ព្រឹក

ព្រះវិញ្ញាណជាអ្នកក្រើនរំឭកល្អបំផុត
ដោយXochitl Dixon
April 12, 2025
យ៉ូហាន ១៤:១៥-១៧,២៥-៣១
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ។ យ៉ូហាន ១៤:២៦
កាលឆ្នាំមួយនោះ ខ្ញុំបានស្ម័គ្រចិត្តឡើងច្រៀង មុនពេលកម្មវិធីប្រកួតកីឡារបស់កូនប្រុសខ្ញុំចាប់ផ្តើម។ ខ្ញុំបានហ្វឹកហាត់អស់ជាច្រើនសប្តាហ៍ តែខ្ញុំបានចាំបទនោះ នៅក្នុងចិត្តរួចជាស្រេចហើយ។ ដូចនេះ នៅពេលដែលខ្ញុំដើរចូលទៅក្នុងទីលានប្រកួត ជាមួយក្រុមកីឡាករដែលឈរជាជួរ នៅសងខាងខ្ញុំ ខ្ញុំក៏បានបិទភ្នែកអធិស្ឋាន។ ខ្ញុំក៏បានចាប់ផ្តើមច្រៀងបានពីរឃ្លាដំបូង ហើយក៏បានគាំង ដោយសារខ្ញុំភ្លេចឃ្លាបន្ទាប់។ បុរសម្នាក់ឈរនៅពីក្រោយខ្ញុំ ក៏បាននិយាយខ្សឹបៗ នូវពាក្យដែលខ្ញុំបានភ្លេចនោះ។ នៅពេលដែលគាត់បានជួយរំឭកយ៉ាងដូចនេះ ខ្ញុំក៏បានបន្តច្រៀងបទនេះ រហូតដល់ចប់ ដោយទំនុកចិត្ត។
យើងរាល់គ្នាសុទ្ធតែត្រូវការជំនួយបន្តិចបន្តួច ពីអ្នកដទៃ នៅពេលខ្លះ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៤ ព្រះយេស៊ូវបានពន្យល់ថា យើងស្រឡាញ់ព្រះអង្គ ដោយស្តាប់បង្គាប់ព្រះអង្គ(ខ.១៥) ហើយព្រះអង្គបានសន្យាថា នឹងទូលសូមព្រះវរបិតាចាត់ព្រះដ៏ជាជំនួយ១អង្គទៀត “គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(ខ.១៧)។ ព្រះយេស៊ូវមានបន្ទូលថា “លោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ”(ខ.១៧)។ ទោះព្រះយេស៊ូវបានបង្រៀនពួកសិស្សជាច្រើនហើយក៏ដោយ ក៏កាលព្រះអង្គគង់នៅជាមួយពួកគេ(ខ.២៥) ព្រះអង្គមានបន្ទូលថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(ខ.២៦)។
ខណៈពេលដែលយើងអានព្រះគម្ពីរប៊ីប ដោយអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យកាត់ស្រាយ យល់ និងអនុវត្តតាមប្រាជ្ញារបស់ព្រះ។ ការដឹកនាំរបស់ព្រះអង្គតែងតែសមស្របនឹងព្រះគម្ពីរប៊ីប ដែលដឹកនាំ កម្សាន្តចិត្ត និងកែប្រែយើង ដោយសេចក្តីស្រឡាញ់ និងក្រើនរំឭកយើង ពីមួយពេលទៅមួយពេល។—Xochitl Dixon
តើធ្វើដូចម្តេចឲ្យអ្នកអាចស្គាល់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ កាន់តែច្បាស់?
តើអ្នកអាចដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ដូចម្តេចខ្លះ?
ឱព្រះវិញ្ញាណបរិសុទ្ធ សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់ព្រះសូរសៀងរបស់ព្រះអង្គ ហើយចុះចូលព្រះអង្គ
ខណៈពេលដែលព្រះអង្គកែប្រែទូលបង្គំកាន់តែដូចព្រះយេស៊ូវ និងក្រើនរំឭកទូលបង្គំពីមួយពេលទៅមួយពេលទៀត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១៩-២១ និង លូកា ១១:២៩-៥៤
ប្រភេទ
ល្ងាច

តើអ្នកនឹងធ្វើដូចម្ដេច ចំពោះព្រះយេស៊ូវ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 12, 2025
«នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ...នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ។...ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសម្រាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ» (យ៉ូហាន ១៨:៣៦-៣៧)។
តើអ្នកនឹងប្រព្រឹត្តយ៉ាងណាចំពោះព្រះយេស៊ូវ? នៅពេលព្រឹកថ្ងៃសុក្រ ដែលសព្វថ្ងៃនេះគេហៅថា ថ្ងៃសុក្រដ៏ល្អ អ្នកដឹកនាំសាសនាយូដា បាននាំព្រះកាយព្រះយេស៊ូវយកទៅបន្តការកាត់ទោស នៅចំពោះមុខលោក ប៉ុនទាស ពីឡាត់ ជាអភិបាលដែលជាជនជាតិរ៉ូម៉ាំង។ យើងអាចមើលការពិពណ៌នាលម្អិតក្នុងកណ្ឌគម្ពីរដំណឹងល្អនេះ ដែលបានបង្ហាញថា ព្រះទ្រង់បានរៀបផែនការសម្រាប់ហេតុការណ៍ទាំងអស់នេះ។ ពួកសាសន៍យូដាបានតាំងចិត្តថា ត្រូវតែឲ្យព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង តែការនេះបានសម្រេចផែនការរបស់ព្រះតាំងពីអស់កល្បជានិច្ច។ ព្រះវរបិតាក៏បានរៀបផែនការ សម្រាប់ការសន្ទនារវាងព្រះគ្រីស្ទនិងលោក ពីឡាត់ ផងដែរ។ លោក ពីឡាត់ បានឈរនៅចំពោះព្រះអង្គ ដោយទូលសួរព្រះអង្គអំពីអត្តសញ្ញាណ និងអំណាចរបស់ព្រះអង្គ។ សំណួរទាំងនេះជាការពិនិត្យមើល ដែលមានផលប៉ះពាល់អស់កល្បជានិច្ចមកលើយើងម្នាក់ៗ ជាការពិនិត្យដែលយើងម្នាក់ៗត្រូវមាន។ សូមយើងពិចារណាអំពីអត្ថន័យរបស់បទទំនុកសកលដែលអ្នកនិពន្ធបានពិពណ៌នាដូចតទៅ៖
ព្រះយេស៊ូវកំពុងឈរនៅពីមុខលោក ពីឡាត់
ដោយគ្មានមិត្តភក្តិ ត្រូវគេបោះបង់ ហើយក្បត់ព្រះអង្គ
ចូរអ្នកស្តាប់ឲ្យយល់អត្ថន័យនៃព្រះបន្ទូលព្រះអង្គចុះ
តើអ្នកនឹងធ្វើយ៉ាងណាចំពោះព្រះអង្គ?
លោក ពីឡាត់ ជឿថា គាត់កំពុងធ្វើការពិនិត្យ ក្នុងកម្រិតបញ្ញវ័ន្តសុទ្ធសាធ និងតាមការយល់ដឹងខាងសាច់ឈាម។ ប៉ុន្តែ ដើម្បីឆ្លើយសំណួរ «តើព្រះយេស៊ូវជានរណា?» គឺជារឿងខាងវិញ្ញាណ លើសពីសាច់ឈាម។ ព្រះយេស៊ូវមិនមែនជាស្ដេចខាងនយោបាយ ដូចដែលគេប្រាប់លោក ពីឡាត់ នោះទេ តែជាក្សត្រនៃស្ថានសួគ៌។ ចម្លើយរបស់ព្រះអង្គ ចំពោះសំណួររបស់លោក ពីឡាត់ គឺមានន័យថា នគរព្រះអង្គមិនកើតក្នុងលោកីយ៍នេះទេ។ នគររបស់ព្រះអង្គផ្ដោតទៅលើការផ្លាស់ប្រែខាងវិញ្ញាណ ក្នុងចិត្តរបស់រាស្ត្រព្រះអង្គ។ មូលហេតុដែលព្រះអង្គចាប់កំណើតជាមនុស្ស គឺដើម្បីធ្វើបន្ទាល់ពីសេចក្តីពិតរបស់ព្រះ។ ប៉ុន្តែ លោក ពីឡាត់ ខ្វាក់គំនិតដោយសារការមិនជឿ ដោយបានតាំងចិត្តរួចជាស្រេចហើយ។ គាត់បានព្យាយាមជៀសវាងសំណួរដែលយើងរាល់គ្នាត្រូវតែសួរ៖ «តើខ្ញុំនឹងធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ? តែគាត់បានព្យាយាមជៀសវាងការឆ្លើយសំណួរនេះ ដោយបដិសេធន៍មិនព្រមទទួលការគ្រប់គ្រង និងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
តើអ្នកជាគាត់វិញ អ្នកនឹងធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ?
អ្នកមិនអាចចាក់ខ្សែបានទេ។
ថ្ងៃមួយ ចិត្តរបស់អ្នកនឹងសួរថា
«តើព្រះអង្គនឹងធ្វើយ៉ាងណាចំពោះខ្ញុំ?»1
អ្នកមិនអាចចាក់ខ្សែបានទេ។ អ្នកនឹងរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ ពុំនោះទេ អ្នកនឹងមិនឲ្យព្រះអង្គគ្រប់គ្រងអ្នកឡើយ។ ដូចនេះ ចូរកុំបិទព្រះគម្ពីរប៊ីបនៅពេលព្រឹក ហើយរស់នៅធ្វើមើលតែលោកីយ៍ ការខ្វល់ខ្វាយក្នុងលោកីយ៍ និងពួកស្ដេចដែលគ្រប់គ្រងលោកីយ៍នេះ សំខាន់លើសអ្វីៗទាំងអស់។ ចូរកុំបន្តដំណើរទៅមុខទៀត ធ្វើមើលតែព្រះយេស៊ូវគ្មានកន្លែង ឬគ្មានចំណាប់អារម្មណ៍ក្នុងជីវិតអ្នកក្នុងលោកីយ៍នេះ។ ព្រះអង្គឈរនៅចំពោះមុខលោក ពីឡាត់ ដោយគ្មានមិត្តភក្តិ និងត្រូវគេបោះបង់ចោល ដើម្បីឲ្យអ្នកបានទទួលការស្វាគមន៍ជាមិត្តសម្លាញ់ព្រះអង្គ ចូលក្នុងនគរដ៏អស់កល្បរបស់ព្រះអង្គ។ គ្មានការចាក់ខ្សែទេ ក្នុងរឿងនេះ ប៉ុន្តែហេតុអ្វីយើងចង់ចាក់ខ្សែ?
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៨:២៨-៤០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៧-១៨ និងហេព្រើរ ១២
1លោក Albert B. Simpson, “What Will You Do with Jesus?” (ឆ្នាំ១៩០៥)។