ព្រឹក

ឡើងកាំជណ្តើរនៃសេចក្តីជំនឿ
ដោយAnne Cetas
April 25, 2025
យ៉ាកុប ១:១-១២
ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន។ យ៉ាកុប ១:៣
មានពេលមួយ ខ្ញុំបានដើរកម្សាន្ត ជាមួយមនុស្ស៣នាក់ នៅតាមជ្រលងភ្នំវ៉ាត់ឃីន គ្លែន ដ៏ស្រស់ស្អាត ដែលមានផ្ទាំងថ្មធំៗចោទៗ ក្នុងរដ្ឋញូយ៉ក។ នៅពេលខ្លះយើងបានឈរទាំងអស់គ្នា ដោយចិត្តស្ញប់ស្ញែង ខណៈពេលដែលយើងមើលទឹកជ្រោះ និងជ្រោះដែលមានជម្រៅ៦០ម៉ែត្រ។ នៅពេលខ្លះទៀត យើងត្រូវឈប់សម្រាក ឲ្យបាត់ហត់ និងឲ្យបាត់រោយជើង ខណៈពេលដែលយើងឡើងតាមផ្ទាំងថ្មដែលសើម និងឡើងតាមជណ្តើរថ្មដែលហាក់ដូចជាគ្មានទីបញ្ចប់។ នៅពេលដែលយើងជិតទៅដល់កំពូលភ្នំ អ្នកឡើងភ្នំផ្សេងទៀង ដែលកំពុងធ្វើដំណើរចុះមកវិញ ក៏បានប្រាប់យើងថា “នៅសល់តែ១០កាំទៀតប៉ុណ្ណោះ អ្នកនឹងបានឡើងគ្រប់៨៣២កាំហើយ”។ យកល្អ យើងមិនគួរដឹងជាមុន អំពីការពិបាកក្នុងការឡើងភ្នំនេះទេ ព្រោះបើយើងបានដឹង យើងប្រហែលជាមិនបានឡើងមកដល់កំពូលភ្នំ ហើយក៏មិនបានដឹងថា ទាសភាពនៅខាងលើមានភាពស្រស់ស្អាតប៉ុណ្ណាដែរ។
ការធ្វើដំណើរក្នុងជីវិតយើង ក៏មានការឡើងជណ្តើរជាច្រើនកាំដ៏ពិបាកផងដែរ។ ព្រះយេស៊ូវ និងសាវ័កប៉ុលបានដាស់តឿនអ្នកជឿព្រះ អំពីទុក្ខលំបាក និងការបៀតបៀនដោយសារជំនឿ(យ៉ូហាន ១៦:៣៣ និង ២ធីម៉ូថេ ៣:១២) ហើយយើងចាំបាច់ត្រូវមានការគិតដ៏ត្រឹមត្រូវ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ពេលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ”(យ៉ាកុប ១:២)។ ហេតុអ្វីយើងត្រូវរាប់ទុក្ខលំបាកទាំងនោះជាក្តីអំណរសព្វគ្រប់ ជាជាងរាប់វាជាការឈឺចាប់សព្វគ្រប់? ពីព្រោះព្រះទ្រង់ជ្រាបថា “ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន”(ខ.៣)។ ប៉ុន្តែ តើយើងខ្ជាប់ខ្ជួនដើម្បីអ្វី? គឺដើម្បីឲ្យយើង “បានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(ខ.៤)។
នៅពេលដែលយើងនៅតែបន្តដំណើរទៅមុខទៀត បើយើងឈប់មួយភ្លែត ហើយធ្វើការពិនិត្យមើល ទោះយើងកំពុងឈឺចាប់ក៏ដោយ យើងអាចមើលឃើញចំណុចខ្លាំងនៃចារិតលក្ខណៈល្អៗ ដែលព្រះអង្គកំពុងបង្កើតឲ្យមាននៅក្នុងជីវិតយើង និងមនុស្សនៅជុំវិញយើង។ ហើយយើងនឹងរៀនឲ្យតម្លៃមកលើការពិតដែលថា ថ្ងៃមួយ យើងនឹងទទួលបាន “មកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់”(ខ.១២)។ ចូរយើងបន្តឡើងកាំជណ្តើរនៃសេចក្តីជំនឿជាមួយគ្នា។—Anne Cetas
តើអ្នកកំពុងប្រឈមមុខដាក់ទុក្ខលំបាកអ្វីខ្លះ? តើមានចារិតលក្ខណៈអ្វីខ្លះ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យកើតមាន ក្នុងជីវិតអ្នក?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានជ្រាបអំពីអ្វីៗដែលកំពុងកើតឡើង
ក្នុងជីវិតទូលបង្គំ ហើយមានផែនការល្អៗសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ២១-២២ និង លូកា ១៨:២៤-៤៣
ប្រភេទ
ល្ងាច

សេចក្តីមេត្តា សម្រាប់មនុស្សខ្វាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 25, 2025
«កាលគាត់បានឮថា ជាព្រះយេស៊ូវពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង» (ម៉ាកុស ១០:៤៧)។
លោក បាទីមេ បានអង្គុយសុំទានតាមផ្លូវដោយភ្នែកងងឹតមើលមិនឃើញអ្វីទាំងអស់។ គាត់អាចឮសម្លេងហ្វូងមនុស្សផ្លាស់ទីទៅមក និងសម្លេងអ៊ូអរ។ ហើយគាត់ក៏អាចឮសម្លេងមនុស្សនិយាយគ្នាតពីមាត់មួយទៅមាត់មួយថា ព្រះយេស៊ូវមកពីស្រុកណាសារ៉ែតកំពុងយាងកាត់តាមទីនោះ តែគាត់មិនអាចមើលព្រះអង្គឃើញ។ គាត់ដឹងថា គាត់មានឱកាសជួបព្រះអង្គតែលើកនេះទេ បានជាគាត់ស្រែកឡើង ទាំងចិត្តស្រេកឃ្លានថា «ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង!»
ភាពសាមញ្ញ និងភាពច្បាស់លាស់នៃការទូលសូមរបស់លោក បាទីមេ គឺបានធ្វើបន្ទាល់ពីសេចក្តីជំនឿរបស់គាត់ គឺបានបង្ហាញថា គាត់ពិតជាជឿថា ព្រះយេស៊ូវអាចធ្វើការអ្វី ដែលគាត់កំពុងទូលសូមព្រះអង្គ។ ដោយព្រះគុណព្រះ លោក បាទីមេ បានមើលឃើញការអ្វីដែលមនុស្សជាច្រើនរាប់មិនអស់បានមើលរំលង គឺគាត់មើលឃើញសេចក្តីមេត្តារបស់ព្រះក្នុងព្រះយេស៊ូវ។ ហើយនៅពេលដែលព្រះយេស៊ូវបានលើកឡើងអំពីតម្រូវការរបស់គាត់ លោក បាទីមេ និងអស់អ្នកដែលមើលឃើញហេតុការណ៍នោះ ក៏បានដឹងថា ជំនឿរបស់គាត់គឺជាមូលហេតុដែលគាត់ទទួលបានការប្រោសឲ្យជា។ ប៉ុន្តែ លោក បាទីមេ មិនដែលយល់ខុសថា គាត់ត្រូវការតែការប្រោសឲ្យជាខាងរូបកាយនោះឡើយ។ ហេតុនេះហើយ បន្ទាប់ពីព្រះយេស៊ូវបានប្រោសឲ្យគាត់មើលឃើញ ភ្លាមៗនោះ គាត់ក៏បានដើរតាមព្រះអង្គ (ម៉ាកុស ១០:៥២)។
នៅក្នុងការជួបព្រះយេស៊ូវពេលនោះ យើងអាចឃើញគំរូតូចមួយនៃដំណឹងល្អ។ ព្រះគម្ពីរប៊ីបច្រើនតែប្រើពាក្យខ្វាក់ភ្នែក ក្នុងន័យធៀបទៅនឹងភាពងងឹតងងល់របស់មនុស្សប្រុសស្រី។ ឧទាហរណ៍៖ សាវ័ក ប៉ុល មានប្រសាសន៍ថា «ជាពួកអ្នកដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសម្ដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះបានភ្លឺមកដល់គេ» (២កូរិនថូស ៤:៤) ហើយព្រះយេស៊ូវក៏មានបន្ទូលដោយផ្ទាល់ថា «ខ្ញុំបានមកក្នុងលោកីយ៍នេះ ដើម្បីនឹងជំនុំជម្រះឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង» (យ៉ូហាន ៩:៣៩)។ ហើយនៅដើមដំបូងនៃកណ្ឌគម្ពីរម៉ាកុស យើងឃើញថា សូម្បីតែពួកសាវ័កដែលកំពុងដើរតាមព្រះអង្គក៏នៅមិនទាន់មើលឃើញ និងយល់អំពីសេចក្តីទាំងអស់ដែលព្រះអង្គកំពុងបង្រៀនពួកគេ បានជាព្រះអង្គសួរពួកគេថា «អ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ ហើយមិនចាំទេឬអី?» (ម៉ាកុស ៨:១៨)។
ដូចនេះ តើមនុស្សខ្វាក់អាចមើលឃើញ ដោយរបៀបណា? គឺដូចដែលលោក បាទីមេ បានមើលឃើញ ដោយចូលទៅរកព្រះយេស៊ូវស្រែករកសេចក្តីមេត្តា និងទូលសូមការអត់ទោសដោយសេចក្តីស្រឡាញ់ និងជីវិតថ្មី ដែលមានតែព្រះអង្គទេ អាចប្រទានឲ្យបាន។ អ្នកមិនអាចស្គាល់ព្រះយេស៊ូវគ្រីស្ទច្បាស់ក្នុងជីវិតអ្នកឡើយទាល់តែអ្នកបានទទួលស្គាល់ថា អ្នកមិនអាចរស់នៅដោយគ្មានព្រះអង្គបាន។ នេះជាសេចក្តីពិត ដែលយើងចាំបាច់ត្រូវឱបក្រសោបយក ដើម្បីអរសប្បាយនឹងថ្ងៃដំបូងនៃជីវិតថ្មីរបស់យើងក្នុងការដើរតាមព្រះអង្គ តែក៏ជាសេចក្តីពិតដែលយើងត្រូវនឹកចាំ ដើម្បីបន្តដំណើរក្នុងជីវិតយើងដែលនៅតែដើរតាមព្រះអង្គ។ ទោះអ្នកត្រូវការសេចក្តីមេត្តារបស់ព្រះអង្គយ៉ាងដូចម្ដេចក៏ដោយ ចូរមើលទៅព្រះអង្គ ដោយភ្នែកនៃសេចក្តីជំនឿដែលព្រះអង្គបានប្រទាន ហើយចូរគ្រាន់តែទូលសូមសេចក្តីមេត្តានោះ។ ដំណឹងល្អនោះគឺថា ព្រះយេស៊ូវនៅតែស្តាប់ឮ ព្រះយេស៊ូវនៅតែយកព្រះទ័យទុកដាក់ព្រះអង្គនៅតែយាងមករកយើង នៅតែស្តាប់យើង ហើយនៅតែសង្គ្រោះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ១០:៤៦-៥២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាស្ដា ៧-៩ និងវិវរណៈ ១២