ព្រឹក

ទុកចិត្តលើផែនការរបស់ព្រះ
ដោយMarvin Williams
May 3, 2025
ភីលីព ១:១២-១៨
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ។ ភីលីព ១:១២
កាលពីឆ្នាំ ២០១៨ លោកគ្រូគង្វាល តាន ភ្លីពពីន(Tan Flippin) បានជួបគ្រោះថ្នាក់ នៅពេលជិះកង់ ដែលបានបណ្តាលឲ្យគាត់ចូលមន្ទីរពេទ្យ ដើម្បីព្យាបាលឆ្អឹងត្រកៀកដែលបានបាក់។ នៅពេលដែលក្រុមវេជ្ជបណ្ឌិត បានឲ្យគាត់ទៅធ្វើ CT ស្គែន ដើម្បីពិនិត្យមើលក្បាលរបស់គាត់ ដែលអាចមានការប៉ះទង្គិច ក្នុងគ្រោះថ្នាក់នោះ គេក៏បានរកឃើញថា គាត់មានដុំសាច់កាច នៅក្នុងផ្នែកខាងមុខនៃខួរក្បាលរបស់គាត់។ ការរកឃើញនេះ ក៏បាននាំឲ្យមានការធ្វើដំណើរនៃការព្យាបាលរយៈពេលយូរ ដោយគេបានរកឃើញដុំសាច់ផ្សេងទៀត ហើយការព្យាបាលយ៉ាងដិតដល់ក៏មានដំណើរការ ដោយមានការចាក់បញ្ចូលខួរឆ្អឹងខ្នងផងដែរ។ លោកភ្លីពីនក៏បានជឿថា “ព្រះទ្រង់បានអនុញ្ញាតឲ្យគ្រោះថ្នាក់កើតមាន ដើម្បីឲ្យគ្រូពេទ្យអាចរកឃើញដុំសាច់ក្នុងខួរក្បាលរបស់ខ្ញុំ”។
សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងភីលីពថា ព្រះទ្រង់អាចប្រើគ្រោះថ្នាក់ ឬទុក្ខលំបាកផ្សេងទៀត ដើម្បីឲ្យយើងបានថ្វាយសិរីល្អដល់ព្រះអង្គ។ កាលនោះ ពួកទាហានរ៉ូម៉ាំងបានឃុំខ្លួនសាវ័កប៉ុល នៅក្នុងផ្ទះ ដើម្បីរង់ចាំការកាត់ទោស នៅចំពោះមុខស្តេចនេរ៉ូ។ សាវ័កប៉ុលមិនបានកើតទុក្ខនោះទេ តែផ្ទុយទៅវិញ គាត់បានអរសប្បាយ។ តើធ្វើដូចម្តេចឲ្យគាត់អាចអរសប្បាយបាន? គឺដោយសារគាត់បានចាត់ទុកការ “ជាប់ច្រវាក់ ដោយសារព្រះគ្រីស្ទ”(ភីលីព ១:១៣) ជាឯកសិទ្ធិពិសេស(ខ.២៩)។ បន្ទាប់មក គាត់បានមើលទៅទុក្ខលំបាករបស់គាត់ តាមទស្សនៈរបស់ព្រះអម្ចាស់ បានជាគាត់ក៏មានប្រសាសន៍ថា “ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ”(ខ.១២)។ គាត់បានប្រើការជាប់ឃុំខ្លួនរបស់គាត់ ធ្វើជាឱកាស ដើម្បីផ្សាយដំណឹងល្អដល់អ្នកយាមគុក។ ទីបំផុត ខណៈពេលដែលគាត់ផ្សាយដំណឹងល្អនៃព្រះយេស៊ូវ ក្នុងពេលដែលគាត់កំពុងជាប់ច្រវាក់ គំរូរបស់គាត់ក៏បានលើកទឹកចិត្តអ្នកជឿដទៃទៀត ឲ្យ “ផ្សាយដំណឹងល្អដោយគ្មានការភ័យខ្លាច”ផងដែរ(ខ.១៤)។
ពេលណាទុក្ខលំបាកកើតមាន ចូរយើងទុកចិត្តលើផែនការរបស់ព្រះ ហើយជឿថា ព្រះអង្គអាចនាំឲ្យការល្អកើត ចេញពីទុក្ខលំបាករបស់យើង។—Marvin Williams
តើអ្នកបានឆ្លើយតបដូចម្តេចខ្លះ ចំពោះស្ថានភាពដ៏លំបាក ក្នុងពេលថ្មីៗនេះ? តើធ្វើដូចម្តេចឲ្យអ្នកអាចឱបក្រសោប
ផែនការរបស់ព្រះ ហើយជឿថា ព្រះអង្គប្រើការលំបាកនោះ ដើម្បីជាប្រយោជន៍ដល់អ្នក?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រើពេលដ៏លំបាករបស់ទូលបង្គំ ដើម្បីសម្រេចបំណងព្រះទ័យព្រះអង្គ ក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៤-១៥ និង លូកា ២២:២១-៤៦
ប្រភេទ
ល្ងាច

ឈរជាប់នៅលើទីមាំមួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 3, 2025
«សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅក្នុងសេចក្តីស្លាប់ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំមានសេចក្តីអំណរ ដោយទូលបង្គំត្រូវរឥលចេញ ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ» (ទំនុកតម្កើង ១៣:៣-៥)។
ពេលណាអ្នកទៅបោះតង់ កិច្ចការសំខាន់បំផុតដែលអ្នកអាចធ្វើ គឺត្រូវប្រាកដថា អ្នកបានដំស្នឹងរបស់តង់ឲ្យជាប់នឹងដីរឹង។ ពេលដែលអ្នកបានអនុវត្តជាជំហានៗយ៉ាងដូចនេះហើយ អ្នកអាចទៅធ្វើកិច្ចការអ្វីផ្សេងទៀតដោយចិត្តស្ងប់ ដោយដឹងថា ជម្រករបស់អ្នកធន់នឹងខ្យល់ព្យុះ ដូចនេះពេលអ្នកវិលត្រឡប់មកកន្លែងបោះតង់វិញ អ្នកនឹងមិនឃើញតង់អ្នកត្រូវខ្យល់បក់ប៉ើងទៅបាត់ទេ។
ក្នុងខគម្ពីរនេះស្ដេច ដាវីឌ កំពុងឆ្លើយតបចំពោះអារម្មណ៍ដែលត្រូវគេភ្លេចទ្រង់ និងការខកចិត្តក្នុងជីវិត ហើយត្រូវអ្នកដទៃប្រឆាំងដោយអយុត្តិធម៌។ ព្រះអង្គបានចាប់ផ្ដើមពិពណ៌នាដោយប្រើគំនិតទ្រង់ពិចារណាអំពីស្ថានភាពនោះ ហើយទ្រង់រម្លឹកអំពីការអ្វីដែលទ្រង់បានដឹង ខណៈពេលដែលទ្រង់ប្រកាសថា ទ្រង់ទុកចិត្តលើសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះអម្ចាស់។
ការទុកចិត្តនេះគឺផ្អែកទៅលើការសម្រេចចិត្តផ្ទាល់ខ្លួន។ ទោះអារម្មណ៍របស់ស្ដេច ដាវីឌ ពិតជាមានការពិបាក ទ្រង់បានសម្រេចព្រះទ័យថ្វាយអារម្មណ៍ទ្រង់ដាក់នៅក្រោមការគ្រប់គ្រងរបស់ចរិតលក្ខណៈ និងគោលបំណងរបស់ព្រះ។ បានសេចក្តីថា ទ្រង់ដំស្នឹងនៃសេចក្តីសង្ឃឹម ឲ្យតង់នៃចិត្តរបស់ទ្រង់ ជាប់នៅក្នុងដីរឹងនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាដ៏ស្ថិតស្ថេររបស់ព្រះអម្ចាស់។
ទាល់តែទ្រង់បានអនុវត្តដូចនេះ ទើបទ្រង់អាចអរសប្បាយជាថ្មី។
ខ្យល់ព្យុះនៃជីវិតនឹងលែងមានទៀត ក្នុងផ្ទៃមេឃ និងផែនដីថ្មី។ ប៉ុន្តែ ទំរាំពេលនោះមកដល់ យើងនឹងឆ្លងកាត់ការបក់បោក កន្ត្រាក់ និងភាពជន់ជោរ។ យើងនឹងអត់ទ្រាំដោយអំណររហូតដល់ចំណុចមួយដែលយើងទុកចិត្តថា ព្រះវរបិតារបស់យើងមានប្រាជ្ញា។ ពេលណាព្រះអង្គមិនបានប្រទានអ្វីមួយមកយើង គឺដោយសារព្រះអង្គជ្រាបថា សម្រាប់ការមិនមានវា គឺល្អជាងការមានវា។ ពេលណាព្រះអង្គប្រទានយើងនូវអ្វីដែលពិបាកទទួលយក គឺដោយសារព្រះអង្គកំពុងប្រទានយើងនូវឯកសិទ្ធិក្នុងការធ្វើបន្ទាល់អំពីព្រះគុណព្រះអង្គក្នុងកាលៈទេសៈនោះ។ ពេលណាព្រះអង្គដឹកនាំយើងកាត់ព្យុះភ្លៀងនោះ គឺដោយសារព្រះអង្គជ្រាបថា វានឹងបណ្ដាលឲ្យយើងចូលទៅជិតព្រះអង្គកាន់តែខ្លាំង ហើយកែប្រែចរិតលក្ខណៈរបស់យើងឲ្យកាន់តែដូចព្រះអង្គ (យ៉ាកុប ១:២-៤)។
ពេលណាយើងមើលទៅសំណល់បាក់បែកនៃបទពិសោធន៍ដែលពិបាកបំផុតរបស់យើង វាច្រើនតែមានអារម្មណ៍ថា ការដួលរលំហាក់ដូចជាអាចកើតមានភ្លាមៗ។ ប៉ុន្តែ ក្នុងពេលនោះយើងអាចនឹកចាំថា ព្រះអម្ចាស់ប្រទាន «ភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់» (អេសាយ ៦១:៣)។
ទុក្ខលំបាកនីមួយៗដែលយើងជួបប្រទះ គឺជាឱកាសដើម្បីរម្លឹកខ្លួនយើងថា សេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអង្គរក្សាវិញ្ញាណយើងឲ្យជាប់នៅ និងផ្តល់ឲ្យយើងនូវហេតុផល ដើម្បីអរសប្បាយក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គដូចស្ដេច ដាវីឌ ផងដែរ។
នៅថ្ងៃនេះ សូមយើងអធិស្ឋានថា «ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមព្រះអង្គជួយទូលបង្គំឲ្យបោះស្នឹងតង់នៃជីវិត ឲ្យជាប់នៅក្នុងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចអរសប្បាយក្នុងជីវិត និងសេចក្តីស្លាប់ក្នុងក្តីអំណរ និងសេចក្តីទុក្ខ ក្នុងជំងឺ និងសុខភាពល្អ។»
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ១២:៣-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ១៥-១៦ និងវិវរណៈ ២០