ព្រឹក

សង្គ្រាមដោយសារនំប៉័ង
ដោយKimya Loder
April 16, 2025
សាស្តា ៧:៣-៩
កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ។ សាស្តា ៧:៩
ក្នុងចំណោមរឿងដ៏ល្ងង់ខ្លៅជាច្រើន ដែលបណ្តាលឲ្យប្រទេសមួយមានសង្គ្រាមជាមួយប្រទេសមួយទៀត តើរឿងបរិភោគនំប៉័ងមិនឲ្យលុយ អាចជារឿងដែលល្ងង់ខ្លៅបំផុត ដែលបណ្តាលឲ្យមានសង្គ្រាមដែរឬទេ? កាលពីឆ្នាំ១៩៣២ ក្នុងអំឡុងពេលដែលប្រទេសបារាំង និងប្រទេសមិចស៊ីកូកំពុងមានភាពតានតឹង មានមន្ត្រីយោធាមិចស៊ីកូនមួយក្រុម បានចូលហាងលក់នំប៉័ងរបស់ជនជាតិបារាំង នៅក្នុងទីក្រុងមិចស៊ីកូ ហើយក៏បានភ្លក់នំប៉័ងគ្រប់មុខ ដោយមិនឲ្យលុយ។ រឿងលម្អិតនៃហេតុការណ៍នេះមានភាពស្មុគស្មាញខ្លាំង(ហើយការបង្ករឿងដទៃទៀត ក៏បានបណ្តាលឲ្យប្រទេសទាំងពីរកាន់តែមានភាពតានតឹងកាន់តែខ្លាំង) ហើយក៏បានបណ្តាលឲ្យមានសង្គ្រាមលើកទីមួយ រវាងប្រទេសបារាំង និងប្រទេសមិចស៊ីកូ(ឆ្នាំ១៩៣៨-ដល់១៩៣៩) ដែលគេហៅថា សង្រ្គាមនំប៉័ង ដែលក្នុងនោះ មានទាហានជាង៣រយនាក់ បានស្លាប់បាត់បង់ជីវិត។ ពិតជាគួរឲ្យសោកស្តាយណាស់ ដែលកំហឹងអាចបណ្តាលឲ្យមានរឿងធំយ៉ាងនេះ។
ការប៉ះទង្គិចរបស់មនុស្ស ដែលមានដូចជាទំនាក់ទំនងប្តីប្រពន្ធដែលប្រេះស្រាំ និងមិត្តភាពដែលបានបែកបាក់ ភាគច្រើនមានឫសគុល នៅក្នុងការមិនចេះគ្រប់គ្រងកំហឹង។ ភាពអាត្មានិយម និងការកេងចំណេញ ការយល់ច្រឡំដែលគ្មានថ្ងៃយល់ និងការតបតនឹងការប្រមាថ និងការបំពាន ទាំងអស់នេះ គឺសុទ្ធតែជាភាពល្ងង់ខ្លៅ។ ជាញឹកញាប់ ការឲ្យយោបល់ខុស ឬការមានប្រតិកម្មដោយការយល់ច្រឡំ ក៏បណ្តាលឲ្យមានសេចក្តីកំហឹង ដែលនាំទៅរកសេចក្តីហិនវិនាស។ ប៉ុន្តែ កណ្ឌគម្ពីរសាស្តាបានផ្តល់ឲ្យយើងនូវការបង្រៀនប្រកបដោយប្រាជ្ញាថា “កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ”(៧:៩)។
ការមានកំហឹងមួយឆាវៗ ឬឆាប់ខឹង ជាទង្វើដ៏ល្ងង់ខ្លៅ ជាពិសេសនៅពេលដែលព្រះទ្រង់ប្រទានផ្លូវដែលល្អជាងនេះ ប្រហែលជាតាមរយៈ “ការស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញា”(ខ.៥)។ ពេលណាយើងសង្វាតឲ្យបានប្រាជ្ញា យើងអាចឲ្យសន្តិភាពរបស់ព្រះគ្រីស្ទគ្រប់គ្រងចិត្តរបស់យើង(កូល៉ុស ៣:១៥)។ យើងអាចរស់នៅ ដោយប្រាជ្ញា និងការអត់ទោស ដោយជំនួយមកពីព្រះអង្គ។—Winn Collier
តើអ្នកបានបណ្តោយខ្លួនឯង ឲ្យធ្លាក់ចូលក្នុងកំហឹងដ៏ល្ងង់ខ្លៅ នៅពេលណា? តើវាបានបណ្តាលឲ្យខ្លួនឯង និងអ្នកដទៃរងគ្រោះ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំមិនចង់បណ្តោយឲ្យកំហឹងដ៏ល្ងង់ខ្លៅ គ្រប់គ្រងទូលបង្គំ ឬធ្វើឲ្យអ្នកដទៃរងគ្រោះឡើយ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យលះបង់ចោលកំហឹង ហើយទទួលយកសន្តិភាពរបស់ព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៣០-៣១ និង លូកា ១៣:២៣-៣៥
ប្រភេទ
ល្ងាច

មិនមែនជាការស្លាប់ធម្មតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 16, 2025
«កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ» (យ៉ូហាន ១៩:៣០)។
ហេតុការណ៍នៅជុំវិញការសុគតរបស់ព្រះយេស៊ូវភាគច្រើនបានប្រព្រឹត្តទៅជាធម្មតា ក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ ការកាត់ទោស ការធ្វើទារុណកម្ម និងដំណើរការនៃការបន្ទាបបន្ថោក និងការឆ្កាងសម្លាប់ដ៏ឈឺចាប់ សុទ្ធតែជាផ្នែកមួយនៃការងារដែលពួកទាហានធ្វើជាធម្មតា ក្នុងការកាត់ទោសប្រហារជីវិតជនជាប់ចោទ។ ប៉ុន្តែ អ្វីដែលមិនធម្មតានោះគឺ ភាពងងឹតដែលបានគ្របដណ្ដប់មកលើព្រឹត្តិការណ៍នោះទាំងមូលក្នុងពេលកណ្ដាលថ្ងៃត្រង់ (ម៉ាថាយ ២៧:៤៥) គឺហាក់ដូចជាព្រះវរបិតាបានបិទព្រះនេត្រ នៅចំពោះមុខនៃហេតុការណ៍ដ៏សោកសៅនេះ។ នេះជាការកាត់ទោសប្រហារជីវិតដែលគេបានធ្វើជាធម្មតា តែជាចំណុចរបត់ធំបំផុតក្នុងពេលអស់កល្បជានិច្ច។ ព្រឹត្តិការណ៍នេះសំខាន់បំផុត គឺដោយសារអត្តសញ្ញាណនៃបុរសដែលជាប់នៅលើឈើឆ្កាង៖ ដែលគ្មាននរណា ក្រៅពីព្រះដែលបានយកកំណើតជាមនុស្សនោះទេ។ គំនិតយើងមិនគួរឈប់ស្ញប់ស្ញែង ចំពោះសេចក្តីពិតដែលថា៖
ចូរឲ្យព្រះអាទិត្យបាំងបាត់រស្មី
ហើយមិនបញ្ចេញពន្លឺដ៏រុងរឿងរបស់វា
នៅពេលដែលព្រះគ្រីស្ទ ជាព្រះអាទិករដ៏មានចេស្ដា បានសុគត
ដើម្បីលោះមនុស្សជាស្នាព្រះហស្តឲ្យរួចពីបាប1។
ព្រះគម្ពីរប៊ីបមិនបាននិយាយសង្កត់ធ្ងន់ច្រើនអំពីការរងទុក្ខផ្លូវកាយរបស់ព្រះគ្រីស្ទ នៅលើឈើឆ្កាងទេ។ ព្រះអង្គពិតជាមានការឈឺចាប់ផ្លូវកាយយ៉ាងសោកសៅបំផុត ប៉ុន្តែការរងទុក្ខផ្លូវកាយរបស់ព្រះអង្គ មិនអាចប្រៀបផ្ទឹមនឹងការរងទុក្ខនៃវិញ្ញាណរបស់ព្រះអង្គបានទេ2។ ព្រះយេស៊ូវបានឆ្លងកាត់ការឈឺចាប់ និងទុក្ខវេទនា នៃការដាច់ចេញពីទំនាក់ទំនងជាមួយព្រះវរបិតាទាំងខាងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ។ ទោះអ្នកជួបបញ្ហាអ្វីក៏ដោយក្នុងជីវិតអ្នក ចូរចាំថា ព្រះយេស៊ូវបានឆ្លងកាត់ទុក្ខលំបាកលើសអ្នក ហេតុនេះហើយ ព្រះអង្គយល់អារម្មណ៍របស់អ្នក។ មិនតែប៉ុណ្ណោះ ទុក្ខវេទនាហួសថ្លែង ដែលព្រះអង្គបានរងទុក្ខ គឺដើម្បីអ្នក។ ទាល់តែដល់ពេលកំណត់ ទើបព្រះគ្រីស្ទក៏បានប្រកាសជ័យជម្នះថា «ការស្រេចហើយ» tetelestai ដែលមានន័យថា បំណុលបានសងរួចរាល់ហើយ។
គេច្រើនតែបង្ហាញរូបភាពនៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទក្នុងរូបគំនូរ ដោយឲ្យរូបឈើឆ្កាងឈរនៅក្នុងកម្ពស់ខ្ពស់ត្រដែតផុតក្បាលហ្វូងមនុស្សដែលឈរនៅខាងក្រោម។ តាមពិត នៅពេលដែលគេដាំឈើឆ្កាងជាប់នឹងដី ព្រះបាទព្រះអង្គមិននៅឆ្ងាយពីដីប៉ុន្មានទេ។ ដូចគ្នានេះដែរ ព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ មិនឈរនៅខ្ពស់ហួស តែនៅជិតជីវិតយើង។ ទេ! ការសុគតរបស់ព្រះយេស៊ូវមិនមែនជាការស្លាប់ធម្មតាទេ តែផ្ទុយទៅវិញ ជាការស្លាប់ដែលសន្យាថា នឹងផ្តល់ឲ្យនូវជីវិតពិតដោយសារសេចក្តីជំនឿ។ អ្វីៗមានការផ្លាស់ប្ដូរ ពេលណាយើងពិចារណា អំពីអ្វីៗទាំងអស់ដែលកើតឡើងនៅលើឈើឆ្កាង ហើយប្រាប់ខ្លួនឯងថា៖
ព្រះអង្គបានរងរបួសដើម្បីខ្ញុំ ដើម្បីខ្ញុំ
នៅលើឈើឆ្កាង ព្រះអង្គបានរងរបួស ដើម្បីខ្ញុំ
ទោសរបស់ខ្ញុំបានរលាយបាត់ ហើយពេលនេះ ខ្ញុំមានសេរីភាព
គឺសុទ្ធតែដោយសារព្រះយេស៊ូវបានរងរបួស ដើម្បីខ្ញុំ3។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ២២:៧-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ២៥ និង វិវរណៈ ៣
1លោក Isaac Watts, “Alas! and Did My Savior Bleed?” (ឆ្នាំ១៧០៧)។
2លោក George Swinnock, “The Christian Man’s Calling,” in The Works of George Swinnock, M.A. (លោក James Nichol, ឆ្នាំ១៨៦៨), ភាគ១, ទំព័រ១៩៤។
3លោក W.G. Ovens, “Wounded for Me” (ឆ្នាំ១៩៣១)។