ព្រឹក

ប្រែពីទំនួញទៅជាការសរសើរដំកើង
ដោយBill Crowder
April 18, 2025
លូកា ២៣:៣២-៣៤,៣៩-៤៣
រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង។ លូកា ២៣:៤២
មានរឿងនិទានជាច្រើន ដែលបាននិយាយអំពីដើមកំណើតនៃឈ្មោះរបស់ផ្កាដ៏ស្រស់ស្អាត ដែលមានត្របក៥។ ក្នុងចំណោមរឿងទាំងនោះ មានរឿងមួយដែលជនជាតិអាឡឺម៉ង់បាននិយាយតគ្នា តាំងពីយូរមកហើយ។ រឿងនោះបានដំណាលថា នៅពេលដែលព្រះដាក់ឈ្មោះឲ្យផ្កានីមួយៗដែលព្រះអង្គបានបង្កើត មានផ្កាតូចមួយ មានការបារម្ភថា ព្រះអង្គនឹងភ្លេចវា។ ដូចនេះ ផ្កានោះក៏បានស្រែកឡើងថា “ព្រះអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំ”។ ហើយគេក៏បានដាក់ឈ្មោះឲ្យវាថា "កុំភ្លេចទូលបង្គំ" តាំងពីពេលនោះមក។
នេះគ្រាន់តែជារឿងនិទាន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផ្កាមួយនេះបានក្លាយជានិមិត្តសញ្ញាតំណាងឲ្យសេចក្តីស្រឡាញ់ និងការនឹកចាំ។ យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ថា គេភ្លេចយើង។ បំណងចិត្តពិតប្រាកដក្នុងចិត្តរបស់យើង គឺចង់ឲ្យគេនឹកចាំអំពីយើង ជាពិសេសចង់ឲ្យព្រះនឹកចាំយើង។ យើងអាចរកឃើញរឿងនេះ នៅក្នុងបទគម្ពីរដែលបានចែងអំពីការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ កណ្ឌគម្ពីរលូកាបានប្រាប់យើងថា “គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ”(២៣:៣២)។ ខណៈពេលដែលចោរទាំងពីរកំពុងជាប់ឆ្កាងនៅសងខាងព្រះយេស៊ូវ ចោរម្នាក់ក៏បានដឹងភ្លាមៗថា ព្រះអង្គជានរណា។ គាត់ទូលព្រះអង្គថា “ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”(ខ.៤២)។ ព្រះអង្គក៏បានឆ្លើយតប តាមរបៀបដែលគេមិនអាចភ្លេចបានថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។
ពេលនោះជាពេលដ៏អស្ចារ្យណាស់! ក្នុងពេលដែលខ្មៅងងឹតបំផុត ចោរនោះក៏បានដឹងថា ការដែលព្រះរាជបុត្រានៃព្រះនឹកចាំអំពីគាត់ មានន័យយ៉ាងណាចំពោះគាត់។
ព្រះអង្គក៏នឹកចាំពីយើង ក្នុងពេលដែលយើងពិបាកបំផុតផងដែរ។ ព្រះដែលស្រឡាញ់យើងយ៉ាងខ្លាំង បានជាព្រះអង្គសុគតជំនួសយើង ព្រះអង្គមិនដែលភ្លេចយើងឡើយ។—Bill Crowder
តើអ្នកមានអារម្មណ៍ថា ព្រះអង្គបានភ្លេចអ្នក នៅពេលណា? តើអ្នកនឹងងាកទៅរកព្រះយេស៊ូវនៅថ្ងៃនេះ
ហើយអនុញ្ញាតឲ្យព្រះអង្គកែប្រែទំនួញរបស់អ្នកក្លាយជាការសរសើរដំកើង ដូចម្តេចខ្លះ?
ឱព្រះវរបិតា ក្នុងពេលដែលទូលបង្គំមានអារម្មណ៍ថា ព្រះអង្គភ្លេចទូលបង្គំ សូមព្រះអង្គជួយទូលបង្គំឲ្យចាំថា
ព្រះអង្គតែងតែគង់នៅក្បែរទូលបង្គំដោយសេចក្តីស្រឡាញ់ ជានិច្ច ហើយសូមព្រះអង្គលើកទឹកចិត្តទូលបង្គំ ដោយព្រះគុណរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៣-៥ និង លូកា ១៤:២៥-៣៥
ប្រភេទ
ល្ងាច

ព្រះទ្រង់ជ្រាបមានអ្វីល្អបំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 18, 2025
«ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេចដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំប្រៀបដូចជាកូនដែលលែងដោះហើយ» (ទំនុកតម្កើង ១៣១:១-២)។
ដំណើរការនៃការផ្តាច់ដោះកូនអាចមានការពិបាក ប៉ុន្តែវាមានភាពចាំបាច់ចំពោះការលូតលាស់ និងភាពពេញវ័យ។ ក្នុងវប្បធម៌លោកខាងលិចសព្វថ្ងៃនេះ ការផ្តាច់ដោះកូនត្រូវបានធ្វើឡើងមុនពេលដែលក្មេងចាប់ផ្ដើមបង្ហាញបុគ្គលិកលក្ខណៈរបស់ពួកគេ។ នៅពេលដែលបទគម្ពីរទំនុកតម្កើងនេះត្រូវបាននិពន្ធឡើង ការផ្តាច់ដោះកូនកើតមានក្នុងពេលដែលក្មេងមានអាយុច្រើនជាងនេះ គឺប្រហែលអាយុ៣ឆ្នាំ។ ការផ្តាច់ដោះអាចនាំឲ្យក្មេងមានការលំបាកដោយការភាន់ភាំង ដោយសារពួកគេត្រូវរៀនបរិភោគអាហារថ្មី។ ប៉ុន្តែ បន្ទាប់ពីផ្តាច់ដោះហើយក្មេងតូចនឹង «មានអារម្មណ៍ស្ងប់» ដោយពួកគេដឹងថា អាហារនឹងនៅតែមានសម្រាប់ពួកគេ ហើយពួកគេអាចអរសប្បាយ និងឲ្យតម្លៃមកលើការចំណាយពេលវេលាជាមួយម្តាយខ្លួន គឺមិនមែនចំណាយពេលជាមួយគ្នា ដើម្បីឲ្យបានអ្វីផ្សេងនោះទេ។ មិនតែប៉ុណ្ណោះ ក្មេងដែលផ្តាច់ដោះហើយនឹងបានដឹងថា ម្តាយរបស់ពួកគេមានការយល់ដឹងល្អបំផុត សូម្បីតែនៅពេលដែលពួកគេមិនមានភាពស្រណុកស្រួល ហើយមិនយល់អំពីការសម្រេចចិត្តរបស់ម្តាយខ្លួន ដោយសារពួកគេទើបតែមានអាយុ៣ឆ្នាំក៏ដោយ។
ក្នុងនាមយើងជាកូនក្មេងខាងវិញ្ញាណដែលមិនខុសពីក្មេងផ្តាច់ដោះ យើងក៏ចាំបាច់ត្រូវទទួលស្គាល់ថា យើងមិនតែងតែដឹងថា មានការអ្វីខ្លះល្អបំផុតសម្រាប់ខ្លួនយើងនោះទេ។ យើងអាចទុកចិត្តថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជ្រាបថា មានអ្វីខ្លះល្អបំផុតសម្រាប់យើង។ មានពេលញឹកញាប់ពេកហើយ ដែលចិត្តពេញដោយអំនួតកណ្ដាលឲ្យយើងសួរ អំពីរបៀបធ្វើការដ៏អាថ៌កំបាំងរបស់ព្រះអង្គ។ យើងចង់ដឹងថា ហេតុអ្វីយើងកំពុងតែមានការឈឺចាប់ បញ្ហា ឬការបាត់បង់ ប៉ុន្តែយើងមិនបានទទួលស្គាល់ថា សំណួររបស់យើងអាចបង្ហាញចេញនូវភាពក្រអឺតក្រទម។
ការមានសំណួរ គឺជារឿងដែលជៀសមិនរួច ព្រោះវាជាផ្នែកមួយនៃការធ្វើដំណើរខាងវិញ្ញាណ។ ប៉ុន្តែ ការស្កប់ចិត្តពិតប្រាកដ កើតមាននៅក្នុងការរៀនប្រើសំណួរជាប្រយោជន៍។ មនុស្សដែលស្កប់ចិត្តនិយាយថា «ទោះខ្ញុំមិនអាចយល់ ក៏ខ្ញុំនៅតែទុកចិត្តព្រះ»។ យើងត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវធ្វើការទាមទារដោយអំនួតឲ្យព្រះដ៏ជាជាងស្មូនធ្វើការពន្យល់អំពីមូលហេតុដែលព្រះអង្គបានសូនយើងជាក្អមតាមរបៀបណាមួយនោះទេ (អេសាយ ៤៥:៩)។ បំណងព្រះទ័យ និងរបៀបដែលព្រះអង្គធ្វើការយ៉ាងច្បាស់លាស់មានអាថ៌កំបាំង ប៉ុន្តែផ្លូវព្រះអង្គតែងតែល្អ ព្រោះព្រះអង្គជាព្រះវរបិតាយើង។
ដោយជំនួយមកពីព្រះអម្ចាស់ យើងអាចរៀនផ្ដោតចិត្តមកលើការរៀបចំរបស់ព្រះអង្គ ហើយរំឭកខ្លួនឯងថា កាលៈទេសៈរបស់យើងមានភាពបណ្ដោះអាសន្ន ហើយព្រះវរបិតានៃយើងជ្រាបអំពីការអ្វីដែលព្រះអង្គកំពុងធ្វើក្នុងពួកគេ ហើយពួកវាមិនអាចប្លន់យកក្តីអំណរ និងសិរីល្អរបស់យើងនៅក្នុងព្រះគ្រីស្ទឡើយ។
វិញ្ញាណយើងអាចមានការស្ងប់រម្ងាប់បាន ក្នុងការទុកចិត្តព្រះអង្គយ៉ាងដូចនេះឯង។
ក្នុងជីវិតជាគ្រីស្ទាន ការស្កប់ចិត្តច្រើនតែទទួលបានតាមរយៈការដកពិសោធន៍ជាមួយការភាន់ភាំង និងទុក្ខលំបាក ខណៈពេលដែលយើងរៀននិយាយថា «ព្រះវរបិតារបស់ខ្ញុំ កំពុងគ្រប់គ្រងបញ្ហារបស់ខ្ញុំ ហើយកំពុងផ្សំការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ខ្ញុំជាកូនព្រះអង្គ។ ទោះខ្ញុំមិនយល់ ខ្ញុំនៅតែអាចទុកចិត្តព្រះអង្គ។ ខ្ញុំមានព្រះអង្គ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ខ្ញុំ។ វិញ្ញាណខ្ញុំបានស្ងប់រម្ងាប់ សូម្បីតែក្នុងខ្យល់ព្យុះនេះ»។ នេះជាការសេចក្តីពិតដ៏អស្ចារ្យ ដែលយើងអាចយកមកនិយាយ នៅថ្ងៃនេះ!
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ១-២ និងវិវរណៈ ៥