ព្រឹក

ត្រៀមខ្លួនជាស្រេចសម្រាប់ការត្រាស់ហៅ
ដោយTom Felten
April 26, 2025
យ៉ូស្វេ ១:១-៩
ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក។ យ៉ូស្វេ ១:៧
អ្នកបើកបរឡានក្រុងរបស់សាលារៀនបានសន្លប់បាត់បង់ស្មារតី ខណៈពេលដែលគាត់កំពុងបើកបរឡានក្រុងធំមួយ ដឹកសិស្ស៦០នាក់។ ឡានក៏បានរេចុះឡើងៗពេញផ្លូវ ដោយគ្មានម្ចាស់ការ។ ឌីឡុន រីវ(Dillon Reeves) ជាសិស្សថ្នាក់ទី៧ ក៏បានប្រញាប់ងើបចេញពីកន្លែងអង្គុយរបស់គាត់ ប្រញាប់ទៅផ្នែកខាងមុខរបស់ឡានក្រុង ហើយក៏បានជាន់ហ្វ្រាំងឡានយឺតៗ ក្នុងពេលបន្ទាន់នោះ។ ខណៈពេលដែលសិស្សភាគច្រើនកំពុងឈ្ងោកមុខឆ្លើយឆ្លងសារ ឬលេងហ្គេមក្នុងទូរស័ព្ទរបស់ខ្លួន ឌីឡុន ជាក្មេងដែលមិនមានទូរស័ព្ទប្រើ បានមើលឃើញហេតុការណ៍បន្ទាន់នេះ ហើយក៏មានប្រតិកម្មតបទាន់ពេលវេលា។ ការដែលឌីឡុនយកចិត្តទុកដាក់ចំពោះអ្វីៗនៅជុំវិញខ្លួនគាត់ ដោយមិនបានជក់ចិត្តនឹងអ្វីមួយ គឺបានជួយឲ្យគាត់សង្គ្រោះជីវិតមនុស្សទាំងអស់នៅក្នុងឡាននោះ ដោយរាប់បញ្ចូលទាំងអ្នកបើកឡាន ដែលក្រោយមក គេបានជួយឲ្យគាត់ដឹងខ្លួនវិញ។
លោកយ៉ូស្វេត្រូវតែបោះជំហានទៅមុខ ដោយចិត្តក្លាហាន ដើម្បីជំនួសលោកម៉ូសេ បន្ទាប់ពីលោកម៉ូសេឈប់ដឹកនាំប្រជាជនអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “ម៉ូសេជាអ្នកបំរើអញ បានស្លាប់ទៅហើយ ដូច្នេះចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ ព្រមទាំងបណ្តាមនុស្សទាំងនេះផង”(យ៉ូស្វេ ១:២)។ ជាងនេះទៅទៀត ព្រះអង្គក៏បានបង្គាប់ថា “ឲ្យឯងគ្រាន់តែមានកំឡាំង នឹងចិត្តក្លាហានប៉ុណ្ណោះ ... កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ”(ខ.៧)។ ត្រង់ចំណុចនេះ ព្រះទ្រង់កំពុងប្រាប់លោកយ៉ូស្វេ មិនឲ្យបែកអារម្មណ៍ តែឲ្យផ្តោតចិត្ត ហើយមើលក្រឹត្យវិន័យដែលព្រះអង្គបានប្រទាន ដោយជញ្ជឹងគិត “ទាំងយប់ទាំងថ្ងៃ”(ខ.៨)។
យើងអាចបែកអារម្មណ៍ ដោយសារទូរស័ព្ទ និងអ្វីផ្សេងទៀត ដែលនាំឲ្យយើងងាកចេញពីព្រះ និងប្រាជ្ញាដែលព្រះអង្គប្រទានក្នុងព្រះគម្ពីរប៊ីប(២ធីម៉ូថេ ៣:១៦-១៧)។ ផ្ទុយទៅវិញ ខណៈពេលដែលយើងនៅតែប្រុងប្រយ័ត្ន “ទាំងរំពឹងមើលដល់ព្រះយេស៊ូវ”(ហេព្រើរ ១២:២) យើងអាចត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអ្វីដែលព្រះអង្គត្រាស់ហៅឲ្យយើងធ្វើ។—Tom Felten
ហេតុអ្វីអ្នកចាំបាច់ត្រូវមើលទៅព្រះគ្រីស្ទជាប់ជានិច្ច? តើអ្នកអាចត្រៀមខ្លួន សម្រាប់ការត្រាស់ហៅរបស់ព្រះអង្គ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យជៀសវាងការបែកអារម្មណ៍ ខណៈពេលដែលទូលបង្គំដើរតាមព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ២៣-២៤ និង លូកា ១៩:១-២៧
ប្រភេទ
ល្ងាច

ថ្វាយសិរីល្អដល់ព្រះ ក្នុងរូបកាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 26, 2025
«តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី» (ភីលីព ១:២០)។
រូបកាយរបស់អ្នកនឹងការអ្វីដែលអ្នកធ្វើដោយប្រើរូបកាយអ្នក គឺសុទ្ធតែសំខាន់។
ក្នុងសំណេររបស់សាវ័ក ប៉ុល គាត់បានបង្ហាញចេញនូវការយកចិត្តទុកដាក់ខ្ពស់ម្តងហើយម្តងទៀត ចំពោះរូបកាយរបស់មនុស្ស។ ឧទាហរណ៍៖ គាត់បានសួរពួកជំនុំនៅទីក្រុងកូរិនថូសថា «តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ? ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះចូរតម្កើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នាដែលជារបស់ផងទ្រង់ចុះ» (១កូរិនថូស ៦:១៩-២០)។ ម្យ៉ាងទៀត រូបកាយយើងជាកម្មសិទ្ធិរបស់ព្រះ ដែលបានបង្កើតពួកវាមក ហើយក៏បានទ្រទ្រង់ពួកវាឲ្យមានជីវិត។ ការយល់ឃើញដូចនេះ ស្ថិតក្នុងចំណុចស្នូលនៃទេវសាស្ត្ររបស់សាវ័ក ប៉ុល។
សាវ័ក ប៉ុល បានរកឃើញក្តីអំណរដ៏អស្ចារ្យក្នុងការដឹងថា ព្រះយេស៊ូវនឹងបានតម្កើងឡើងក្នុងរូបកាយគាត់។ គោលបំណងធំបំផុតក្នុងការអធិស្ឋានរបស់គាត់ គឺដើម្បីមានចិត្តក្លាហាន និងសេចក្តីស្មោះត្រង់ ក្នុងការលើកតម្កើងព្រះអង្គក្នុងរូបកាយគាត់ ក្នុងការងារបម្រើព្រះអង្គ។ សម្រាប់សាវ័ក ប៉ុល ការលើកតម្កើងព្រះគ្រីស្ទគឺមានន័យថា លើកតម្កើងព្រះនាមព្រះអង្គ ពោលគឺថ្វាយសិរីល្អដល់ព្រះអង្គ។ យើងឃើញថា លោក យ៉ូហាន បាទីស្ទ បានលើកតម្កើងព្រះអង្គដោយប្រកាសថា «ត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើង ហើយខ្ញុំត្រូវថយវិញចុះ» (យ៉ូហាន ៣:៣០)។ ស្រដៀងគ្នានេះដែរ អ្នកនឹងមិនដែលឃើញសាវ័ក ប៉ុល ទាក់ទាញចំណាប់អារម្មណ៍សម្រាប់ខ្លួនគាត់ទេ។ គាត់គ្រាន់តែបានមើលឃើញខ្លួនគាត់ ជាឧបករណ៍ដែលនាំមនុស្សទៅរកព្រះគ្រីស្ទប៉ុណ្ណោះ។
ដូចនេះ យើងមិនភ្ញាក់ផ្អើលទេ នៅពេលដែលគាត់ចង់បញ្ជាក់អំពីភាពជាសាវ័ករបស់គាត់ គាត់បានមានប្រសាសន៍ថា «កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ» គឺមិនមែនដោយសារគាត់ជាសាវ័កដ៏អស្ចារ្យនោះទេ។ តែគាត់មានប្រសាសន៍ថា «កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រា របស់ព្រះអម្ចាស់យេស៊ូវនៅខ្លួនខ្ញុំហើយ» (កាឡាទី ៦:១៧)។ ការប្ដេជ្ញាចិត្តរបស់គាត់ បានបង្ហាញចេញ តាមរយៈរូបកាយគាត់រួចហើយ។ គាត់បានទទួលរងការបៀតបៀនខាងផ្លូវកាយកាន់តែខ្លាំងឡើង ដោយសារគាត់មានចិត្តប្ដូរផ្តាច់ចំពោះព្រះគ្រីស្ទ។ ទីបំផុត គាត់ក៏បានស្លាប់ ដោយរូបកាយគាត់ទទួលរងភាពសាហាវព្រៃផ្សៃ និងបាត់បង់សភាពដើម តែគាត់នៅតែស្រែកថា «ខ្ញុំនឹងអរសប្បាយ»។
ព្រះអម្ចាស់ ជាម្ចាស់លើជីវិតរបស់សាវ័ក ប៉ុល ទាំងមូល គឺទាំងរូបកាយ ពេលវេលា និងអ្វីៗគ្រប់យ៉ាង។ នេះជាមូលហេតុដែលគាត់អាចមានក្តីអំណរយ៉ាងដូចនេះបាន។ ហើយនេះក៏ជាមូលហេតុដែលយើងអាចមានក្តីអំណរដូចគាត់ផងដែរ។
សរុបមក អ្នកមិនមែនជាកម្មសិទ្ធិនៃរូបកាយរបស់អ្នកទេ។ អ្វីៗដែលអ្នកមាន មិនមែនជាកម្មសិទ្ធិរបស់អ្នក។ ព្រះអង្គគ្រាន់តែបានផ្ញើនឹងអ្នក ទោះព្រះអង្គបានប្រទានអ្នកតិច ឬច្រើនក៏ដោយ។ អ្នកជាកម្មសិទ្ធិរបស់ព្រះជាព្រះអាទិករ និងព្រះដ៏ប្រោសលោះរបស់អ្នក។ ថ្ងៃមួយ ព្រះអង្គនឹងលើកយើងឡើង ឲ្យមានរូបកាយដែលមានសិរីល្អ និងស្ថិតស្ថេរ (១កូរិនថូស ១៥:៤២-៤៤,៥១-៥៤)។ សព្វថ្ងៃ ព្រះអង្គត្រាស់ហៅយើងឲ្យបម្រើព្រះអង្គក្នុងរូបកាយរបស់ព្រះអង្គ។ ដូចនេះ ក្នុងការអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ចូរថ្វាយរូបកាយអ្នកជាដង្វាយដោយអំណរនៅចំពោះព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ៦:១២-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សាស្ដា ១០-១២ និងវិវរណៈ ១៣