ព្រឹក

ក្តីអំណរដ៏ស្ថិតស្ថេរ
ដោយKirsten Holmberg
May 4, 2025
ទំនុកដំកើង ១៦
ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ។ ទំនុកដំកើង ១៦:១១ឮ
កាលពីឆ្នាំ២០១៤ ប្រជាជននៅភូមិមួយ ក្នុងប្រទេសន័វេយ បានដាំបង្គោលផ្លាកសញ្ញាចរាចរណ៍មួយ ដើម្បីលើកទឹកចិត្តអ្នកដំណើរទាំងឡាយឲ្យឆ្លងថ្នល់តាមរបៀបកំប្លែងៗ។ គោលបំណងរបស់គេ គឺដើម្បីបង្កើតពេលវេលាដែលគួរឲ្យអស់សំណើចពីរបីនាទី សម្រាប់ “អ្នកឆ្លងថ្នល់តាមរបៀបកំប្លែង” និងអ្នកដទៃទៀត ដែលកំពុងមើលពួកគេ និយាយរួម គឺដើម្បីឲ្យពួកគេបង្កើតភាពរីករាយសម្រាប់គ្នាទៅវិញទៅមក នៅថ្ងៃនីមួយៗ។ ការមើលឃើញកាយវិការកំប្លែងតែបន្តិចដូចនេះ ក៏អាចនាំមកនូវការលើកទឹកចិត្តដល់វិញ្ញាណដែលកំពុងបាក់ទឹកចិត្ត បានមួយរយៈផងដែរ។
ព្រះគម្ពីរប៊ីបបានទទួលស្គាល់ថា យើងនឹងមានរដូវកាលដែលពិបាក និងជួបទុក្ខព្រួយ ដែលបណ្តាលឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ត។ កណ្ឌគម្ពីរបរិទេវ និងបទគម្ពីរទំនុកដំកើងជាច្រើន បានពិពណ៌នាអំពីការឈឺចាប់ប្រភេទនេះ។ តែបទគម្ពីរទាំងនោះក៏បានចង្អុលបង្ហាញ ឲ្យយើងងាកទៅរកការអ្វី ដែលអាចនាំមកនូវក្តីអំណរដ៏ស្ថិតស្ថេរ ក្នុងកាលៈទេសៈទាំងអស់ គឺក្តីអំណរក្នុងព្រះវត្តមានព្រះ។ ស្តេចដាវីឌបាននិពន្ធបទគម្ពីរទំនុកដំកើងជំពូក១៦ ដោយគិតដល់ពេលអនាគតអស់កល្បជានិច្ច ដែលទ្រង់នឹងមានជាមួយព្រះ។ អ្នកដែលនៅមានជីវិត នៅក្រោយពេលដែលព្រះយេស៊ូវបានសុគត និងមានព្រះជន្មរស់ឡើងវិញ អាចស្គាល់ព្រះវត្តមានព្រះ ក្នុងពេលសព្វថ្ងៃ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។
ភាពកំប្លុកកំប្លែងប្រហែលជាមានរយៈពេលខ្លី តែអាចលើកទឹកចិត្តយើង ក្នុងពេលដ៏ពិបាក។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីដកពិសោធនឹងក្តីអំណរដ៏ស្ថិតស្ថេរ ដែលជួយទ្រទ្រង់យើង ក្នុងការឆ្លងកាត់រដូវកាលដែលឈឺចាប់បំផុតនៃជីវិត យើងត្រូវ “ជ្រកកោន” នៅក្នុងព្រះអង្គ(ខ.១) ដែលជួយគំនិត និងបានបង្គាប់យើង(ខ.៧)។ ព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ ផ្ទុយទៅវិញ ព្រះអង្គ “នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្ដីអរសប្បាយជាដរាបតទៅ”(ខ.១១)។—Kirsten Holmberg
តើមានអ្វីនាំឲ្យអ្នកមានអំណរ ក្នុងរដូវកាលនៃទុក្ខលំបាក? តើព្រះវត្តមានរបស់ព្រះ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះវិញ្ញាណបរិសុទ្ធ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានគង់នៅជាមួយទូលបង្គំ
ក្នុងថ្ងៃដែលរីករាយ ក៏ដូចជាថ្ងៃក្រៀមក្រំ។ ព្រះអង្គជាប្រភពនៃក្តីអំណររបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៦-១៨ និង លូកា ២២:៤៧-៧១
ប្រភេទ
ល្ងាច

ព្រះយេស៊ូវជាក្សត្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 4, 2025
«នោះខ្ញុំក៏ឮគ្រប់ទាំងអស់ដែលមានជីវិតនៅស្ថានសួគ៌នៅផែនដីនៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្ដា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ» (វិវរណៈ ៥:១៣)។
ព្រះគម្ពីរប៊ីបបានចែងច្បាស់ថា ប្រវត្តិសាស្ត្រកំពុងធ្វើដំណើរឆ្ពោះទៅរកចុងបញ្ចប់ ស្របតាមគោលបំណងច្បាស់លាស់។ នេះជាការពិត ស្ថិតក្នុងចំណុចគន្លឹះនៃការបកស្រាយរបស់ព្រះគម្ពីរអំពីលោកីយ៍ ជាការបកស្រាយមានលក្ខណៈខុសប្លែកគេ។ អាចនិយាយម្យ៉ាងទៀតថា ជំនឿរបស់គ្រីស្ទានខុសពីគេនៅត្រង់ការបកស្រាយអំពីចុងបញ្ចប់នៃអ្វីៗទាំងអស់។
ជួនកាល ពេលយើងមើលរូបថតចាស់ៗ យើងប្រហែលជាចង់សួរថា «តើមានរូបខ្ញុំនៅក្នុងរូបថតនេះទេ?» ទោះជាយ៉ាងណាក៏ដោយ នៅក្នុងផែនការព្រះ មនុស្សម្នាក់ៗសុទ្ធតែបានរាប់បញ្ចូលនៅក្នុងការបើកបង្ហាញរបស់កណ្ឌគម្ពីរវិវរណៈនូវរូបភាពនៃប្រវត្តិសាស្ត្រ។ គ្មាននរណាម្នាក់ ដែលមិនមានវត្តមានក្នុងរឿងនេះទេ។ ហើយពេលណាប្រវត្តិសាស្ត្រឈានដល់ទីបញ្ចប់ វានឹងបញ្ចប់ដោយការបែងចែក និងការញែកចេញពីគ្នា។
ព្រះយេស៊ូវមានបន្ទូលអំពីការញែកចេញពីគ្នានេះ ដោយបង្រៀនថា សត្វចៀមទាំងអស់នឹងត្រូវញែកចេញពីសត្វពពែ (ម៉ាថាយ ២៥:៣១-៤៦) ពន្លឺនឹងញែកចេញពីសេចក្តីងងឹត ហើយអស់អ្នកជឿព្រះយេស៊ូវ នឹងត្រូវញែកចេញពីអ្នកមិនជឿ។ គ្មាននរណាជៀសផុតឡើយ ហើយគួរឲ្យសោកសៅណាស់ ដែលអ្នកខ្លះសម្រេចចិត្តមិនជឿព្រះ។ ដូចនេះ ចំណែករបស់យើងនៅក្នុងរូបភាពធំ ពិតជាសំខាន់ណាស់។ យើងត្រូវមានការយល់ដឹងអំពីដំណើរឡើងចុះនៃប្រវត្តិសាស្ត្រផ្អែកទៅលើការពិតដែលថា មានបល្ល័ង្កមួយនៅស្ថានសួគ៌ ហើយបល្ល័ង្កនោះមិននៅទទេឡើយ គឺមានព្រះគង់ និងគ្រប់គ្រងនៅលើបល្ល័ង្កនោះ។ ព្រះយេស៊ូវជាក្សត្រ ហើយព្រះអង្គគង់នៅខាងស្តាំនៃបល្ល័ង្កនោះ។ ទោះមនុស្សជាច្រើនមិនទាន់ទទួលស្គាល់នគរព្រះអង្គ ក៏បញ្ហានេះនៅតែមិនកែប្រែការពិតដែលថា ព្រះអង្គជាក្សត្រគ្រងរាជ។
ចាប់តាំងពីពេលដែលមនុស្សជាតិធ្លាក់ចូលក្នុងបាប រហូតដល់ពេលចុងក្រោយមានទីក្រុងពីរ និងសេចក្តីស្រឡាញ់ពីរដែលជាសត្រូវនឹងគ្នា។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងបានចូលរួមក្នុងទីក្រុងមនុស្ស ហើយមានតែដោយសារព្រះគុណព្រះទេ ដែលយើងអាចចូលទៅក្នុងនគរព្រះអង្គ ដោយការប្ដេជ្ញាចិត្ត។
ទីក្រុងនៅផែនដី ទីក្រុងរបស់មនុស្ស នឹងរលាយសាបសូន។ តែទីក្រុងនៅស្ថានសួគ៌ ដែលជានគរព្រះស្ថិតស្ថេរជាដរាប។ តើយើងបានទទួលស្គាល់ព្រះយេស៊ូវជាក្សត្រទេ? របៀបដែលយើងឆ្លើយតប ចំពោះសំណួរនេះ មានសារៈសំខាន់អស់កល្បជានិច្ច។ ហើយក៏នាំមកនូវលទ្ធផលក្នុងពេលបច្ចុប្បន្នផងដែរ។ បើព្រះយេស៊ូវជាក្សត្ររបស់អ្នក នោះអ្នកត្រូវរស់នៅជារាស្ត្រព្រះអង្គ ដោយខិតខំស្តាប់បង្គាប់ព្រះអង្គ ទោះការបង្គាប់របស់ព្រះអង្គមិនត្រូវចិត្តអ្នកក៏ដោយ។ ហើយអ្នកក៏ត្រូវមានចិត្តស្មោះត្រង់ ចំពោះព្រះអង្គ ខ្លាំងជាងអ្វីផ្សេងទៀត ព្រោះលោកីយ៍នេះមិនមែនជាផ្ទះអ្នក ហើយអ្នកគ្រាន់តែជាអ្នកដំណើរឆ្លងកាត់លោកីយ៍នេះប៉ុណ្ណោះ។
សាវ័ក ប៉ុល បានសរសេរថា «ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង» (ភីលីព ៣:២០)។ ចូរយើងប្រាកដថា យើងកំពុងរស់នៅជាពលរដ្ឋរបស់នគរស្ថានសួគ៌ ជានគរដែលប្រសើរបំផុត និងជារាស្ត្ររបស់ក្សត្រដែលធំប្រសើរបំផុត។ យើងចូលរួមជាមួយស្នាព្រះហស្តរបស់ព្រះអង្គទាំងមូល ក្នុងការថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ អស់កល្បជានិច្ច។ ចូរយើងចូលរួម ក្នុងពេលសព្វថ្ងៃ ដោយពាក្យសម្ដី និងការប្រព្រឹត្តរបស់យើងផងដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ១៧-១៩ និងវិវរណៈ ២១