ព្រឹក

ភស្តុតាងល្អបំផុត
ដោយTim Gustafson
April 20, 2025
កិច្ចការ ២:២៩-៣៦
ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា។ កិច្ចការ ២:៣២
លោកលី ស្រ្តប៊ល(Lee Strobel) មិនមែនជាអ្នកជឿព្រះទេ ហើយគាត់ក៏មិនជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញដែរ។ ប៉ុន្តែ លោកលី គឺជាអ្នកកាសែត មានគំនិតដែលចូលចិត្តធ្វើការវិភាគ។ កាលភរិយារបស់គាត់បានទទួលជឿព្រះយេស៊ូវ គាត់ក៏បានសម្រេចចិត្តស្វែងយល់អំពីសេចក្តីជំនឿថ្មីរបស់ភរិយាគាត់ ដោយខ្លួនឯង។ បន្ទាប់ពីគាត់បានធ្វើការស្រាវជ្រាវបាន២ឆ្នាំ គាត់ក៏បានចុះចូល និងទទួលជឿព្រះយេស៊ូវ ក៏ដូចជាជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញមែន។
គាត់មានការផ្លាស់ប្រែក្នុងជីវិតគាត់ ដែលគួរឲ្យកត់សំគាល់ណាស់។ ពីរបីខែក្រោយមក កូនស្រីរបស់គាត់អាយុ៥ឆ្នាំ ក៏បានប្រាប់ម្តាយរបស់នាងថា “ម៉ាក កូនចង់ឲ្យព្រះអង្គធ្វើសម្រាប់កូន ដូចដែលព្រះអង្គបានធ្វើសម្រាប់ប៉ាដែរ”។ ហើយកូនស្រីរបស់លោកលី ស្រ្តូប៊ល(Lee Strobel) ក៏បានទទួលជឿព្រះយេស៊ូវផងដែរ។
មនុស្សជាច្រើនបដិសេធមិនព្រមជឿថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញទេ។ ប៉ុន្តែ មានសាក្សីដែលមានកេរ្តិ៍ឈ្មោះល្អ បានឃើញព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ក្នុងចំណោមស្មរបន្ទាល់ទាំងនោះ សាវ័កពេត្រុសបានប្រាប់មនុស្សមួយហ្វូងធំថា ស្តេចដាវីឌពិតជាបានសុគត ហើយគេបានបញ្ចុះសពទ្រង់(កិច្ចការ ២:២៩)។ បន្ទាប់មក សាវ័កពេត្រុសក៏បានចង្អុលបង្ហាញទៅរកបទទំនាយដែលស្តេចដាវីឌបានថ្លែង យ៉ាងដូចនេះថា ស្តេចដាវីឌ “បានសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ”(ខ.៣១)។ គាត់ក៏បានសន្និដ្ឋានថា “ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា”(ខ.៣២)។
ជីវិតផ្លាស់ប្រែរបស់សាក្សីទាំងនោះ រាប់បញ្ចូលទាំងសាវ័កពេត្រុសផងដែរ គឺជាភស្តុតាងល្អបំផុត ដែលបញ្ជាក់ថាព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន។ កាលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ពួកសាវ័កបានលាក់ខ្លួន។ សាវ័កពេត្រុសក៏ទើបតែបានបដិសេធន៍ថាគាត់មិនស្គាល់ព្រះអង្គ(យ៉ូហាន ១៨:១៥-១៧,២៥-២៧)។ នៅពេលដែលពួកគេបានឃើញព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ អ្វីៗមានការផ្លាស់ប្តូរ។ ពួកគេក៏បានចាប់ផ្តើមចែកចាយសេចក្តីពិត អំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ដោយចិត្តក្លាហាន ដែលព្រះអង្គគឺក្តីសង្ឃឹមដ៏ប្រសើរបំផុតរបស់លោកិយ។—Tim Gustafson
តើអ្នកមានជំនឿដូចម្តេចខ្លះ ចំពោះការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ? តើជំនឿនេះនាំឲ្យជីវិតអ្នកមានការផ្លាស់ប្តូរដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបង្ហាញការពិតនៃការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ
ដែលបានកែប្រែជីវិតទូលបង្គំ និងប្រទានទូលបង្គំនូវក្តីសង្ឃឹមពិតប្រាកដ។
For further study, read Hunting for Resurrection Hope at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ៩-១១ និង លូកា ១៥:១១-៣២
ប្រភេទ
ល្ងាច

ក្សត្រមានអធិបតេយ្យភាព និងអ្នកគង្វាលដ៏សុភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 20, 2025
«មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមកដោយមានព្រះចេស្ដា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ» (អេសាយ ៤០:១០-១១)។
សហរដ្ឋអាមេរិកមិនដែលគាំទ្ររបបនយោបាយដែលគ្រប់គ្រងដោយស្ដេច ឬដោយអ្នកដឹកនាំផ្តាច់ការនោះទេ។ ប្រជាជនអាមេរិកចូលចិត្តជ្រើសរើសមនុស្ស ដែលពួកគេអាចបោះឆ្នោតជ្រើសរើសឲ្យឡើងកាន់អំណាច និងឲ្យទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានធ្វើ ហើយពួកគេអាចបោះឆ្នោតទម្លាក់។ សូមយើងគិតដោយចិត្តស្មោះត្រង់ថា ជាញឹកញាប់ យើងក៏ប្រព្រឹត្តចំពោះព្រះយ៉ាងដូចនេះផងដែរ។ យើងសុខចិត្តធ្វើការគ្រប់គ្រង ជាជាងស្ថិតក្រោមការគ្រប់គ្រង។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចគ្រប់គ្រង់ ឬកែប្រែព្រះអម្ចាស់ឲ្យមានរូបដូចយើងនោះទេ។ ព្រះអង្គជាព្រះអម្ចាស់ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ លក្ខណៈរបស់ព្រះអង្គមានភាពខុសប្លែកពីលក្ខណៈរបស់យើងដែលផុយស្រួយ និងមានដែនកំណត់។ យើងប្រៀបដូចជាស្មៅ និងផ្កានៅរដូវផ្ការីក ដែលក្រៀមស្វិតទៅវិញ។ ព្រះអង្គមិនដូច្នោះទេ ព្រោះព្រះអង្គគ្រប់គ្រង និងសោយរាជ្យលើអ្វីៗទាំងអស់ អស់កល្បជានិច្ច។ សូម្បីព្រះបន្ទូលព្រះអង្គក៏ស្ថិតស្ថេរអស់កល្ប (អេសាយ ៤០:៦-៨)។
ក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ព្រះអង្គបានសម្រេចជោគជ័យដ៏អស្ចារ្យ គឺជ័យជម្នះមកលើបាប និងសេចក្តីស្លាប់។ ដោយប្រាជ្ញាដ៏លើសលប់ ព្រះអង្គជាអ្នកប្រទានក្រឹត្យវិន័យ បានយាងមកយកកំណើតជាមនុស្ស មានព្រះនាមយេស៊ូវដោយចុះចូល និងសម្រេចក្រឹត្យវិន័យទាំងអស់ ដែលព្រះអង្គបានប្រទាន ហើយបានសុគតជំនួសមនុស្សមានបាប ដើម្បីលោះបំណុលយើង និងប្រទានយើងនូវជីវិតអស់កល្ប។ គឺដូចដែលលោក ពេត្រុស បានបង្រៀនថា «ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ...ពីព្រោះសេចក្តីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ» (កិច្ចការ ២:២៤)។ នេះជាជ័យជម្នះរបស់ព្រះអង្គ។
ព្រះអង្គជាព្រះអម្ចាស់មានអធិបតេយ្យភាព តែព្រះអង្គក៏ជាអ្នកគង្វាលដ៏សុភាពរបស់យើង។ ព្រះអង្គមិនបានយាងមករករាស្ត្រព្រះអង្គ ដូចមេទ័ពដ៏អស្ចារ្យចូលទៅក្នុងសង្គ្រាមនោះទេ តែផ្ទុយទៅវិញ ព្រះអង្គនាំចៀមព្រះអង្គចូលមកជិតព្រះអង្គ និងដឹកនាំពួកគេដោយព្រះទ័យអាណិត។ ព្រះអង្គបានរំដោះឲ្យមានសេរីភាព ចំពោះអ្នកដែលធ្លាប់តែសោកសៅ ឯកោ និងមានកំហុស ហើយរស់នៅក្នុងការភ័យខ្លាច ចំពោះសេចក្តីស្លាប់។ ព្រះអង្គបានប្រកាសដោយជ័យជម្នះថា «ទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នកដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ» (យ៉ូហាន ១៧:១២)។
យើងអាចអរសប្បាយ ក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ ដ្បិតព្រះអង្គមានចេស្ដា និងសុភាព ជាអ្នកគង្វាលដែលស្វែងរកចៀមបាត់បង់ ហើយសម្រេចបេសកកម្មរបស់ព្រះអង្គ។ ពេលណាព្រះអង្គធ្វើការ ព្រះអង្គបញ្ចេញព្រះសូរសៀង ធ្វើឲ្យមនុស្សថ្លង់អាចស្តាប់ឮ ហើយព្រះអង្គបញ្ចេញពន្លឺធ្វើឲ្យមនុស្សខ្វាក់អាចមើលឃើញ។ ព្រះអង្គបានប្រមូលយើងឲ្យចូលមកក្បែរព្រះទ័យរបស់អ្នកគង្វាលដ៏សុភាពនេះ ហើយអាចរស់នៅដោយទំនុកចិត្តថា លោកីយ៍នេះជាកម្មសិទ្ធិរបស់ព្រះវរបិតានៃយើងដែលមានអធិបតេយ្យភាព។
ព្រះទ្រង់ជំរុញជីវិតគ្រីស្ទបរិស័ទ ឲ្យមានទស្សនៈអំពីព្រះអង្គ ដែលធំល្មមនឹងអាចស្គាល់ព្រះអង្គ ជា «ព្រះអម្ចាស់» ដែល «យាងមកដោយព្រះចេស្ដា» ហើយយើងចូលមកចំពោះព្រះអង្គដោយការស្ញែងខ្លាច ហើយក៏ស្គាល់ព្រះអង្គ ជា «អ្នកគង្វាលដែលថែរក្សាចៀម» ហើយយើងដើរតាមព្រះអង្គ ដោយមិត្តភាពដ៏ជិតស្និទ្ធ។ ព្រះអម្ចាស់យេស៊ូវជាសត្វតោ ហើយក៏ជាកូនចៀម (វិវរណៈ ៥:៥-៦)។ រវាងលក្ខណៈទាំងពីរនេះ តើលក្ខណៈមួយណា ដែលអ្នកពិបាកនឹកចាំបំផុត និងពិបាកបំផុតក្នុងការរស់នៅសមស្របតាម? ចូរនឹកចាំអំពីលក្ខណៈទាំងពីរនេះ ហើយអ្នកនឹងស្តាប់បង្គាប់ និងអរសប្បាយចំពោះព្រះអង្គ ក្នុងនាមព្រះអង្គជាស្ដេច និងជាអ្នកគង្វាលរបស់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសេគាល ៣៤:១១-២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ៥-៧ និងវិវរណៈ ៧