ព្រឹក

ពិតជាទុកចិត្តព្រះអង្គមែន
ដោយLeslie Koh
April 30, 2025
នុកដំកើង ៣២:៦-១១
អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់។ ទំនុកដំកើង ៣២:៨
ថ្ងៃមួយ សត្វឆ្មាអនាថាមួយក្បាល បានយំដាក់ខ្ញុំ ដោយសម្លេងគួរឲ្យអាណិត ធ្វើឲ្យខ្ញុំឈប់ដើរទៅមុខទៀត។ ខ្ញុំទើបតែដើរហួសអាហារមួយគំនរ ដែលគេបានបោះចោល នៅលើដី ដោយខ្វះការពិចារណា។ ខ្ញុំគិតឃើញថា ព្រះបានប្រទានអាហារដល់សត្វឆ្មាដែលកំពុងឃ្លានចំណីហើយ។ គេបានចោលអាហារនោះ កំបាំងពីក្រោមបង្គោលភ្លើង ដូចនេះ ខ្ញុំក៏បានព្យាយាមនាំសត្វឆ្មាដ៏ស្គមស្គាំង ទៅរកអាហារនោះ។ វាក៏បានដើរមករកខ្ញុំ ដោយការទុកចិត្ត បន្ទាប់មក វាក៏បានឈប់ ហើយបដិសេធមិនព្រមដើរតាមខ្ញុំទៀត។ ខ្ញុំចង់សួរវាថា ខ្ញុំនាំឯងទៅរកចំណីទេ ហេតុអ្វីឯងមិនទុកចិត្តខ្ញុំ?
បន្ទាប់មក ភ្លាមៗនោះ រឿងនេះក៏បានដាស់សតិរបស់ខ្ញុំ ឲ្យសួរខ្លួនឯងថា តើខ្ញុំមិនបានប្រព្រឹត្តដូចសត្វឆ្មានោះ ក្នុងទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះទេឬ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះអង្គ ដោយគិតថា ព្រះអង្គអើយ ទូលបង្គំទុកចិត្តព្រះអង្គហើយ តែទូលបង្គំមិនបានទុកចិត្តការដឹកនាំរបស់ព្រះអង្គទេ ដោយមិនបានដឹងថា ការផ្គត់ផ្គង់របស់ព្រះអង្គ កំពុងតែរង់ចាំខ្ញុំនៅជិតបង្កើយសោះ។
យើងទុកចិត្តផ្លូវរបស់ព្រះបាន ដ្បិតព្រះអង្គស្រឡាញ់យើង ហើយក៏គិតប្រយោជន៍យើង។ ព្រះអង្គបានប្រាប់យើងថា “អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់”(ទំនុកដំកើង ៣២:៨)។ ប៉ុន្តែ ព្រះអង្គមិនបានចាត់ទុកយើងជាសត្វ ដែលត្រូវការឲ្យគេគ្រប់គ្រងនោះទេ(ខ.៩)។ ព្រះអង្គសព្វព្រះទ័យឲ្យយើងដើរតាមព្រះអង្គ ដោយស្ម័គ្រពីចិត្ត ហើយសន្យាថា នឹងគង់នៅក្បែរយើងជារៀងរហូត។ “តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន”(ខ.១០)។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវបន្តដើរតាមព្រះអង្គ ដោយដឹងថា ព្រះអង្គនឹងយាងទៅជាមួយយើង គ្រប់ជំហាន។—Leslie Koh
តើមានការភ័យខ្លាច ឬការព្រួយបារម្ភអ្វី ដែលរារាំងអ្នកមិនឲ្យទុកចិត្តព្រះទាំងស្រុង? តើព្រះអង្គកំពុងដឹកនាំអ្នក ឲ្យធ្វើអ្វីនៅពេលនេះ?
ឱព្រះវរបិតា សូមព្រះអង្គបង្រៀនទូលបង្គំឲ្យទុកចិត្តព្រះអង្គអស់ពីចិត្ត ព្រោះទូលបង្គំដឹងថា
ព្រះអង្គស្រឡាញ់ទូលបង្គំ ហើយសព្វព្រះទ័យឲ្យទូលបង្គំទទួលបានអ្វីដែលល្អបំផុត។
For further study, read A Prayer for Wondering if God Is There at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៨-៩ និង លូកា ២១:១-១៩
ប្រភេទ
ល្ងាច

ការឆ្លើយតប ចំពោះភាព ជោគជ័យរបស់អ្នកដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 30, 2025
«គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ និងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ...ហើយពួកបងៗក៏ច្រណែននឹងគាត់» (លោកុប្បត្តិ ៣៧:៩, ១១)។
ការច្រណែន គឺជាអារម្មណ៍មួយដែលមនុស្សជាតិកើតមានជាធម្មតា។ វាក៏ជាសត្វសាហាវ ជាយក្សដែលអាចស៊ីបំផ្លាញមនុស្សគ្រប់រូបទាំងរស់។
តើអ្នកអាចតយុទ្ធនឹងការច្រណែនយ៉ាងដូចម្ដេចខ្លះ? ក្នុងរង្វង់នៃឥទ្ធិពលរបស់អ្នក ឬស្ថិតក្នុងកន្លែងដែលអ្នកអាចមើលឃើញ តើមាននរណាខ្លះដែលកំពុងជួបរឿងល្អ ឬមានភាពជោគជ័យ ឬអ្នកចង់មានជីវិតដូចពួកគេ? យើងត្រូវតែមានការប្រុងប្រយ័ត្ន។ លោក ចច ឡសិន (George Lawson) បានសរសេរថា «ចិត្តច្រណែន ធ្វើទារុណកម្ម និងបំផ្លាញខ្លួនមនុស្សម្នាក់ ខណៈពេលដែលវាក៏ព្យាយាមបំផ្លាញមនុស្សដែលគេច្រណែន»1។ ការច្រណែនច្រើនតែបំផ្លាញអ្នកច្រណែន។
ពួកបងៗរបស់លោក យ៉ូសែប មិនទាន់បានដឹងទេថា ពួកគេកំពុងដើរតាមផ្លូវ ឆ្ពោះទៅរកសេចក្តីអាក្រក់នៃការបោកបញ្ឆោត ការព្យាបាទ និងការលក់ប្អូនបង្កើតរបស់ខ្លួនធ្វើជាទាសករ ជាទង្វើដ៏សាហាវ គួរឲ្យស្អប់ខ្ពើមបំផុត។ ពួកគេបោះជំហានទីមួយចូលទៅក្នុងផ្លូវនោះ ដោយការច្រណែនគាត់។ តែពួកគេមិនបានដឹងខ្លួនទេ ដូចនេះ ពួកគេក៏បានបន្តបោះជំហាន ទៅរកការអាក្រក់ នៅពេលដែល យ៉ូសែប ចាប់ផ្ដើមចែកចាយអំពីការយល់សប្តិរបស់ខ្លួន។
យើងត្រូវតែរៀនមើលឲ្យដឹងថា យើងកំពុងមានការច្រណែនមែន ហើយត្រូវជម្នះវា។ ដូចនេះ តើធ្វើដូចម្ដេចឲ្យយើងអាចអបអរជោគជ័យរបស់អ្នកដទៃ ដោយមិនមានចិត្តជូរល្វីង ឬច្រណែន?
ទីមួយ យើងត្រូវទទួលស្គាល់ថា ព្រះអម្ចាស់មានអំណាចគ្រប់គ្រងទាំងស្រុងមកលើរឿងរបស់មនុស្ស។ ព្រះអង្គបានកំណត់ឲ្យលោក យ៉ូសែប មានអ្វីដែលគាត់មាន ហើយមានលក្ខណៈជាមនុស្សយ៉ាងណាមួយ ហើយក៏បានកំណត់ឲ្យបងប្អូនគាត់មានលក្ខណៈទាបជាងគាត់។ បើពួកគេបានគិតអំពីសេចក្តីពិតនេះ ទោះអាចពិបាកគិតក៏ដោយ ពួកគេមិនចាំបាច់ត្រូវធ្វើឲ្យខ្លួនឯងឈឺចាប់ ដោយសារសេចក្តីសម្អប់ ដោយការច្រណែននោះឡើយ។
ទីពីរ យើងត្រូវងាកបែរទៅរកព្រះអង្គដោយការអធិស្ឋាន។ លោក អេហ្វ ប៊ី ម៉ៃយ័រ (.F.B. Meyer) ជាគ្រូអធិប្បាយដ៏ល្បីល្បាញក្នុងសតវត្សរ៍ទី១៩ ធ្លាប់បានចែកចាយ អំពីគ្រូអធិប្បាយម្នាក់ទៀត ដែលបានចូលមកធ្វើការបម្រើព្រះអង្គ ក្នុងតំបន់ដែលគាត់កំពុងធ្វើការស្រាប់ ហើយភ្លាមៗនោះ ពួកជំនុំរបស់គាត់បានចាប់ផ្ដើមទៅចូលរួមជាមួយគ្រូអធិប្បាយនោះ។ ការច្រណែនចាប់ផ្ដើមចងរឹតវិញ្ញាណគាត់ ហើយមានតែការអធិស្ឋានឲ្យគ្រូគង្វាលនោះទេ ដែលអាចជួយឲ្យគាត់រកឃើញសេរីភាព គឺអធិស្ឋានសូមព្រះអង្គប្រទានពរដល់គ្រូគង្វាលនោះ។ ការអធិស្ឋានដកការច្រណែនចេញពីចិត្តយើង។ ព្រះទ្រង់ជាអ្នកលើកមនុស្សឡើង ហើយក៏ជាអ្នកទាញពួកគេទម្លាក់មកក្រោមវិញ។ បើពួកបងប្អូនរបស់លោក យ៉ូសែប បានយល់អំពីសេចក្តីពិតនេះ ពួកគេក៏គ្មានឱកាសច្រណែនគាត់ដែរ។ ព្រះអម្ចាស់ក៏ជាអ្នកប្រទានខ្យល់ដង្ហើមដល់យើងម្នាក់ៗជាអំណោយ។ បើពួកគេបានយល់អំពីការពិតនេះ ពួកគេនឹងមានចិត្តកាន់តែចង់អរព្រះគុណព្រះអង្គ ជាជាងច្រណែនគាត់។ នៅថ្ងៃនេះ ចូរពិនិត្យមើលចិត្តរបស់អ្នក ទទួលស្គាល់ ហើយប្រែចិត្តចេញពីការច្រណែនដែលកំពុងចាក់ឫស ហើយឱនក្រាប ដោយការបន្ទាបខ្លួន និងការអរព្រះគុណ នៅចំពោះព្រះដែលគ្រប់គ្រងអ្វីៗគ្រប់យ៉ាង។
ព្រះគម្ពីរសញ្ជឹងគិត៖ ១សាំយ៉ូអែល ២:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៧-៨ និងវិវរណៈ ១៧
1លោក George Lawson, Lectures on the History of Joseph (Banner of Truth, ឆ្នាំ១៩៧២), ទំព័រ៥។