ព្រឹក

ស្តាប់ឮព្រះសូរសៀងព្រះ ក្នុងកន្លែងអ៊ូអរ
ដោយBren thackett
May 1, 2025
១ពង្សាវតាក្សត្រ ១៩:៨-១៤
ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ។ ១ពង្សាវតាក្សត្រ ១៩:១២
នៅដើមដំបូងនៃសតវត្សរ៍ទី២០ ទីក្រុងញូយ៉កបានក្លាយជាទីកន្លែងដែលមានសម្លេងអ៊ូអរ។ ទីក្រុងនេះគឺជាទីកន្លែងដែលមានសម្លេងលាន់ឮខ្លាំង សម្រាប់ការរស់នៅ ដោយមានរថភ្លើង រថយន្ត និងឡានក្រុងឆ្លងកាត់ទៅមកយ៉ាងមមាញឹក ក្មេងៗស្រែកអំពាវនាវលក់កាសែតតាមផ្លូវ និងមនុស្សធ្វើដំណើរយ៉ាងសស្រាក់សស្រាំ នៅលើចិញ្ចើមផ្លូវ។ តែថ្ងៃមួយ នៅសង្កាត់ប្រតវេយ នៅតាមបណ្តោយផ្លូវលេខ៣៤ បុរសម្នាក់ឈ្មោះ ឆាល ខេឡុក(Charles Kellogg) បានប្រាប់មិត្តភក្តិគាត់ថា គាត់អាចស្តាប់ឮសម្លេងសត្វចង្រឹតយំ។
មិត្តភក្តិគាត់ក៏បានឆ្លើយតបថា “វាមិនអាចទៅរួចទេ។ នៅកន្លែងដែលមានសម្លេងអ៊ូអរយ៉ាងនេះ អ្នកមិនអាចស្តាប់ឮសម្លេងតូចល្អិតយ៉ាងនេះបានទេ”។ តែលោកខេឡុក បានទទូចថា គាត់ពិតជាស្តាប់ឮមែន ហើយទីបំផុតគាត់ក៏បានរកឃើញសត្វចង្រិតមួយក្បាល កំពុងយំនៅលើមាត់បង្អួចរបស់ហាងលក់នំប៉័ង។ មិត្តភក្តិគាត់ក៏បានលាន់មាត់ថា “ឯងពិតជាមានសមត្ថភាពស្តាប់ឮសម្លេងមិនធម្មតាមែន”។ លោកខេឡុកក៏បានឆ្លើយតបថា “ទេ ខ្ញុំគ្មានសមត្ថភាពពិសេសអ្វីទេ។ ដែលអាចស្តាប់ឮឬអត់ គឺអាស្រ័យការផ្ដោតអារម្មណ៍របស់អ្នកទេ”។
បន្ទាប់ពី លោកអេលីយ៉ា ដែលជាហោរារបស់ព្រះ ទើបតែបានឃើញព្រះអង្គបង្ហាញព្រះចេស្តា ដោយការអស្ចារ្យមិនទាន់បានយូរប៉ុន្មានផង គាត់ក៏បានប្រែជាមានការភ័យខ្លាចចំពោះក្សត្រីមួយអង្គដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយក៏បានរត់គេចទៅលាក់ខ្លួនក្នុងរូងភ្នំ(១ពង្សាវតាក្សត្រ ១៩:១-៩)។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ ព្រះទ្រង់មិនសព្វព្រះទ័យនឹងទំនាក់ទំនងជាមួយគាត់ ដោយអំណាចចេស្តានោះទេ។ ទោះមុននោះ ព្រះអង្គបានធ្វើឲ្យមានខ្យល់កន្ត្រាក់ រញ្ជួយផែនដី និងភ្លើងឆាបឆេះក៏ដោយ(ខ.១១-១២) ក៏ពេលនេះ ព្រះអង្គសព្វព្រះទ័យឲ្យលោកអេលីយ៉ា ចំណាយពេលស្ងាត់ស្ងៀម ដើម្បីទំនាក់ទំនងជាមួយព្រះអង្គ ដោយផ្ទាល់ខ្លួន។ ព្រះអង្គសព្វព្រះទ័យនឹងមានបន្ទូលទៅកាន់លោកហោរា ដោយ “សំឡេងតូចរហៀងៗ”វិញម្តង(ខ.១២)។
សព្វថ្ងៃនេះ នៅក្នុងការរស់នៅ យើងប្រហែលជាឮសម្លេងរំខានលើសពីសម័យមុន តែព្រះទ្រង់នៅតែមានបន្ទូល ដោយសម្លេងតូចរហៀងៗ តាមរយៈព្រះគម្ពីរប៊ីប និងព្រះវិញ្ញាណរបស់ព្រះអង្គ។ ការចំណាយពេលផ្ដោតចិត្តទៅលើព្រះ ដោយការអធិស្ឋាន នឹងជួយយើងឲ្យស្តាប់ឮព្រះសូរសៀងនៃការកម្សាន្តចិត្ត និងការដឹកនាំរបស់ព្រះអង្គ។—Brent Hackett
តើមានសម្លេងរំខានអ្វីខ្លះ ដែលអ្នកបានឮក្នុងជីវិតអ្នក? តើអ្នកអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះ ក្នុងពិភពដ៏មមាញឹករបស់អ្នក យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំអាចឮព្រះវិញ្ញាណរបស់ព្រះអង្គ មានបន្ទូលមកកាន់ទូលបង្គំ យ៉ាងស្ងាត់ស្ងៀម តាមរយៈព្រះគម្ពីរប៊ីប។
Visit ODBU.org/SF120 to learn how prayer helps us tune in to God’s voice and focus our thoughts on Him.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១០-១១ និង លូកា ២១:២០-៣៨
ប្រភេទ
ល្ងាច

ព្រះអង្គសង្គ្រោះផ្ទំលក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 1, 2025
«តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី។ កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ» (ម៉ាកុស ៤:៣៨-៣៩)។
សូមយើងស្រមៃថា បើយើងជាពួកសាវ័កដែលកំពុងជិះទូកក្នុងសមុទ្រដែលមានខ្យល់ព្យុះ ខណៈពេលដែលព្រះយេស៊ូវកំពុងផ្ទំលក់លើខ្នើយ នៅកន្សៃទូក តើយើងមានអារម្មណ៍យ៉ាងណា? ក្នុងចំណោមពួកគេ មានអ្នកខ្លះជាអ្នកនេសាទដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដូចនេះពួកគេយល់អំពីស្ថានភាព ដែលការលង់ទឹកពិតជាអាចកើតមាន ប៉ុន្តែគ្រូរបស់ពួកគេហាក់ដូចជាមិនអើពើចំពោះពួកគេសោះ ដោយព្រះអង្គផ្ទំលក់យ៉ាងស្កប់ស្កល់។
ការពិតដែលថា ព្រះយេស៊ូវត្រូវការដំណេក គឺបានបង្ហាញអំពីរូបកាយពិតរបស់ព្រះអង្គជាមនុស្សដែលស្គាល់អារម្មណ៍ហត់នឿយ ស្រេកទឹក និងឃ្លានអាហារ។ ព្រះអង្គបានឆ្លងកាត់ភាពកម្សោយនៃរូបកាយជាមនុស្សដោយផ្ទាល់។ ព្រះអង្គថែមទាំងមានការពិបាកក្នុងការរកកន្លែងផ្ទំ ការនេះបានបង្ហាញថា ព្រះអង្គក៏ស្គាល់ភាពមិនស្រួលខាងរូបកាយ។ ព្រះដែលបានបង្កើតចក្រវាលមកអាចកែប្រែឈើ ដែលនៅពីក្រោមព្រះអង្គឲ្យក្លាយជាគ្រែសម្រាប់ផ្ទំយ៉ាងមានផាសុកភាព ដើម្បីសម្រាកព្រះកាយឲ្យបានស្រួល តែផ្ទុយទៅវិញ ព្រះអម្ចាស់នៃសិរីល្អបានផ្តេកព្រះកេសនៅលើខ្នើយដូចយើងដែរ។
បើព្រះយេស៊ូវមិនបានស្គាល់ភាពកម្សោយ និងការល្បួងរបស់មនុស្សជាតិទេ នោះព្រះអង្គក៏មិនស័ក្ដិសមនឹងតួនាទីជាសម្ដេចសង្ឃដែលមានសេចក្តីអាណិត ដែលប្រទានឲ្យយើងនូវសេចក្តីមេត្តា និងព្រះគុណពីបល្ល័ង្ករបស់ទ្រង់នៅស្ថានសួគ៌ (ហេព្រើរ ៤:១៤-១៦)។ ប៉ុន្តែ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា ព្រះអង្គពិតជាបានស្គាល់មែន។ ជាក់ស្ដែង ព្រះអង្គពិតជាស្គាល់ការឈឺចាប់របស់មនុស្សដែលគេមិនរាប់រក «ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ» (យ៉ូហាន ១:១១)។ ព្រះអង្គក៏ស្គាល់ការធ្វើទុក្ខបុកម្នេញរបស់ពួកឈ្នានីស ដែលនិយាយបង្ខូចភាពអស្ចារ្យ និងចរិតលក្ខណៈរបស់ព្រះអង្គ (សូមមើល លូកា ៧:៣៤)។ ព្រះអង្គបានតយុទ្ធនឹងការកុហក និងការល្បួងរបស់អារក្សអស់៤០យប់ និង៤០ថ្ងៃ (ម៉ាថាយ ៤:១-១១)។ ព្រះអង្គបានប្រឈមមុខដាក់ការឈឺចាប់ និងទុក្ខវេទនា និងតានតឹងបំផុតនៅលើឈើឆ្កាង ខណៈពេលដែលទ្រង់ស្រែកថា «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (២៧:៤៦)។ គ្មានការឈឺចាប់ ឬការប្រមាថណា ដែលព្រះគ្រីស្ទមិនបានស្គាល់នោះទេ ហើយដោយសារព្រះអង្គបានស្គាល់ទុក្ខលំបាកទាំងនោះ ព្រះអង្គបានអញ្ជើញយើងឲ្យចូលមករកព្រះអង្គ ខណៈពេលដែលយើងឆ្លងកាត់ទុក្ខលំបាកទាំងនោះដោយផ្ទាល់។
ហេតុការណ៍តូចមួយដែលបានកើតឡើង នៅដើមដំបូងនៃកណ្ឌគម្ពីរដំណឹងល្អម៉ាកុស គឺជាការក្រើនរម្លឹកដែលនាំមកនូវការផ្លាស់ប្រែជីវិត គឺក្រើនរម្លឹកយើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ជាព្រះអង្គសង្គ្រោះដែលមានព្រះទ័យអាណិត និងជាមិត្តសម្លាញ់ដែលមិនបោះបង់យើងចោល។
ក្រៅពីព្រះដ៏ជាគ្រូ ដែលពួកសាវ័កបានឃើញព្រះអង្គផ្ទំនៅលើកន្សៃទូក គឺគ្មាននរណាដែលស័ក្ដិសមជាងព្រះអង្គក្នុងការជម្នះទុក្ខលំបាកដែលយើងអាចជួបប្រទះនោះឡើយ។ អ្នកក៏អាចស្រែករកព្រះអង្គ ដូចពួកសាវ័កដែរ ហើយរកឃើញថា ព្រះដែលត្រូវការការសម្រាកនៅលើទូកនោះ ក៏ជាព្រះដែលអាចបង្គាប់ខ្យល់ព្យុះឲ្យស្ងប់ទៅវិញ គឺព្រះដែលសោយរាជ្យនៅស្ថានដ៏ខ្ពស់មិនដែលងោកងុយ ឬផ្ទំ និងព្រះដែលទប់ជើងរបស់អ្នកមិនឲ្យរអិលភ្លាត់ឡើយ (ទំនុកតម្កើង ១២១:៣-៤)។
តើអ្នកមានបញ្ហាអ្វីក្នុងចិត្ត ដែលបណ្ដាលឲ្យអ្នកមានការភ័យខ្លាច? ចូរទុកចិត្តថា ព្រះអម្ចាស់យេស៊ូវពិតជាជ្រាបថា ជីវិតរបស់យើងមានលក្ខណៈយ៉ាងដូចម្ដេច។ ចូរនាំយកការភ័យខ្លាចរបស់អ្នកថ្វាយដល់ព្រះអង្គ នៅពេលឥឡូវនេះ «ចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា» (១ពេត្រុស ៥:៧)។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៩-១១ និងវិវរណៈ ១៨