ព្រឹក

អាវនៃសេចក្តីសុចរិត
ដោយKirsten Holmberg
April 19, 2025
អេសាយ ៦១:៤-១១
ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត។ អេសាយ ៦១:១០
អ្នកស្រី រ៉ូស ថឺរន័រ(Rose Turner) ជាអ្នកជំនាញផ្នែកចិត្តសាស្រ្តសំលៀកបំពាក់ នៅមហាវិទ្យាល័យឆ្នៃម៉ូតនៅទីក្រុងឡុង។ គាត់បានសិក្សាអំពីឥទ្ធិពលដែលការស្លៀកពាក់មាន មកលើការគិត អាកប្បកិរិយា ហើយថែមទាំងអារម្មណ៍របស់ពួកគេផងដែរ។ សំលៀកបំពាក់ជាវត្ថុដែលមានភាពជិតស្និទ្ធនឹងរូបកាយយើងបំផុត ប្រៀបដូចជា “ស្បែកទី២” របស់យើង ហើយជួយឲ្យយើងរៀបចំខ្លួន សម្រាប់ឱកាសផ្សេងៗ នៅថ្ងៃនីមួយៗ។ ឧទាហរណ៍ ការស្លៀកពាក់ដែលមានវិជ្ជាជីវៈ អាច “ជួយមានទឹកចិត្ត និងការផ្ដោតអារម្មណ៍” នៅកន្លែងធ្វើការ ហើយការស្លៀកពាក់ខោអាវដែលចាស់ៗធ្លាប់ប្រើកាលគាត់នៅក្មេង ឬយើងធ្លាប់ប្រើក្នុងឱកាសពិសេសណាមួយ កាលពីយូរមកហើយ ដោយដិតជាប់មនោសញ្ចេតនា អាចនាំមកនូវការកម្សាន្តចិត្ត ក្នុងអំឡុងស្ថានភាពដែលតានតឹងខ្លាំង។
បាតុភូតផ្នែកចិត្តសាស្រ្តនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទទំនាយរបស់ហោរាអេសាយ អំពីការលះបង់របស់ព្រះយេស៊ូវ។ គាត់បានកត់ត្រាអំពីការប្រោសលោះជនជាតិយូដា ឲ្យរួចពីភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ដែលនឹងកើតឡើងនៅពេលអនាគត ដោយធានាពួកគេថា ថ្ងៃមួយ ពួកគេនឹងបាន “ជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង”(អេសាយ ៦១:៤)។ នៅថ្ងៃនោះ ពួកគេនឹងបានស្លៀកពាក់ “អាវនៃសេចក្តីសុចរិត”(ខ.១០)។
បទទំនាយរបស់ហោរាអេសាយបានសម្រេចជាលើកដំបូង នៅពេលដែលប្រជាជនអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញ ហើយបន្ទាប់មកបានសម្រេចទាំងស្រុង នៅពេលដែល “ព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង”(២កូរិនថូស ៥:២១)។ សេចក្តីសុចរិតគឺមានន័យថា ព្រះអង្គបានរាប់យើងថាសុចរិត នៅពេលដែលយើងបានទទួលជឿលើការលះបង់របស់ព្រះគ្រីស្ទ ដើម្បីយើងរាល់គ្នា។ បានសេចក្តីថា ព្រះអង្គមិនទតឃើញយើង មិនសក្ដិសម មានក្តីអាម៉ាស ឬទាបថោក ដោយសារបាបរបស់យើងទេ តែផ្ទុយទៅវិញ ព្រះអង្គឃើញយើងមានសេចក្តីសុចរិតដ៏ស្ថិតស្ថេររបស់ព្រះយេស៊ូវ ជាសំលៀកបំពាក់របស់យើង “ជាស្បែកទីពីរ” ដែលរៀបចំខ្លួនយើង ឲ្យមានក្តីអំណរនៅថ្ងៃនេះ និងអស់កល្បជានិច្ច។—Kirsten Holmberg
តើមានអាវនៃសេចក្តីអាម៉ាសអ្វីខ្លះ ដែលអ្នកបាន “ស្លៀកពាក់” ជារៀងរាល់ថ្ងៃ? តើអ្នកអាចនឹកចាំអំពីអាវនៃសេចក្តីសុចរិតរបស់អ្នក យ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានដណ្តប់កាយទូលបង្គំ ដោយសំលៀកបំពាក់នៃសេចក្តីសុចរិតរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៦-៨ និង លូកា ១៥:១-១០
ប្រភេទ
ល្ងាច

ការដាស់តឿន ដើម្បីរំដោះយើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 19, 2025
«បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល» (១កូរិនថូស ១០:១២)។
នៅក្នុងសៀវភៅជីវប្រវត្តិ ទាំងអ្នកនិពន្ធ និងអ្នកអានសៀវភៅសុទ្ធតែប្រឈមមុខដាក់ការល្បួង ឲ្យនិយាយ ឬមើលរំលងកំហុសរបស់បុគ្គលដែលជាម្ចាស់ជីវប្រវត្តិក្នុងសៀវភៅនោះ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរ គ្មានការប៉ុនប៉ងលាក់បាំងកំហុស ឬយកលេសសម្រាប់ការធ្វើខុស បរាជ័យ ឬបាបរបស់បុគ្គលណាមួយទេ។ ជាញឹកញាប់ នៅក្នុងពេលបន្ទាប់ពីជោគជ័យខាងវិញ្ញាណ បរាជ័យគឺពិតជាងាយនឹងកើតមានឡើងខ្លាំងណាស់។
ក្នុងជ័យជម្នះខាងជំនឿ លោក ណូអេ បានបន្តសាងសង់ទូកធំដោយការស្តាប់បង្គាប់ព្រះ ទោះជាគ្មានភ្លៀងធ្លាក់សូម្បីមួយដំណក់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ព្រះគម្ពីរក៏បានចែងផងដែរថា បន្ទាប់ពីមានទឹកជំនន់ផែនដីហើយ លោក ណូអេ បានជួបរឿងដ៏សោកសៅដោយសារការស្រវឹងស្រា (លោកុប្បត្ដិ ៩:២០-២៧)។ ទោះជាយ៉ាងណាក៏ដោយ លោក អាប់រ៉ាម បានធ្វើដំណើរក្នុងសេចក្តីជំនឿ ហើយក្រោយមក គាត់ក៏បាននាំមកនូវការអាប់ឱនដល់ខ្លួនគាត់ និងក្រុមគ្រួសារដោយសារគាត់និយាយកុហក នៅក្នុងទឹកដីអេស៊ីព្ទ (១២:១០-២០)។ ស្ដេច ដាវីឌ បានប្រយុទ្ធឈ្នះយក្ស កូលីយ៉ាត តែក្រោយមក គាត់ក៏បានប្រព្រឹត្តអំពើផិតក្បត់ (អាចជាការរំលោភផង) ការសម្លាប់មនុស្ស និងបង្កភាពវឹកវរ (រាប់ចាប់តាំងពី ២សាំយ៉ូអែល ១១)។
អ្នកទាំងអស់នេះសុទ្ធតែបានសម្រេចនូវកិច្ចការធំឧត្តមថ្វាយព្រះ ហើយក៏បានបរាជ័យនៅពេលក្រោយមកទៀត។ ពួកគេបានឈរយ៉ាងរឹងមាំ ហើយក៏បានដួលចុះមួយទំហឹង។ ព្រះគម្ពីរបានបង្ហាញឧទាហរណ៍ទាំងនេះ មិនមែនដើម្បីឲ្យយើងមានលេស ដើម្បីលាក់បាំងបាបរបស់យើង នៅពីក្រោយពួកគេនោះទេ តែជាការដាស់តឿន ដើម្បីរំដោះយើង ឲ្យរួចផុតពីការធ្វេសប្រហែស នៅពេលដែលអ្វីៗមានភាពល្អប្រសើរ និងរួចផុតពីការរំពឹងមកលើអ្នកដទៃ និងជាពិសេសមកលើខ្លួនយើងខ្លាំងពេក។
លោក អេ ដាប់ប៊លយូ ភីង (A.W. Pink) បានរំឭកយើងថា «ព្រះអម្ចាស់បានរងទុក្ខ ដើម្បីបង្ហាញឲ្យគេដឹងថា មនុស្សដែលខ្លាំងបំផុតនៅតែមានភាពកម្សោយ។ ទោះពួកគេមានអំណោយទានច្រើនប៉ុណ្ណា ហើយមានជោគជ័យយ៉ាងណាក្នុងការបម្រើព្រះ ហើយមានកិត្តិយស និងព្រះអង្គបានប្រើច្រើនប៉ុណ្ណាក៏ដោយ បើដកព្រះចេស្ដាព្រះអម្ចាស់ដែលជួយទ្រទ្រង់ចេញពីពួកគេតែមួយភ្លែត នោះមិនយូរប៉ុន្មាន គេនឹងបានដឹងថា ពួកគេគ្រាន់តែជាភាជនៈដ៏ផុយស្រួយប៉ុណ្ណោះ។ គ្មានមនុស្សណាដែលអាចឈរ បានរយៈពេលយូរឡើយ បើគ្មានព្រះគុណព្រះជួយទ្រទ្រង់គាត់ទេនោះ។ គេនឹងឃើញពួកបរិសុទ្ធដែលមានបទពិសោធន៍ច្រើនបំផុត មានភាពទន់ដូចទឹក ហើយតូចទាបដូចសត្វកណ្ដុរ បើសិនជាពួកគេពឹងអាងកម្លាំងខ្លួនឯង»1។
ដោយសេចក្តីមេត្តារបស់ព្រះអម្ចាស់ ព្រះអង្គមិនបានទុកឲ្យយើងពឹងផ្អែកលើកម្លាំងខ្លួនឯងទេ តែព្រះអង្គបានប្រទានយើងនូវសេចក្តីសុចរិត សេចក្តីសង្គ្រោះ សេចក្តីពិត និងព្រះបន្ទូលព្រះអង្គ ដើម្បីឲ្យយើងមិនគ្រាន់តែស៊ូទ្រាំ តែនៅតែអាចឈរមាំ ក្នុងទុក្ខលំបាក និងការល្បួងនីមួយៗ។ ពេលណាយើងទទួលស្គាល់ភាពកម្សោយ និងភាពខ្វះចន្លោះដែលយើងមានដូចលោក ណូអេ លោក អ័ប្រាហាំ និងស្ដេចដាវីឌ នោះយើងអាចពឹងផ្អែកលើព្រះគុណ និងព្រះចេស្ដារបស់ព្រះដែលជួយទ្រទ្រង់យើង តាមរយៈព្រះអម្ចាស់យេស៊ូវដែលជាផ្លូវពិតប្រាកដសម្រាប់ឲ្យយើងជៀសចេញ (១កូរិនថូស ១០:១៣)។ ចូរឲ្យការបង្រៀននេះបានរំឭកអ្នកថា អ្នកកំពុងបន្តដំណើរក្នុងសេចក្តីជំនឿលូតលាស់ក្នុងសេចក្តីបរិសុទ្ធ ឬឈោងចាប់លោកីយ៍ថ្វាយនគរព្រះអង្គ មិនមែនដោយពឹងអាងកម្លាំង ឬបញ្ញា ឬចារិកលក្ខណៈរបស់អ្នក តែដោយសារព្រះគុណព្រះ។ មនុស្សដែលពិតជាបានដឹងអំពីបញ្ហានេះ ក៏ដឹងផងដែរថា ការធ្វេសប្រហែស គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយការអធិស្ឋានមានភាពចាំបាច់បំផុត ព្រោះពួកគេដឹងថា មានតែព្រះអម្ចាស់ទេ ដែលអាចជួយពួកគេឈរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយពេលទៅមួយពេល។ ចុះអ្នកវិញ?
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១០:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៣-៤ និងវិវរណៈ ៦
1The Life of Elijah (Banner of Truth, ឆ្នាំ១៩៦៣), ទំព័រ២០១។