ព្រឹក

ស្រឡាញ់អ្នកដទៃ ដោយសេចក្តីស្រឡាញ់របស់ព្រះ
ដោយLisa Samra
April 22, 2025
ចោទិយកថា ១០:១៤-១៩
ដូច្នេះចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ ។ ចោទិយកថា ១០:១៩
ប្រជាជននៅទីក្រុងឡឺ ឆាមបុន ប្រទេសបារាំង បានប្រថុយជីវិត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស៥ពាន់នាក់ ដែលក្នុងនោះ មានក្មេងៗជាច្រើន ជាជនជាតិជ្វីស ឬយូដា ក្នុងអំឡុងពេលដែលពួកណាហ្ស៊ី គ្រប់គ្រងប្រទេសបារាំង នៅសម័យសង្គ្រាមលោកលើកទី២។ ជនភៀសខ្លួនទាំងនោះបានរត់គេចពីផ្ទះសម្បែងរបស់ខ្លួន ទៅលាក់ខ្លួនក្នុងផ្ទះរបស់សហគមន៍ និងកសិដ្ឋាននៅតំបន់នេះ។ អ្នកក្រុងនោះបានទទួលការបណ្តាលចិត្ត ពីលោកគ្រូគង្វាល អនដ្រេ ត្រុកមេ(André Trocmé) ដែលបានអំពាវនាវពួកជំនុំរបស់គាត់ ឲ្យជួយពួកគេ ផ្អែកទៅលើព្រះបន្ទូលព្រះក្នុងបទគម្ពីរ ចោទិយកថា ១០:១៩ ដែលបានចែងថា “ចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ”។
ព្រះទ្រង់បានប្រទានព្រះរាជបញ្ជានេះ មកពួកអ៊ីស្រាអែល ក្នុងបទគម្ពីរមួយ ដែលបានចាប់ផ្តើម ដោយការក្រើនរំឭកថា ផែនដីទាំងមូលជាកម្មសិទ្ធិរបស់ព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច(ខ.១៨)។ ប៉ុន្តែ ព្រះអង្គបានសម្រេចព្រះទ័យស្រឡាញ់ពួកអ៊ីស្រាអែល(ខ.១៥)។ ព្រះអង្គក៏យកព្រះទ័យទុកដាក់ ចំពោះមនុស្សដែលងាយរងគ្រោះ ឬមិនមានទីពំនាក់(ខ.១៨) ដែលរាប់បញ្ចូលជនបរទេស ដែលមិនមែនជាផ្នែកមួយនៃប្រជាជាតិអ៊ីស្រាអែល។ នៅពេលដែលពួកអ៊ីស្រាអែលចូលមករស់នៅក្នុងទីលំនៅថ្មីរបស់ខ្លួន ពួកគេត្រូវយកតម្រាប់តាមគំរូនៃសេចក្តីស្រឡាញ់របស់ព្រះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលត្រូវការជំនួយ ជាពិសេស ដោយសារពួកគេដឹងអំពីទុក្ខលំបាក នៅក្នុងការរស់នៅជាជនបរទេស ក្នុងទឹកដីសាសន៍ដទៃ(ខ.១៩)។
បើសិនជាយើងមានការងារមួយធ្វើជាយូរឆ្នាំ ឬរស់នៅក្នុងកន្លែងដដែលជាច្រើនឆ្នាំ ព្រះទ្រង់អាចប្រទានយើង នូវឱកាស ដើម្បីបង្ហាញសេចក្តីសប្បុរស ដល់មនុស្សដែលមានអារម្មណ៍ថា ពួកគេជា “អ្នកក្រៅ”។ យើងប្រហែលជាអាចផ្តល់គំនិតយោបល់ ដល់បុគ្គលិកថ្មី ឬយកអសារគ្រួសារដែលទើបតែផ្លាស់ទីលំនៅ ក្នុងពេលថ្មីៗនេះជាដើម។ ពេលណាយើងធ្វើដូចនេះ គឺមានន័យថា យើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ដល់មនុស្ស ដែលកំពុងស្ថិតក្នុងស្ថានភាពដែលពួកគេមិនធ្លាប់ឆ្លងកាត់ និងច្រើនតែងាយរងគ្រោះ។—Lisa M. Samra
តើមាននរណាម្នាក់បង្ហាញសេចក្តីសប្បុរសដល់អ្នក នៅពេលណា? តើអ្នកអាចយកចិត្តទុកដាក់ចំពោះនរណាម្នាក់ ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំបង្ហាញអ្នកដទៃ ឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ
ហើយដឹងថាព្រះអង្គយកព្រះទ័យទុកដាក់ចំពោះពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១៤-១៥ និង លូកា ១៧:១-១៩
ប្រភេទ
ល្ងាច

ផ្លូវនៃការមិនជឿព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 22, 2025
«ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ» (យ៉ូហាន ១៨:៥)។
ក្នុងសួនច្បាគែតសេម៉ានី ខណៈពេលដែលពួកទាហាន ចូលមកចាប់ចងព្រះយេស៊ូវ ជាបុរសដែលអ្នកដឹកនាំសាសន៍យូដាបានសម្រេចថា ត្រូវតែស្លាប់ ព្រះអង្គជាតួអង្គសំខាន់បំផុតក្នុងរឿងនេះ។ ប៉ុន្តែ លោក យូដាស អ៊ីស្ការីយ៉ុត ក៏មានចំណែកជាគន្លឹះដែលបានបង្រៀនយើងនូវមេរៀនដែលយើងពិបាករៀន។
អំពើក្បត់របស់ យូដាស មកលើព្រះគ្រីស្ទបានបើកបង្ហាញភាពមានពុតដែលបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងការបដិសេធន៍។ ការក្បត់របស់គាត់បានផ្តល់ឲ្យនូវការដាស់តឿនអំពីចិត្តរបស់មនុស្ស ដែលប្រែជារឹង ខណៈពេលដែលវាធ្វើដំណើរនៅតាមផ្លូវនៃការមិនជឿជាផ្លូវដែលមានការក្បត់ទំនុកចិត្ត និងការសេពគប់ដែលពុករលួយ ទោះចិត្តនោះហាក់ដូចជាជិតស្និទ្ធនឹងព្រះក៏ដោយ។
សួនច្បាគែតសេម៉ានី មិនខុសពីសួនច្បារជាទូទៅឡើយ។ ពួកសាវ័កហាក់ដូចជាស្គាល់សួនច្បារនោះច្បាស់។ សម្រាប់ព្រះយេស៊ូវ និងសាវ័កទាំង១២ វាជាកន្លែងដែលមានការប្រកបគ្នា ការសម្រាកលំហែ និងមានអនុស្សាវរីយដ៏រីករាយជាច្រើន។ តែក្នុងកន្លែងដ៏ស្រស់ស្អាតនេះ យូដាស បានក្បត់ព្រះគ្រីស្ទ។ រឿងនេះគួរឲ្យភ្ញាក់ផ្អើល ត្រង់ចំណុចដែលថា គាត់បានជ្រើសរើសកន្លែងដែលមានការប្រកបស្និទ្ធស្នាលនេះ ដើម្បីប្រព្រឹត្តទង្វើដែលគួរឲ្យខ្មាសអៀនខ្លាំងយ៉ាងនេះ គឺមិនខុសពីមនុស្សកំផិត ដែលបានកាត់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ក្នុងគ្រែនៃអាពាហ៍ពិពាហ៍របស់ខ្លួន។
សូមយើងស្រមៃថា លោក យូដាស កំពុងដើរតាមផ្លូវនាំទាហាន និងពួកមន្ត្រីរបស់សាសន៍យូដាមួយក្រុមចូលសួនច្បារនោះ (យ៉ូហាន ១៨:៣)។ គាត់មានការវង្វេងខាងវិញ្ញាណដែលគួរឲ្យខ្លាចយ៉ាងខ្លាំង តែគាត់នាំផ្លូវគេបានសេចក្តីថា មនុស្សខ្វាក់កំពុងដឹកនាំមនុស្សខ្វាក់។ ផ្លូវនៃការមិនជឿ ជាផ្លូវដ៏ឯកា ដែលច្រើនតែស្រេកឃ្លានការកម្សាន្តចិត្តតាមរយៈការសេពគប់ដែលនាំទៅរកភាពអស់សង្ឃឹម។
សួនច្បារមានភាពស្រស់ស្អាត និងស្ងប់ស្ងាត់ តែបានក្លាយជាកន្លែងកើតហេតុដែលគួរឲ្យភ័យខ្លាច។ ពេលណាយើងគិតអំពីកន្លែងដែលយើងជួបការល្បួង ឲ្យក្បត់ព្រះគ្រីស្ទ ទោះនៅកន្លែងវិស្សមកាលគួរឲ្យស្រឡាញ់ក្នុងកន្លែងដ៏សុខស្រួលនៅផ្ទះ ឬសូម្បីនៅកន្លែងដែលកាលពីមុនព្រះគ្រីស្ទបានប្រទានពរយើង និងទាញនាំយើងមករកព្រះអង្គក្តី យើងអាចមើលឃើញភាពស្មោកគ្រោកនៃចិត្តរបស់យើង ដែលចង់ចូលរួមជាមួយលោក យូដាស ក្នុងអំពើក្បត់របស់គាត់។
ចូរឲ្យគំរូរបស់លោក យូដាស បានរំឭកយើងថា យើងត្រូវតែប្រយ័ត្នខ្លួនជានិច្ច។ យើងមិនត្រូវសប្បាយភ្លេចខ្លួននោះឡើយ ទោះយើងបានធ្វើ និងមើលឃើញអ្វី ឬមានមុខនាទីអ្វីក៏ដោយក្នុងពួកជំនុំ។ យ៉ាងណាមិញ លោក យូដាស បានរស់នៅជាមួយព្រះយេស៊ូវអស់រយៈពេល៣ឆ្នាំ ហើយបានមើលឃើញការអស្ចារ្យ និងបានស្តាប់ការបង្រៀនរបស់ព្រះអង្គ។ តែគាត់នៅតែក្បត់ព្រះអង្គ។ «បានជាអ្នកណាដែលស្មានថាខ្លួនឈរនោះត្រូវប្រយ័ត្ន ក្រែងលោដួល» (១កូរិនថូស ១០:១២)។
តើធ្វើដូចម្ដេចឲ្យយើងនៅតែអាចដើរតាមព្រះយេស៊ូវ ហើយជៀសវាងការដើរតាមផ្លូវរបស់យូដាស? គឺយើងត្រូវប្រុងប្រយ័ត្នចំពោះចិត្តរបស់យើង ដែលប្រែជារឹងទទឹងដែលកណ្ដាលឲ្យយើងរសាត់អណ្ដែតចេញទៅតាមផ្លូវនៃការមិនជឿ គឺដូចដែលព្រះបន្ទូលព្រះអង្គបានដាស់តឿនយើងម្តងហើយម្តងទៀត។ ផ្ទុយទៅវិញ យើងចំបាច់ត្រូវស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងត្រូវតែអធិស្ឋាន សូមឲ្យចិត្តយើងមានភាពស្រទន់ និងបើកចំហគំនិតយើង និងសូមឲ្យមានការកណ្ដាលវិញ្ញាណយើង ឲ្យចូលទៅជិតព្រះគ្រីស្ទ។
តាមរយៈមេរៀនដ៏ពិបាករបស់លោក យូដាស យើងអាចបានសូត្របានថា មានតែដោយសារព្រះគុណព្រះទេ ដែលយើងអាចបន្តឈរមាំ។ ដូចនេះ ចូរយើងអធិស្ឋាន សូមកុំឲ្យយើងស្ថិតក្នុងចំណោមមនុស្សក្បត់ព្រះអង្គឡើយ។ គឺអធិស្ឋានថា ឱព្រះអម្ចាស់ សូមព្រះអង្គសង្គ្រោះទូលបង្គំឲ្យរួចផុតពីការល្បួង ឲ្យផុតពីការមានមន្ទិលសង្ស័យ និងបដិសេធន៍ព្រះអង្គ។ សូមព្រះអង្គបង្ហាញទូលបង្គំឲ្យមើលឃើញភាពអស្ចារ្យនៃការការពារ និងការផ្គត់ផ្គង់របស់ព្រះអង្គ ហើយមានការធានាជាថ្មីថា ព្រះអង្គនឹងមិនបាត់បង់អស់អ្នកណាដែលព្រះវរបិតាបានប្រទានព្រះអង្គឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១០:១១-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ដានីយ៉ែល ១១-១២ និងវិវរណៈ ៩