ព្រឹក

សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជានិច្ច
ដោយKaren Huang
April 27, 2025
បរិទេវ ៣:១៩-២៦
ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ បរិទេវ ៣:២២
កាលឪពុករបស់ចូស៊ី(Josie) ដែលមានវ័យចាស់ជរា ផ្លាស់ប្តូរទីលំនៅ មករស់នៅជាមួយនាង នាងមានអារម្មណ៍ថា ពិបាកជាពន់ពេក ក្នុងការថែរក្សាសុខភាពរបស់គាត់ ដែលនាងចាំបាច់ត្រូវធ្វើជារៀងរាល់ថ្ងៃ។ ថ្នាំពេទ្យដែលនាងត្រូវទិញ មានតម្លៃថ្លៃ។ ការងារថែទាំគាត់ និងប្រាជ្ញាដែលនាងត្រូវការ ក្នុងការសម្រេចចិត្ត នៅពេលដែលស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ក្រៅពីការងារពេញពេលដទៃទៀតដែលនាងត្រូវធ្វើ កំពុងតែធ្វើឲ្យនាងមានភាពហត់នឿយកាន់តែខ្លាំង។ នាងក៏បាននិយាយថា “តើធ្វើដូចម្តេចឲ្យខ្ញុំអាចបន្តប្រមែប្រមូល និងបញ្ចេញកម្លាំង ធនធានជាក់ស្តែង ប្រាជ្ញា និងសេចក្តីស្រឡាញ់ ក្នុងស្ថានភាពដ៏លំបាកនេះបាន?”
ចូស៊ីក៏បានរកឃើញក្តីសង្ឃឹម ក្នុងកណ្ឌគម្ពីរបរិទេវ ជាកណ្ឌដែលបានចែងអំពីទុក្ខសោករបស់ហោរាយេរេមា និងរាស្រ្តរបស់ព្រះ។ ចក្រភពបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិម ហើយជនជាតិយូដាមិនដឹងថា ពួកគេនឹងមានទុក្ខលំបាកយ៉ាងណា ក្នុងការនិរទេសនៅពេលខាងមុខទេ។ ពួកគេបានជួបទុក្ខលំបាកដ៏លើសលប់ តែព្រះទ្រង់បានសន្យាថា “កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ”(បរិទេវ ៣:២២)។ សេចក្តីស្រឡាញ់របស់ព្រះអង្គនៅតែមានសម្រាប់ពួកគេ តាមសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេ ទោះពួកគេមិនបានរស់នៅក្នុងទឹកដីសន្យាទៀតក៏ដោយ ព្រោះ “ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(ខ.២២)។
សេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះកូនរបស់ព្រះអង្គ គ្មានដែនកំណត់ឡើយ។ ចូស៊ីក៏បាននិយាយតាម ខ.២៤ ថា “ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់ ដូចនេះ ខ្ញុំអាចប្រមែប្រមូល និងលះបង់កម្លាំង និងធនធាន ដើម្បីឪពុករបស់ខ្ញុំ តាមដែលចាំបាច់ ព្រោះខ្ញុំអាចទទួលកម្លាំងពីព្រះអង្គ ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលផុតឡើយ”។
ពេលណាយើងស្តាប់បង្គាប់ព្រះ យើងអាចមានក្តីសង្ឃឹម ក្នុងការរស់នៅ ទោះមានរឿងអ្វីកើតឡើងនៅពេលអនាគតក៏ដោយ។ ដោយប្រាជ្ញាដ៏ឥតខ្ចោះ ព្រះអង្គជ្រាបថា យើងត្រូវការអ្វី ហើយនឹងផ្គត់ផ្គង់យើង តាមបំណងព្រះទ័យរបស់ព្រះអង្គ។—Karen Huang
តើសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះ បាននាំឲ្យអ្នកមានការកម្សាន្តចិត្ត និងទំនុកចិត្តយ៉ាងណាខ្លះ?
តើអ្នកអាចទុកចិត្តលើប្រាជ្ញារបស់ព្រះអង្គ ក្នុងការផ្គត់ផ្គង់អ្វីដែលអ្នកត្រូវការ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំមានក្តីសង្ឃឹម នៅក្នុងព្រះអង្គ។ ទូលបង្គំនឹងរង់ចាំព្រះអង្គយាងមកវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១-២ និង លូកា ១៩:២៨-៤៨
ប្រភេទ
ល្ងាច

ទូលសូម ឲ្យបានត្រឹមត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 27, 2025
«តែមិនបានអ្វីសោះ ពីព្រោះមិនសូម អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្តីសំណូមនោះបែបអាក្រក់ សម្រាប់នឹងចាយបំពេញសេចក្តីសម្រើបរបស់អ្នករាល់គ្នាវិញ» (យ៉ាកុប ៤:២-៣)។
លោកអ្នកកំពុងតែចូលទៅកាន់ស្ដេចដោយមានការទូលសូមជាច្រើនដ្បិតទ្រង់ពេញដោយព្រះគុណ និងអំណាចគ្មានអ្នកណាអាចសូមលើសនោះទេ1។
ទំនុកសកលដែលលោក ចន ញូតុន (John Newton) បាននិពន្ធ បានរំឭកយើងអំពីព្រះបន្ទូលព្រះយេស៊ូវដែលបានចែងថា «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន» (ម៉ាកុស ១១:២៤)។ នៅពេលផ្សេងទៀត ព្រះយេស៊ូវក៏បានបង្រៀនពួក សាវ័ក ផងដែរថា «ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត» (ម៉ាថាយ ៧:១១)។ យើងអាចចូលទៅរកព្រះអង្គ ហើយទូលសូមរបស់ល្អពីព្រះអង្គ។ ទោះយើងទូលសូមព្រះអង្គច្រើនប៉ុណ្ណាក៏មិនអាចច្រើនពេកសម្រាប់ព្រះអង្គឡើយ។ តែកណ្ឌគម្ពីរយ៉ាកុបបានចែងថា មនុស្សជាច្រើនមិនបានទទួលអំណោយទាំងនោះមកពីព្រះវរបិតា ដោយសារយើងមិនមានចិត្តក្លាហាន ក្នុងការអនុវត្តតាមការបង្រៀនរបស់ព្រះយេស៊ូវ ហើយគ្រាន់តែទូលសូម។ ពុំនោះទេ យើងទូលសូមដែរ តែយើងទូលសូមអ្វីដែលមិនស្របនឹងព្រះទ័យព្រះអង្គ គឺយើងចង់ទទួលពីព្រះអង្គ ដើម្បីបំពេញសេចក្តីប៉ងប្រាថ្នារបស់យើង ដើម្បីបំពេញតែចិត្តខ្លួនឯង តែមិនមែនដើម្បីបម្រើព្រះអង្គ។
ពេលណាយើងពិចារណាអំពីការបង្រៀនរបស់ព្រះអង្គអំពីការអធិស្ឋាន យើងរកឃើញថា យើងត្រូវតែទូលសូម ហើយសូមដោយការបន្ទាបខ្លួន និងសេចក្តីស្រឡាញ់ និងដោយការយល់ដឹងថា ព្រះអង្គមានអធិបតេយ្យភាព ហើយយើងត្រូវមានចិត្តចង់ឲ្យបំណងព្រះទ័យព្រះអង្គបានសម្រេច។ កាលព្រះយេស៊ូវនៅសួនច្បារគេតសេម៉ានី ព្រះអង្គបានអធិស្ឋានថា «ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសម្រេចតាមព្រះហឫទ័យទ្រង់វិញ» (ម៉ាកុស ១៤:៣៦)។ ចូរយើងមើលតុល្យភាពត្រង់ចំណុចនេះ។ ព្រះយេស៊ូវមានទំនុកចិត្តទាំងស្រុងមកលើព្រះចេស្ដាព្រះវរបិតា ហើយព្រះអង្គមានព្រះទ័យក្លាហាន ក្នុងការទូលសូមព្រះវរបិតាធ្វើការអ្វី ដែលមនុស្សធ្វើមិនបាន តែព្រះអង្គក៏បានបង្ហាញការចុះចូលទាំងស្រុង ចំពោះបំណងព្រះទ័យព្រះវរបិតា។ ព្រះវរបិតាដែលមានអធិបតេយ្យភាព មិនមានគោលបំណងដកពែងនោះចេញ តាមការអធិស្ឋានរបស់ព្រះយេស៊ូវទេ។ មិនមែនដោយសារព្រះគ្រីស្ទមិនមាន «ជំនឿគ្រប់គ្រាន់» ដើម្បីឲ្យរឿងនេះអាចកើតឡើងនោះឡើយ។ ដូចគ្នានេះដែរអធិបតេយ្យភាពរបស់ព្រះអង្គមិនបានរារាំង តែបានគ្រប់គ្រងដោយសេចក្តីមេត្តាមកលើភាពក្លាហាន ភាពដូចកូនក្មេង និងភាពក្លៀវក្លា ដែលយើងបានបង្ហាញ ពេលយើងទូលសូមព្រះអង្គធ្វើការអ្វីដែលមនុស្សធ្វើមិនបាន។
ក្នុងនាមយើងជាកូនព្រះអង្គ យើងអាចចូលមក ដោយចិត្តក្លាហាន នៅចំពោះព្រះវរបិតា ដោយទុកចិត្តថា ព្រះអង្គនឹងសម្រេចអ្វីទាំងអស់ដែលអ្នកត្រូវការ ហើយអ្វីដែលអ្នកទូលសូមគឺស្របតាមបំណងព្រះទ័យព្រះអង្គ។ អ្នកអាចយកគំរូតាមព្រះយេស៊ូវដោយលះបង់បំណងចិត្តរបស់អ្នក នៅចំពោះអធិបតេយ្យភាពរបស់ព្រះវរបិតាដែលមានសេចក្តីស្រឡាញ់។ ពេលណាអ្នកទុកចិត្តថា ព្រះអង្គធ្វើការត្រឹមត្រូវ តាមរបៀបត្រឹមត្រូវ នោះអ្នកអាចទុកចិត្តថា ព្រះអង្គនឹងតែងតែឆ្លើយតបយ៉ាងត្រឹមត្រូវជានិច្ច។ គ្មានការទូលសូមណាមួយដែលធំពេកសម្រាប់ព្រះអង្គឡើយ។ ដូចនេះ ចូរយើងទូលសូមព្រះអង្គ!
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៨:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ១-២ និងវិវរណៈ ១៤
1លោក John Newton, “Come, My Soul, Thy Suit Prepare” (ឆ្នាំ១៧៧៩)។