ព្រឹក

ទៅជាមួយព្រះអង្គ
ដោយKaren Pimpo
April 15, 2025
នាងរស់ ១:៦-៧
ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម។ នាងរស់ ១:១៦
ក្នុងខ្សែភាពយន្តមានចំណងជើងថា អ្នកដឹកជញ្ជូន ជាខ្សែភាពយន្តបានទទួលការបណ្តាលចិត្តពីរឿងពិត លោកក្រេវីល(Greville) ជាតួឯកកំពុងប្រឈមមុខដាក់ការសម្រេចចិត្តដ៏ពិបាកមួយ។ គាត់ដឹងថា មិត្តជិតស្និទ្ធរបស់គាត់ម្នាក់នឹងត្រូវគេចាប់ខ្លួន ហើយទំនងជាប្រឈមមុខដាក់ការជាប់គុកដ៏វេទនា។ លោកគ្រេវីលអាចជួយខ្លួនឯង មិនឲ្យជួបជោគវាសនាដូចនេះ បើសិនជាគាត់រត់ចោលស្រុកភ្លាមៗ ហើយបដិសេធន៍ថា គាត់មិនមានទំនាក់ទំនងអ្វីជាមួយមិត្តភក្តិរបស់គាត់។ ដោយក្តីអាណិត និងចិត្តស្មោះត្រង់ លោកក្រេវីលក៏បានបដិសេធមិនព្រមរត់ចោលស្រុក ហើយក៏បានជាប់គុក ដោយទទួលរងទុក្ខវេទនាដូចមិត្តភក្តិរបស់គាត់ដែរ។ ពួកគេមិនបានក្បត់គ្នាឡើយ។ នៅចុងបញ្ចប់ គេក៏បានដោះលែងលោកក្រេវីល ដោយរូបកាយដ៏គ្រាំគ្រា តែក្នុងនាមជាមិត្តសំឡាញ់ពិតប្រាកដ និងស្មោះត្រង់។
នាងណាអូមី ក៏ត្រូវការមិត្តសំឡាញ់ដូចនេះផងដែរ។ កាលស្វាមី និងកូនប្រុសគាត់បានស្លាប់ចោលគាត់អស់ គាត់បានជួបភាពទុរគត ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅស្រុកកំណើតរបស់គាត់។ នាងណាអូមីក៏បានប្រាប់នាងរស់ ជាកូនប្រសារស្រីរបស់គាត់ ឲ្យបន្តរស់នៅក្នុងស្រុកម៉ូអាប់ ហើយកសាងជីវិតថ្មី សម្រាប់ខ្លួនឯង(នាងរស់ ១:៨-៩)។ នាងរស់ក៏បានឆ្លើយតបថា “សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ នឹងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម”(ខ.១៦)។ នាងរស់ក៏បានរួមដំណើរជាមួយនាងណាអូមី ទៅទឹកដីបរទេស ហើយក៏បានជួយផ្គត់ផ្គង់គាត់។ ភាពស្មោះត្រង់របស់នាងរស់ បានកែប្រែគ្រួសារដ៏ត្រដាបត្រដួសរបស់ពួកគេ ឲ្យក្លាយជាកេរដំណែលដ៏អស្ចារ្យ។ ជាច្រើនឆ្នាំក្រោយមក ស្តេចដាវីឌ ដែលជាចៅលួតរបស់នាងរស់ ក៏បានក្លាយជាស្តេចរបស់សាសន៍អ៊ីស្រាអែល ហើយគេបានហៅគាត់ថា មនុស្សដែលត្រូវនឹងព្រះទ័យរបស់ព្រះ។
ការប្រឈមមុខដាក់ទុក្ខវេទនាជាមួយអ្នកដទៃ គឺជារឿងដែលគួរឲ្យភ័យខ្លាច។ ប៉ុន្តែ បើយើងបានលះបង់បំណងចិត្តរបស់យើង ហើយស្វែងរកកម្លាំងមកពីព្រះ ព្រះអង្គនឹងជួយយើងឲ្យស្រឡាញ់អ្នកដទៃ តាមរបៀបដ៏អស្ចារ្យ។ ដោយអំណាចរបស់ព្រះអង្គ យើងអាចសម្រេចចិត្តនិយាយថា “ព្រះអង្គឲ្យទូលបង្គំទៅកន្លែងណា ទូលបង្គំនឹងទៅជាមួយព្រះអង្គ”។—Karen Pimpo
នៅក្បែរអ្នក មាននរណាខ្លះដែលកំពុងដើរតាមផ្លូវដ៏ពិបាក? តើអ្នកអាចសម្រេចចិត្តដើរទន្ទឹមនឹងពួកគេ ដោយរបៀបណា?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គមិនដែលបោះបង់ចោលទូលបង្គំឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សំាំយ៉ូអែល ២៧-២៩ និង លូកា ១៣:១-២២
ប្រភេទ
ល្ងាច

ការសម្រេចចិត្តដែលត្រូវមាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 15, 2025
«លោក ពីឡាត់ ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្ដេចនៃសាសន៍យូដា»» (យ៉ូហាន ១៩:១៩)។
នៅពេលដែលគេឆ្កាងព្រះយេស៊ូវ គេបានឆ្លាក់អក្សរពីលើផ្លាកតូចមួយនៅលើកំពូលឈើឆ្កាង ដែលប្រកាសថា ព្រះអង្គ «ជាស្ដេចនៃសាសន៍យូដា»។ គេបានដាក់ផ្លាកនេះដើម្បីជាការចំអកឲ្យព្រះអង្គ តែវាបានប្រកាសសេចក្តីពិតដល់អ្នកដែលបានឃើញហេតុការណ៍នោះថា ព្រះយេស៊ូវពិតជាក្សត្រមែន! តែផ្លាកនោះក៏គួរតែកណ្ដាលចិត្តយើងឲ្យសួរខ្លួនឯងថា តើខ្ញុំពិតជាបានរស់នៅឲ្យសក្តិសមនឹងការទទួលស្គាល់ថា ព្រះយេស៊ូវជាក្សត្រនៃជីវិតខ្ញុំឬទេ?
ព្រះគម្ពីរបានចែងឲ្យយើងដឹងថា អក្សរដែលគេបានឆ្លាក់ពីលើផ្លាកនោះមានបីភាសា គឺភាសាអើរ៉ាម ជាភាសាដែលជនជាតិយូដាភាគច្រើនប្រើ ក្នុងសតវត្សរ៍ទី១ នៅក្នុងទីក្រុងយេរូសាឡឹម និងតំបន់ជិតខាង និងភាសាឡាតាំង ជាភាសាផ្លូវការរបស់ចក្រភពរ៉ូម៉ាំង និងភាសាក្រិក ជាភាសាដ៏ពេញនិយម ក្នុងវិស័យពាណិជ្ជកម្ម និងវប្បធម៌ (យ៉ូហាន ១៩:២០)។ ក្នុងភាសាទាំងនេះ មនុស្សមកពីគ្រប់ទិសទី ដែលបានឃើញហេតុការណ៍នោះ អាចអានអក្សរដែលគេបានសរសេរថា ព្រះយេស៊ូវជាក្សត្រ។ នៅពេលពួកគេអានអក្សរនៅលើផ្លាកនោះ លោកីយ៍ទាំងមូលត្រូវធ្វើការសម្រេចចិត្តជឿថា ព្រះយេស៊ូវជានរណាចំពោះពួកគេ។
ក្នុងរឿងនៃការសុគតរបស់ព្រះយេស៊ូវ យើងសង្កេតឃើញចារិកលក្ខណៈខុសៗគ្នា ក្នុងសម័យនោះ ក៏ដូចជាក្នុងសម័យយើង។ យើងឃើញថា លោក ពីឡាត់ មានចារិកលក្ខណៈជាអ្នកនយោបាយ ដែលមានអំនួត មានភាពស្ទាក់ស្ទើរ និងការគិតអំពីផលចំណេញ និងផលវិបាកផ្នែកនយោបាយ។ ពួកទាហានដែលឆ្កាងព្រះយេស៊ូវ ផ្ដោតទៅលើការបំពេញតួនាទីជាធម្មតារបស់ខ្លួនជាពេជ្ឈឃាដ។ អ្នកដែលចំអកឲ្យព្រះអម្ចាស់ គឺមិនបានបង្ហាញអ្វីដល់ព្រះក្រៅពីសេចក្តីសម្អប់ចំពោះព្រះអង្គ។ ក្នុងចំណោមហ្វូងមនុស្សដែលមើលឃើញហេតុការណ៍ មានអ្នកដែលមិនមានចំណាប់អារម្មណ៍ទាល់តែសោះចំពោះរឿងនៃភាពអស់កល្ប។ ប៉ុន្តែ បន្ទាប់មក ក្នុងភាពងងឹតនោះ អ្នកដែលជាប់ឆ្កាងនៅក្បែរព្រះអង្គកំពុងតែជិតស្លាប់ ស្ថិតក្នុងភាពអស់សង្ឃឹម តែបានងាកទៅរកព្រះអង្គសង្គ្រោះ ដើម្បីទទួលបានសេចក្តីសង្ឃឹម ហើយក៏បានរកឃើញក្តីសង្ឃឹម។ ហើយក្រុមគ្រួសារ និងមិត្តសម្លាញ់របស់ព្រះយេស៊ូវជាអ្នកដើរតាមព្រះគ្រីស្ទយ៉ាងស្មោះត្រង់ពួកគេមានចិត្តសោកសង្រេង ហើយបានមើលឃើញការបញ្ចុះព្រះសពព្រះអង្គក្នុងផ្នូរ ដែលនឹងនៅទទេរក្នុងពេលដ៏ខ្លីខាងមុខ។
អ្នកទាំងអស់នោះភាគច្រើនបានឃើញផ្លាកដែលសរសេរថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្ដេចនៃសាសន៍យូដា»។ ពួកគេសុទ្ធតែបានឃើញព្រះយេស៊ូវ ដែលជាប់ឆ្កាងនៅក្រោមផ្លាកនោះ។ ទោះដោយសេចក្តីសម្អប់ ឬដោយមានសង្ឃឹមក្តី ពួកគេសុទ្ធតែបានឃើញហេតុការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយសុទ្ធតែត្រូវយករឿងនេះមកពិចារណាដោយផ្សាភ្ជាប់អង្គបុគ្គលនៃព្រះគ្រីស្ទជាមួយនឹងជីវិតរបស់ខ្លួន។ ហើយខណៈពេលដែលផ្លាកនោះបានប្រកាសអំពីភាពជាក្សត្រនៃព្រះគ្រីស្ទ ព្រះអង្គបានជាប់ឆ្កាង ដោយប្រកាសអំពីសេចក្តីស្រឡាញ់មានអំណាចបំផុត ដែលលោកីយ៍មិនធ្លាប់បានស្គាល់។
អ្វីដែលយើងត្រូវសួរនោះគេ តើយើងត្រូវឆ្លើយតបយ៉ាងណាចំពោះសេចក្តីស្រឡាញ់នេះ? យើងម្នាក់ៗសុទ្ធតែអាចរកឃើញនរណាម្នាក់ក្នុងចំណោមហ្វូងមនុស្សទាំងនោះដែលមានចារិកលក្ខណៈដូចយើង ជាអ្នកមានអំនួត ជាអ្នកមិនចាប់អារម្មណ៍ ឬជាអ្នកមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ យើងម្នាក់ៗសុទ្ធតែប្រឈមមុខដាក់ព្រះយេស៊ូវជាអង្គដែលកែប្រែជីវិតយើង។
តើឈើឆ្កាង និងផ្នូរដែលនៅទទេ មានផលប៉ះពាល់យ៉ាងណាមកលើទំនាក់ទំនង ការងារ គោលបំណង និងអត្តសញ្ញាណរបស់អ្នក? បើព្រះយេស៊ូវសោយរាជ្យលើជីវិតអ្នក នោះការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ នឹងកែប្រែរបៀបដែលអ្នករស់នៅ និងអត្ថន័យនៃជីវិតរបស់អ្នក។ នៅក្នុងការមើលទៅព្រះអង្គ ហើយយល់ស្របចំពោះផ្លាកនោះ យើងមានក្តីសង្ឃឹមថា នឹងមានជីវិតអស់កល្ប និងមានគោលបំណងនៅថ្ងៃនេះ។ «ព្រះយេស៊ូវជាស្ដេច» របស់សាសន៍យូដា និងសាសន៍ដទៃ ក៏ដូចជារបស់លោកីយ៍ទាំងមូល និងរួមទាំងជីវិតអ្នក និងខ្ញុំផងដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ២៣:៣២-៥៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៣-២៤ និងវិវរណៈ ២