ព្រឹក

ចូរត្រាប់តាមខ្ញុំ
ដោយAlyson Kieda
April 28, 2025
២ថែស្សាឡូនិច ៣:៦-១៣
ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។ ១កូរិនថូស ១១:១
ខណៈពេលដែលថូម៉ាស(Thomas) ជាក្មេងប្រុសអាយុ២ឆ្នាំ ឃើញប៉ារបស់គាត់គប់ខ្សែសន្ទូចទៅក្នុងទឹកបឹង ដើម្បីបបក់ត្រី គាត់ក៏បានធ្វើត្រាប់តាមសកម្មភាពរបស់ប៉ាគាត់ ដោយប្រើដងសន្ទូចរបស់គាត់ ដែលជាឧបករណ៍ក្មេងលេង។ ក្រោយមក នៅពេលដែលថូម៉ាសកំពុងឈរនៅជាយបឹងដែលមានទឹករាក់ គាត់ក៏បានព្យាយាមត្រាប់តាមសកម្មភាពដែលឪពុកគាត់បោះត្រីចូលទៅក្នុងទឹកវិញ ដោយគាត់បានជ្រមុជដងសន្ទូចរបស់គាត់ ចូលក្នុងទឹក ដើម្បី “ស្ទូច” ដើមសារ៉ាយ។ រៀងរាល់ពេលគាត់ “ស្ទូច” បាន គាត់ក៏បានលើកដើមសារ៉ាយឲ្យប៉ារបស់គាត់សរសើរគាត់ រួចគាត់ក៏បានបោះសារ៉ាយចូលទៅក្នុងបឹងវិញ។
យើងច្រើនតែរៀនសូត្រអ្វីដែលល្អ អ្វីដែលមានប្រយោជន៍ និងអ្វីដែលមិនល្អ តាមរយៈការសង្កេតមើល និងយកតម្រាប់តាមអ្នកដទៃ។ ប្រហែលហេតុនេះហើយ ក្នុងគ្រាសញ្ញាថ្មី អ្នកដើរតាមព្រះយេស៊ូវ ច្រើនតែទទួលការលើកទឹកចិត្តមើល និងយកគំរូតាមអ្នកបម្រើដំណឹងល្អដ៏ស្មោះត្រង់(មើល ២ថែស្សាឡូនិច ៣:៩ ហេព្រើរ ១៣:៧ ២យ៉ូហាន ១:១១)។
ក្នុងបទគម្ពីរ២ថែស្សាឡូនិច ជំពូក៣ សាវ័កប៉ុលបានផ្តល់ឲ្យយើងនូវគំរូនៃអាកប្បកិរិយា ដែលមិនត្រូវយកតម្រាប់តាម(ដែលមានដូចជា ការប្រព្រឹត្តខុសរបៀប ឥតធ្វើការអ្វីសោះ និងរវល់តែរឿងឥតប្រយោជន៍ ខ.៦,១១) ហើយក៏បានប្រាប់យើងឲ្យយកតម្រាប់តាមគំរូនៃភាពស្អាតស្អំ ដែលឃើញមានក្នុងជីវិតគាត់ និងអ្នកដទៃ(ខ.៧-១០)។ ហើយគាត់ក៏បានលើកទឹកចិត្តយើង “កុំឲ្យរសាយចិត្តខាងឯការល្អឡើយ”(ខ.១៣)។
ប៉ុន្តែ សាវ័កប៉ុលដឹងថា គំរូរបស់គាត់ល្អសក្ដិសមឲ្យយកតម្រាប់តាម ដោយសារគំរូនោះនាំឲ្យយើងពឹងផ្អែកលើព្រះគ្រីស្ទ(១កូរិនថូស ១១:១)។ ទាល់តែជីវិតយើងបានចាក់ឫសក្នុងសេចក្តីជំនឿ និងព្រះចេស្តារបស់ព្រះគ្រីស្ទ ទើបយើងអាចចម្រើនឡើង ក្នុងព្រះគុណ និងប្រាជ្ញារបស់យើង។—Alyson Kieda
តើក្នុងជីវិតអ្នក មាននរណាខ្លះមានគំរូនៃការកោតខ្លាចព្រះ? តើអ្នកអាចធ្វើជាគំរូយ៉ាងដូចនេះ សម្រាប់នរណា?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់មនុស្សដែលព្រះអង្គបានដាក់ក្នុងជីវិតទូលបង្គំ
ដែលបានចង្អុលបង្ហាញទូលបង្គំ ឲ្យស្គាល់ព្រះអង្គ ហើយកំពុងជួយទូលបង្គំឲ្យរៀនរស់នៅ ក្នុងព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៣-៥ និង លូកា ២០:១-២៦
ប្រភេទ
ល្ងាច

ព្រះយេស៊ូវលើកយើងឡើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 28, 2025
«វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ» (ម៉ាកុស ៩:២៦-២៧)។
គ្មាននរណាម្នាក់ ដែលព្រះយេស៊ូវមិនអាចជួយនោះឡើយ។
ក្នុងបទគម្ពីរម៉ាកុសជំពូក៩ យើងឃើញព្រះយេស៊ូវបានជួយសង្គ្រោះក្មេងប្រុសម្នាក់ដែលត្រូវអារក្សអសោចចូលអស់ជាច្រើនឆ្នាំ ជាទុក្ខវេទនារបស់គាត់តាំងពីក្មេងមក។ គាត់ជាមនុស្សគរថ្លង់។ ពេលណាអារក្សធ្វើទុក្ខម្តងៗ វាធ្វើឲ្យគាត់ដួលប្រកាច់បែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងដៃរឹងជើង (ម៉ាកុស ៩:១៨)។ ក្មេងប្រុសនេះបានជាប់ខ្លួនក្នុងកាលៈទេសៈដ៏គួរឲ្យភ័យខ្លាចនេះ ជាពិសេសនៅក្នុងរូបកាយគាត់ដែលមិនអាចស្តាប់ពាក្យលើកទឹកចិត្តដែលឪពុកគាត់ ក្រុមគ្រួសារ ឬមិត្តភក្ដិអាចមានចំពោះគាត់ ហើយក៏មិនអាចនិយាយប្រាប់គេ អំពីការឈឺចាប់ និងការភ័យខ្លាច។ ព្រះអង្គបានបង្កើតគាត់ឲ្យមានរូបភាពដូចព្រះអង្គ តែជីវិតរបស់គាត់បានប្រឡាក់ទៅដោយការបង្ខូច និងការបំផ្លាញនូវរូបភាពនោះ។
តាមពិត ក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះ ព្រះយេស៊ូវបានធ្វើអន្តរាគមន៍ដោយមានបន្ទូលស្តីបន្ទោសដល់វិញ្ញាណអាក្រក់។ តាមរយៈការស្តីបន្ទោសដ៏មានអំណាចនេះ ព្រះអង្គបានបណ្ដេញភាពឃោរឃៅរបស់ខ្មាំងសត្រូវជាវិញ្ញាណអាក្រក់ដែលបានធ្វើអំពើអាក្រក់បំផុតមកលើគាត់ ហើយក៏បានចេញពីគាត់ធ្វើឲ្យគាត់មើលទៅដូចស្លាប់។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រោសគាត់ឲ្យក្រោកឡើង។
នេះជាការអ្វីដែលព្រះយេស៊ូវធ្វើ។ ព្រះអង្គទទួលយកមនុស្សដែលមានជីវិតខ្ទេចខ្ទាំមនុស្សដែលកំពុងដើរតាមផ្លូវនៃសេចក្តីហិនវិនាស ហើយព្រះអង្គធ្វើនូវការអ្វីដែលមានតែព្រះអង្គទេអាចធ្វើបានគឺ៖ ព្រះអង្គយាងចូលក្នុងជីវិតពួកគេ លូកព្រះហស្តទៅចាប់កាន់ដៃពួកគេ លើកពួកគេឡើង ហើយពួកគេក៏បានក្រោកឈរ។
មានតែព្រះយេស៊ូវទេដែលអាចមានបន្ទូលថា «ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ» (យ៉ូហាន ១១:២៥-២៦)។ មានតែព្រះអង្គទេ ដែលអាចទទួលយកនរណាម្នាក់ ដែលហាក់ដូចជាគ្មានសង្ឃឹម និងមិនអាចនាំមកនូវការផ្លាស់ប្ដូរក្នុងជីវិតខ្លួនឯង ហើយមានតែព្រះអង្គទេ ដែលអាចប្រទានជីវិតថ្មី។
ដូចនេះ នៅថ្ងៃនេះ ព្រះយេស៊ូវយាងមករកអ្នក ហើយមានបន្ទូលថា ហេតុអ្វីអ្នកមិនផ្ទេរបន្ទុកអ្នកមកខ្ញុំ? អ្នកមិនអាចបង្រៀនខ្លួនឯងឲ្យឈប់មានការឈឺចាប់ និងទុក្ខព្រួយទេ។ ការព្យាបាលរបស់មនុស្ស មិនអាចផ្តល់ឲ្យអ្នកនូវចម្លើយដ៏ស្ថិតស្ថេរសម្រាប់ការឈឺចាប់ និងការភាន់ភាំងទាំងអស់របស់អ្នកបានទេ។ ពិតណាស់ វាជាការល្អហើយ ដែលអ្នកដឹងថា អ្នកមិនអាចធ្វើការទាំងអស់នេះ ដោយខ្លួនឯងបាន។ ចូរផ្ទេរបន្ទុកអ្នកមកខ្ញុំ។
មិនតែប៉ុណ្ណោះ ព្រះអង្គអាចចូលមករកអ្នកដទៃតាមរយៈអ្នក។ ក្នុងចំណោមមនុស្សដែលអ្នកជួបនៅថ្ងៃនេះ គ្មាននរណាម្នាក់ដែលមិនត្រូវការជំនួយរបស់ព្រះយេស៊ូវឡើយ ហើយគ្មាននរណាដែលព្រះអង្គមិនអាចជួយដែរ។ ទោះជីវិតរបស់គេហាក់ដូចជាមានភាពភ្លឺស្វាងប៉ុណ្ណា ពួកគេនៅតែមានការស្តាយក្រោយ និងការថប់បារម្ភក្នុងចិត្តជាធម្មតា ហើយក៏មានបាប ដែលកំពុងទាញយើងយឺតៗចូលក្នុងសេចក្តីហិនវិនាស ទាល់តែព្រះយេស៊ូវធ្វើអន្តរាគមន៍ចូលជួយយើង។ ពេលណាអ្នករៀនមើលទៅមនុស្សជុំវិញអ្នកយ៉ាងដូចនេះ អ្នកនឹងមានចិត្តចង់ចែកចាយអំពីព្រះយេស៊ូវដល់ពួកគេ ព្រោះគ្មាននរណាម្នាក់ដែលព្រះអង្គមិនអាចជួយនោះឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៩:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៣-៤ និងវិវរណៈ ១៥