ព្រឹក

ថ្មនៃការរំឭក
ដោយElisa Morgan
April 13, 2025
លូកា ១៩:៣៧-៤០
តែទ្រង់មានបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ។ លូកា ១៩:៤០
បន្ទាប់ពីក្រុមគ្រួសាររបស់ខ្ញុំបានធ្វើពិធីរំឭកអំពីឪពុករបស់ខ្ញុំ ដែលទើបតែបានលាចាកលោក យើងក៏បានជ្រើសរើសថ្មម្នាក់មួយដុំ ដើម្បីជួយយើងឲ្យនឹកចាំអំពីគាត់។ ការរស់នៅរបស់គាត់ មិនល្អឥតខ្ចោះ មានពេលដែលរីករាយ ហើយក៏មានពេលដែលជួបទុក្ខព្រួយផងដែរ តែយើងដឹងថា សេចក្តីស្រឡាញ់ និងការប្តូរផ្តាច់ដែលគាត់មានចំពោះយើងរាល់គ្នា មិនដែលរេរាឡើយ។ ដូចនេះ ខ្ញុំបានចងចាំសេចក្តីស្រឡាញ់របស់គាត់នៅក្នុងចិត្តជារៀងរហូត។
ក្នុងបទគម្ពីរ លូកា ជំពូក ១៩ ព្រះយេស៊ូវបានធ្វើដំណើរយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយក្បួនដង្ហែនៃជ័យជម្នះ ខណៈពេលដែលហ្វូងមនុស្សបានស្វាគមន៍ដោយកាន់មែកចាក ស្រែកឡើងថា ហូសាណា “ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្ដីក្សេមក្សាន្តនៅស្ថានសួគ៌ នឹងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត”(ខ.៣៨)។ ពួកផារិស៊ីមានការទើសទាល់យ៉ាងខ្លាំង ដោយចាត់ទុកការប្រកាសអំពីការយាងមកនៃព្រះមែស៊ីនៅពេលនោះ គឺជាការប្រមាថព្រះ ហេតុនេះហើយ ពួកគេក៏បានប្រាប់ព្រះយេស៊ូវ ឲ្យបង្គាប់ពួកសិស្សទ្រង់ឲ្យបិទមាត់។ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(ខ.៤០)។
ព្រះអម្ចាស់បានប្រើថ្មឲ្យស្រែកឡើង តាមរបៀបជាច្រើន។ ក្នុងរឿងនៃសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើងរាល់គ្នា ព្រះអង្គបានប្រើថ្មជាច្រើនដង។ ដើម្បីប្រាប់យើងអំពីរបៀបរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះអង្គ ព្រះអង្គបានប្រើបន្ទះថ្មពីរសន្លឹក ដែលមានចារក្រឹត្យវិន័យដប់ប្រការពីលើ(និក្ខមនំ ៣៤:១)។ ព្រះអង្គក៏បានបង្គាប់ពូជអំបូរទាំង១២ នៃសាសន៍អ៊ីស្រាអែលឲ្យរើសថ្មដាក់គរលើគ្នា នៅមាត់ស្ទឹងយ័រដាន់ ដើម្បីរំឭកប្រជាជនអ៊ីស្រាអែលគ្រប់ជំនាន់ ឲ្យនឹកចាំអំពីការផ្គត់ផ្គង់ និងសេចក្តីស្មោះត្រង់របស់ព្រះអង្គ(យ៉ូស្វេ ៤:៨-៩)។ ផ្ទាំងថ្មដែលបានបិទច្រកចូលផ្នូរដែលគេបានបញ្ចុះព្រះសពរបស់ព្រះយេស៊ូវ ក៏ជាថ្មដែលបានរំគិលចេញ ដើម្បីបង្ហាញថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ(ម៉ាថាយ ២៧:៥៩-៦៦ និង លូកា ២៤:២)។ ពោលគឺយើងអាចនឹកចាំពេលដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត”(យ៉ូហាន ១១:២៥)។
សូមយើងនឹកចាំអំពីអ្វីដែលព្រះអង្គបានបង្រៀនយើង ក្នុងព្រះគម្ពីរតាមរយៈថ្មទាំងអស់នោះ ហើយលើកសម្លេងច្រៀងសរសើរព្រះវរបិតានៃយើង ជាព្រះនៃសេចក្តីស្រឡាញ់។—Elisa Morgan
តើថ្មដែលព្រះអង្គបានប្រើ បានបង្រៀនអ្នកអ្វីខ្លះ? តើព្រះអង្គសព្វព្រះទ័យមានបន្ទូលអ្វីខ្លះ មកកាន់អ្នក?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រើថ្ម ដើម្បីមានបន្ទូលអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។
For further study, read Give Me a Sign at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២២-២៤ និង លូកា ១២:១-៣១
ប្រភេទ
ល្ងាច

ការបន្ទាបខ្លួនដែលគ្មានអ្វីអាចប្រៀបផ្ទឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 13, 2025
«ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោក ពីឡាត់ មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ» (យ៉ូហាន ១៩:៥)។
នៅពេលដែលគេជំនុំជម្រះទោសព្រះយេស៊ូវ ព្រះអង្គបានឈរដោយមានភួងបន្លានៅលើព្រះកេស ពាក់អាវវែងរបស់អ្នកដទៃ ហើយត្រូវគេបង្ខំឲ្យកាន់ដើមបបុស តំណាងឲ្យដំបងរាជដែលទាំងអស់នេះ គឺសុទ្ធតែជាការចំអកឲ្យភាពជាស្ដេចរបស់ព្រះអង្គ ខណៈពេលដែលលោក ពីឡាត់ ជាអភិបាលជនជាតិរ៉ូម៉ាំងប្រកាសទៅកាន់ហ្វូងមនុស្សដែលកំពុងជ្រួលច្របល់ថា «មើលចុះ មនុស្សនេះហើយ!» ពាក្យទាំងនោះជាពាក្យដែលគេប្រើក្នុងន័យចំអក តែជាពាក្យដែលសក្ដិសមចំពោះព្រះអង្គសង្គ្រោះនៃពិភពលោក ដែលបានបន្ទាបព្រះកាយដោយសេចក្តីស្រឡាញ់ដ៏លើសលប់ចំពោះលោកីយ៍។
គំរូរបស់ព្រះអង្គបានផ្តល់ឲ្យយើងនូវមេរៀនជាច្រើន។ ក្នុងនាមព្រះអង្គជាក្សត្រដែលបានបន្ទាបព្រះកាយ ព្រះអង្គបានអត់ទ្រាំនឹងការប្រមាថមកលើភាពជាក្សត្ររបស់ព្រះអង្គ និងការវាយដំដ៏សាហាវ មុនពេលគេធ្វើគុតព្រះអង្គ តែព្រះអង្គមិនបានមានបន្ទូលការពារអង្គទ្រង់ សូម្បីតែមួយម៉ាត់។ ហើយតើគេបានកាត់ទោសព្រះអង្គពីបទអ្វី? តើពីបទប្រោសជំងឺស្ត្រីដែលពិការអស់រយៈពេល១៨ឆ្នាំ (លូកា ១៣:១០-១៣)? ឬពីបទប្រោសកូនរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញឬ (លូកា ៧:១១-១៧)? ឬមួយពីបទប្រោសលោក ឡាសា ឲ្យរស់ឡើងវិញ (យ៉ូហាន ១១:១-៤៤)? ពុំនោះទេ តើពីបទលើកក្មេងៗឲ្យអង្គុយលើភ្លៅព្រះអង្គ ហើយលើកទឹកចិត្តពួកសាវ័កឲ្យយល់ថា «នគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា» (ម៉ាថាយ ១៩:១៤)? តើពួកអ្នកចោទប្រកាន់ព្រះយេស៊ូវបានដាក់ទោសព្រះអង្គដោយផ្អែកទៅលើអ្វី? ពួកគេមិនអាចឆ្លើយបានទេ តែពួកគេនៅតែដាក់ទោសព្រះអង្គ។
កាលព្រះអម្ចាស់បន្ទាបខ្លួន ហើយនៅស្ងៀម ក្នុងអំឡុងពេលគេកាត់ទោសព្រះអង្គ លោក ពីឡាត់ ប្រហែលជាមានអារម្មណ៍ថា ព្រះអង្គខ្វះការគោរពចំពោះគាត់។ គាត់ចង់ប្រើអំណាចគាត់មកលើក្សត្រនៃចក្រវាល ហើយអ្វីដែលចម្លែកនោះ ព្រះអង្គមិនបានប្រើអំណាចព្រះអង្គ ឬសង្គ្រោះខ្លួនឯងទេ។ ព្រះអង្គបានទទួលរងការកាត់ទោសដ៏អយុត្តិធម៌ និងមានបន្ទូលនូវសេចក្តីពិត ពេលគេចោទសួរព្រះអង្គ ហើយក៏បានដើរទៅរកសេចក្តីស្លាប់ដែលទាំងអស់នេះ គឺសុទ្ធតែដើម្បីយើងរាល់គ្នា។
ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំពិតជាស្គាល់បុរសម្នាក់នេះ ដែលបានឈរនៅចំពោះមុនលោកពីឡាត់ និងហ្វូងមនុស្ស និងនៅចំពោះខ្ញុំទេ? បុរសនោះមិនមែនជាបុគ្គលអស់សង្ឃឹម ដែលមិនអាចធ្វើអ្វីសម្រាប់ខ្លួន ឯងនោះទេ តែជាព្រះដែលបានយកកំណើតជាមនុស្ស។
តើខ្ញុំយល់ទេថា ហេតុអ្វីព្រះអង្គបានយាងតាមផ្លូវនៃការបន្ទាបបន្ថោក? «ឱ សេចក្តីស្រឡាញ់ដែលបានសម្រេចផែនការនៃសេចក្តីសង្គ្រោះ»1 ជាសេចក្តីស្រឡាញ់ និងសេចក្តីសង្គ្រោះសម្រាប់អ្នក និងខ្ញុំ! កាលពីជាង២ពាន់ឆ្នាំមុន មានហេតុការណ៍ដ៏សោកសៅ នៅក្រៅគេហដ្ឋានរបស់លោកអភិបាលរ៉ូម៉ាំងដែលបានកើតឡើងក៏ដោយសារព្រះយេស៊ូវបានកត់ឈ្មោះយើង នៅពីមុខព្រះភក្ត្រព្រះអង្គ គឺឈ្មោះដែលបានកត់នៅលើបាតព្រះហស្តព្រះអង្គ ដែលត្រូវចាក់ទម្លុះដោយដែកគោលយ៉ាងសាហាវឲ្យជាប់នៅលើឈើឆ្កាង (អេសាយ ៤៩:១៦)។
ចូរយើងកុំមានចារិកលក្ខណៈដូចហ្វូងមនុស្សដ៏វឹកវរទាំងនោះ ដែលបានចំអកឲ្យការបន្ទាបព្រះកាយរបស់ព្រះយេស៊ូវ ឬដូចលោក ពីឡាត់ ដោយព្យាយាមធ្វើឲ្យព្រះយេស៊ូវស្ងើចសរសើរយើងនោះឡើយ។ ផ្ទុយទៅវិញ ចូរយើងមើលទៅព្រះអង្គឲ្យយល់អំពីការបន្ទាបព្រះកាយរបស់ព្រះអង្គដែលបានកាន់ដើមត្រែង ពាក់ភួងបន្លា និងពាក់អាវវែង ហើយជាប់ឆ្កាងដល់សុគត ហើយចូរមើលទីព្រះអង្គដែលកំពុងហៅយើងឲ្យចូលមកជិតព្រះអង្គ។ ចូរមើលទៅព្រះអង្គ ហើយដឹងដោយគ្មានការសង្ស័យថា សេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះអ្នក គ្មានទីបញ្ចប់ទេ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៥២:១៣-៥៣:១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៩-២០ និងហេព្រើរ ១៣
1លោក William R. Newell, “At Calvary” (ឆ្នាំ១៨៩៥)។