ព្រឹក

ព្រះអង្គតែងតែពរយើងជានិច្ច
ដោយKenneth Petersen
April 6, 2025
អេសាយ ៤៦:៣-៩
ឱពួកវង្សារបស់យ៉ាកុបអើយ ... ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ... រហូតដល់ឯងចាស់ជរាផង ... អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង។ អេសាយ ៤៦:៣-៤
អ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាក បានរកឃើញបាតុភូតមួយ ដែលមនុស្សភាគច្រើនបានជួបប្រទះ ដែលក្នុងនោះ យើងគិតថា ខ្លួនយើងក្មេងជាងអាយុពិតរបស់យើង។ ក្នុងការរកឃើញនេះ គេបានលើកឡើងថា ទោះយើងស្ថិតក្នុងវ័យណាក៏ដោយ យើងរាល់គ្នាសុទ្ធតែគិតថា ខ្លួនឯងមានអាយុក្មេងជាងអាយុពិត២០ភាគរយ។ ឧទាហរណ៍ មនុស្សអាយុ៥០ឆ្នាំច្រើនតែស្រមៃថា ខ្លួនឯងមានអាយុ៤០ឆ្នាំ។ បញ្ហានេះអាចធ្វើឲ្យយើងនឹកឃើញរឿងដ៏គួរឲ្យអស់សំណើចមួយ ដែលក្នុងនោះ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់គិតថា គាត់មានកម្លាំង និងរូបរាង្គដូចក្មេងអាយុ៤ឆ្នាំ។
ទោះយើងមិនបានធ្វើការស្រាវជ្រាវតាមវិទ្យាសាស្រ្ត ក៏យើងអាចដឹងច្បាស់ថា យើងរាល់គ្នាកំពុងតែមានវ័យចាស់ជាងមុន។ ហើយព្រះគម្ពីរប៊ីបបានចែងអំពីបញ្ហានេះ ជាច្រើនលើកច្រើនសារ។ ហោរាអេសាយថ្លែងព្រះបន្ទូលទៅកាន់ពួកអ៊ីស្រាអែលដែលមានវ័យចាស់ និងមានភាពហត់នឿយ ហើយ “ព្រះបន្ទូលសន្យាមួយនេះ ដែលព្រះទ្រង់ប្រទានពួកអ៊ីស្រាអែលដែលកំពុងតែទន់ខ្សោយ និងមានវ័យចាស់ ក៏ជាព្រះបន្ទូលសន្យាសម្រាប់គ្រីស្ទបរិស័ទគ្រប់វ័យ”។
ហោរអេសាយបានរំឭកយើង អំពីការផ្គត់ផ្គង់របស់ព្រះ ពេញមួយជីវិតរបស់មនុស្សម្នាក់ៗ ដែលស្មោះត្រង់ចំពោះព្រះអង្គ ដោយព្រះអង្គបានទទួលយើងជាបន្ទុកតាំងពីកំណើតមក ហើយក៏បានបីយើងចាប់តាំងពីពេលយើងកើតមក(អេសាយ ៤៦:៣)។
ដូចនេះ ខណៈពេលដែលយើងមានការខ្វល់ខ្វាយអំពីការមានវ័យចាស់ ចូរយើងចាំថា ព្រះទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះអង្គបានសន្យាថា “អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង”(ខ.៤)។ ទោះយើងស្ថិតក្នុងវ័យណា (ឬមានអារម្មណ៍ថា យើងកំពុងស្ថិតក្នុងវ័យដែលក្មេងជាងអាយុពិត២០ភាគរយក៏ដោយ) ចូរយើងឱបក្រសោបព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលបានធានាយើងថា ព្រះអង្គដែលបានបង្កើតយើងមក ព្រះអង្គនឹងបីយើង(ខ.៤)។—Kenneth Petersen
តើអ្នកបានជម្នះការព្រួយបារម្ភ អំពីការមានវ័យចាស់ដូចម្តេចខ្លះ?
តើអ្នកបានរកឃើញការកម្សាន្តចិត្តយ៉ាងណាខ្លះ ក្នុងកណ្ឌគម្ពីរអេសាយ នៅថ្ងៃនេះ?
ឱព្រះអម្ចាស់ ទូលបង្គំអារម្មណ៍ទន់ខ្សោយ ហើយអស់កម្លាំង ក្នុងការរស់នៅ។
សូមព្រះអង្គប្រទានកម្លាំងដល់ទូលបង្គំ។ សូមព្រះអង្គទ្រទ្រង់ និងពរទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៧-៩ និង លូកា ៩:១៨-៣៦
ប្រភេទ
ល្ងាច

អ្នកនឹងបានជាស្អាត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 6, 2025
«ឯអេលីសេ លោកចាត់អ្នកបម្រើម្នាក់ឲ្យទៅជម្រាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ។ តែ ណាម៉ាន់ មានសេចក្តីកំហឹង ហើយក៏ចេញទៅ» (២ពង្សាវតាក្សត្រ ៥:១០-១១)។
សូម្បីតែការចំណាយពេលបន្តិចបន្តួចអានសៀវភៅប្រវត្តិសាស្ត្រ និងសៀវភៅសង្គមវិទ្យា ក៏បានបង្ហាញឲ្យយើងដឹងអំពីអសមត្ថភាពរបស់មនុស្ស នៅក្នុងការជួសជុលលោកីយ៍របស់យើង ដែលបានធ្លាក់ចូលក្នុងអំពើបាប។ កាលប៉ុន្មានឆ្នាំមុន យើងឮគេនិយាយថា មនុស្សធ្វើការអាក្រក់ ដោយសារភាពក្រីក្រ។ បានសេចក្តីថា បើយើងបំពេញតម្រូវការខាងសាច់ឈាមរបស់ពួកគេ នោះយើងនឹងឃើញពួកគេមានអាកប្បកិរិយាល្អជាងមុនហើយមែនទេ?។ សព្វថ្ងៃនេះ ក្នុងប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក អ្នកជំនាញសង្គមវិទ្យាបានបកស្រាយថា ភាពលោភលន់ អំពើពុករលួយ និងឃាតកម្មបានកើតមាន ដោយសារមនុស្សមានទ្រព្យសម្បត្តិច្រើនពេក។ អ្នកជំនាញ និងអ្នកដឹកនាំពិភពលោក បានប្រឈមមុខដាក់កម្លាំងខាងក្រៅនេះ ដោយការហួសចិត្ត ដោយស្វែងរកចម្លើយនៅកន្លែងខុស។
លោក ណាម៉ាន់ មានបញ្ហាសុខភាពម្យ៉ាងដែលធ្វើឲ្យគាត់ពិបាកចិត្ត ហើយធ្វើឲ្យគាត់មានរូបសម្បត្តិអាក្រក់យ៉ាងខ្លាំង។ គាត់មានធនធាន ដើម្បីស្វែងរកការព្យាបាល ហើយគេសន្និដ្ឋានថា គាត់បានត្រៀមខ្លួនដើម្បីរិះរកគ្រប់វិធី ដើម្បីព្យាបាលខ្លួនគាត់។ បញ្ហាស្ថិតនៅត្រង់ថា គាត់កំពុងស្វែងរកចម្លើយ នៅកន្លែងខុស។ ឋានៈ ទ្រព្យសម្បត្តិ និងការមានខ្សែបណ្ដាញនៅក្នុងរាជវាំង មិនបានផ្តល់ឲ្យគាត់នូវដំណោះស្រាយ ដែលគាត់ចង់បានទេ ហើយនៅពេលដែលគាត់ទៅពឹងស្ដេចអ៊ីស្រាអែល ដើម្បីជួយឲ្យខ្លួនគាត់មានភាពធូរស្រាល ស្ដេចអ៊ីស្រាអែលក៏បានហែកខោអាវរបស់ទ្រង់ព្រោះទ្រង់ជ្រាបថា ទ្រង់មិនអាចជួយគាត់បាន (២ពង្សាវតាក្សត្រ ៥:៧)។
ការឆ្លើយតបរបស់ស្ដេចអ៊ីស្រាអែល ក៏ជាប្រភេទនៃការឆ្លើយតប ដែលអ្នកដឹកនាំពិភពលោកជាច្រើន ទំនងជាមាន នៅពេលដែលពួកគេធ្វើដំណើរទូទាំងពិភពលោក ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រជាជនតាមលទ្ធភាពខ្លួនឯង។ ជាការពិតណាស់ នៅពេលយប់ពួកគេដេកមិនលក់ ហើយប្រាកដជាមានអារម្មណ៍ថា ចង់ហែកខោអាវខ្លួនឯង ហើយនិយាយថា «តើខ្ញុំអាចដោះស្រាយបញ្ហានេះ ហើយនាំមកនូវការផ្លាស់ប្ដូរដោយរបៀបណា? តើយើងអាចនាំមកនូវសន្តិភាពដោយរបៀបណា? តើយើងអាចនាំមកនូវការប្រោសឲ្យជាដោយរបៀបណា?»
ទោះជាយ៉ាងណាក៏ដោយ ការអ្វីដែលស្ដេចអង្គនោះមិនអាចធ្វើបាន ហោរារបស់ព្រះអាចធ្វើបាន។ ប៉ុន្តែ មេទ័ពដែលកើតឃ្លង់នោះមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះរបៀបដែលគាត់ត្រូវទទួលការព្យាបាល! លោក ណាម៉ាន់ កំពុងស្វែងរកវិធីព្យាបាលខ្ពង់ខ្ពស់ សក្តិសមនឹងឋានៈគាត់ ហើយធ្វើឲ្យគាត់មានអារម្មណ៍ថា ខ្លួនឯងមានភាពឧត្តុង្គឧត្តម។ គាត់បានចាត់ទុកការព្យាបាលរបស់ហោរា អេលីសេ ជាការបន្ទាបបន្ថោក និងគួរឲ្យអស់សំណើច។
សព្វថ្ងៃនេះ ជំងឺឃ្លង់ត្រូវគេលប់បំបាត់ក្នុងទ្រង់ទ្រាយធំ តែយើងនៅតែរស់នៅក្នុងបាប ជាជំងឺធំបំផុតដែលនាំទៅរកសេចក្តីស្លាប់។ តែមនុស្សជាច្រើន មិនចង់ស្តាប់គេចែកចាយ អំពីការព្យាបាលសម្រាប់ជំងឺនេះ ឲ្យបានលើសលោក ណាម៉ាន់ ទេ។ ដំណឹងល្អអំពីព្រះគ្រីស្ទដែលបានសុគតនៅលើឈើឆ្កាង គឺជាដំណោះស្រាយតែមួយគត់ សម្រាប់បាបរបស់យើង និងជា «ហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រិក» (១កូរិនថូស ១:២៣)នៅសតវត្សរ៍ទី១ ក៏ដូចដល់មនុស្សជាច្រើនក្នុងពេលសព្វថ្ងៃ។ សូម្បីតែអ្នកជឿព្រះ នៅតែមិនស៊ាំនឹងការល្បួង ដែលនាំឲ្យគិតថា យើងត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីព្យាបាលជំងឺនៃអំពើបាប។
យើងចាំបាច់ត្រូវបើកភ្នែកជារៀងរាល់ថ្ងៃ មើលទៅការព្យាបាលនោះ ហើយបន្ទាបខ្លួនចុះ ដូចលោក ណាម៉ាន់ (២ពង្សាវតាក្សត្រ ៥:១៤)។ ព្រោះអ្នកដែលអនុវត្តដូចនេះ បានដឹងថា នៅសម័យមុន ដែលហោរាបានប្រាប់លោក ណាម៉ាន់ ថា គាត់នឹងបានជាពីជំងឺគាត់ ហើយពួកគេក៏អាចអរសប្បាយ ដោយដឹងថា ព្រះយេស៊ូវបានទតឃើញពួកគេ ហើយមានបន្ទូលថា «អ្នកបានជាស្អាតហើយ» (យ៉ូហាន ១៣:១០-១១ ១៥:៣)។ ពេលយើងឆ្លុះកញ្ចក់ ចូរយើងកុំគិតថា យើងអាចរកឃើញការប្រោសឲ្យជា ក្នុងអត្តសញ្ញាណរបស់យើង ឬក្នុងការអ្វីដែលយើងធ្វើនោះឡើយ តែផ្ទុយទៅវិញ ចូរយើងមើលតាមបង្អួចនៃជំនឿ ឃើញឈើឆ្កាង ហើយដឹងថា គឺព្រះអង្គទេ ដែលបានធ្វើការទាំងអស់នោះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២ពង្សាវតាក្សត្រ ៥:១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ៨-១០ និងហេព្រើរ ៩