. Sammis, “Trust and Obey” (ឆ្នាំ១៨៨៧)។